A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday 16 May 2015

គ្រួសារ​អ្នកស្រី តាត ម៉ារីណា ជំរុញ​ឲ្យ​បក្ស​ទាំង​២​ជួយ​រក​យុត្តិធម៌​តាម​រយៈ​វប្បធម៌​សន្ទនា


ដោយ តាំង សារ៉ាដា
2015-05-14

១៩-មីនា-២០១០៖ ជន​រង​គ្រោះ​ដោយ​ទឹក​អាស៊ីដ អ្នកស្រី តាត ម៉ារីណា នៅ​ក្នុង​បន្ទប់​ផ្សាយ​របស់​វិទ្យុ​អាស៊ីសេរី នៅ​សហរដ្ឋ​អាមេរិក។
Photo: RFA

គ្រួសារ​ជនរងគ្រោះ​ពី​ការ​វាយ​ប្រហារ​ដោយ​ទឹក​អាស៊ីដ​កាល​ពី ១៦​ឆ្នាំ​មុន ជំរុញ​ឲ្យ​គណបក្ស​ប្រឆាំង​ធ្វើ​អន្តរាគមន៍​ស្វែង​រក​យុត្តិធម៌​ឲ្យ​ជន​រង​គ្រោះ​តាម​រយៈ​វប្បធម៌​សន្ទនា​ក្នុង​របត់​នយោបាយ​បច្ចុប្បន្ន។

​ពលរដ្ឋ​ខ្មែរ-​អាមេរិកាំង លោក តាត សុក្វាន់ដូ ទាមទារ​ឲ្យ​បក្ស​ប្រឆាំង​ពិនិត្យ​សើរើ​ករណី​ជះ​ទឹក​អាស៊ីដ​កាល​ពី​ឆ្នាំ​១៩៩៩ ដោយ​ភរិយា​មន្ត្រី​ជាន់​ខ្ពស់​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ទៅ​លើ​ប្អូនស្រី​លោក គឺ​អ្នកស្រី តាត ម៉ារីណា ដើម្បី​រក​យុត្តិធម៌​ពិតប្រាកដ​សំរាប់​ជន​រង​គ្រោះ។

​លោក តាត សុក្វាន់ដូ ដែល​បច្ចុប្បន្ន​រស់​នៅ​ទីក្រុង​បូសស្តុន (Boston) រដ្ឋ​ម៉ាស្សាឈូសេត (Massachusetts) សហរដ្ឋអាមេរិក បង្ហាញ​នូវ​ក្តី​សង្ឃឹម​ថា វប្បធម៌​សន្ទនា​ក្នុង​បរិបទ​នយោបាយ​សព្វថ្ងៃ​នេះ​អាច​ជា​យន្តការ​មួយ​ក្នុង​ការ​រក​យុត្តិធម៌​សំរាប់​គ្រួសារ​របស់​លោក​ដែល​រង​ការ​ឈឺ​ចាប់​អស់​រយៈពេល ២៦​ឆ្នាំ​មក​ហើយ​នោះ៖ «បើ​បក្ស​ប្រឆាំង​មាន​តម្លាភាព​ត្រូវ​យក​រឿង​ហ្នឹង​មក​ជជែក​សា​ជា​ថ្មី។ ខ្ញុំ​សូម​ឲ្យ​គណបក្ស​ប្រឆាំង​លើក​យក​រឿង​ហ្នឹង​មក​ជា​ឧទាហរណ៍​សង្គម​ខ្មែរ ដើម្បី​ឲ្យ​មនុស្ស​ក្នុង​សង្គម​យើង​មាន​តម្លៃ​ខ្លះ កុំ​ឲ្យ​គណបក្ស​ប្រជាជន​ចេះ​តែ​ធ្វើ​បាប​គេ ហើយ​ចេះ​តែ​រួច​ខ្លួន ហើយ​អ្នក​រងគ្រោះ​មិន​ដែល​បាន​យុត្តិធម៌។  ម្លោះ​ហើយ​ខ្ញុំ​ចង់​ឲ្យ​គណបក្ស​ប្រឆាំង​គាស់​រំលើង​រឿង​ហ្នឹង​សា​ជា​ថ្មី​ដើម្បី​បន្ត​រឿង​ត​ទៅ​ទៀត»។


​ដោយសារ​តែ​រឿង​ស្នេហា​ត្រីកោណ អ្នកស្រី ឃួន សុផល ប្រពន្ធ​របស់​លោក ស្វាយ ស៊ីថា រដ្ឋលេខាធិការ​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី កាល​ពី ១៦​ឆ្នាំ​មុន គឺ​នៅ​ថ្ងៃ​ទី​៥ ខែ​វិច្ឆិកា ឆ្នាំ​១៩៩៩ បាន​ដឹក​នាំ​ឧក្រិដ្ឋជន​មួយ​ក្រុម​វាយ​ធ្វើ​បាប និង​ជះ​ទឹក​អាស៊ីដ​ខ្លាំង​យ៉ាង​ជោកជាំ​ពេញ​រាងកាយ​អ្នកស្រី តាត ម៉ារីណា ដែល​កាល​ណោះ​មាន​វ័យ ១៦​ឆ្នាំ ជា​តារា​ខារ៉ាអូខេ​ដ៏​ស្រស់ស្អាត។

ជុំវិញ​ការ​ទាមទារ​របស់​លោក តាត សុក្វាន់ដូ ឲ្យ​បក្ស​ប្រឆាំង​លើក​យក​វប្បធម៌​សន្ទនា​ដើម្បី​រក​យុត្តិធម៌​ឲ្យ​ប្អូន​ស្រី​របស់​លោក​នោះ អ្នក​នាំ​ពាក្យ​របស់​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី តាម​ទូរស័ព្ទ​ថា គណបក្ស​ប្រឆាំង​នៅ​តែ​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​ស្វែងរក​យុត្តិធម៌​ជន​រងគ្រោះ​ទូទៅ​តាម​រយៈ​ការ​កែ​ទម្រង់​ប្រព័ន្ធ​តុលាការ៖ «ការ​តស៊ូ​របស់​គណបក្ស​សង្គ្រោះ​ជាតិ គឺ​រក​យុត្តិធម៌​ជូន​ប្រជាពលរដ្ឋ រក​យុត្តិធម៌​ជូន​សង្គម។ នៅ​ករណី​ណា​ក៏ដោយ​ដែល​ប្រជាពលរដ្ឋ​រង​នូវ​អំពើ​អយុត្តិធម៌ យើង​ត្រូវ​តែ​តស៊ូ​មតិ​ដើម្បី​កែទម្រង់ ជាពិសេស ប្រព័ន្ធ​តុលាការ​ដែល​ស​ព្វ​ថ្ងៃ​នេះ​ប្រព័ន្ធ​តុលាការ​មិន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ ជឿ​ទុក​ចិត្ត​បាន និង​មិន​អាច​រក​យុត្តិធម៌​ជូន​ប្រជាពលរដ្ឋ​បាន ដូច្នេះ​វា​ស្ថិត​ក្នុង​ដំណាក់កាល​តស៊ូ​មតិ​របស់​យើង»។

រី​ឯ​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក​បណ្ឌិត ឈឹម ផលវរុណ មាន​ប្រសាសន៍​ថា វប្បធម៌​សន្ទនា​ពុំ​មាន​ឥទ្ធិពល​ទៅ​លើ​អំណាច​តុលាការ​នោះ​ឡើយ ប៉ុន្តែ​វប្បធម៌​សន្ទនា​អាច​ចរចា​គ្នា​ដើម្បី​កែ​លំអ​នីតិវិធី​តុលាការ ដែល​មិន​ទាន់​ល្អ​ឲ្យ​កាន់​តែ​ល្អ៖ «វប្បធម៌​នយោបាយ​គ្រាន់​តែ​ជា​សីលធម៌​នយោបាយ​នៃ​សុ​ឆន្ទៈ កុំ​ឲ្យ​អ្នក​នយោបាយ​វាយ​ប្រហារ​ជេរ​ប្រមាថ​គ្នា។ ឯ​រឿង​យុត្តិធម៌​ក្នុង​ករណី​ណា​ក៏ដោយ​យើង​ត្រូវ​ពិនិត្យ​មើល​ថា តើ​តុលាការ​ប្រតិបត្តិ​ដល់​ណា ហើយ​ករណី​ហ្នឹង​ត្រូវ​បាន​បញ្ចប់​ហើយ ឬ​នៅ ឬ​មួយ​មិន​ទាន់​បញ្ចប់? ប៉ុន្តែ​ឲ្យ​វប្បធម៌​សន្ទនា​ទៅ​ដោះស្រាយ​តុលាការ​ដូចជា​មិន​អាច​ធ្វើ​ទៅ​រួច​ទេ។ បើ​អាច អាច​វប្បធម៌​សន្ទនា​នឹង​ជជែក​គ្នា​កែ​លំអ​នូវ​អ្វី​ដែល​មិន​ទាន់​ល្អ។ ឧទាហរណ៍​នៅ​ក្នុង​វិស័យ​តុលាការ​មាន​បុគ្គល ឬ​នីតិវិធី​ណា​មិន​ទាន់​ល្អ​អា​ហ្នឹង​ជជែក​គ្នា​កែ​លំអ​ឲ្យ​វា​ល្អ អាហ្នឹង​វា​ជា​សុឆន្ទៈ​ក្នុង​ការ​កែទម្រង់​ទេ។ ប៉ុន្តែ​បើ​ថា ឲ្យ​វប្បធម៌​សន្ទនា​ទៅ​ធាក់​ថយ ឬ​ឲ្យ​ទៅ​មាន​ឥទ្ធិពល​ទៅ​លើ​អំណាច​តុលាការ​ឲ្យ​កាត់​សេចក្ដី​ក្នុង​រឿង​ណា​មួយ​គឺ​អត់​មាន​ទេ»។

​ទោះ​ជា​យ៉ាង​ណា​ក៏ដោយ ទូរទស្សន៍​អប្សរា​របស់​គណបក្ស​កាន់​អំណាច​នៅ​កម្ពុជា កាល​ពី​ចុង​ឆ្នាំ​២០១១ បាន​ចុះ​ផ្សាយ​សម្ដី​របស់​អតីត​ប្រធាន​តុលាការ​ក្រុង​ភ្នំពេញ លោក ជីវ កេង ថា សមត្ថកិច្ច​កម្ពុជា បាន​ធ្វើ​កិច្ច​ការ​រក​យុត្តិធម៌​ដល់​ជន​រង​គ្រោះ​ទៅ​តាម​ផ្លូវ​ច្បាប់​គ្រប់​ជ្រុង​ជ្រោយ៖ «ករណី​ជះ​ទឹក​អាស៊ីដ​លើ​កញ្ញា តាត ម៉ារីណា នេះ ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ ធ្វើ​ការ​ជំនុំ​ជម្រះ​ចប់​សព្វគ្រប់​អស់​ហើយ តាម​សាលក្រម​លេខ ៧៨.ជ ចុះ​ថ្ងៃ​ទី​២៨ ខែ​វិច្ឆិកា ឆ្នាំ​២០០០ ហើយ​សាលក្រម​នេះ​បាន​ចូល​ជា​ស្ថាពរ​ទៅ​ហើយ ហើយ​សម្រេច​ផ្ដន្ទាទោស​ជនល្មើស​ឈ្មោះ ឃួន សុផល រយៈពេល​មួយ​ឆ្នាំ ហើយ​ព្យួរទោស​ដោយ​សាកល្បងរ​យៈពេល ៥​ឆ្នាំ។ អ៊ីចឹង​មាន​ការ​អនុវត្ត​ចប់​សព្វ​គ្រប់​អស់​ហើយ»។

មន្ត្រី​ស៊ើប​អង្កេត​នៃ​អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ (Licadho) លោក អំ សំអាត ធ្លាប់​មាន​ប្រសាសន៍​ថា ជនរងគ្រោះ​នៅ​តែ​អាច​បន្ត​ប្ដឹង​សើរើ​លើ​សំណុំរឿង​ជះ​ទឹក​អាស៊ីដ​ខ្លាំង​នេះ​បាន ដោយសារ​ការ​កាត់​សេចក្ដី​របស់​តុលាការ​ក្រុង​ភ្នំពេញ កន្លង​មក​មិន​បាន​ជូន​ដំណឹង​ដល់​ជនរងគ្រោះ ឬ​សាច់​ញាតិ​ជនរងគ្រោះ។

ចំណែក​អ្នកស្រី តាត ម៉ារីណា ប្រាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ឆ្នាំ​២០១៤ ថា  អ្នកស្រី​នៅតែ​ប្ដេជ្ញា​រក​យុត្តិធម៌​សម្រាប់​ខ្លួន​ឯង និង​សម្រាប់​ជនរងគ្រោះ​ផ្សេង​ទៀត។ អ្នកស្រី​បាន​បញ្ជាក់​ជំហរ​យ៉ាង​ម៉ឺងម៉ាត់​ថា អ្នកស្រី​នឹង​ប្ដឹង​សើរើ​ករណី​នេះ​ទៅ​សាលាឧទ្ធរណ៍​នៅ​ពេល​ណា​អ្នកស្រី​បញ្ចប់​ការ​សិក្សា​នៅ​ថ្នាក់​មហា​វិទ្យាល័យ​ផ្នែក​វេជ្ជសាស្ត្រ៕

No comments: