A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday 23 May 2015

អាដហុក​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​របស់​រដ្ឋមន្ត្រី​ក្រសួង​រ៉ែ​ថា​ខ្លួន​នៅ​ពី​ក្រោយ​ជម្លោះ​ដី​ឡពាង


ដោយ សេក បណ្ឌិត
2015-05-23 rfa

លោក នី ចរិយា (រូប​កណ្ដាល) ប្រធាន​ក្រុម​ស៊ើបអង្កេត​នៃ​សមាគម​អាដហុក ថ្លែង​ក្នុង​សន្និសីទកាសែត កាល​ពី​ថ្ងៃ​ទី​២២ ខែ​ឧសភា ឆ្នាំ​២០១៥។
 RFA/Sek Bandith

ករណី​ជម្លោះដីធ្លី​នៅ​ភូមិ​ឡ​ពាង ខេត្ត​កំពង់ឆ្នាំង​រវាង​អ្នកភូមិ និង​ក្រុមហ៊ុន​ខេឌីស៊ី​(KDC)របស់​លោក​ស្រី​ជា ខេង ភរិយា​របស់​លោក ស៊ុយ សែម រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល បាន​អូស​បន្លាយ​ជិត​១០​ឆ្នាំ​មក​ហើយ នៅ​តែ​រក​ដំណោះស្រាយ​ពុំ​ទាន់​ឃើញ​នៅឡើយ។

ក្នុង​អំឡុង​ពេលនេះ​ភាគី​ទាំងពីរ​បាន​ប្ដឹង​ផ្ដល់​គ្នា​ទៅវិញ​មក​រក​ទី​បញ្ចប់​គ្មាន ហើយ​នៅ​ចុងក្រោយ​នេះ ប្រជាពលរដ្ឋ និង​សង្គម​ស៊ីវិល​មើល​ឃើញ​ថា លោក ស៊ុយ សែម កំពុង​ប្រើ​តួនាទី​របស់​ខ្លួន​ក្នុង​រដ្ឋាភិបាល​ចូល​ពាក់ព័ន្ធ​ក្នុង​រឿង​នេះ និង​បាន​ចោទប្រកាន់​សមាគម​សិទ្ធិ​មនុស្ស​អាដហុក ថា​នៅ​ពីក្រោយ​ខ្នង​នៃ​ការ​តវ៉ា​យ៉ាង​ស្វិត​ស្មាញ របស់​ប្រជាពលរដ្ឋ​ប្រឆាំង​ការ​អភិវឌ្ឍ​នៅ​តំបន់​នោះ។

តំណាង​អ្នកភូមិ​ឡ​ពាង និង​សមាគម​អាដហុក ច្រានចោល​ការចោទប្រកាន់ របស់​លោក ស៊ុយ សែម​រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល ដែល​ថា សមាគម​នេះ​ជា​អ្នក​នៅ​ពីក្រោយ​ករណី​ទំនាស់​ដីធ្លី​ដ៏​រ៉ាំរ៉ៃ​មួយ​នេះ។

ការ​ថ្លែង​បដិសេធ​បែបនេះ​ធ្វើឡើង​ក្នុង​សន្និសីទកាសែត​មួយ នៅ​ទី​ស្នាក់​កណ្ដាល​នៃ​សមាគម​អាដហុក​នៅ​ព្រឹក​ថ្ងៃ​ទី​២២ ឧសភា។


ប្រធាន​ក្រុម​ស៊ើបអង្កេត​នៃ​សមាគម​អាដហុក លោក នី ចរិយា ថ្លែង​ក្នុង​សន្និសីទកាសែត​នោះ​ថា ការ​ចោទ​ប្រកាន់​របស់​លោក ស៊ុយ សែម ពុំ​មាន​មូលដ្ឋាន​ច្បាស់លាស់ ហើយ​ផ្ទុយទៅវិញ លោក ស៊ុយ សែម ទេ ដែល​ជា​អ្នក​នៅ​ពី​ក្រោយខ្នង​ក្រុមហ៊ុន​ខេឌីស៊ី​ជា​របស់​ភរិយា​លោក គឺ​លោកស្រី ជា ខេង៖ «​អ្វី​ដែល​លោក ស៊ុយ សែម បាន​ថ្លែង​កាលពី​ថ្ងៃ​ទី​១២​ឧសភា​នោះ គឺ​ជា​ភស្តុតាង​ជាក់ស្ដែង​ហើយ​ដែល​ថា​លោក ស៊ុយ សែម នៅ​ពី​ក្រោយខ្នង​ដោយ​យក​អំណាច​រដ្ឋ​ទៅ​ប្រើប្រាស់​ដើម្បី​ការពារ​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន»។

លោក នី ចរិយា ថ្លែង​បញ្ជាក់​ថា ការ​ដែល​លោក ស៊ុយ សែម ចេញមុខ​ការពារ​មុខរបរ​រកស៊ី​របស់​ប្រពន្ធ​របស់​ខ្លួន​ដែល​រំលោភ​យក​ដី​អ្នកភូមិ​នោះ គឺជា​ការរំលោភ​លើ​មាត្រា​១២០​ថ្មី នៃ​រដ្ឋធម្មនុញ្ញ ដែល​ចែង​ពី​ឯករាជ្យ​ភាព​របស់​មន្ត្រី​រាជការ និង​រំលោភ​មាត្រា​៣៥​នៃ​ច្បាប់​សហ​លក្ខន្តិកៈ​មន្ត្រី​រាជការ។

ប្រតិកម្ម​តប​របស់​សមាគម​អាដហុក​ពេលនេះ បន្ទាប់ពី​រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល​បាន​ថ្លែងប្រាប់​អ្នកកាសែត​នៅ​ក្រសួង​កាលពី​ថ្ងៃ​ទី​១២ ឧសភា ដោយ​អះអាង​ថា មន្ត្រី​សមាគម​អាដហុក និង​អ្នក​នយោបាយ​ខ្លះ​ជា​អ្នក​នៅ​ពី​ក្រោយខ្នង​អ្នកភូមិ​ក្នុង​ការ​តវ៉ា​ប្រឆាំង​ក្រុមហ៊ុន។

ចំណែក​អ្នកភូមិ​ឡ​ពាង​ក៏បាន​បដិសេធ​ចំពោះ​ការ​ចោទ​កាន់​នេះ​ដែរ។

ស្ត្រី​តំណាង​អ្នកភូមិ​ឡ​ពាង​ម្នាក់ ក្នុងចំណោម​តំណាង​ជាច្រើន​ផ្សេងទៀត បាន​ថ្លែង​បញ្ជាក់​ក្នុង​សន្និសីទ​កាសែត​ទាំង​ទឹកភ្នែក​ថា ការដែល​ពួកគាត់​ដើរ​ប្ដឹង​គ្រប់​ស្ថាប័ន​ជាតិ និង​អង្គការ​ក្រៅរ​ដ្ឋាភិបាល​នោះ គឺ​ដើម្បី​រក​យុត្តិធម៌​ក្នុង​រឿង​ជម្លោះដីធ្លី​នេះ និង​ធ្វើឡើង​ដោយ​ឆន្ទៈ ខ្លួនឯង​ផ្ទាល់​ដោយ​គ្មាន​ន​ណា​ម្នាក់​នៅ​ពីក្រោយ​ខ្នង ឬ​បង្ខិតបង្ខំ​ពួកគាត់​នោះ​ទេ៖ «ព្រោះ​ខ្ញុំ​ជា​ជនរងគ្រោះ​ពិតប្រាកដ ខ្ញុំ​ធ្លាប់​ជា​អ្នកគ្រូ​ម្នាក់ តែ​ដោយសារ​បញ្ហា​ដីធ្លី​នេះ ធ្វើ​ឲ្យ​ខ្ញុំ​បាត់បង់​ការងារ ធ្វើ​ឲ្យ​ជីវភាព​កាន់តែ​ក្រីក្រ​ទៅ ដោយ​ប្រពន្ធ​លោក ស៊ុយ សែម កំពុង​តែ​ធ្វើបាប»។

ទាក់ទង​បញ្ហា​នេះ​វិទ្យុ​អាស៊ីសេរី ពុំ​ទាន់​អាច​ទាក់ទង​លោក ស៊ុយ សែម ដើម្បី​បំភ្លឺ​ចំពោះ​បញ្ហា​នេះ​បាន​ទេ ប៉ុន្តែ​រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​នៃ​ក្រសួង​រ៉ែ និង​ថាមពល លោក ម៉េង សក្ក័រា បាន​បញ្ជាក់​យ៉ាង​ខ្លី​ថា ករណី​ជម្លោះដីធ្លី​នៅ​ឡ​ពាង និង​លោក ស៊ុយ សែម គឺជា​រឿង​បុគ្គល​ឯកជន មិន​ពាក់ព័ន្ធ​នឹង​កិច្ចការ​ក្រសួង​ក្រសួង​រ៉ែ និង​ថាមពល​ឡើយ។

ទោះ​យ៉ាង​ណា គណៈកម្មការ​ទី១​នៃ​រដ្ឋសភា​បាន​ចុះទៅ​តំបន់​ឡ​ពាង ឃុំ​តាជេស ស្រុក​កំពង់ត្រឡាច ខេត្ត​កំពង់ឆ្នាំង កាលពី​ថ្ងៃ​២១​ឧសភា ដើម្បី​ប្រមូល​ព័ត៌មាន​ព្រមទាំង​ឯកសារ​ផ្សេងៗ​ដែល​ពាក់ព័ន្ធ​នឹង​ជម្លោះ​នោះ និង​បន្ត​ស្វែងរក​ដំណោះស្រាយ​តាម​សំណើ​របស់​ប្រជាពលរដ្ឋ៕

No comments: