A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday 9 May 2015

ពលរដ្ឋ​ក្នុង​ភូមិ​មួយ​នៃ​ខេត្ត​ក្រចេះ​ឆ្លៀត​ពេល​ទំនេរ​នាំ​គ្នា​រៀន​ភ្លេង​ពិណពាទ្យ​ក្នុង​វត្ត


ដោយ ប្រាជ្ញ ចេវ
2015-05-09

៧-កុម្ភៈ-១០: កុមារ​កំព្រា​នៅ​ក្នុង​មណ្ឌល​សមាគម​នៃ​ក្ដី​សង្ឃឹម​របស់​ជន​ក្រីក្រ​នៅ​កំពង់ស្ពឺ ហាត់​រៀន​ឧបករណ៍​ភ្លេង​បុរាណ​ខ្មែរ។
Photo: RFA

ពលរដ្ឋ​មួយ​ក្រុម​នៅ​ខេត្ត​ក្រចេះ ឆ្លៀត​ពេល​ទំនេរ​បាន​ប្រមូល​គ្នា​ហាត់​រៀន​លេង​ភ្លេង​ពិណពាទ្យ ក្នុង​គោល​បំណង​ថែ​រក្សា​កេរ្តិ៍​ដំណែល​ដូនតា​កុំ​ឲ្យ​បាត់បង់ ស្រប​ពេល​ដែល​វង់​ភ្លេង​នេះ​ពុំ​សូវ​បង្ហាញ​វត្តមាន​នៅ​ក្នុង​កម្មវិធី​នានា​ដូច​វង់​ភ្លេង​ដទៃ​ទៀត​ឡើយ។

តើ​ការ​ចំណាយ​ពេលវេលា​របស់​ពួក​គេ ទទួល​បាន​ការ​គាំទ្រ​ពី​ក្រុម​គ្រួសារ និង​អ្នក​នៅ​ជុំវិញ​ខ្លួន​របស់​ពួក​គាត់​ឬ​ទេ? ចុះ​ហេតុ​អ្វី បាន​ជា​ពួក​គេ​មិន​ទៅ​រៀន​ភ្លេង​សម័យ​ដែល​កំពុង​ពេញ​និយម?

«សំឡេង​ភ្លេង»

សូរសព្ទ​នេះ​លាន់​ឮ​ចេញ​ពី​វត្ត​មួយ​ឈ្មោះ បទុម​រាជា​ដី​ដុះ ឋិត​ក្នុង​ឃុំ​ព្រែកប្រសព្វ ស្រុក​ព្រែកប្រសព្វ ខេត្ត​ក្រចេះ។ ជា​រៀង​រាល់​ល្ងាច ក្រុម​ពលរដ្ឋ​ដែល​មាន​វ័យ​ចម្រុះ​ពី ១៨​ឆ្នាំ​ដល់​ជាង ៤០​ឆ្នាំ តែង​មក​ជា​ប្រចាំ​រៀន​ប្រគំ​ភ្លេង​ពិណពាទ្យ​នេះ។ អ្នក​ហាត់​រៀន​ភ្លេង​ទាំង​នេះ មាន​សមាជិក​ទាំងអស់​ចំនួន ៧​នាក់ មាន​គ្រូ​បង្រៀន​ម្នាក់។ ចិត្ត​ស្រឡាញ់​ចង់​ថែ​រក្សា​វប្បធម៌​ដូនតា ជំរុញ​ឲ្យ​ពួក​គេ​លៃ​ពេល​ដែល​ទំនេរ​ពី​ការ​សិក្សា ធ្វើ​ស្រែ​ចម្ការ និង​ការ​ប្រកប​របរ​ចិញ្ចឹម​ជីវិត មក​ជុំ​គ្នា​ប្រគំ​ភ្លេង​នេះ៖ «»។

ឋិត​ក្នុង​ទឹក​មុខ​ញញឹម​ញញែម កញ្ញា អ៊ន ស្រីស្រស់ ជា​អ្នក​រៀន​លេង​គោះ​រនាតឯក ជា​ប្រភេទ​ឧបករណ៍​មួយ​បែប​ធ្វើ​ពី​ឈើ​មាន​រាង​ដូច​ទូក គ្រប​បន្ទះ​ឫស្សី​ជាច្រើន​បន្ទះ​ពី​លើ។ កញ្ញា ស្រីស្រស់ ប្រាប់​ថា នាង​សព្វថ្ងៃ​ជា​សិស្ស​រៀន​ថ្នាក់​ទី​១០។ នាង​ឆ្លៀត​ពេល​ទំនេរ​ពី​ការងារ​ផ្ទះ និង​ការ​សិក្សា មក​រៀន​ភ្លេង​នេះ។ កញ្ញា អ៊ន ស្រីស្រស់ និយាយ​ទាំង​អឹមអៀម​ថា នាង​រៀន​ភ្លេង​នេះ​បាន​រយៈពេល ២​ខែ ចេះ​បាន ១០​បទ។ ស្រីស្រស់ ឲ្យ​ដឹង​ពី​មូលហេតុ​ដែល​មក​រៀន​ភ្លេង​ពិណពាទ្យ​នេះ​ថា ព្រោះ​នាង​ស្រឡាញ់​បទ​ភ្លេង​បុរាណ៖ «»។


នៅ​ក្នុង​វង់​ភ្លេង​ពិណពាទ្យ មាន​ឧបករណ៍​តន្ត្រី​បុរាណ​ដូចជា ឈឹង ស្គរ​ធំ សំភោរ ស្រឡៃ រនាតឯក រនាតដែក គងតូច​គងធំ។ វង់​ភ្លេង​នេះ ទាមទារ​ឲ្យ​មាន​ការ​សាមគ្គីភាព​គ្នា ព្រោះ​ត្រូវ​ប្រគំ​ជា​ក្រុម បើ​ខ្វះ​សមាជិក​ណា​មួយ ពេល​ប្រគំ​ភ្លេង​នោះ​មិន​សូវ​ពីរោះ​រណ្ដំ​ទេ។

ឧបករណ៍​ភ្លេង​នីមួយៗ​មាន​មុខ​នាទី និង​សូរសព្ទ​ផ្សេងៗ​គ្នា។ គេ​តែង​លេង​ភ្លេង​នេះ​សម្រាប់​ពិធី​សក្ការៈ ការ​សម្ដែង​រាំ​ច្រៀង និង​សិល្បៈ​ទស្សនីយភាព​ផ្សេងៗ ក្នុង​រឿង​ទេវកថា​តាំង​ពី​សម័យ​បុរាណ​កាល​មក។ ក្រុម​អ្នក​ភ្លេង​អះអាង​ថា ឧបករណ៍​រនាតឯក ដើរ​តួនាទី​នាំ​មុខ​គេ​ក្នុង​ពេល​ប្រគំ​ម្តងៗ។

អ្នក​រៀន​ម្នាក់​ទៀត​អង្គុយ​នៅ​ក្នុង​រង្វង់​ឈើ​នៃ​ឧបករណ៍​គងធំ គឺ​លោក ណោ ខន ជា​សមាជិក​ក្រុម​ដែរ​នោះ​និយាយ​ថា លោក​មក​រៀន​ភ្លេង​នេះ​ដើម្បី​លើក​កិត្តិយស​ខ្លួន និង​តម្កើង​កិត្តិយស​វត្ត​ផង ព្រោះ​សព្វថ្ងៃ​នេះ អ្នក​ចេះ​ភ្លេង​នេះ​មាន​តិចតួច​ណាស់​នៅ​ក្នុង​ភូមិ។ បុរស​រូប​នេះ​លើក​ឡើង​ថា ក្នុង​មួយ​ថ្ងៃ​លោក​ឆ្លៀត​មក​រៀន​រយៈពេល​ពី​ពីរ​ទៅ​បី​ម៉ោង​ទេ ក្រោយ​ទំនេរ​ពី​ការងារ​ធ្វើ​ស្រែ​ចម្ការ៖ «»។

គណៈកម្មការ​អាចារ្យ​វត្ត​លើក​សរសើរ​ចាប់​តាំង​ពី​មាន​វង់​ភ្លេង​ពិណពាទ្យ​វត្ត​បទុម​រាជា​ដី​ដុះ ពុទ្ធ​បរិស័ទ​ជិត​ឆ្ងាយ​តែង​ពឹង​អាស្រ័យ​ស្នើ​ក្រុម​ភ្លេង​នេះ ទៅ​ប្រគំ​កំដរ​ក្នុង​ពិធី​បុណ្យ​របស់​គេ។

លោក កែ រិទ្ធិ ជា​សិស្ស​រួម​ក្រុម​ដែរ​នោះ បង្ហើប​ឲ្យ​ដឹង​ដែរ​ថា លោក​អាច​រក​ចំណូល​បាន​ខ្លះ ព្រោះ​នៅ​ពេល​មាន​កម្មវិធី​បុណ្យទាន​តាម​ភូមិ ឬ​តាម​ផ្ទះ គេ​អញ្ជើញ​ក្រុម​លោក និង​អ្នក​ផ្សេង​ទៀត​ទៅ​ប្រគំ​លេង​ភ្លេង​ពិណពាទ្យ​នេះ​ក្នុង​មួយ​លើកៗ អាច​ទទួល​ប្រាក់​ឈ្នួល​ពី ៣០.០០០​រៀល ទៅ ៦០.០០០​រៀល។ បុរស​វ័យ ៥៧​ឆ្នាំ​រូប​នេះ បង្ហាញ​ការ​ពេញ​ចិត្ត​ចំពោះ​ជំនាញ​តន្ត្រី​បុរាណ​មួយ​នេះ ពីព្រោះ​ថា ការ​លេង​ភ្លេង​នេះ​ជា​ផ្នែក​មួយ​ដើម្បី​រក​ចំណូល​ផ្គត់ផ្គង់​គ្រួសារ​ផង និង​មួយ​ផ្នែក​ជួយ​ដល់​វត្ត​របស់​លោក​ផង៖ «»។

ពុទ្ធ​បរិស័ទ​ចំណុះ​ជើង​វត្ត​បទុម​រាជា​ដី​ដុះ បាន​ទិញ​ឧបករណ៍​ភ្លេង​នេះ​ដាក់​វត្ត​អារាម​នេះ​កាល​ពី​ឆ្នាំ​២០០៩។ ចាប់​តាំង​ពី​មាន​គ្រឿង​តន្ត្រី​នេះ​មក គណៈកម្មការ​អាចារ្យ​វត្ត បាន​អញ្ជើញ​គ្រូ បង្រៀន​ពលរដ្ឋ​ដែល​ចង់​រៀន​បាន ២​ជំនាន់​ហើយ​គិត​ចាប់​តាំង​ពី​មាន​ឧបករណ៍​ភ្លេង។ ទោះ​ជា​ត្រូវ​ជួល​គ្រូ​មក​បង្រៀន ក៏​អ្នក​រៀន​មិន​តម្រូវ​ឲ្យ​បង់​ប្រាក់​ទេ ពីព្រោះ​ថា ប្រាក់​ឈ្នួល​សម្រាប់​ជួល​គ្រូ​ត្រូវ​បាន​ពុទ្ធ​បរិស័ទ​ចំណុះ​ជើង​វត្ត​ជា​អ្នក​ផ្គត់ផ្គង់ បង់​ជូន​គ្រូ​ក្នុង​មួយ​ខែ​ជាង ៣០០​ដុល្លារ។

ព្រះចៅ​អធិការ​វត្ត​បទុម​រាជា​ដី​ដុះ ព្រះតេជព្រះគុណ ឌឹម វិច្ឆិកា មាន​ថេរ​ដីកា​ថា ចាប់​តាំង​ពី​មាន​វត្តមាន​វង់​ភ្លេង​នេះ​មក នៅ​ពេល​មាន​ពិធី​បុណ្យ​ប្រពៃណី​ម្ដងៗ រួម​មាន បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ បុណ្យ​ភ្ជុំបិណ្ឌ ឬ​បុណ្យ​កឋិនទាន នៅ​ទី​វត្ត​អារាម​មាន​សភាព​អ៊ូអរ និង​អធិកអធម​ជាង​មុន ព្រោះ​ពុទ្ធ​បរិស័ទ​បាន​ទៅ​ចូលរួម​លេង​ជុំ​គ្នា​នៅ​ក្នុង​បរិវេណ​វត្ត ដោយ​មាន​ការ​ទាក់ទាញ​ពី​ក្រុម​វង់​ភ្លេង​នេះ​ផង។

ព្រះអង្គ​បន្ត​ថា វង់​ភ្លេង​នេះ​បាន​ចូលរួម​ចំណែក​ដ៏​សំខាន់​ក្នុង​ការ​ប្រមូល​ថវិកា​ជួយ​កសាង​វត្ត នៅ​ពេល​មាន​ពុទ្ធ​បរិស័ទ​អញ្ជើញ​វង់​ភ្លេង​ទៅ​ប្រគំ​លេង​ក្នុង​ពិធី​បុណ្យ​ផ្សេងៗ​នោះ គឺ​បច្ច័យ​ដែល​បាន​មក រក្សា​ទុក​កសាង​វត្ត​ខ្លះ និង​ខ្លះ​ទៀត​ផ្តល់​ជូន​ក្រុម​អ្នក​ភ្លេង​ទាំង​នោះ។ ចំណែក​ក្រុម​តន្ត្រី​ទទួល​បាន​ថវិកា​ពី ២០.០០០​រៀល​ឡើង​ទៅ៖ «»។

វង់​ភ្លេង​ខ្មែរ​បុរាណ​មាន​ជាច្រើន​ប្រភេទ ដែល​បន្សល់​ទុក​ឲ្យ​ក្មេងៗ​ជំនាន់​ក្រោយ ហើយ​ក្នុង​ចំណោម​វង់​ភ្លេង​ខ្មែរ​ទាំងអស់​នោះ វង់​ភ្លេង​ពិណពាទ្យ​បាន​ចូលរួម​ចំណែក​ក្នុង​ការ​ឆ្លុះ​បញ្ចាំង​អំពី​សកម្មភាព​ប្រចាំ​ថ្ងៃ ដែល​ត្រូវ​បាន​គេ​ប្រើប្រាស់​សម្រាប់​ប្រគំ​កំដរ​ក្នុង​ពិធី​បុណ្យ​ប្រពៃណី​ជាតិ ប្រពៃណី​សាសនា ក្នុង​វង់​របាំ​បុរាណ ពិធី​បុណ្យ​សព ល្ខោន និង​ពិធី​បួងសួង​សំពះ​គ្រូ​ធំ​គ្រូ​តូច ជាដើម។

ព្រះ​គ្រូ​ចៅ​អធិការ​ស្នើ​ឲ្យ​ពលរដ្ឋ​ផ្សេង​ទៀត ចូលរួម​ហាត់​ភ្លេង​ពិណពាទ្យ​ឲ្យ​បាន​ច្រើន​ថែម​ទៀត ដើម្បី​ចូលរួម​ចំណែក​រក្សា​វប្បធម៌​ប្រពៃណី​ដែល​បន្សល់​ទុក​ពី​ជីដូន​ជីតា​មក​នោះ៕

No comments: