A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday 8 May 2015

ជម្លោះ​ក្នុង​វិហារ​ឥស្លាម​អន្តរជាតិ​បឹងកក់​ក្រោយ​ពី​សម្ពោធ



ដោយ ទីន ហ្សាការីយ៉ា
2015-05-07 RFA
  

វិហារ​ឥស្លាម​ថ្មី​នៅ​តំបន់​បឹងកក់ ដែល​ត្រូវ​បាន​សម្ពោធ​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី​២៧ មីនា ២០១៥។
RFA/Tin Zakariya


វិហារ​ឥស្លាម អាលសារកាល់ (Alserkal) ដែល​មាន​ទីតាំង​នៅ​បឹងកក់ ក្បែរ​ក្រុមហ៊ុន ស៊ូកាគូ (Shukaku) នោះ គឺ​ជា​វិហារ​ខ្នាត​អន្តរជាតិ​តែ​មួយ​គត់​នៅ​ប្រទេស​កម្ពុជា ដែល​ត្រូវ​បាន​សាងសង់​រួចរាល់ និង​សម្ពោធ​ឲ្យ​សាសនិក​ឥស្លាម​ប្រើប្រាស់​កាល​ពី​ចុង​ខែ​មីនា កន្លង​ទៅ។

ក្រោយ​ពី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ វិហារ​នេះ​ដែល​ធ្លាប់​តែ​មាន​ភាព​សុខសាន្ត​នោះ ឥឡូវ​នេះ​មាន​ភាព​ដ៏​ចម្រូងចម្រាស​របស់​ថ្នាក់ដឹកនាំ​ឥស្លាម និង​អ្នក​ចំណុះ​វិហារ ដោយសារ​តែ​អ្នក​មើល​ការ​ខុស​ត្រូវ​របស់​វិហារ​នេះ ឬ​ហៅ​ថា អ៊ីម៉ាំ កាល​ពី​មុន​នោះ ត្រូវ​បាត់បង់​សិទ្ធិ។ តើ​មូលហេតុ​អ្វី​ខ្លះ​ទើប​មាន​ជម្លោះ​រឿង អ៊ីម៉ាំ នេះ​កើត​ឡើង?
ភាព​ចម្រូងចម្រាស​នៅ​វិហារ​អន្តរជាតិ​មួយ​ឈ្មោះ​ថា វិហារ​ឥស្លាម អាលសារកាល់ នៅ​បឹងកក់ កាន់តែ​រីក​ធំៗ​ទៅ មិន​ទាន់​មាន​ដំណោះស្រាយ​នោះ​ឡើយ ដែល​អូស​បន្លាយ​ពេល​ជាង ១​ខែ​មក​ហើយ។​

វិហារ​ឥស្លាម អាលសារកាល់ បឹងកក់ ឧបត្ថម្ភ​ថវិកា​សាងសង់​ដោយ​ពាណិជ្ជករ​អារ៉ាប់រួមអេមីរ៉ាត (United Arab Emirates)  លោក អ៊ីសា ពិន ណាសៀរ (EISA BIN NASSER)  ចំណាយ​ថវិកា​អស់​ប្រមាណ ៣​លាន​ដុល្លារ​សហរដ្ឋអាមេរិក ហើយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ទៅ​សម្ពោធ​ឲ្យ​ប្រើប្រាស់​កាល​ពី​ថ្ងៃ​ទី​២៧ មីនា ឆ្នាំ​២០១៥។ ក្រោយ​ពី​វិហារ​នេះ​សាងសង់​ថ្មី សាសនិក​ឥស្លាម​រំពឹង​ថា នឹង​មាន​កន្លែង​ថ្វាយបង្គំ​គោរព​សក្ការៈ​ទៅ​ចំពោះ​ព្រះ​អល់ឡោះ​ដោយ​ចិត្ត​ជ្រះ​ថ្លា ក៏​ប៉ុន្តែ​អ្វីៗ​ផ្ទុយ​ពី​នេះ​វិញ។

ជនជាតិ​ចាម​មួយ​រួប​ឈ្មោះ រ៉សាត ដែល​លោក​តែងតែ​ទៅ​ថ្វាយបង្គំ​នៅ​វិហារ​បឹងកក់​នេះ រៀបរាប់​ថា លោក​មិន​ពេញចិត្ត​នឹង​ទង្វើ​របស់​ថ្នាក់ដឹកនាំ​ឥស្លាម​នេះ​ទេ ព្រោះ​ថា លោក មហាំ ម៉ាត់ ឬ តួន មហាំ ម៉ាត់ គាត់​បាន​មើល​ការ​ខុស​ត្រូវ​តាំង​ពី​ឆ្នាំ​១៩៩២ មក ក៏ប៉ុន្តែ​មូលហេតុ​អ្វី​បាន​ជា​រដ្ឋលេខាធិការ​ក្រសួង​ធម្មតា និង​កិច្ចការ​សាសនា លោក សុះ មុះសិន ទៅ​ប្រកាស​កាល​ពី​ពេល​ថ្មីៗ​នេះ ថា​វិហារ​នេះ មិន​បាច់​មាន​អ៊ីមាំ ទៅ​វិញ?៖ «ធ្វើ​ម៉េច​ត្រូវ​គ្នា? បើ​នៅ​សុខៗ​គេ​ទម្លាក់​អូងហាំ​ចោល​បាត់​ឈឹង​ចឹង យើង​ធ្វើ​អី ត្រូវ​មាន​ការ​ឯកភាព​ស្រុះស្រួល​គ្នា​ទៅ ហើយ​មុន​នឹង​ដក​គាត់​ចេញ​ត្រូវ​មាន​ការ​ឯកភាព​គ្នា​ជា​មុន​ដែរ»។

ឆ្លើយ​តប​នឹង​បញ្ហា​នេះ រដ្ឋលេខាធិការ​ក្រសួង​ធម្មការ​និង​កិច្ចការ​សាសនា លោក សុះ មុះសិន មាន​ប្រសាសន៍​ថា លោក​មិន​ដែល​បដិសេធ​ថា លោក មហាំ ម៉ាត់ មិន​មែន​ជា អ៊ីម៉ាំ នោះ​ទេ តែ​លោក​បញ្ជាក់​ថា លោក មហាំម៉ាត់ នេះ ក៏​មិន​មាន​លិខិត​តែងតាំង​ជា​ផ្លូវការ​អ្វី​ដែរ។ លោក​បន្ថែម​ថា លោក មហាំ ម៉ាត់ ក៏​មិន​មែន​ជា​អ្នកគ្រប់គ្រង​វិហារ​នេះ​ដែរ៖ «ដូច​ខ្ញុំ​បាន​ជម្រាប​ពី​ខាង​ដើម​មក​ថា អូងហាំ​គ្មាន​អ្នក​ធ្វើ​លិខិត​បដិសេធ​គាត់​ទេ គាត់​តាំង​អើយ​មក តាំង​ទសវត្សរ៍​ឆ្នាំ​៩២-៩៣​មក គឺ​គាត់​ធ្វើ​អ៊ីម៉ាំ​រហូត​មក​ហើយ»។

សាសនិក​ឥស្លាម​ជា​ច្រើន​ដែល​តែងតែ​ទៅ​ថ្វាយ​បង្គំ​នៅ​វិហារ​បឹងកក់​នោះ លើក​ឡើង​ថា ជាង ២០​ឆ្នាំ​មក​នេះ ការ​គោរព​ប្រណិប័តន៍​សាសនា​នៅ​វិហារ​បឹងកក់ មិន​ដែល​មាន​បញ្ហា​អ្វី​កើត​ឡើង​នោះ​ទេ តែ​ក្រោយ​ពី​មាន​វិហារ​ថ្មី​ដោយ​មាន​អ្នក​ធំ​លូកដៃ​ចង់​គ្រប់គ្រង​វិហារ​នេះ គឺ​បញ្ហា​កើត​មាន​រហូត​នៅ​ថ្ងៃ​រៀងរាល់​ថ្ងៃ​សុក្រ ពិសេស ការ​ដក​លោក មហាំ ម៉ាត់ ដែល​លោក​ដឹកនាំ​គេ​ថ្វាយបង្គំ ឬ​ជា​អ៊ីម៉ាំ ជាង ២០​ឆ្នាំ​មក​ហើយ​នោះ។ ពួកគេ​បាន​ឲ្យ​ដឹង​ថា ការ​លើក​ឡើង​របស់​លោក សុះ មុះសិន ផ្ទុយ​ពី​ការពិត។ ពួកគាត់​បាន​លើក​ឡើង​ថា បើសិនជា​លោក​នៅ​តែ​ទទួល​ស្គាល់ លោក មហាំម៉ាត់ ហេតុ​អ្វី​បាន​ជា​លោក​មិន​ឲ្យ​ក្បាល​មេក្រូ​ទៅ​លោក មហាំ ម៉ាត់ កាល​ពី​ថ្ងៃ​សុក្រ នៅ​ពេល​លោក មហាំ ម៉ាត់ បាន​សុំ​យក​និយាយ​នៅ​ពេល​មាន​បញ្ហា​ចម្រូងចម្រាស​កាល​ពី​ថ្ងៃ​សុក្រ ទី​១ ឧសភា នោះ៖ «ដោយសារ​អី​អូងហាំ​គាត់​ធ្វើ​អ៊ីម៉ាំ​តាំង​ពី​មាស្ជិទ​ចាស់ មាន​ន័យ​ថា បើ​ផ្ទះ​របស់​យើង​វិញ គាត់​ធ្វើ​តាំង​ពី​ផ្ទះ​តូច​ដល់​ផ្ទះ​ធំ គាត់​តស៊ូ​តាំង​ពី​ទឹក​លិច​វិហារ​នោះ​ដល់​ពេល​ឥឡូវ មាស្ជិទ​នេះ​ល្អ​ហើយ ចង់​ផ្ដួល​គាត់​ចេញ​វា​អត់​ត្រូវ គេ​ធ្វើ​អ្វី​មួយ​គេ​អាង​ថា អញ​ហើយ​មាន​អំណាច អញ​ហើយ​ជា​ឯកឧត្តម​ធំ សម្រាប់​ខ្ញុំ ខ្ញុំ​នៅ​តែ​គាំទ្រ​ព្រឹទ្ធាចារ្យ​អូងហាំ ជា​អ៊ីម៉ាំ​ដដែល»។

ម្យ៉ាង​ទៀត ទៅ​ថ្វាយបង្គំ​នៅ​វិហារ​នេះ​ជា​ច្រើន បាន​លើក​ឡើង​ថា ក្រោយ​ពី​មាន​គណៈកម្មការ​គ្រប់គ្រង​ថ្មី​នេះ គឺ​ការ​ឡើង​ធ្វើ អ៊ីមាំ នៅ​ពេល​ថ្វាយបង្គំ​ថ្ងៃ​សុក្រ ដែល​ពី​មុន​ធ្លាប់​ធ្វើ​ដោយ​សេរី អ្នក​ណា​ក៏​ធ្វើ​បាន​ដែរ​នោះ ឥឡូវ​នេះ​មាន​ការ​រើសអើង ប្រកាន់​បក្សពួក ព្រោះ​ថា កាល​ពី​ថ្ងៃ​សុក្រ ទី​២៨ ខែ​មេសា ប្រធាន​គណៈកម្មការ​បណ្ដោះអាសន្ន​នេះ មិន​អនុញ្ញាត​ឲ្យ​និស្សិត​បញ្ចប់​ការ​សិក្សា​ខាង​សាសនា​ម្នាក់​ឈ្មោះ ហ្វៃរូស ឡើងខទីព សូត្រ​ធម៌​ឲ្យ​គេ​ស្ដាប់​ឡើយ។

​ទាក់ទង​និង​បញ្ហា​នេះ រដ្ឋលេខាធិការ​ក្រសួង​ធម្មការ​និង​កិច្ចការ​សាសនា លោក សុះ មុះសិន បាន​ឲ្យ​ដឹង​ថា ជា​រឿង​ខុស​បច្ចេកទេស។

ជា​ទូទៅ​ការ​តែងតាំង​អ៊ីមាំ ប្រចាំ​នៅ​វិហារ​ឥស្លាម​នីមួយៗ ចេញ​ពី​គណៈ​ដឹកនាំ​ជាន់​ខ្ពស់​នៃ​សាសនា​ឥស្លាម​កម្ពុជា ឬ​ហៅ​ថា មូហ្វទី។ ក៏ប៉ុន្តែ​ការ​តែងតាំង​នេះ មិន​មែន​ជា​ការ​បោះឆ្នោត​ជ្រើស​ដោយ​ផ្ទាល់​ពី​សហគមន៍​នោះ កន្លង​មក​ក៏​មាន​បញ្ហា​ជម្លោះ​កើត​មាន​ដែរ ដូចជា​បញ្ហា​ជម្លោះ​រឿង​តែងតាំង​អ៊ីមាំ ឬ ហាកឹម នៅ​តាម​វិហារ​ក្នុង​ភូមិ​មួយ​ចំនួន​នៅ​ក្នុង​ខែត្រ​កំពង់ចាម កោះកុង កំពត និង​ខែត្រ​តាកែវ ជាដើម។

​គណៈ​ដឹកនាំ​ជាន់​ខ្ពស់​នៃ​សាសនា​ឥស្លាម​កម្ពុជា លោក​ឧកញ៉ា សុះ កំរី ដែល​លោក​នៅ​ក្នុង​ព្រឹត្តិការណ៍​ប៉ះទង្គិច​គ្នា​រវាង​អ្នក​គាំទ្រ លោក មហាំ ម៉ាត់ និង​ប្រធាន​គណៈកម្មការ​គ្រប់គ្រង​វិហារ​បណ្ដោះអាសន្ន កាល​ពី​ថ្ងៃ​សុក្រ ទី​១ ខែ​ឧសភា នោះ​ថា បញ្ហា​នេះ​លោក​មិន​ដឹង​ទៅ​វិញ៖ «ចង់​សួរ សួរ​គេ​នេះ មិន​មែន​ជា​ការងារ​ខ្ញុំ»។

សាសនិក​ឥស្លាម​មួយ​ចំនួន​លើក​ឡើង​ថា ការ​ឆ្លើយ​របស់​លោក​ឧកញ៉ា សុះ កំរី នេះ ជា​ការ​មិន​ទទួល​ខុស​ត្រូវ ដែល​ពួកគាត់​លើក​ឡើង​ថា ការ​មិន​ដោះស្រាយ​របស់​លោក​នេះ​ហើយ​ដែល​កន្លង​មក​តែង​មាន​បញ្ហា​ជម្លោះ​កើត​ឡើង។ ក៏ប៉ុន្តែ​ករណី លោក មហាំ ម៉ាត់ នេះ លោក​បាន​ធ្វើ​ជា អ៊ីមាំ វិហារ​បឹងកក់ តាំង​ពី​ឆ្នាំ​១៩៩២ មក នៅ​មុន​ពេល​គណៈ​ដឹកនាំ​ជាន់​ខ្ពស់​នៃ​សាសនា​ឥស្លាម​កម្ពុជា បង្កើត​ឡើង។ ការ​មក​មើល​ថែ និង​ធ្វើ​ជា​អ៊ីមាំ វិហារ​បឹងកក់​នេះ គឺ​អតីត​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​អតីត​សមាជិក​រដ្ឋសភា លោក ម៉ាត់ លី ជា​អ្នក​ឲ្យ​លោក តួន មហាំ ម៉ាត់ មើល​ការ​ខុស​ត្រូវ និង​ធ្វើ​ជា អ៊ីម៉ាំ វិហារ​នេះ និង​បុរស​វ័យ​ចំណាស់​ម្នាក់​ទៀត ឈ្មោះ មហាំ ម៉ាត់ យូសុះ ជា​អ្នក​សំអាត និង អាហ្សាន ឬ​ហៅ​ថា អូង ស៊ាក់ ក៏ប៉ុន្តែ​ក្រោយ​ពី​មាន​វិហារ​ថ្មី អ្នក​ទាំង​ពីរ​មិន​មាន​សិទ្ធិ​អ្វី​ចាត់ចែង​វិហារ​ថ្មី​ទៀត​ទេ។

ទាក់ទង​នឹង​បញ្ហា​នេះ នៅ​ក្នុង​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) នៅ​ក្នុង​រយៈពេល ១​ខែ​មក​នេះ ក៏​មាន​ការ​ជជែក​អំពី​វិហារ​បឹងកក់​នេះ​ដែរ។ មាន​គណនី​ជា​ច្រើន​និយាយ​ពី​ការ​ដក​លោក មហាំ ម៉ាត់ នេះ។ នៅ​ក្នុង​បណ្ដាញ​សង្គម​ហ្វេសប៊ុក​នោះ មាន​អ្នកខ្លះ​និយាយ​ថា លោក មហាំ ម៉ាត់ បាន​មើល​ការ​ខុសត្រូវ​វិហារ​បឹងកក់ ជាង ២០​ឆ្នាំ​មក​ហើយ ដោយ​លោក​ស្នាក់​នៅ​ក្នុង​វិហារ លោក​មាន​ការ​លំបាក​ណាស់ ដោយ​ទ្រាំ​នឹង​ទឹក​លិច មាន​ចោរ​លួច​សម្ភារៈ​នៅ​ក្នុង​វិហារ។ លោក​បាន​តស៊ូ​មើល​ខុស​ត្រូវ​រហូត​មក ស្រាប់​តែ​មាន​វិហារ​ថ្មី លោក​ត្រូវ​បាន​គេ​មើល​មិន​ឃើញ​ទៅ​វិញ​ជាដើម។

ក្រុម​អ្នក​គាំទ្រ លោក ហាសាន់ មហាំ ម៉ាត់ បាន​រិះគន់​អ្នក​រៀបចំ​សម្ពោធ​វិហារ​ថ្មី​នេះ​ថា លោក មហាំ ម៉ាត់ ដែល​ធ្លាប់តែ​មើល​ថែ​វិហារ​ចាស់​នោះ មិន​បាន​ទទួល​មេដាយ​ពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នោះ​ទេ តែ​បែរ​ជា​អ្នក​ផ្សេង ដែល​អ្នក​ខ្លះ​ត្រូវ​ជា​កូនប្រសា​អ្នកធំ ត្រូវ​បាន​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បំពាក់​មេដៃ​ឲ្យ​ទៅ​វិញ។

​កាល​ពី​ថ្ងៃ​សុក្រ ទី​១ ឧសភា កន្លង​ទៅ​មាន​ភាព​ចម្រូងចម្រាស​មួយ​រវាង​អ្នក​គាំទ្រ លោក មហាំ ម៉ាត់ និង​ប្រធាន​គណៈកម្មការ​គ្រប់គ្រង​វិហារ បណ្ដោះអាសន្ន គឺ​លោក តូនី រ៉សេត។ លោក អះម៉ាត់ យ៉ា ដែល​ជា​អតីត​សមាជិក​គ្រប់គ្រង​វិហារ​ចាស់​នោះ ក្រោយ​ពី​ថ្វាយបង្គំ​ថ្ងៃ​សុក្រ ទី​១ ខែ​ឧសភា នោះ បាន​ធ្វើការ​បោះឆ្នោត​ដ៏​ចម្រូងចម្រាស​មួយ ដោយ​បោះឆ្នោត​លើក​ដៃ។ លោក​បាន​ស្រែក​សួរ​អ្នក​ទៅ​ចូល​រួម​ថ្វាយបង្គំ​រាប់​រយ​នាក់​ថា អ្នក​ណា​​គាំទ្រ​ចង់​ឲ្យ​មាន​អ៊ីម៉ាំ​ថ្មី​លើក​ដៃ តែ​ពេល​នោះ​គ្មាន​អ្នក​លើក​ដៃ​គាំទ្រ​ចង់​បាន អ៊ីម៉ាំ ថ្មី​ទេ។ បន្ទាប់​មក​គាត់​បាន​សួរ តើ​អ្នក​ណា​ចង់​រក្សា​អ៊ីម៉ាំ​ចាស់ គឺ​លោក មហាំ ម៉ាត់ ដដែល លើក​ដៃ? ពេល​នោះ​គេ​លើក​ដៃ​គាំទ្រ លោក មហាំ ម៉ាត់ ស្ទើរ​តែ​ទាំង​អស់។

វិហារ​ឥស្លាម អាលសារកាល់ នេះ​ជា​ឈ្មោះ​មួយ​ថ្មី បន្ទាប់​ពី​គេ​សាងសង់​ថ្មី​នៅ​លើ​ទីតាំង​ចាស់។ វិហារ​ចាស់​ឈ្មោះ​ថា វិហារ​ធំ​ឌូបៃ ភ្នំពេញ ដែល​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​សមាគម​ឥស្លាម​កម្ពុជា ដែល​បច្ចុប្បន្ន​លោក វ៉ាន់ ម៉ាត់ ជា​ប្រធាន។

នៅ​មុន​ពេល​សម្ពោធ​គឺ​នៅ​ថ្ងៃ​ទី​៣ ខែ​មីនា ឆ្នាំ​២០១៥ លោក វ៉ាន់ ម៉ាត់ បាន​ចេញ​សេចក្ដី​សម្រេច​និរាករណ៍ គណៈ​គ្រប់គ្រង​វិហារ​ចាស់ ដែល​មាន​សមាជិក ៧​រូប មាន​លោក វ៉ាន់ ម៉ាត់ ជា​ប្រធាន លោក ត្រេស សារុំ ជា​អនុប្រធាន លោក អះម៉ាត់ យ៉ះយ៉ា ជា​អនុ​ប្រធាន លោក​ឧត្ដមសេនីយ៍ ឡា ឡៃ ជា​សមាជិក លោក លី ហ្ស៊ះរី  លោក មហាំ ម៉ាត់ យូណេះ និង​លោក ស្លេះ ណាស៊ី ជា​សមាជិក។ ក៏ប៉ុន្តែ​ការ​ប្រកាស​និរាករណ៍​នេះ​សមាជិក​មួយ​ចំនួន​មិន​បាន​ដឹង​នោះ​ទេ។ សាសនិក​ឥស្លាម​មួយ​ចំនួន​លើក​ឡើង​ថា ដោយសារតែ​លោក វ៉ាន់ ម៉ាត់ ប្រកាស​និរាករណ៍​គណៈកម្មការ​គ្រប់គ្រង​ចាស់​នេះ​ហើយ ទើប​ធ្វើ​ឲ្យ​មាន​ជម្លោះ​កើត​ឡើង។

​ប្រធាន​សមាគម​ឥស្លាម​កម្ពុជា លោក វ៉ាន់ ម៉ាត់ បាន​បំភ្លឺ​ថា មូលហេតុ​ដែល​លោក​ចេញ​សេចក្ដី​ប្រកាស​និរាករណ៍​គណៈកម្មការ​ចាស់​នោះ ដោយសារ​តែ​គណៈកម្មការ​នេះ មាន​គ្នា​តិច​ពេក ម្យ៉ាង​វិហារ​ថ្មី​ត្រូវ​តែ​មាន​គណៈកម្មការ​ថ្មី។ បន្ថែម​ពី​នេះ​ទៀត លោក​អះអាង​ថា លោក​នឹង​ព្យាយាម​ដោះស្រាយ​បញ្ហា​ជម្លោះ​ឲ្យ​បាន​ឆាប់ៗ៖ «ខ្ញុំ​ត្រូវ​ប្រជុំ​គ្នា​ខ្ញុំ​សិន ខ្ញុំ​ត្រូវ​រៀបចំ​ប្រជុំ​សិន​អត់​មក​តែ​ពីរ​នាក់​ទេ ឯកឧត្តម ឡា ឡៃ គាត់​រវល់​គាត់​អត់​មក​អត់​អី​ទេ ឯកឧត្តម អះម៉ាត់ យ៉ះយ៉ា គាត់​អត់​មក​ទេ»។
​ទោះ​ជា​មាន​ការ​អះអាង​បែប​នេះ​ក្ដី អតីត​សមាជិក​គណៈកម្មការ​គ្រប់គ្រង​វិហារ​បឹងកក់ លោក ស្លេះ ណាស៊ី លើក​ឡើង​ថា ការ​ចេញ​សេចក្ដី​សម្រេច​និរាករណ៍​នេះ លោក​មិន​បាន​ដឹង​នោះ​ទេ។ លោក​អះអាង​ថា គណៈកម្មការ​ចាស់​ក៏​មិន​ធ្វើ​ខុស​អ្វី​ដែរ ដែល​លោក​ចាត់​ទុក​និរាករណ៍​នេះ​ជា​រឿង​មិន​សម​ហេតុផល។

​វិហារ​ឥស្លាម​នៅ​ទូទាំង​ប្រទេស​មាន​ជាង ៥០០​វិហារ នៅ​តាម​វិហារ​នីមួយៗ គឺ​មាន អ៊ីម៉ាំ ម្នាក់ ឬ​ហៅ​ថា អ៊ីម៉ាំមាស្ជិត ដែល​ជា​អ្នក​មើល​ការ​ខុស​ត្រូវ​វិហារ។
សាសនិក​ឥស្លាម​ចំណុះ​វិហារ អាលសារកាល់ នេះ ចង់​ឲ្យ​មាន​ដំណោះស្រាយ​ច្បាស់លាស់ ជៀសវាង​មាន​បាតុភាព​កើត​ឡើង​ដូច​ថ្ងៃ​សុក្រ មុនៗ​ទៀត ដែល​ជា​ពេលវេលា​អ្នក​កាន់​សាសនា​ឥស្លាម រួម​ទាំង​មាន​ជនបរទេស​ផង ទៅ​ថ្វាយបង្គំ​នៅ​វិហារ​នោះ៕

No comments: