ដោយ៖ ស៊ុន ណារិន | ថ្ងៃសៅរ៍ ទី20 មិថុនា 2015,
រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស ខេង និងប្រធានព្រឹទ្ធសភា លោក សាយ ឈុំ នៅថ្ងៃសៅរ៍នេះ ត្រូវបានសមាជិកគណៈកម្មាធិការកណ្តាលបក្សជាង៥០០រូប បោះឆ្នោតឲ្យក្លាយជាអនុប្រធានគណបក្សប្រជាជនកម្ពុជា។ សន្និបាតរបស់គណបក្សប្រជាជនកម្ពុជាមិនបានកំណត់ថាតើនរណាម្នាក់ជាអនុប្រធានទី១ ឬទី២ នោះទេ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ត្រូវបានបោះឆ្នោតឲ្យក្លាយជាប្រធានគណបក្ស។ នេះជាលើកទីមួយហើយដែលគណបក្សប្រជាជនកម្ពុជាមានអនុប្រធានគណបក្សចំនួន២រូប ជំនួសតំណែងអនុប្រធានគណបក្សរបស់លោកនាយករដ្ឋមន្រ្តី។
ប្រធានស្ថាប័នស្រាវជ្រាវវេទិកាអនាគត និងជាអ្នកវិភាគឯករាជ្យ លោក អ៊ូ វីរៈ យល់ថាការបោះឆ្នោតនៅថ្ងៃនេះ«គ្រាន់តែជាការបង្រ្គប់កិច្ច និងពុំមានការភ្ញាក់ផ្អើលនោះទេ»។ លោកចាត់ទុកថាការដាក់ឲ្យមានអនុប្រធានគណបក្សចំនួន២រូប ហើយពុំមានការកំណត់លេខរៀងបែបនេះ ជាការបន្សាបឥទ្ធិពលរបស់លោក ស ខេង តែប៉ុណ្ណោះ។ លោកបន្តថាលោក ស ខេង គួរតែត្រូវជាអនុប្រធានបក្សតែម្នាក់ឯង។ លោកបញ្ជាក់ថា«ខ្ញុំយល់ថាលោក ស ខេង មិនសប្បាយចិត្តនោះទេ។ ជារឿងគ្រាន់តែបន្សាបឥទ្ធិពលរបស់លោក ស ខេង តែប៉ុណ្ណោះ។ វាគួរតែលោក ស ខេង ជាអនុប្រធានតែឯង។ ពេលលោក ហ៊ុន សែន អនុវត្តមាន លោក ស ខេង នឹងក្លាយជាប្រធានស្តីទីតែម្តង»។
លោក អ៊ូ វីរៈ បញ្ជាក់ថា«នេះគ្រាន់តែជាការរៀបចំរបស់នាយករដ្ឋមន្រ្តី អំណាចគណបក្សប្រជាជនទាំងអស់ មានលើលោក ហ៊ុន សែន រួចហើយ»។ លោកបន្ថែមថាប្រសិនបើលោក សាយ ឈុំ នៅតែជាអគ្គលេខាបក្សដដែល បន្ថែមលើតួនាទីជាអនុប្រធាគណបក្ស លោកចាត់ទុកថានេះជារឿងមួយមិនគួរកើតឡើង ព្រោះអគ្គលេខាបក្សមានការងារប្រចាំថ្ងៃច្រើនក្នុងការចាត់ចែង ស្របពេលដែលលោក សាយ ឈុំ ក៏មានតួនាទីជាប្រធានព្រឹទ្ធសភាទៀតផង។
បណ្ឌិតវិទ្យាសាស្រ្តនយោបាយ លោក សុខ ទូច មានប្រសាសន៍ថាការឲ្យមានអនុប្រធានចំនួន២រូបបែបនេះ គឺដើម្បីធានាតុល្យភាពអំណាច និងដើម្បីកុំឲ្យមានការអាក់អន់ចិត្តពីលោក ស ខេង។ លោកបន្តថាលោក សាយ ឈុំ ទើបតែទទួលតំណែងជាប្រធានព្រឹទ្ធសភា ដូច្នេះក្នុងករណីឲ្យលោកធ្វើជាអនុប្រធានទី១នោះ វាមិនកើតទេ។ លោកបន្តថាប្រសិនបើឲ្យលោក ស ខេង ជាអនុប្រធានទី២ នោះក៏មិនកើតដែរ ព្រោះលោកមានខ្សែលោហិតរបស់លោក ជា ស៊ីម។ លោកបញ្ជាក់ថា«នេះជារឿងល្អបំផុត[សម្រាប់ការមិនកំណត់អនុប្រធានទី១ និងទី២]»។ លោកបញ្ជាក់ថា«វាជាសេចក្តីសម្រេចរបស់ប្រធានគណបក្ស[ឲ្យនរណាម្នាក់ជាប្រធានស្តីទី] នៅពេលអវត្តមានរបស់ប្រធាន»។
VODមិនទាន់អាចទាក់ទងអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន និងលោក ឈឹម ផលវរុណ ដើម្បីអត្ថាធិប្បាយលើបញ្ហានេះបាននៅឡើយទេ។
គួរបញ្ជាក់ថាសន្និបាតរបស់គណបក្សប្រជាជនកម្ពុជា ធ្វើឡើងបន្ទាប់ពីលោក ជា ស៊ីម ប្រធានគណបក្សប្រជាជនកម្ពុជាបានទទួលមរណភាព។ លោក សាយ ឈុំ បានក្លាយជាប្រធានព្រឹទ្ធសភា ភ្លាមៗជំនួសលោក ជា ស៊ីម។ បន្ទាប់ពីមរណភាពលោក ជា ស៊ីម ព្រះមហាក្សត្រ ព្រះបាទនរោត្តមសីហមុនី បានប្រោសព្រះរាជទានគោរមងារជា«សមេ្តច» ជូនលោក ស ខេង និងលោក សាយ ឈុំ៕
កែតម្រូវ៖ លោក អ៊ូ វីរៈ ប្រាប់VODថាការឲ្យមានអនុប្រធានបក្សCPPពីររូប គឺដើម្បីបន្សាបឥទ្ធិពលរបស់លោក ស ខេង មិនមែនបំបែកឥទ្ធិពលរបស់លោក ស ខេង ដូចការចុះផ្សាយមុននោះទេ។ |
សរសេរមកកាន់លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com
No comments:
Post a Comment