បទវិភាគ៖ តើអ្វីនៅពីក្រោយនៃការបញ្ជាឲ្យចាប់អ្នករិះគន់ថាផែនទីក្លែងក្លាយ?
ដោយ ទីន ហ្សាការីយ៉ា
2015-09-22
ប្រមុខរដ្ឋាភិបាល ក្រៅពីដំឡើងសាច់ដុំដាក់មេដឹកនាំគណបក្សប្រឆាំងអំពីបញ្ហាព្រំដែន លោក ហ៊ុន សែន ក៏បានប្រកាសបញ្ជាឲ្យតាមចាប់ខ្លួននៅនឹងកន្លែងភ្លាមចំពោះអ្នកណាហ៊ានរិះគន់ថា ផែនទីរដ្ឋាភិបាលកំពុងប្រើប្រាស់ជាផែនទីក្លែងក្លាយនោះ។
ការប្រកាសរបស់ លោក ហ៊ុន សែន នេះ ហាក់បង្ហាញជំហរមិនចង់ឲ្យប្រជាពលរដ្ឋ និងបក្សប្រឆាំង លូកដៃជ្រៅទៅលើបញ្ហាព្រំដែន និងផែនទីដ៏មានភាពចម្រូងចម្រាសនេះទេ។ តើអ្វីជាកត្តាចម្បង ដែលជំរុញឲ្យរដ្ឋាភិបាលចង់បិទបាំងអំពីការរិះគន់ពីបញ្ហាផែនទីនេះ?
ការជជែកអំពីផែនទី គឺជាចំណុចរសើបរបស់រដ្ឋាភិបាលនាពេលបច្ចុប្បន្ន ពិសេសនៅក្រោយពេលបានស្វះស្វែងរកខ្ចីផែនទីកម្ពុជា ពីប្រទេសមហាអំណាច អង្គការសហប្រជាជាតិ យកមកផ្ទៀងផ្ទាត់រួចហើយនោះ។
នៅពេលដែលរដ្ឋាភិបាលហាក់ដូចជាកំពុងតែយកចិត្តទុកដាក់ខ្លាំង ក្នុងការបង្ខំឲ្យប្រជាពលរដ្ឋឈប់តវ៉ា និងឲ្យជឿលើការរៀបចំព្រំដែនរបស់រដ្ឋាភិបាលជាមួយវៀតណាម បញ្ហាសង្គមដែលចាំបាច់ដទៃទៀត ដូចជា បញ្ហាសេដ្ឋកិច្ច សិទ្ធិមនុស្ស ប្រព័ន្ធយុត្តិធម៌ និងការបង្រួបបង្រួមជាតិខ្មែរតែមួយជាដើម ហាក់ដូចជាត្រូវគេបំភ្លេចចោលទៅវិញ។
ការចាប់បង្ខំរបស់រដ្ឋាភិបាល ឲ្យប្រជាពលរដ្ឋ បក្សប្រឆាំង ជឿជាក់ថា ផែនទីរដ្ឋាភិបាលប្រើប្រាស់សព្វថ្ងៃជាផែនទីត្រឹមត្រូវនោះ មិនមែនជារឿងធម្មតានោះទេ បើសិនជាគ្មានអាថ៌កំបាំងអ្វីនៅពីក្រោយខ្នងនោះ។ ម្យ៉ាងវិញទៀត ការព្រមានរបស់ លោក ហ៊ុន សែន មិនឲ្យអ្នកណារិះគន់ថា ផែនទីក្លែងក្លាយ ឬផែនទីមិនត្រឹមត្រូវ នឹងមានការចាប់ខ្លួននៅនឹងកន្លែងចំពោះអ្នកហ៊ានរិះគន់នោះ គឺធ្វើឡើងស្របពេលរដ្ឋាភិបាលវៀតណាម ជំរុញឲ្យភាគីកម្ពុជា ពន្លឿនបន្តបោះបង្គោលព្រំដែនឲ្យបានឆាប់ចង់សព្វគ្រប់ដែរ។
បញ្ហានេះតាមមើលទៅ រដ្ឋាភិបាលកម្ពុជា ហាក់បង្ហាញជំហរចង់បានបញ្ចប់ការបោះបង្គោលព្រំដែននេះឲ្យបានឆាប់រហ័ស ដូចដែលវៀតណាម ចង់បានដូច្នោះដែរ។ នៅត្រង់ចំណុចនេះ ចង់មិនចង់ លោក ហ៊ុន សែន គ្មានជម្រើសអ្វីក្រៅពីបង្ខំឲ្យប្រជាពលរដ្ឋ គណបក្សប្រឆាំង បញ្ឈប់ការរិះគន់អំពីផែនទី និងពីបញ្ហាព្រំដែននេះ ដើម្បីកុំឲ្យអសកម្មក្នុងការបោះបង្គោលព្រំដែនរវាងភាគីទាំងពីរ។
អ្វីជាកត្តាសំខាន់ ដែលរដ្ឋាភិបាលចង់បំបិទមាត់មិនឲ្យមានការរិះគន់ថា ផែនទីក្លែងក្លាយ ឬការបោះបង្គោលព្រំដែនវៀតណាម បំពានទឹកដីកម្ពុជា នោះ ព្រោះថា បញ្ហាព្រំដែន គឺជាអាយុជីវិតជាតិ ហើយក៏ជាបញ្ហាអាយុជីវិតគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាចដែរ។ ដោយហេតុថា បើសិនជានៅជំនាន់នេះ បក្សប្រឆាំង ប្រជាពលរដ្ឋ ឬក្រុមណាមួយរកឃើញថា រដ្ឋាភិបាលប្រើប្រាស់ផែនទីបច្ចុប្បន្នធ្វើឲ្យខាតបង់ទឹកដីកម្ពុជា មែននោះ វាសនាគណបក្សប្រជាជនកម្ពុជា នឹងត្រូវបានប្រជាពលរដ្ឋកាត់សេចក្ដីនៅពេលបោះឆ្នោតខាងមុខ។
ហើយក្រុមមេដឹកនាំបច្ចុប្បន្ន នឹងត្រូវបានប្រជាពលរដ្ឋចារទុកនៅក្នុងប្រវត្តិសាស្ត្រថា មេដឹកនាំគណបក្សប្រជាជនកម្ពុជា នាសម័យនេះ ជាអ្នកធ្វើឲ្យបាត់បង់ទឹកដី។ បញ្ហានេះហើយដែលរដ្ឋាភិបាលហាក់ចង់បិទបាំងអំពីបញ្ហាព្រំដែននោះ។
ជាងនេះទៅទៀត បើសិនជារដ្ឋាភិបាលមិនចង់បិទបាំងទេនោះ ប្រហែលជារដ្ឋាភិបាលមិនបិទសិទ្ធិប្រជាពលរដ្ឋ ដែលនាំគ្នាចុះទៅពិនិត្យបង្គោលព្រំដែននៅតាមបណ្ដាខេត្តមួយចំនួន ដែលនៅតំបន់ខ្លះ ប្រជាពលរដ្ឋនៅតាមព្រំដែនត្អូញត្អែរថា វៀតណាម ចូលមកលើដីចម្ការរបស់ពួកគាត់ ដូចជានៅខេត្តត្បូងឃ្មុំ ជាដើម។
ផ្ទុយពីសកម្មភាពដែលតំណាងរាស្ត្របក្សប្រឆាំង បំផុសបំផុលឲ្យប្រជាពលរដ្ឋនាំគ្នាទៅមើលបង្គោលព្រំដែនលេខ២០៣ និងលេខ២០៥ ជាដើម តែបែរជាអាជ្ញាធររដ្ឋាភិបាល រារាំង និងចាប់ចងអ្នកដែលរិះគន់ថា រដ្ឋាភិបាលប្រើប្រាស់ផែនទីមិនត្រឹមត្រូវទៅវិញ។ ដូចជាការចាប់ខ្លួនគ្រូបង្រៀនម្នាក់ដែលនាំសិស្សទៅមើលព្រំដែននៅខេត្តស្វាយរៀង និងករណីចាប់សមាជិកព្រឹទ្ធសភាមកពីគណបក្ស សម រង្ស៊ី កាលពីពេលថ្មីៗនេះ ជាដើម។
សកម្មភាពនេះ ហាក់ផ្ទុយពីប្រទេសវៀតណាម ដែលបើកឲ្យប្រជាពលរដ្ឋរបស់ខ្លួនមកទប់ស្កាត់ប្រជាពលរដ្ឋខ្មែរមិនឲ្យចូលទៅមើលដីនៅតំបន់ព្រំដែន ថែមទាំងបានប៉ះទង្គិចគ្នា និងប្រើអំពើហិង្សាដាក់តំណាងរាស្ត្រគណបក្សប្រឆាំងទៀតផង។ មានចម្ងល់ជាច្រើនចោទសួរថា បើសិនជាវៀតណាម គ្មានការឈ្លានពានលើដីខ្មែរទេនោះ ហេតុអ្វីបានជាវៀតណាម ទប់ស្កាត់បែបនេះ? ការទប់ស្កាត់នេះ ក៏ស្របទៅនឹងសកម្មភាពរបស់រដ្ឋាភិបាលខ្មែរ ដែលទប់ស្កាត់ពលរដ្ឋរបស់ខ្លួនមិនឲ្យទៅមើលព្រំដែនដែរ។
សកម្មភាពទាំងអស់នេះ មិនអាចទប់ស្កាត់ចលនាប្រជាពលរដ្ឋឲ្យឈប់ឈឺឆ្អាលពីបញ្ហាព្រំដែន ឬពីបញ្ហាផែនទីបាននោះទេ ទោះបីជាមានការគំរាមកំហែងចាប់ចងបែបនេះក្ដី ពីព្រោះថា រដ្ឋាភិបាលវៀតណាម មានស្លាកស្នាមចាស់ពីការឈ្លានទឹកដីកម្ពុជា បន្សល់ទុកពីអតីតកាលជាឧទាហរណ៍ស្រាប់ ដូចជា កម្ពុជា បានបាត់បង់ទឹកដីកម្ពុជាក្រោម និងកោះត្រល់ដ៏ស្រស់ស្អាត ដែលអាជ្ញាធរវៀតណាម កំពុងតែកាន់កាប់នាពេលបច្ចុប្បន្ន។
ទោះបីជាយ៉ាងណាក៏ដោយចុះ រដ្ឋាភិបាលកម្ពុជា នៅរង់ចាំអ៊ុតសន្លឹកបៀមួយថ្មីទៀត ដើម្បីអាចស្ដារកេរ្តិ៍ឈ្មោះឡើងវិញ ដើម្បីឲ្យប្រជាពលរដ្ឋ និងគណបក្សប្រឆាំង រំងាប់ចិត្តបានខ្លះនោះ គឺរង់ចាំដំណាក់កាលចុងក្រោយ ដែលក្រុមការងារស្រាវជ្រាវពីបញ្ហាព្រំដែននៃរាជបណ្ឌិត្យសភាកម្ពុជា កំពុងចុះវាស់វែងព្រំដែននៅលើទឹកដីជាក់ស្ដែង ថាតើការបោះបង្គោលព្រំដែននោះ ត្រូវនឹងផែនទីដែលរដ្ឋាភិបាលកំពុងប្រើប្រាស់នេះដែរឬទេ?
បើសិនជាក្រុមស្រាវជ្រាវនេះរកឃើញថា គណៈកម្មការព្រំដែនរវាងប្រទេសទាំងពីរ បោះបង្គោលត្រូវនឹងផែនទីដែលរដ្ឋាភិបាលកំពុងប្រើប្រាស់នេះ រដ្ឋាភិបាលនឹងកាន់តែមានមូលដ្ឋានរឹងមាំទៀត ក្នុងការចោទប្រកាន់ ឬទប់ស្កាត់មិនឲ្យពលរដ្ឋ គណបក្សប្រឆាំង ថាការបោះបង្គោលព្រំដែននេះធ្វើឡើងត្រឹមត្រូវ គ្មានភាគីណាមួយបាត់បង់ទឹកដីនោះទេ។
ជាងនេះទៅទៀត នៅក្នុងដំណាក់កាលបច្ចុប្បន្ននេះ អ្វីដែល លោក ហ៊ុន សែន ព្រមានម្ដងហើយម្ដងទៀតចាប់ខ្លួនចំពោះបុគ្គលណាដែលអះអាងថា ផែនទីដែលខ្លួនប្រើប្រាស់ជាផែនទីក្លែងក្លាយ គឺលោកចង់ឲ្យគណបក្សប្រឆាំង បញ្ឈប់សកម្មភាពសើរើបញ្ហាព្រំដែន បន្ទាប់ពីរដ្ឋាភិបាលបានយកផែនទីពីប្រទេសមួយចំនួន រួមទាំងអង្គការសហប្រជាជាតិផងមកផ្ទៀងផ្ទាត់នោះ និងសកម្មភាពតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ បានស្ងប់ស្ងាត់ដឹកនាំប្រជាពលរដ្ឋចុះទៅពិនិត្យព្រំដែន។ តែជាក់ស្ដែង សកម្មភាពគណបក្សសង្គ្រោះជាតិ បានស្ងប់ស្ងាត់ពីបញ្ហាព្រំដែននេះមែន សូម្បីតែផ្ដល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មាន ក៏មានការប្រុងប្រយ័ត្នជាងមុនដែរ។
លើសពីនេះទៀត សកម្មភាពរបស់មេបក្សទាំងពីររូបបន្ទាប់វិលត្រឡប់ពីបរទេសវិញ មានភាពខុសប្លែកជាងពីពេលមុន គឺទាំង លោក សម រង្ស៊ី និងលោក កឹម សុខា មិនទាន់មានសកម្មភាពអ្វីនៅឡើយទេ ដោយប្រកាសថា យកវប្បធម៌ស្ងប់ស្ងាត់ក្នុងការដោះស្រាយបញ្ហាទៅវិញ។
បញ្ហាទាំងអស់នេះ តាមមើលទៅ អ្វីជាគោលបំណងធំរបស់ លោក ហ៊ុន សែន មិនឲ្យនិយាយពីផែនទីក្លែងក្លាយ ឬមិនក្លែងក្លាយ និងព្រមានចាប់ខ្លួននោះ គឺអាចថា លោក ហ៊ុន សែន ចង់ឲ្យគណបក្សសង្គ្រោះជាតិ ទទួលស្គាល់ផែនទីដែលរដ្ឋាភិបាលប្រើប្រាស់ នៅគ្រាដែលគណបក្សសង្គ្រោះជាតិ មិនទាន់ប្រកាសជំហរទទួលស្គាល់ផែនទីរបស់រដ្ឋាភិបាលជាផ្លូវការនៅឡើយនេះ។
បរិបទនយោបាយនាពេលនេះ មិនខុសគ្នាពីសភាពការណ៍ក្រោយបោះឆ្នោតអាណត្តិទី៥ នេះ ពេលដែលរដ្ឋាភិបាលរិះរកគ្រប់វិធី ដើម្បីឲ្យគណបក្សប្រឆាំងចូលក្នុងសភា ដើម្បីផ្តល់ភាពស្របច្បាប់របស់ខ្លួននោះទេ។ រដ្ឋាភិបាលហាក់កំពុងស្វែងរកភាពស្របច្បាប់ និងការគាំទ្រក្នុងការរៀបចំផែនទីនេះយ៉ាងបន្ទាន់ពីប្រជាពលរដ្ឋ និងជាពិសេសពីគណបក្សប្រឆាំង។ ដូច្នេះ អ្វីដែលគួរឲ្យចាប់អារម្មណ៍ និងគួរយកចិត្តទុកដាក់នៅពេលនេះ គឺថា តើគណបក្សសង្គ្រោះជាតិ នឹងទទួលស្គាល់ផែនទីរបស់រដ្ឋាភិបាល និងការរៀបចំព្រំដែន ដើម្បីផ្តល់ភាពស្របច្បាប់ឲ្យរដ្ឋាភិបាលទៀត ឬក៏គណបក្សប្រឆាំង នៅមានវិធីបង្ហាញថា ការរៀបចំនេះអាចមានការបាត់បង់ដីទៅប្រទេសវៀតណាម ដូចដែលគណបក្សនេះធ្លាប់ចោទនោះ ឬក៏យ៉ាងណា?៕

1 comment:
This government don't have any gut to solve this trouble problem but they just hurry up to use all their tool available in their hand to shut you mouth up and brush aside all the innuendo of Khmer opinion away as soon as they can . This border demarcation and the ceded of land to the enemy Yuon in the past 30 years is a big piece of sand in this government eyes .
Post a Comment