A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday 20 May 2015

ចិន​ផ្តល់​ប្រាក់​ $១០០ ​លាន​សម្រាប់​សង់​ពហុកីឡដ្ឋាន​ថ្មី


Tue, 19 May 2015 ppp
H S Manjunath

ប្លង់​គំរូ​សម្រាប់​សង់​ពហុកីឡដ្ឋាន​ថ្មី​នៅ​ព្រែកព្នៅ ។ រូបថត សហការី

ភ្នំពេញៈ លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន ​បាន​ប្រកាស​កាលពី​ម្សិលមិញ បន្ទាប់ពី​ការ​បរិច្ចាគ​ប្រាក់​ចំនួន​​ ១០០ ​លាន​ដុល្លារ​​ពី​រដ្ឋាភិបាល​ចិន អំពី​​ប្លង់​ចុងក្រោយ​សម្រាប់​ពហុកីឡដ្ឋាន​ជាតិ​ថ្មី​មួយ​ ដែល​គ្រោង​នឹង​បញ្ចប់​ការ​សាងសង់​ក្នុង​ឆ្នាំ​ ២០២០​ ហើយ​នឹង​ជា​កន្លែង​ទទួល​​ការ​ប្រារព្ធ​ស៊ីហ្គេម​ឆ្នាំ​​ ២០២៣ (SEA Games ២០២៣​) ​របស់​កម្ពុជា។

លោកនាយករដ្ឋមន្ដ្រី នៅ​កិច្ចប្រជុំ​នៅ​វិមាន​សន្តិភាព ក៏​បាន​ប្រកាស​ផង​ដែរ​​អំពី​ការ​​ដំឡើង​ប្រាក់ខែ​ជិត​ទ្វេដង​សម្រាប់​អត្តពលិក​ជាតិ​គ្រូបង្វឹក​ និង​បុគ្គលិក​រដ្ឋបាល​។ ក្នុង​អំឡុង​ដំណើរ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​ដោយ​លោក​ ហ៊ុន សែន ទៅ​ទីក្រុង​ប៉េកាំង​កាល​ខែ​ឧសភា ឆ្នាំ​មុន ប្រធានាធិបតី​ចិន លោក Xi Jinping បាន​សន្យា​ផ្តល់​ថវិកា​សម្រាប់​ការ​សាងសង់​​ពហុកីឡដ្ឋាន​សំខាន់​​មួយ​​​នៅ​ជាយ​រាជធានី​​ភ្នំពេញ​។



ពហុកីឡដ្ឋាន​ដែល​មាន​កៅអី​ចំនួន ៦០០០០ ដែល​រំពឹង​ថា នឹង​ចំណាយ​​អស់​ប្រាក់​ប្រមាណ​ ១០០ លាន​ដុល្លារ ហើយ​នឹង​សាងសង់​ដោយ​ក្រុមហ៊ុន​សាងសង់​របស់​ចិន​នឹង​​បញ្ចប់​ក្នុង​រយៈពេល​ពី​បួន​ទៅ​ប្រាំ​ឆ្នាំ​ទៀត ជាមួយ​​ជំនួយ​ហិរញ្ញវត្ថុ​ពី​​ចិន​សម្រាប់​គម្រោង​នេះ​ទាំង​មូល។

កាលពី​ចុង​ឆ្នាំ​មុន ក្រុម​បច្ចេកទេស​មកពី​ប្រទេស​ចិន​បាន​មក​ដល់​ប្រទេស​កម្ពុជា​ដើម្បី​​ដាក់​ផែនការ សម្រាប់​​សាងសង់​ពហុកីឡដ្ឋាន​ចម្បង​នេះ ដោយ​​បាន​បង្កើត​ប្លង់​ពីរ​។ ស្ថាបត្យករ​ខ្មែរ បាន​ដាក់​​ប្លង់​​មួយ​ ហើយ​ស្ថាបត្យករ​ថៃ​បាន​ដាក់​ប្លង់​ពីរ​។ គណៈកម្មាធិការ​​បាន​ពិនិត្យ​​ និង​ជម្រុះ​ប្លង់​​ទាំង​ ៥ ​នោះ​​​មក​ត្រឹម​តែ​ពីរ​ដើម្បី​ដាក់​ជូន​​លោក​ ហ៊ុន សែន​ពិចារណា​។

នៅក្នុង​ការ​ជ្រើសរើស​យក​​ប្លង់​ចុងក្រោយ​នេះ លោក វ៉ាត់ ចំរើន អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​​ជាតិ​អូឡាំពិក បាន​ថ្លែង​ថា លោកនាយករដ្ឋមន្រ្តី​បាន​កត់សម្គាល់​អំពី​រូបរាង​ស្រដៀង​គ្នា​​ទៅ​នឹង​​កប៉ាល់​បុរាណ​ចិន ហើយ​​ពិចារណាវា​ថា ជា​​និមិត្តរូប​នៃ​មិត្តភាព​របស់​កម្ពុជា​​ជាមួយ​យក្ស​អាស៊ី​។

លោក វ៉ាត់ ចំរើន បាន​​ថ្លែង​បន្ត​ថា លោក​នាយករដ្ឋមន្រ្តី​បាន​​​ពិចារណា​លើ​​កត្តា​សុវត្ថិភាព ដោយ​កត់សម្គាល់​ថា សាល​ទូលំទូលាយ​​​នៃ​ប្លង់​ដែល​ត្រូវ​បាន​​ជ្រើសរើស​នេះ នឹង​សម្រួល​ដល់​ការ​កកស្ទះ​ហ្វូង​មនុស្ស ហើយ​ធ្វើឲ្យ​វា​ងាយស្រួល​សម្រាប់​​អ្នក​ជួយ​សង្គ្រោះ​​​ក្នុង​ករណី​មាន​អាសន្ន​។

ពហុកីឡដ្ឋាន​​​​ដែល​​​​​សង់​​​នៅ​​សង្កាត់​ព្រែកព្នៅ​​នេះ​ នឹង​​មាន​អាង​ហែលទឹក ទីលាន​បាល់ទាត់ ទីលាន​រត់ ទីលាន​​តេនីស និង​អគារ​​ស្នាក់នៅ​សម្រាប់​អត្តពលិក​។

លោក វ៉ាត់ ចំរើន បាន​ថ្លែង​ថា ជាមួយ​​ការ​កែច្នៃ​ពហុកីឡដ្ឋាន​​​អូឡាំពិក ដែល​​កំពុង​បន្ត​ និង​​​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​បាល់ទាត់​ថ្មី​​ក្នុង​ស្រុក​​បាទី ខេត្ត​តាកែវ អគារ​ថ្មី​នេះ​បន្ត​ភាព​រីកចម្រើន​នៃ​ហេដ្ឋារចនាសម្ព័ន្ធ​កីឡា​កម្ពុជា​។ ជាមួយ​នឹង​គោលបំណង​ចង់​ឲ្យ​កម្ពុជា​ទទួល​​បាន​មេដាយ​ច្រើន ខណៈ​កម្ពុជា​​ត្រៀម​ខ្លួន​ចូលរួម​ប្រកួត​ស៊ីហ្គេម (SEA Games) ក្នុង​ប្រទេស​សិង្ហបុរី​ដែល​ចាប់ផ្តើម​នៅ​ថ្ងៃ​ទី​ ៥ មិថុនា លោកនាយករដ្ឋមន្រ្តី​​បាន​ប្រកាស​នៅ​កិច្ចប្រជុំ​ពេល​​ព្រឹក​​ដែល​ចូលរួម​ដោយ​​​មន្រ្តី​កំពូលៗ​ខាង​កីឡា ថា ប្រាក់​ខែ​ និង​ប្រាក់​ឧបត្ថម្ភ​ប្រចាំ​ខែ​​​របស់​គ្រូបង្វឹក​ជាតិ​​ និង​អត្តពលិក​ទាំងអស់​នឹង​ត្រូវ​ដំឡើង​​ជិត​ ៥០ ​ភាគរយ​ដោយ​ចូល​ជា​ធរមាន​ភ្លាមៗ​។

លោក​ វ៉ាត់ ចំរើន បាន​ថ្លែង​កាល​ម្សិលមិញ​ថា៖​ «​​ប្រាក់ខែ​ប្រសើរ​ជាង​មុន​នាំឲ្យ​ស្ថានភាព​រស់នៅ​ប្រសើរ​ជាង​មុន​ និង​ហ្វឹកហាត់​​ប្រសើរ​ជាង​មុន ហើយ​នឹង​ទទួល​បាន​លទ្ធផល​ប្រសើរ​​ជាង​មុន​។ ការ​ដំឡើង​ខ្ពស់​នេះ​នឹង​​​លើក​ទឹកចិត្ត​ដល់​អត្តពលិក​ និង​គ្រូបង្វឹក​របស់​យើង​ឲ្យ​ខិតខំ​អស់​ពី​សមត្ថភាព ហើយ​គណៈកម្មាធិការ​ជាតិ​​អូឡាំពិក​​​ថ្លែង​អំណរគុណ​យ៉ាងខ្លាំង​ចំពោះ​​ការ​ដំឡើង​នេះ​»។ ​

លោក​បាន​​បន្ត​ថា​៖ «​​សំខាន់​ជាង​​​នេះ​ទៀត ការ​ដំឡើង​ទាំងនេះ​នឹង​នាំឲ្យ​គ្រូបង្វឹក​ និង​អត្តពលិក​កម្ពុជា​​​ ស្ថិត​​ក្នុង​កម្រិត​ស្មើ​នឹង​ប្រទេស​មួយ​ចំនួន​ក្នុង​តំបន់»៕ PS រាយការណ៍​បន្ថែម​​ដោយ ជាង សុខា

Joe Curtin

No comments: