A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday 25 May 2015

បក្ស​សង្គ្រោះ​ជាតិ​គ្រោង​ជ្រើសរើស​ចៅហ្វាយ​ក្រុង​ភ្នំពេញ​ចេញ​ពី​ការ​បោះ​ឆ្នោត


ដោយ ម៉ម មុនីរតន៍
2015-05-24

អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា (ឆ្វេង) និង​មន្ត្រី​គណបក្ស ក្នុង​ពិធី​ប្រកាស​សុពលភាព​ក្រុម​ការងារ​គណបក្ស​ប្រចាំ​មណ្ឌល​ភ្នំពេញ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៤ ឧសភា ឆ្នាំ​២០១៥។
RFA/Morm Moniroth

សាលា​រាជធានី​ភ្នំពេញ នៅ​បន្ត​ភាព​ស្ងប់ស្ងាត់​នៅ​ឡើយ​ជុំវិញ​សារ​នយោបាយ​របស់​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ ដែល​អះអាង​ថា សម្រាប់​សមាជ​គណបក្ស​ដែល​គ្រោង​នឹង​រៀបចំ​ក្នុង​រយៈពេល​ប្រហែល ២​ឆ្នាំ​ខាង​មុខ​ទៀត​នេះ គឺ​ថា ការ​តែងតាំង​អភិបាល​ក្រុង​ភ្នំពេញ ឈប់​ធ្វើ​តាម​រយៈ​គណបក្ស​ទៀត​ហើយ គឺ​ត្រូវ​បោះឆ្នោត​ជ្រើសរើស​ដោយ​ប្រជាពលរដ្ឋ​វិញ។ អង្គការ​សង្គម​ស៊ីវិល​យល់​ឃើញ​ថា ការ​កែទម្រង់​ដូច​នេះ​អាច​ជា​រឿង​មួយ​ល្អ។ ក៏ប៉ុន្តែ ប្រសិន​បើ​បេក្ខភាព​នោះ​យក​ចេញ​មក​​ពី​ក្នុង​ជួរ​គណបក្ស​ដដែល​ទេ វា​នឹង​ពុំ​មាន​ការ​កែប្រែ​​អ្វី​ធំដុំ​ឡើយ។

ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ ប្រកាស​ថា នៅ​ក្នុង​សមាជ​គណបក្ស​ដែល​គ្រោង​នឹង​រៀបចំ​នៅ​ឆ្នាំ​២០១៧ ខាង​មុខ​ទៀត​នេះ គឺ​ចៅហ្វាយ​ក្រុង​ភ្នំពេញ នឹង​លែង​តែងតាំង​ចេញ​ពី​គណបក្ស​នយោបាយ ដូច​ដែល​រដ្ឋាភិបាល​ធ្លាប់​អនុវត្ត​នៅ​ពេល​បច្ចុប្បន្ន​នេះ​ទៀត​ហើយ។

ការ​ថ្លែង​ដូច​នេះ របស់​លោក កឹម សុខា ធ្វើ​ឡើង​នៅ​ក្នុង​ពិធី​ប្រកាស​សុពលភាព​ក្រុម​ការងារ​គណបក្ស​ប្រចាំ​មណ្ឌល​ភ្នំពេញ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៤ ខែ​ឧសភា នៅ​ខណ្ឌ​សែនសុខ រាជធានី​ភ្នំពេញ។ លោក​បន្ត​ថា សម្រាប់​សមាជិក​គណបក្ស​ដែល​គ្រោង​ធ្វើ​នៅ​ឆ្នាំ​២០១៧ ខាង​មុខ​នេះ លោក​នឹង​ស្នើ​ឲ្យ​អង្គ​សមាជ​បក្ស​ធ្វើ​សេចក្ដី​សម្រេច​ចំពោះ​ការ​តែងតាំង​អភិបាល​ក្រុង​ភ្នំពេញ ​ជ្រើស​ចេញ​ពី​ការ​បោះឆ្នោត​ពី​ប្រជាពលរដ្ឋ​វិញ៖ «»។



បើ​ទោះ​ជា​បែប​ណា លោក កឹម សុខា ដែល​ធ្លាប់​តែង​ប្រើ​វោហារសាស្ត្រ​សារ​នយោបាយ រិះគន់​រដ្ឋាភិបាល ជា​ពិសេស ភាព​អសកម្ម​លើ​គោលការណ៍ និង​កំណែ​ទម្រង់​រដ្ឋ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នោះ គឺ​ពេល​នេះ លោក​​ហាក់​មិន​ក្លាហាន​និយាយ​ចំៗ ដូច​មុន​ទៀត​ឡើយ។

នៅ​ចំពោះ​មុខ​អ្នក​គាំទ្រ​ជាង ១​ពាន់​នាក់ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៤ ខែ​ឧសភា លោក កឹម សុខា ដែល​តែង​ត្រូវ​បាន​លោក ហ៊ុន សែន ព្រមាន​ដក​កៅអី​ពី​អនុ​ប្រធាន​រដ្ឋសភា ហាក់​បន្ថយ​កម្ដៅ​នៃ​ការ​វាយបក និង​រិះគន់​ជា​សាធារណៈ​មក​លើ​គណបក្ស​ប្រជាជន​កម្ពុជា។ នេះ​ជា​លើក​ទី​មួយ​ហើយ ដែល​ប្រធាន​ស្ដីទី​គណបក្ស​ប្រឆាំង ថ្លែង​សារ​នយោបាយ​ភាគ​ច្រើន​ផ្ដោត​តែ​ទៅ​លើ​គោលការណ៍ និង​ពី​របៀប​យក​ឈ្នះ​ដៃគូ​សម្រាប់​អាណត្តិ​បន្ទាប់​ទៀត​​វិញ។ យ៉ាង​ណា លោក កឹម សុខា តែង​អះអាង​ថា លោក​មិន​ដែល​​ខ្វល់​រឿង​បាត់​មុខ​តំណែង និង​តួនាទី​ជា​អនុប្រធាន​​រដ្ឋសភា​នេះ ម្តង​ណា​ទេ។

ភាព​ស្ងប់ស្ងាត់​នេះ ទំនង​ជា​លោក កឹម សុខា ចង់​រក្សា​វប្បធម៌​សន្ទនា​ដែល​គណបក្ស​នយោបាយ​ទាំង​ពីរ​បាន​ព្រមព្រៀង ថា​នឹង​បញ្ចប់​ការ​រិះគន់​ជា​សាធារណៈ ហើយ​មើល​ទៅ។ ក៏ប៉ុន្តែ ភាព​កម្រ​នេះ ប្រហែល​ជា​ការ​​បញ្ចៀស ការ​ប្រតិកម្ម​ណា​មួយ​ពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន វិញ​ក៏​អាច​ថា បាន​ដែរ ព្រោះ​លោក ហ៊ុន សែន តែង​ព្រមាន​លោក កឹម សុខា ម្តង​ជា​ពីរ​ដង​មក​ហើយ អំពី​កៅអី​​សភា​នេះ​ថា អាច​ប្រឈម​បាត់បង់​មិន​ខាន បើ​នៅ​តែ​មិន​គោរព​គ្នា​ទៀត​នោះ។

ក្រៅ​ពី​នេះ លោក យឹម សុវណ្ណ មន្រ្តី​​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​ប្រធាន​ក្រុមការងារ​បក្ស​មណ្ឌល​ភ្នំពេញ ដែល​ទើប​ត្រូវ​បាន​ប្រកាស​កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៤ ឧសភា និយាយ​ថា វា​ជា​រឿង​ដ៏​ចម្លែក​ដែល​មណ្ឌល​ភ្នំពេញ គណបក្ស​សង្គ្រោះ​ជាតិ ឈ្នះ​ហើយ ប៉ុន្តែ​បែរ​ជា​អភិបាល​ក្រុង​ភ្នំពេញ ត្រូវ​បាន​ទៅ​លើ​គណបក្ស​ប្រជាជន​កម្ពុជា​វិញ។ ការ​បោះឆ្នោត​សាកល​កាល​ពី​ឆ្នាំ​២០១៣ កន្លង​ទៅ គណបក្ស​សង្គ្រោះ​ជាតិ ទទួល​បាន​ចំនួន ៧​អាសនៈ សម្រាប់​មណ្ឌល​ភ្នំពេញ។ ដោយ​ឡែក​គណបក្ស​ប្រជាជន​កម្ពុជា វិញ បាន ៥​អាសនៈ។

ពាក់ព័ន្ធ​រឿង​នេះ លោក ឡុង ឌីម៉ង មន្ត្រី​នាំ​ពាក្យ​សាលា​រាជធានី​​ភ្នំពេញ បដិសេធ​ថា លោក​នឹង​មិន​ធ្វើ​អត្ថាធិប្បាយ​អ្វី​វែងឆ្ងាយ​អំពី​សារ​​នយោបាយ​របស់​ដឹកនាំ​គណបក្ស​ប្រឆាំង​ទេ។ លោក​អះអាង​ថា តួនាទី​ដែល​គណបក្ស​ប្រជាជន​កម្ពុជា ទទួល​បាន​នៅ​ពេល​នេះ គឺ​ពុំ​មែន​ចេះ​តែ​ធ្វើ​ឲ្យ​រួច​ពី​ដៃ​ឡើយ ។ ក៏ប៉ុន្តែ​ជា​ការ​អនុវត្ត​ទៅ​តាម​ច្បាប់ និង​មាន​អនុក្រឹត្យ​តែងតាំង​ត្រឹមត្រូវ​របស់​រដ្ឋាភិបាល ថែម​ទៀត​ផង៖ «»។

ជុំវិញ​រឿង​រ៉ាង​នេះ អង្គការ​មិន​មែន​រដ្ឋាភិបាល​ចាត់​ទុក​ថា យន្តការ​ដែល​លោក កឹម សុខា គ្រោង​នឹង​ដាក់​បញ្ចូល​ក្នុង​កម្មវិធី​នយោបាយ​ជាតិ​របស់​ខ្លួន​អំពី​​​វិមជ្ឈការ​អំណាច​នេះ គឺ​ជា​យុទ្ធសាស្ត្រ​ដ៏​ប្រសើរ​ក្នុង​ការ​កែទម្រង់​រដ្ឋ។

លោក អ៊ូ វីរៈ ប្រធាន​អង្គការ​នៃ​វេទិកា​អនាគត​ចាត់​ទុក​ថា ប្រសិន​បើ​ការ​ផ្ដល់​ប្រតិភូ​អំណាច​តាម​រយៈ​ការ​បោះឆ្នោត​ផ្ដល់​សេចក្ដី​ទុក​ចិត្ត​ដោយ​ប្រជាពលរដ្ឋ ពិត​មែន​វា​គឺ​ជា​រឿង​ល្អ។ ក៏ប៉ុន្តែ វា​នៅ​តែ​អាក្រក់ ប្រសិន​បើ​បេក្ខភាព​នោះ ត្រូវ​ជ្រើសរើស​ចេញ​ពី​កូតា​គណបក្ស​នយោបាយ។ ហេតុ​នេះ​ការ​កែទម្រង់​តាម​រយៈ​យន្តការ​នេះ នឹង​មិន​ប្រសើរ​ឡើយ៖ «»។

បើ​ទោះ​បែប​ណា លោក កឹម សុខា នៅ​តែ​មាន​ជំនឿ​ថា ការ​កែទម្រង់​នេះ អាច​នឹង​ធ្វើ​ឲ្យ​កម្ពុជា ធ្វើ​ដំណើរ​ក្នុង​គោលការណ៍​នៃ​របប​ប្រជាធិបតេយ្យ​ច្រើន​ជាង​ការ​អនុវត្ត​គោលនយោបាយ​បច្ចុប្បន្ន​នេះ៕

No comments: