ដោយ ហង្ស សាវយុត
2015-05-04 RFA
ទំនាស់ដីធ្លីរវាងប្រជាពលរដ្ឋ ៣០គ្រួសារ នៅតំបន់អូរផ្អាវ ឃុំស្រែណូយ ស្រុកវ៉ារិន ជាមួយទាហាន ១ក្រុមរបស់យោធភូមិភាគទី៤ ដែលឈរជើងនៅតំបន់នោះ បានឈានដល់អំពើហិង្សាជាបន្តបន្ទាប់ក្នុងរយៈពេល ២-៣ថ្ងៃមកនេះ។
អង្គការការពារសិទ្ធិមនុស្សក្រៅរដ្ឋាភិបាល កំពុងមានក្តីព្រួយបារម្ភចំពោះអំពើហិង្សាដែលបង្កឡើងដោយទាហាននេះ ហើយគេអំពាវនាវឱ្យអាជ្ញាធរពាក់ព័ន្ធ គួរតែចេញមុខដោះស្រាយឱ្យបានឆាប់រហ័ស។
ប្រជាពលរដ្ឋមួយចំនួនរស់នៅតំបន់អូរផ្អាវ នៃឃុំស្រែណូយ ជាប់ព្រំប្រទល់គ្នានឹងតំបន់ព្រៃស្អាក បានចោទប្រកាន់ទាហាន១ក្រុមរបស់យោធភូមិភាគទី៤ ដែលឈរជើងនៅតំបន់នោះ ថាបានប្រើអាវុធបាញ់គំរាម និងដើរដកបំផ្លាញដើមដំឡូងមីរបស់អ្នកភូមិអស់ជាច្រើន។
សកម្មភាពហិង្សាដែលបង្កឡើងដោយក្រុមទាហាននេះ នៅស្របពេលដែលប្រជាពលរដ្ឋចូលទៅដាំដុះលើដីចំការ ក៏ប៉ុន្តែក្រុមទាហានយល់ថា ដីទាំងនោះគឺជាដីរបស់រដ្ឋ។
តំណាងប្រជាពលរដ្ឋម្នាក់នៅតំបន់អូរផ្អាវ គឺលោក ជឹម ជួន មានប្រសាសន៍កាលពីរសៀលថ្ងៃច័ន្ទ ទី៤ ខែឧសភាថា កាលពីថ្ងៃទី៣ ខែឧសភា កន្លងទៅ ទាហានម្នាក់នៅក្នុងអង្គភាពដែលចំណុះឱ្យយោធភូមិភាគទី៤ បានបាញ់កាំភ្លើងគំរាមប្រជាពលរដ្ឋមិនឱ្យដាំដំណាំនៅលើដីដែលពួកគេធ្លាប់ធ្វើកសិកម្មជាច្រើនឆ្នាំមកហើយនោះទេ ហើយកាលពីព្រឹកថ្ងៃទី៤ ខែឧសភា ទៀត គឺទាហានជាច្រើននាក់បានលើកគ្នាមកដើរដកបំផ្លាញកូនដំឡូងមីរបស់ប្រជាពលរដ្ឋអស់ជាច្រើន។
លោក ជឹម ជួន បញ្ជាក់ថា នៅពេលដែលទាហានបង្កឱ្យមានអំពើហិង្សាជាបន្តបន្ទាប់ដូចនេះ គឺប្រជាពលរដ្ឋជាច្រើនមានការភ័យខ្លាច ព្រមទាំងមិនអាចទៅប្រកបរបរកសិកម្មបាន៖ «ព្រឹកមិញទាហានយោធភូមិភាគទី៤ ដប់-ម្ភៃនាក់ គេមកដើរដកដើមដំឡូងចោលអស់ ដើមដំឡូងដែលប្រជាពលរដ្ឋដាំដុះហើយ។ ដាំនោះគឺប្រជាពលរដ្ឋដាំដុះរៀងរាល់ឆ្នាំ»។
ក្រុមប្រជាពលរដ្ឋអះអាងថា ពួកគេមានទំនាស់ដីធ្លីជាមួយកងទាហាននៃយោធភូមិទី៤ ដែលនៅតំបន់នោះជាច្រើនខែមកហើយ ដោយពួកគេក៏ធ្លាប់ដាក់ពាក្យស្នើសុំទៅអាជ្ញាធរខេត្តសៀមរាប ឱ្យជួយដោះស្រាយដែរ ក៏ប៉ុន្តែរហូតដល់ពេលនេះ បានត្រឹមតែទទួលចម្លើយថា ទឹកដីតំបន់នោះ មិនស្ថិតក្រោមការគ្រប់គ្រងរបស់ខេត្តសៀមរាប ទៀតទេ គឺបានផ្ទេរឱ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខេត្តឧត្តរមានជ័យ ទៅហើយ។
ទោះយ៉ាងណាវិទ្យុអាស៊ីសេរី មិនអាចទាក់ទងមេបញ្ជាការយោធាប្រចាំតំបន់នោះ និងអាជ្ញាធរខេត្តសៀមរាប ដើម្បីសុំការបំភ្លឺជុំវិញការចោទប្រកាន់ពីប្រជាពលរដ្ឋនោះបានថាយ៉ាងណានៅឡើយ។
អ្នកស៊ើបអង្កេតសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ខេត្តសៀមរាប លោក សួស ណារិន មានប្រសាសន៍ថា ដីនៅតំបន់អូរផ្អាវ នោះ គឺស្ថិតនៅក្នុងភូមិសាស្ត្រនៃទឹកដីឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប។ លោក សួស ណារិន បញ្ជាក់ថា លោកមិនបានផ្អែកលើភូមិសាស្ត្រនៃដីទំនាស់នោះថា ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខេត្តណាទេ ក៏ប៉ុន្តែការដោះស្រាយទំនាស់ដីធ្លីគួរតែផ្អែកលើច្បាប់ មិនត្រូវយកអាវុធទៅបាញ់បោះដូច្នេះទេ។
លោក សួស ណារិន បញ្ជាក់ថា ពេលបច្ចុប្បន្ន រដ្ឋាភិបាលកំពុងប្រឹងប្រែងដោះស្រាយបញ្ហាទំនាស់ដីធ្លី ហើយបើទាហានយកអាវុធទៅបាញ់បោះដូចនេះ មានន័យថា មិនមែនជាការធ្វើឱ្យចប់បញ្ហាឡើយ៖ «ខ្ញុំយល់ថា អាវុធដែលរដ្ឋាភិបាលបំពាក់ឱ្យទាហាន គឺសម្រាប់ការពារព្រំដែន ការពារទឹកដី មិនមែនសម្រាប់យកទៅបាញ់គំរាមប្រជាពលរដ្ឋអ៊ីចឹងទេ»។
តំណាងប្រជាពលរដ្ឋនៅតំបន់អូរផ្អាវ ឱ្យដឹងថា ពួកគេចំនួន ៣០គ្រួសារ កំពុងប្រឈមមុខនឹងការគ្មានដីធ្វើកសិកម្មនៅក្នុងឆ្នាំនេះ ប្រសិនបើកងទាហាននៅតែទៅហាមឃាត់ និងគំរាមកំហែងបែបនេះទៅមុខទៀត៕
No comments:
Post a Comment