A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 21 May 2015

Phay Siphan warns that the government will take actions against those who insulted the government លោក ផៃ ស៊ីផាន ព្រមាន​ចាត់​វិធាន​ការ​អ្នកប្រើពាក្យ​អសុរោះ ប្រមាថ​ និង​បរិហាកេរ្ត៍មន្រ្តីរដ្ឋាភិបាល​

ដោយ៖​ ស៊ុន​ ណារិន និង​ឡាយ សាមាន​ | ថ្ងៃពុធ ទី20 ឧសភា 2015, 


អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្រ្តី លោក ផៃ ស៊ីផាន
អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្រ្តី លោក ផៃ ស៊ីផាន នៅ​ថ្ងៃ​ពុធនេះ ព្រមាន​ចាត់​វិធាន​ការផ្លូវ​ច្បាប់​លើ​អ្នកលេង​ហ្វេសប៊ុក​​​មួយ​ចំនួន ដែល​បាន​ប្រើប្រាស់ពាក្យ​អសុរោះ ប្រមាថមើលងាយ និងបរិហារកេរ្តិ៍​លើ​ថ្នាក់​​ដឹក​នាំ​រដ្ឋា​ភិបាល។​
លោក ផៃ ស៊ីផាន បានលើក​ឡើង​បែបនេះ​នៅលើហ្វេសប៊ុកផ្លូវការរបស់លោក ដោយ​ភ្ជាប់ជាមួយរូបថតរបស់​​រដ្ឋមន្រ្តីក្រសួងការបរទេស លោក ហោ ណាំហុង ដែលកំពុង​រង​ការ​រិះគន់​ពី​បណ្តាញសង្គមហ្វេសប៊ុក​នាពេលថ្មីៗ ក្រោយ​ពី​លោក​បាន​ចេញ​លិខិតដាក់​ទៅ​រដ្ឋសភា​ ដោយ​អះអាង​ប្រជា​ជន​ខ្មែរនៅ​ភូមិជើង ឃុំជាំ ស្រុកមេមត់ ​ខេត្ត​ត្បូងឃ្មុំ​ កំពុងដាំដំណាំ​លើ​ដីវៀតណាម។​
លោក ផៃ ស៊ីផាន បាន​សរសេរ​នៅលើ​ហ្វេសប៊ុកជា​លក្ខណៈ«លិខិតចំហរចំពោះជនអគតិ និងអសីលធម៌​»ថា ក្នុងរយៈពេលថ្មីៗនេះ លោក​បានសង្កេតឃើញជនមួយចំនួនបានប្រើប្រាស់ប្រព័ន្ធព័ត៌មានសង្គមបាន​ប្រើប្រាស់ពាក្យអសុរោះ ប្រមាថមាក់ងាយ បំផ្លើស និងវាយប្រហារបរិហារបង្កាច់កេរ្តិ៍​ដល់មន្ត្រីរាជការ និង​ថ្នាក់​ដឹកនាំមួយចំនួន។ លោក​បន្ត​ថា​តាមការស្រាវជ្រាវ អាជ្ញាធរមានសមត្ថកិច្ចបានរកឃើញនូវមុខសញ្ញាមួយចំនួនខ្លះនៅក្នុងស្រុក និងមួយចំនួនទៀតនៅក្នុងប្រទេសកាណាដា សហរដ្ឋអាមេរិក និងអូស្រ្តាលីជាដើម​។
លោក​បាន​សរសេរ​ថា​«ការប្រមាថ និងការបរិហារបង្កាច់កេរ្តិ៍​ គឺមានចែងនៅក្នុងក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា និងមានទម្ងន់ទោសជាធរមានស្រាប់។ ការប្រមាថ និងការបរិហារបង្កាច់កេរ្តិ៍​ គឺមិនស្ថិតនៅក្នុងសេរីភាពក្នុងការបញ្ចេញ​យោបល់ឡើយ ក៏ប៉ុន្តែវាជាការរំលោភសិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់បុគ្គល ដែលត្រូវទទួលបានការគោរពរួមទាំងច្បាប់ជាតិ និងអន្តរជាតិ។ មិនត្រឹមតែប៉ុណ្ណោះសេរីភាពOnline ក៏រាប់បញ្ចូ​លថាជាការរំលោភបំពានផងដែរ»
លោក ផៃ ស៊ីផាន ​បានព្រមាន​ចាត់វិធានការផ្លូវច្បាប់​លើ​ជនទាំងនោះ។ លោក​បាន​សរសេរ​ថា​«យើងខ្ញុំនឹងចាត់វិធានការណាមួយទាំងផ្លូវបច្ចេកទេស និងផ្លូវច្បាប់ ដើម្បីរក្សាសេរីភាព និងសេចក្តីថ្លៃថ្នូរក្នុងការប្រើប្រាស់Online នេះ»
VODមិនអាច​ទាក់​ទង​លោក ផៃ ស៊ីផាន ដើម្បី​បញ្ជាក់​បន្ថែមលើ​បញ្ហានេះទេ។​

កាលពីខែកុម្ភៈ ឆ្នាំ​២០១៣ លោក ផែល ភារុណ ដែល​ជាគ្រូបង្រៀនម្នាក់​​ត្រូវបាន​កោះហៅ​ទៅ​តុលាការ​បន្ទា​ប់​ពីលោក​រិះគន់​មន្រ្តីនគរបាល​ចរចារណ៍រាជធានីភ្នំពេញ​លើ​ហ្វេសប៊ុករបស់លោក។​ ចំណែក​កាលពីខែវិច្ឆិកា ឆ្នាំ​២០១៣ លោក ជេត សុវិចិត្រ​ ជាអ្នកគ្រប់​គ្រង​ទីផ្សារ​ម្នាក់​ត្រូវ​បាន​ឃុំខ្លួន​នៅ​ខេត្ត​ស្ទឹងត្រែង​ បន្ទាប់ពីលោក​បាន​បង្ហោះ​រូបថត​របស់​មេបញ្ជាការ​កងរាជអាវុធ​ហត្ថ​ខេត្ត​​នៅលើ​ហ្វេសប៊ុក​ ដោយ​ចោទប្រកាន់​​ពី​ការជម្រិតទារប្រាក់។ ចំណែក​កាលពីខែ​កុម្ភៈ ឆ្នាំ​២០១៤ សាលាដំបូង​រាជធានីភ្នំពេញ​បានពិន័យ​ សិល្បករមួយរូប អ្នកនាង ដួង ហ្សូរីដា ចំនួន​២លានរៀល  ដោយ​សារការ​ចោទប្រកាន់​គូបដិបក្ខនៅលើ​ហ្វេស​ប៊ុក​​​ថា​​បាន​លួច​បុគ្គលិក​របស់អ្នកនាង។​
របាយការណ៍​​របស់​អង្គការ​លីកាដូ​ស្តី​ចេញផ្សាយនៅ​ខែ​ឧសភា​នេះ បាន​លើកឡើងថាប្រទេស​កម្ពុជា​កំពុង​រីក​សាយភាយ​យ៉ាង​ខ្លាំង​នូវ​ការប្រើប្រាស់​ប្រព័ន្ធ​អ៊ី​ន​ធើ​ណែ​ត ដោយសារ​កើនឡើង​នូវ​ប្រភេទ​ទូរស័ព្ទ​ស្មា​ត​ហ្វូន ងាយស្រួល​ភ្ជាប់​អ៊ី​ន​ធើ​ណែ​ត និង​មាន​បណ្តាញទូរស័ព្ទ​ចល័ត​យ៉ាង​ទូលំទូលាយ​។ របាយការណ៍​បន្ត​ថា​ក្នុង​នោះ​ប្រជាពលរដ្ឋ​បាន​ប្រើប្រាស់​ប្រព័ន្ធ​អ៊ី​ន​ធើ​ណែ​ត​នេះ ដើម្បី​ចែករំលែក​ព័ត៌មាន​ក្នុងសង្គម​រួមមាន ការប្រើ​ហិង្សា​របស់​នគរបាល និ​ទណ្ឌ​ភាព អំពើពុករលួយ និង​ការកាប់​បំផ្លាញ​ព្រៃឈើ​ជា​ដើម​។ លីកាដូ​បាន​បញ្ជាក់​ថា​សេរីភាព​នៃ​ការបញ្ចេញ​មតិ​ប្រភេទ​នេះ​កំពុង​ស្ថិត​នៅក្រោម​ការ​គំរាម​​កំហែង ដោយសារ​រដ្ឋាភិបាល​បាន​បង្កើត​ក្រុម​អ្នកជំនាញ​លើ​ប្រព័ន្ធ​អ៊ី​ន​ធើ​ណែ​ត​(Cyber War Team) ដើម្បី​ត្រួតពិនិត្យ​ប្រមូល​ព័ត៌មាន​ពី​ប្រព័ន្ធ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ហ៊ុក និង​តាមរយៈ​គេហទំព័រ​ផ្សេងទៀត។​
មន្រ្តីគម្រោងសិទ្ធិ និងអ្នកស្រាវជ្រាវនៅមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា កញ្ញា សន ម៉ារ៉ាណា មានប្រសាសន៍ថាជាគោលការណ៍អន្តរជាតិ រាល់ការបញ្ចេញមតិត្រូវមានព្រំដែនកំណត់ ហើយត្រូវធានាថាមិនប៉ះពាល់ដល់អ្នកដទៃ។ យ៉ាងណាក៏ដោយកញ្ញាយល់ថាប្រសិនបើរដ្ឋាភិបាលអនុម័តសេចក្តីព្រាងច្បាប់ស្តីពីឧក្រិដ្ឋកម្មអ៊ីនធើណែត និងទូរគមនាគមន៍ វា​ពិតជាប៉ះពាល់ដល់សិទ្ធិសេរីភាពជាមូលដ្ឋានរបស់បុគ្គល។
កញ្ញា សន រ៉ាម៉ាណា ឲ្យ​ដឹង​ទៀត​ថា​បើច្បាប់ស្តីពីឧក្រិដ្ឋកម្មអ៊ីនធើណែត និងទូរគមនាគមន៍ ត្រូវ​បាន​បង្កើតឡើងដើម្បីការពារសន្តិសុខសង្គម នោះ​ជាការប្រសើរ តែបើបង្កើតឡើងដើម្បីរឹតបន្តឹងសេរីភាពប្រជាពលរដ្ឋ វានឹងធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់សិទ្ធិសេរីភាពបុគ្គលក្នុងការបញ្ចេញមតិ៕​
សរសេរមកកាន់លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com

No comments: