ការតវ៉ារបស់ក្រុមកម្មករអូសរទេះដឹកទំនិញនៅច្រកទ្វារព្រំដែនអន្តរជាតិក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលស្នើសុំឲ្យមន្ត្រីគយ និងរដ្ឋាករក្រុងប៉ោយប៉ែតបញ្ចុះបន្ធូរបន្ថយសេវាដឹកទំនិញកុំឲ្យខ្ពស់ពេកជាហូរហែកន្លងមកមិនទទួលបានលទ្ធផលនោះ ក៏បានធ្លាក់ដល់ផ្ទុះអំពើហិង្សាដុតកង់រថយន្ត និងគប់ដុំថ្ម នារសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៥នេះ បណ្តាលឲ្យខូចខាតទ្វាររបងច្រកចូលការិយាល័យគយ និងរដ្ឋាករក្រុងប៉ោយប៉ែត ខូចខាតរថយន្តមន្ត្រីគយជាច្រើនគ្រឿង និងកម្មករអូសរទេះប្រមាណ៥នាក់ទៅ៦នាក់រងរបួសធ្ងន់-ស្រាល ដោយស្នាដៃសមត្ថកិច្ចកងរាជអាវុធហត្ថបង្ក្រាបយ៉ាងចាស់ដៃ ព្រមទាំងមានការផ្ទុះអាវុធជាច្រើនគ្រាប់ទៀតផង ។
សកម្មភាពផ្ទុះអំពើហិង្សារវាងកម្មករអូសរទេះដឹកទំនិញនៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យនេះ បានធ្វើឲ្យកកស្ទះចរាចរណ៍នៅលើកំណាត់ផ្លូវជាតិលេខ៥ ជាប់នឹងច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត(កម្ពុជា-ថៃ)អស់ជាច្រើនម៉ោង ។
ក្រុមអាជីវកររកស៊ីដឹកជញ្ជូនទំនិញតាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បាននិយាយឲ្យដឹងថា រឿងរ៉ាវគយប៉ោយប៉ែត ដែលមានឈ្មោះ ឈួន ហៃ ជាប្រធាន ប្រឹងគិតពន្ធសេវាដឹកទំនិញខ្ពស់នោះ គឺដើម្បីប្រមូលចំណូលថវិការដ្ឋតាមផែនការកំណត់របស់ថ្នាក់លើផង និងដើម្បីប្រមូលចំណូលដាក់ហោប៉ៅបុគ្គល បក្ខពួក និងអង្គភាពផង ដូច្នេះហើយ ទើបសំណូមពររបស់ក្រុមកម្មករអូសរទេះដឹកទំនិញដែលសុំបន្ធូរបន្ថយការគិតពន្ធលើសេវាដឹកទំនិញ មិនត្រូវបានមន្ត្រីគយរវីរវល់ដោះស្រាយឡើយ រហូតដល់ធ្លាក់ផ្ទុះអំពើហិង្សាតែម្តង ៕
No comments:
Post a Comment