A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday 30 August 2015

សង្គម​ស៊ីវិល​ស្នើ​រដ្ឋាភិបាល​ចាត់​វិធានការ​លើ​បទល្មើស​រំលោភ​ឲ្យ​មាន​ប្រសិទ្ធភាព

ម្ដាយ​កុមារី​រងគ្រោះ​ដែល​ត្រូវ​ជនល្មើស​ចាប់​រំលោភ​នៅ​ស្រុក​ កំពង់សីលា ខេត្ត​ព្រះសីហនុ ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី នា​ការិយាល័យ​សមាគម​អាដហុក (Adhoc) ខេត្ត​ព្រះសីហនុ កាល​ពី​ថ្ងៃ​ទី​១៤ ខែ​សីហា ឆ្នាំ​២០១៥។
RFA/Den Ayuthyea
ដោយ អ៊ុំ រង្សី
2015-08-28 rfa


សង្គម​ស៊ីវិល​ដែល​ធ្វើ​ការ​ពាក់ព័ន្ធ​សិទ្ធិ​ស្ត្រី បាន​បង្ហាញ​ក្ដី​បារម្ភ​ជា​ថ្មី​ចំពោះ​បទល្មើស​រំលោភ​សេពសន្ថវៈ​លើ​ស្ត្រី ឬ​អនីតិជន​ដែល​នៅ​តែ​បន្ត​កើន​ឡើង​ជា​បន្តបន្ទាប់។ បញ្ហា​នេះ សង្គម​ស៊ីវិល​យល់ ថា ដោយសារ​ការ​តែ​ការ​អនុវត្ត​ច្បាប់​នៅ​មាន​ភាព​ធូរ​រលុង ការ​បន្ត​ដោះស្រាយ​ក្រៅ​ប្រព័ន្ធ​ច្បាប់​ដើម្បី​បញ្ចប់​រឿង​ធ្វើ​ឲ្យ​ជនល្មើស​បាន​ចិត្ត​បំពាន​ច្បាប់។ សង្គម​ស៊ីវិល​ស្នើ​ឲ្យ​រដ្ឋាភិបាល​ចាត់​វិធានការ​លើ​បទល្មើស​រំលោភ​ឲ្យ​មាន​ប្រសិទ្ធភាព។

មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដែល​ធ្វើ​ការ​ពាក់ព័ន្ធ​សិទ្ធិ​ស្ត្រី​យល់​ថា សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ​មាន​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ផ្សព្វផ្សាយ ជួយ​ទប់ស្កាត់​បទល្មើស​រំលោភ​សេពសន្ថវៈ​លើ​ស្ត្រី​និង​កុមារ។ ការ​លើក​ឡើង​នេះ ធ្វើ​ឡើង​បន្ទាប់​មាន​ករណី​រំលោភ​បូក រួច​សម្លាប់​លើ​ក្មេង​ស្រី​អាយុ​ក្រោម ១៨​ឆ្នាំ​ម្នាក់​ក្នុង​ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ កាល​ពី​ថ្ងៃ​ទី​២៧ ខែ​សីហា។

មន្ត្រី​ជាន់​ខ្ពស់​ឃ្លាំមើល​ការ​រំលោភ​សិទ្ធិ​ស្ត្រី នៃ​អង្គការ​លីកាដូ (LICADHO) កញ្ញា ណាប់ សុម៉ាលី បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី​២៨ សីហា ថា មួយ​រយៈ​ក្រោយ​នេះ ករណី​រំលោភ​សម្លាប់​បាន​ក្លាយ​ជា​ក្តី​កង្វល់​ធ្ងន់ធ្ងរ​លើ​ស្ត្រី ពិសេស​អនីតិជន ដែល​ភាគ​ច្រើន​កើត​មាន​នៅ​តាម​ជនបទ​ដាច់ស្រយាល។ កញ្ញា​បន្ត​ថា តាម​ការ​រក​ឃើញ​របស់​លីកាដូ ភាគ​ច្រើន​មក​ពី​កត្តា​ឪពុក​ម្ដាយ​ធ្វេសប្រហែស ការ​កើន​ឡើង​រូបភាព​អាសអាភាស​នៅ​លើ​ទូរស័ព្ទ​ដៃ ឬ​បណ្ដាញ​ទំនាក់ទំនង​សង្គម បង្ក​ឲ្យ​ជន​មួយ​ចំនួន​ហ៊ាន​ប្រព្រឹត្ត​ផ្ទុយ​ពី​ច្បាប់។

​ជាង​នេះ​ទៀត កញ្ញា ណាប់ សុម៉ាលី យល់​ថា បើ​បទល្មើស​រំលោភ​នៅតែ​បន្ត​កើន​ឡើង​ឥត​ឈប់ឈរ វា​មិន​ត្រឹមតែ​ធ្វើ​ឲ្យ​សីលធម៌​សង្គម​បន្ត​ធ្លាក់​ចុះ វា​ថែម​ទាំង​ធ្វើ​ឲ្យ​ជនល្មើស​បន្ត​បាន​ចិត្ត​បំពាន​ច្បាប់៖ «ភាគ​ច្រើន​ជន​ដែល​ប្រព្រឹត្ត​បទល្មើស​មាន​អាយុ​ក្រោម ១៨​ឆ្នាំ ហើយ​ជន​រង​គ្រោះ​ភាគ​ច្រើន​មាន​អាយុ​ក្រោម ១៨​ឆ្នាំ​ដូច​គ្នា អ៊ីចឹង​វា​ជា​ក្តី​បារម្ភ​មួយ បើ​យុវជន​ទាំង​នោះ​បាន​ក្លាយ​ជា​ជន​ល្មើស​ទាំង​វ័យ​ក្មេង វា​ជា​អន្តរាយ ព្រោះ​យុវជន​គឺ​ជា​ធនធាន និង​ជា​ទំពាំង​ស្នង​ឫស្សី​របស់​សង្គម​ជាតិ»។

អ្នក​ឃ្លាំមើល​ការ​រំលោភ​សិទ្ធិ​ស្ត្រី​រូប​នេះ បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​ត្រូវ​តែ​មាន​វិធានការ​ជា​បន្ទាន់​លើ​ជនល្មើស​ទាំង​នោះ​ឲ្យ​មាន​ប្រសិទ្ធភាព មិន​ត្រូវ​បណ្ដោយ​ឲ្យ​ជនល្មើស​ទាំង​នោះ​រួច​ខ្លួន​នោះ​ទេ។ ជាង​នេះ​ទៀត ត្រូវតែ​រឹត​បន្តឹង​លើ​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព ទប់ស្កាត់​ការ​ហូរ​ចូល​គ្រឿងញៀន និង​វីដេអូ​អាសអាភាស​ជាដើម៖ «គួរ​តែ​មាន​ប្រព័ន្ធ​ផ្ដន្ទាទោស​ឲ្យ​មាន​ប្រសិទ្ធភាព​លើ​ជនល្មើស​ទាំង​នោះ ដើម្បី​ឲ្យ​ជន​រង​គ្រោះ​ទទួល​បាន​យុត្តិធម៌ និង​ជា​ការ​ព្រមាន​ដល់​ជន​ល្មើស​ទាំង​នោះ​កុំ​ឲ្យ​ចេះ​តែ​មិន​ខ្លាច​ ច្បាប់»។

​ករណី​នេះ ត្រូវ​បាន​ប្រធាន​នាយកដ្ឋាន​ផ្លូវច្បាប់​នៃ​ក្រសួង​កិច្ចការ​នារី អ្នកស្រី កេត ម៉ារឌី ធ្លាប់​ប្រាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​២០ ខែ​សីហា ថា អ្នកស្រី​ទទួល​ស្គាល់​ថា ការ​រំលោភ​សេពសន្ថវៈ​នៅ​តែ​បន្ត​កើត​មាន​លើ​ស្ត្រី និង​កុមារ ហើយ​ករណី​នេះ ក្រសួង​បាន​បង្កើត​ឲ្យ​មាន​ភ្នាក់ងារ​ស្ត្រី​ទាំង​ថ្នាក់​ជាតិ និង​ថ្នាក់ក្រោម​ជាតិ ដើម្បី​តាមដាន​ធ្វើ​យ៉ាង​ណា​ឲ្យ​មាន​ការ​ទប់​ស្កាត់​លើ​ករណី​ហិង្សា ឬ​រំលោភ​សេពសន្ថវៈ​លើ​ស្ត្រី។

​កាល​ពី​ថ្ងៃ​ទី​២៧ ខែ​សីហា ក្មេង​ស្រី​អាយុ ១៧​ឆ្នាំ​ម្នាក់ ត្រូវ​បាន​ជនពាល​មួយ​ក្រុម​ចាប់​រំលោភ​រួច​ហើយ​សម្លាប់​ចោល​នៅ​ចំណុច​វាលដងទង់ ស្ថិត​នៅ​ខាង​ជើង​ភូមិគ ឃុំ​ក្រែក ក្នុង​ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ ហើយ​ករណី​នេះ ក្រុម​ជនល្មើស​មិន​ទាន​ត្រូវ​បាន​ចាប់​ខ្លួន​មក​ផ្ដន្ទាទោស​នៅ​ឡើយ។

របាយការណ៍​របស់​អង្គការ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) បាន​បង្ហាញ​ថា នៅ​ក្នុង ៦​ខែ ដើម​ឆ្នាំ​២០១៥ សមាគម​អាដហុក បាន​ធ្វើ​ការ​ស៊ើបអង្កេត និង​អន្តរាគមន៍​បទល្មើស​រំលោភ​សេពសន្ថវៈ​ចំនួន ១៣១​ករណី។ ក្នុង​ចំណោម ១៣១​ករណី​នេះ មាន​រំលោភ​សម្លាប់​ចំនួន ៣​ករណី រំលោភ​បូក ៦​ករណី រំលោភ​ជន​ពិការ ១៥​ករណី។ បើ​ប្រៀបធៀប​ទៅ​នឹង​រយៈពេល​ដូចគ្នា​កាល​ពី​ឆ្នាំ​២០១៤ មាន​ការ​កើន​ឡើង ៥១​ករណី៕

No comments: