A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday 26 May 2015

ប្រធាន​រដ្ឋ​សភា​អំពាវនាវ​ឲ្យ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ពង្រឹង​តួនាទី​ប្រឆាំង​អំពើ​ពុករលួយ


ដោយ ថា កិត្យា
2015-05-26 rfa
ប្រធាន​រដ្ឋ​សភា លោក ហេង សំរិន (ជួរ​មុខ កណ្ដាល) ក្នុង​ពិធី​បើក​សិក្ខាសាលា​ស្ដីពី​ការ​ឈ្វេងយល់​ពី​ច្បាប់ និង​ការ​អនុវត្ត​ច្បាប់​ស្ដីពី​ការ​ប្រឆាំង​អំពើ​ពុករលួយ​នា​វិមាន​រដ្ឋសភា នៅ​ថ្ងៃ​ទី​២៦ ឧសភា ឆ្នាំ​២០១៥។
RFA/Tha Kitya

ប្រធាន​រដ្ឋ​សភា អំពាវនាវ​ឲ្យ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ជាពិសេស​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ ពង្រឹង​តួនាទី​អប់រំ ទប់ស្កាត់ និង​ចាត់​វិធានការ​ច្បាប់​បង្ក្រាប​អំពើ​ពុករលួយ ដែល​ជា​ជំងឺ​ដ៏​រ៉ាំរ៉ៃ​នៅ​ក្នុង​សង្គម​កម្ពុជា ដែល​មិន​អាច​លុប​បំបាត់​បាន​ទាំង​ស្រុង​នៅ​ឡើយ។ តំណាងរាស្ត្រ​បក្ស​ប្រឆាំង និង​សង្គម​ស៊ីវិល រិះគន់​ផង និង​សាទរ​ផង​ចំពោះ​ចំណាត់​ការ​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​របស់​រាជរដ្ឋាភិបាល​កន្លង​មក។

អំពើ​ពុករលួយ គឺ​ជា​ឧបសគ្គ និង​ធ្វើ​ឲ្យ​បាត់បង់​ថវិកា​ជាតិ​រាប់​លាន​ដុល្លារ​ក្នុង ១​ឆ្នាំៗ ដែល​ជះ​ឥទ្ធិពល​យ៉ាង​ធ្ងន់ធ្ងរ​ដល់​ការ​អភិវឌ្ឍ​សង្គម សេដ្ឋកិច្ច ស្ថិរភាព​នយោបាយ និង​ការ​បែងចែក​ភោគផល​សេដ្ឋកិច្ច​ប្រកប​ដោយ​សមធម៌ និង​ស្មើភាព ព្រម​ទាំង​ការវិវត្តន៍​នៃ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា។

ថ្លែង​ក្នុង​ពិធី​បើក​សិក្ខាសាលា​ស្ដីពី​ការ​ឈ្វេងយល់​ពី​ច្បាប់ និង​ការ​អនុវត្ត​ច្បាប់​ស្ដីពី​ការ​ប្រឆាំង​អំពើ​ពុករលួយ​នៅ​វិមាន​រដ្ឋសភា នៅ​ថ្ងៃ​ទី​២៦ ឧសភា លោក ហេង សំរិន ប្រធាន​រដ្ឋ​សភា​កម្ពុជា មាន​ប្រសាសន៍​ថា អំពើ​ពុល​រលួយ​គឺ​ជា​ជំងឺ​មួយ​ប្រភេទ​ដែល​ពិបាក​ទប់ស្កាត់ ព្យាបាល និង​លុបបំបាត់។ ដូច្នេះ លោក​អំពាវនាវ​ឲ្យ​មាន​ឆន្ទៈ និង​ប្ដេជ្ញា​ចិត្ត​ខ្ពស់ ចូល​រួម​ប្រឆាំង​អំពើ​ពុករលួយ​ទាំង​អស់​គ្នា ជាពិសេស អង្គភាព​ប្រឆាំង​អំពើ​ពុល​រលួយ ត្រូវ​តែ​ពង្រឹង​តួនាទី​អប់រំ ទប់ស្កាត់ និង​ចាត់​វិធានការ​ច្បាប់​ជា​បន្ទាន់ ដើម្បី​ទទួល​បាន​លទ្ធផល​ល្អ​ប្រសើរ៖ «ពង្រឹង​តួនាទី តាមដាន ត្រួត​ពិនិត្យ អនុវត្ត ដើម្បី​ធានា​ថា ការ​ប្រើប្រាស់​ធនធាន​របស់​រដ្ឋ​ប្រកប​ដោយ​ប្រសិទ្ធភាព»។


​ប្រភេទ​បទល្មើស​ពុករលួយ​ចម្បងៗ​បច្ចុប្បន្ន​រួមមាន បទល្មើស​ស៊ី​សំណូក បទល្មើស​សូកប៉ាន់ បទល្មើស​រំលោភ​អំណាច និង​បទល្មើស​វិតិក្រម​ជាដើម។

​ប្រធាន​ការិយាល័យ​មេធាវី​ក្រុម​អ្នក​ច្បាប់​អមរិន្ទ្រ លោក សុក សំអឿន អះអាង​ថា ស្ថាប័ន​ដែល​ប្រព្រឹត្ត​អំពើ​ពុករលួយ​ឈាន​មុខ​គេ​នោះ គឺ​ស្ថាប័ន​តុលាការ និង​ប៉ូលិស​ចរាចរណ៍​តាម​ដង​ផ្លូវ។

ទន្ទឹម​គ្នា​នេះ លោក​ក៏​បញ្ជាក់​ដែរ​ថា មាត្រា​មួយ​ចំនួន​នៃ​ច្បាប់​ប្រឆាំង​អំពើ​ពុករលួយ នៅ​មាន​ភាព​ខ្វះ​ចន្លោះ ដែល​ទាមទារ​ឲ្យ​ធ្វើ​ការ​កែ​លម្អ៖ «ជា​ឧទាហរណ៍ រឿង​អ្នក​សូក​លុយ និង​ស៊ី​សំណូក។ ប្រសិន​បើ​ចាប់​អ្នក​ស៊ី​សំណូក​ឲ្យ​ប្រសិទ្ធភាព ដូច្នេះ​គឺ​ដាក់​និយមន័យ​លើកលែង​ទោស​សម្រាប់​អ្នក​សូក ព្រោះ​ពេល​ខ្លះ​មាន​គេ​បង្ខំ​អោយ​គាត់​សូក​លុយ»។

​កន្លង​មក​ប្រជាពលរដ្ឋ​ចាត់​ទុក​អំពើ​ពុករលួយ​ជា​រឿង​ធម្មតា និង​ជា​មធ្យោបាយ​ដើម្បី​រស់​របស់​អ្នក​ប្រព្រឹត្ត​អំពើ​ពុករលួយ។ ប៉ុន្តែ​មក​ដល់​ពេល​នេះ ប្រជាពលរដ្ឋ​បាន​ចាត់​ទុក​អំពើ​ពុករលួយ​ជា​បញ្ហា​ធំ​បំផុត​សម្រាប់​សង្គម​កម្ពុជា ទោះ​ជា​កម្ពុជា មាន​ច្បាប់​ប្រឆាំង​អំពើ​ពុករលួយ​ហើយ​ក្ដី តែ​អំពើ​ពុករលួយ​នៅ​តែ​ជា​បញ្ហា​ប្រឈម​ខ្លាំង​នៅ​ឡើយ។

​នាយក​ប្រតិបត្តិ​នៃ​អង្គការ​តម្លាភាព​កម្ពុជា លោក ព្រាប កុល មាន​ប្រសាសន៍​ថា នេះ​ជា​ជំហាន​វិវត្តន៍​ថ្មី​មួយ​ក្នុង​ប្រទេស​កម្ពុជា ដែល​ប្រធាន​សភា​ជំរុញ​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ទាំង​អស់​ចូលរួម​ទប់ស្កាត់​អំពើ​ពុករលួយ​នោះ។

លោក​ជំរុញ​ឲ្យ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ និង​សង្គម​ស៊ីវិល ចាប់​ដៃ​គ្នា​ដើម្បី​បន្ត​អប់រំ​ផ្សព្វផ្សាយ​អំពី​ផល​អាក្រក់​នៃ​អំពើ​ពុករលួយ​ឲ្យ​បាន​កាន់​តែ​ច្រើន ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​មាន​ការ​យល់​ដឹង​អំពី​ច្បាប់​នេះ​ឲ្យ​បាន​ច្បាស់លាស់៖ «យើង​នឹង​បន្ត​ធ្វើការ​ជាមួយ​ប្រជាពលរដ្ឋ និង​យុវជន ដើម្បី​បម្លែង​ពី​ការ​យល់​ដឹង​ទៅ​ជា​សកម្មភាព​វិញ ដើម្បី​ទប់ស្កាត់ និង​ប្រឆាំង​អំពើ​ពុករលួយ»។

​ចាប់​តាំង​ពី​ឆ្នាំ​២០១៤-​២០១៥ នេះ​ត​ទៅ ក្រសួង​អប់រំ​យុវជន និង​កីឡា បាន​បញ្ចូល​កម្មវិធី​អប់រំ​ស្ដីពី​ការ​ប្រឆាំង​អំពើពុករលួយ ក្នុង​កម្មវិធី​សិក្សា​សម្រាប់​កម្រិត​មធ្យម​សិក្សា​ទុតិយភូមិ ថ្នាក់​ទី​១០ ទី​១១ និង​ថ្នាក់​ទី​១២។

​ទាក់ទិន​នឹង​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុករលួយ​នេះ លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ បញ្ជាក់​ថា ដើម្បី​ទប់ស្កាត់​អំពើ​ពុករលួយ លោក​បាន​ប្រើប្រាស់​យុទ្ធសាស្ត្រ​៣ គឺ​ការ​អប់រំ និង​ការ​បង្ការ ទប់​ស្កាត់ ព្រម​ទាំង​ការ​អនុវត្ត​ច្បាប់​បង្ក្រាប៖ «ការ​ប្រឆាំង​អំពើ​ពុករលួយ គឺ​ជា​ភារកិច្ច​រួម។ រី​ឯ​ការ​អនុវត្ត​ច្បាប់ គឺ​ជា​ភារកិច្ច​ផ្ដាច់មុខ​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ»។

​ប្រធាន​គណៈកម្មការ​អង្កេត បោស​សំអាត និង​ប្រឆាំង​អំពើ​ពុករលួយ ឬ​ហៅ​ថា គណៈកម្មការ​ទី​១០ នៃ​រដ្ឋសភា លោក ហូរ វ៉ាន់ លើក​ឡើង​ថា បើ​ទោះ​បី​ជា​ប្រជាជាតិ​កម្ពុជា បាន​តស៊ូ​ប្រឆាំង​អំពើ​ពុករលួយ​ជា​ច្រើន​ទសវត្ស​​ក្តី ប៉ុន្តែ​ប្រទេស​កម្ពុជា នៅ​តែ​ញាំញី​ដោយ​អំពើ​ពុករលួយ​មិន​ទាន់​ស្រាកស្រាន្ត​នៅ​ឡើយ។

​ប្រទេស​កម្ពុជា បាន​ចូល​ជា​ភាគី​នៃ​អនុសញ្ញា​អង្គការ​សហប្រជាជាតិ ប្រឆាំង​អំពើ​ពុករលួយ​នៅ​ឆ្នាំ​២០០៧។ កាល​ពី​ថ្ងៃ​ទី​១១ ខែ​មីនា ឆ្នាំ​២០១០ រដ្ឋសភា​កម្ពុជា បាន​អនុម័ត​ច្បាប់​ស្ដីពី​ការ​ប្រឆាំង​អំពើ​ពុករលួយ ដែល​មាន​គុណ​សម្បត្តិ​សមស្រប​ជាមួយ​អនុសញ្ញា​អង្គការ​សហប្រជាជាតិ​ប្រឆាំង​អំពើ​ពុករលួយ​ដែរ។ នៅ​ឆ្នាំ​២០១៤ នេះ រដ្ឋ​សភា​កម្ពុជា បាន​បង្កើត​គណៈកម្មការ​អង្កេត បោស​សំអាត និង​ប្រឆាំង​អំពើ​ពុករលួយ ដើម្បី​តាមដាន​ការ​អនុវត្ត​ច្បាប់ និង​ពិនិត្យ​ពី​ភាព​ខ្វះ​ចន្លោះ​នៃ​ក្របខ័ណ្ឌ​ច្បាប់ សំដៅ​ធ្វើការ​កែ​លម្អ និង​វិសោធនកម្ម​ច្បាប់​ពាក់ព័ន្ធ​នានា ដើម្បី​ទទួល​បាន​នូវ​ប្រសិទ្ធភាព និង​លទ្ធផល​ខ្ពស់៕

2 comments:

Kim Ea said...

The corruption is start from the top but rarely from the bottom . If the top is clean,organize and discipline,that boss can punish and stop the bottom tier employee under his duty easily . The top echelon are the culprit of this corruption trend. If government really want effectiveness to erase the bribery, the under the table deal, or any kind of corrupt influence, you need to enforce the law and correct it from the powerful man first . Khmer government can check and balance all ministers, under secretaries minister, controllers office of any level, head of big offices like the tax collector ,border control office , militarily, police, or any payroll offices you can reduce a lot even ghost employee . It not real hard if you want or have a courage to do so with a responsibility and patriotism mind .

Anonymous said...

Beisach heng samreng kuorte chol nivorth