A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday 17 May 2015

Sam Rainsy told supporters in America that the "culture of dialogue" can protect Cambodia's territorial integrity លោក សម រង្ស៊ី ប្រាប់​អ្នក​គាំទ្រ​នៅ​អាមេរិក​ថា​វប្បធម៌​សន្ទនា​អាច​ការពារ​បូរណភាព​ទឹក​ដី

សម រង្ស៊ី ៦២០
លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ជួប​សំណេះសំណាល​ជាមួយ​ក្រុម​អ្នក​គាំទ្រ​គណបក្ស​ក្នុង​ទីក្រុង​ហ្គេតធឺស្បឺក (Gaithersburg) ក្នុង​រដ្ឋ​ម៉ារីឡែន (Maryland) សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី​១៤ ខែ​ឧសភា ឆ្នាំ​២០១៥។
 RFA/Taing Sarada
លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី​១៤ ឧសភា បាន​ថ្លែង​ទៅ​កាន់​ក្រុម​អ្នក​គាំទ្រ​ជា​ខ្មែរ​អាមេរិកាំង​ប្រមាណ ៧០​នាក់ ថា របត់​នយោបាយ​នៅ​កម្ពុជា បច្ចុប្បន្ន ជា​នយោបាយ​មួយ​ឆ្ពោះ​ទៅ​រក​ការ​បង្រួបបង្រួម​ជាតិ​ពិត​ប្រាកដ ក្នុង​បុព្វហេតុ​ការពារ​ទឹក​ដី​កុំ​ឲ្យ​មាន​ការ​ឈ្លាន​ពាន​ពី​សំណាក់​ប្រទេស​ជិត​ខាង។
លោក សម រង្ស៊ី អះអាង​ថា ដើម្បី​ថែរក្សា​បូរណភាព​ទឹកដី​ឲ្យ​បាន​គង់វង្ស គឺ​ត្រូវ​មាន​ការ​រួបរួម​ជាតិ​ដ៏​ធំ​មួយ​ប្រកប​ដោយ​ការ​ជឿ​ទុក​ចិត្ត​ពី​គ្រប់​ភាគី និង​ការ​អនុវត្ត​នូវ​វប្បធម៌​សន្ទនា ឬ​វប្បធម៌​សន្តិភាព៖ «យើង​ដឹង​ហើយ​ថា យើង​បាត់បង់​ខេត្ត​ច្រើន​ណាស់ ទាំង​លិច ទាំង​ខាង​កើត។ ខាង​លិច​បាត់​ទៅ​ប្រទេស​ថៃ ដែល​ពី​មុន​យើង​ហៅ​ថា សៀម ហើយ​ខាង​កើត​យើង​បាត់​ទៅ​ប្រទេស​វៀតណាម ដែល​ពី​មុន​យើង​ហៅ​ថា យួន។ ស្រុក​យើង​ឥឡូវ​តូច​ប៉ុន​បាតដៃ បើ​ប្រៀបធៀប​ទៅ​ប្រទេស​ជិត​ខាង​វិញ យើង​ជា​ប្រទេស​តូច អន់ថយ ទន់​ខ្សោយ ហើយ​បើ​យើង​បណ្ដោយ​ឲ្យ​ចរន្ត​បែប​នេះ​នៅ​បន្ត​ទៀត គឺ​នឹង​ឈាន​ទៅ​រក​ការ​បាត់បង់​ប្រទេស​ជាតិ​យើង​ទាំង​ស្រុង។ យើង​យល់​ឃើញ​ថា ល្មម​ភ្ញាក់​ខ្លួន​ហើយ។ ខ្មែរ​យើង​ដែល​ធ្លាប់​តែ​ឈ្លោះ​គ្នា បែកបាក់​គ្នា ហើយ​ក្រុម​មួយ​ទៀត​ចង់​ឈ្នះ ក្រុម​មួយ​ទៀត​ដាច់​ខាត។ បើ​យើង​គិត​ពី ៥០០​ឆ្នាំ​មុន​ក៏​អ៊ីចឹង គិត ៥០​ឆ្នាំ​មុន​ក៏​អ៊ីចឹង អត់​ខុស​គ្នា​អី​ទេ»
ការ​អះអាង​របស់ លោក សម រង្ស៊ី ធ្វើ​ឡើង​នៅ​ក្នុង​កម្មវិធី​ទទួល​ទាន​អាហារ​ពេល​ល្ងាច​មួយ ក្នុង​ពេល​ជួប​សំណេះសំណាល​ជាមួយ​ក្រុម​អ្នក​គាំទ្រ​គណបក្ស​ក្នុង​ទីក្រុង​ហ្គេតធឺស្បឺក (Gaithersburg) ក្នុង​រដ្ឋ​ម៉ារីឡែន (Maryland)។ លោក សម រង្ស៊ី បាន​អញ្ជើញ​មក​សហរដ្ឋ​អាមេរិក និង​កាណាដា ដើម្បី​ពន្យល់​អ្នក​គាំទ្រ​របស់​គណបក្ស​អំពី​វប្បធម៌​សន្ទនា​ថ្មី ដែល​លោក​បាន​រួម​បង្កើត​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ពេល​ថ្មីៗ​នេះ។
លោក តូច សាម៉ន ដែល​មក​ពី​រដ្ឋ​ភែនស៊ីលវែនញ៉ា (Pennsylvania) មាន​ប្រសាសន៍​ថា លោក​គាំទ្រ​វប្បធម៌​សន្ទនា​ដែល​ជា​របត់​នយោបាយ​ថ្មី​នេះ ដើម្បី​កុំ​ឲ្យ​មាន​វប្បធម៌​បង្ហូរ​ឈាម​នៅ​ក្នុង​ប្រទេស​ត​ទៅ​ទៀត។ តែ​ទោះ​ជា​យ៉ាង​ណា​ក៏ដោយ លោក​នៅ​តែ​តាមដាន​មើល​ថា តើ​វប្បធម៌​សន្ទនា​នេះ​នឹង​បាន​យូរ​ដល់​ពេល​ណា?៖ «ខ្ញុំ​គាំទ្រ​វប្បធម៌​សន្ទនា​នេះ​ដែរ។ ប៉ុន្តែ​ជា​ជំហរ​ទូទៅ​របស់​ខ្ញុំ យើង​នៅ​ពិនិត្យ​ត​ទៅ​ទៀត ពីព្រោះ​ថា កិច្ច​សន្ទនា​នេះ​មិន​មែន​ចប់​តែ​ត្រឹម​នេះ​ទេ វា​នឹង​បន្ត​ទៅ​ទៀត ហើយ​យើង​នឹង​ចាំ​មើល​លទ្ធផល​ទៅ​ថ្ងៃ​ក្រោយ​ទៀត តើ​វា​នឹង​ទៅ​ជា​យ៉ាង​ណា ហើយ​យើង​នឹង​វាយ​តម្លៃ​លទ្ធផល​នោះ​ជា​ក្រោយ​ទៅ​ទៀត។ នេះ​ជា​កិច្ចការ​ចាំបាច់​មួយ»

ចំណែក លោក នួន សុភ័ណ ពី​រដ្ឋ​វឺជីនៀ (Virginia) វិញ​មាន​ប្រសាសន៍​ថា អ្វី​ដែល​លោក​ចង់​ឃើញ​ជាង​គេ​នោះ គឺ​វប្បធម៌​សន្ទនា ធ្វើ​ឡើង​ក្នុង​ក្របខ័ណ្ឌ​ប្រជាធិបតេយ្យ​ពិត​ប្រាកដ ដែល​មិន​ស្ថិត​ក្រោម​ចំណុះ​របស់​គណបក្ស​កាន់​អំណាច៖ «ចង់​ឃើញ​ខ្មែរ​រួម​ថា​តើ​ខ្មែរ​រួម ​នៅ​ក្រោម​បង្គាប់​គេ ឬ​មួយ​យក​ឈ្នះ​លើ​គណបក្ស​ប្រជាជន ហើយ​កាន់​អំណាច​វិញ និង​មាន​ប្រជាធិបតេយ្យ​ពិត​ប្រាកដ ពុំ​មែន​ជា​ប្រជាធិបតេយ្យ​សម្រាប់​បន្លំ​អន្តរជាតិ​ដើម្បី​គាំទ្រ​គណបក្ស​ ប្រជាជន​នោះ​ទេ។ ប៉ុន្តែ​ខ្ញុំ​ឃើញ​ថា លោក សម រង្ស៊ី យ៉ាង​ហោច​ណាស់​ក៏​គាត់​បញ្ចេញ​នូវ​ការ​ដឹកនាំ​មួយ​ដែល​អាច​នាំ​យក​ជ័យជំនះ​ ពិត​ប្រាកដ​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ ឬ​ក៏​អត់​នៅ​ឆ្នាំ​២០១៨។ ដូច្នេះ​យើង​នៅ​រង់ចាំ​មើល​ ឬ​មួយ​នៅ​រង់ចាំ​មើល​រហូត​ដល់​ជីវិត​រៀងៗខ្លួន ហើយ​យើង​នៅ​តែ​ស្ថិត​ក្រោយ​អំណាច​យួន ហើយ​និង​លោក ហ៊ុន សែន»
នៅ​ក្រោយ​ពិធី​ជួប​សំណេះសំណាល​ជាមួយ​ក្រុម​អ្នក​គាំទ្រ​នេះ លោក សម រង្ស៊ី មាន​ប្រសាសន៍​ថា ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក​មក​កាន់​រដ្ឋធានី​វ៉ាស៊ីនតោន (Washington) លោក​បាន​ជួប​ជាមួយ​ក្រុម​មន្ត្រី​ក្រសួង​ការ​បរទេស និង​លោក អេដ រ៉យស៍ (Ed Royce) ប្រធាន​គណៈកម្មការ​កិច្ចការ​បរទេស​នៃ​រដ្ឋសភា​អាមេរិក អំពី​ដំណើរ​ការ​នយោបាយ​របស់​កម្ពុជា បច្ចុប្បន្ន និង​ការ​ឆ្ពោះ​ទៅ​រក​ផ្លាស់ប្ដូរ​ប្រទេស​មួយ​ប្រកប​ដោយ​សន្តិភាព និង​លទ្ធិប្រជាធិបតេយ្យ​ពេញលេញ៕

No comments: