A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday 4 April 2015

People in Tbong Khmum province living near the Vietnamese border ask the authoity to build road for them to enter their farms ពលរដ្ឋ​ខេត្ត​ត្បូងឃ្មុំ​ក្បែរ​ព្រំដែន​វៀតណាម​ស្នើសុំ​អាជ្ញាធរ​ជួយ​ធ្វើ​ផ្លូវ​ចូល​ទៅ​ចម្ការ

ផ្លូវ​ចូល​ចម្ការ ត្បូងឃ្មុំ ៦២០
ផ្លូវ​ចូល​ទោ​ចម្ការ​របស់​ពលរដ្ឋ ដែល​គម្រោង​ដី​សម្បទាន​របស់​ធនាគារ​ពិភពលោក ជំនួយ​អង្គការ​ក្រៅ​រដ្ឋាភិបាល និង​រដ្ឋាភិបាល មិន​ទាន់​បាន​ធ្វើ​ជូន​ពលរដ្ឋ​នៅ​ភូមិ​ស្រែលើសែនជ័យ ឃុំ​ជាំក្រវៀន ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ។ រូបថត​ថ្ងៃ​ទី​២៣ ខែ​មីនា ឆ្នាំ​២០១៥
RFA/Saut Sokprathna
ពលរដ្ឋ​នៅ​ឃុំ​ជាំក្រវៀន ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ប្រមាណ ៥០​គ្រួសារ​ក្នុង​ចំណោម​ពលរដ្ឋ​ជាង ២០០​គ្រួសារ ដែល​ទទួល​បាន​ដី​សម្បទាន​សង្គមកិច្ច កំពុង​ជួប​ប្រទះ​ការ​លំបាក​ដោយ​ខ្វះ​ផ្លូវ​ធ្វើ​ដំណើរ​ទៅ​ចម្ការ។
ពួក​គាត់​ស្នើ​ឲ្យ​អាជ្ញាធរ និង​ម្ចាស់​ជំនួយ ជួយ​ដោះស្រាយ​ការ​លំបាក​របស់​ពួក​គាត់​នេះ។ យ៉ាង​ណា អាជ្ញាធរ​ថា​ពួក​គេ​ក៏​បាន​លើក​សំណើ​នេះ​ទៅ​ថ្នាក់​លើ ប៉ុន្តែ​មិន​ទាន់​មាន​គម្រោង​ធ្លាក់​មក។
ក្រុម​អ្នក​ភូមិ​ត្អូញត្អែរ​ថា​ខ្វះ​ខាត​ផ្លូវ​ធ្វើ​ដំណើរ ដែល​ជំរុញ​ឲ្យ​ពួក​គេ​បោះ​បង់​ចោល​មុខ​របរ​ធ្វើ​ចម្ការ ដោយសារ​តែ​ពិបាក​ដឹក​ជញ្ជូន​ផល​ដំណាំ។
កាល​ពី​ឆ្នាំ​២០០៩ ដី​សម្បទាន​សង្គមកិច្ច​ក្រោម​ជំនួយ​របស់​ធនាគារ​ពិភពលោក (World Bank) ជំនួយ​បរទេស រួម​នឹង​អាជ្ញាធរ​ថ្នាក់​ជាតិ​ផង គឺ​ត្រូវ​បាន​គេ​ផ្តល់​ជូន​ពលរដ្ឋ​នៅ​ភូមិ​ស្រែលើសែនជ័យ ប្រមាណ ២៥០​គ្រួសារ។ ក្នុង​គម្រោង​នោះ គឺ​ផ្តល់​ជា​ដី​លំនៅឋាន ដី​ចម្ការ រួម​នឹង​ហេដ្ឋារចនាសម្ព័ន្ធ​មួយ​ចំនួន។ ក្នុង​នោះ​ក៏​មាន​ផ្លូវ​ខ្វាត់ខ្វែង​ឆ្លង​កាត់​ក្នុង​ភូមិ និង​ទៅ​ចម្ការ​របស់​ពលរដ្ឋ ប៉ុន្តែ​មាន​ពលរដ្ឋ​ប្រមាណ ៥០​គ្រួសារ​ដែល​នៅ​ជួប​ការ​លំបាក ព្រោះ​ផ្លូវ​ធ្វើ​ដំណើរ​ទៅ​កាន់​ដី​ចម្ការ​របស់​ពួក​គាត់​មិន​បាន​ធ្វើ​ឲ្យ​ចប់​សព្វគ្រប់។
ពលរដ្ឋ​នៅ​ភូមិ​ស្រែលើសែនជ័យ អ្នកស្រី សាន សុគន្ធ មាន​ប្រសាសន៍​ថា នៅ​ពេល​អ្នកស្រី​ចាប់​ឆ្នោត​ទទួល​យក​ដី​សម្បទាន​សង្គមកិច្ច​ប្រភេទ​ដី​ចម្ការ​កាល​ពី​ឆ្នាំ​២០០៩ គឺ​ចាប់​បាន​នៅ​ក្បែរ​ប្រឡាយ​ទឹក​ជិត​ទន្លេ​ចាម​ព្រំប្រទល់​កម្ពុជា-វៀតណាម។ អ្នកស្រី​ថា ដោយសារ​ដី​ពួក​គាត់​នៅ​ចុង​គេ ហើយ​ដំណើរ​ការ​ធ្វើ​ផ្លូវ​ទៅ​ចម្ការ​របស់​ពលរដ្ឋ​នៅ​ពេល​នោះ​ត្រូវ​បាន​បញ្ចប់ ទើប​ធ្វើ​ឲ្យ​អ្នកស្រី និង​ពលរដ្ឋ​ផ្សេង​ទៀត​ខកខាន​មិន​បាន​ដាំ​ដំណាំ​ជាច្រើន​ឆ្នាំ ពីព្រោះ​ប្រសិន​បើ​ដាំ​ដំណាំ​បាន​ហើយ ក៏​ពិបាក​ដឹក​ជញ្ជូន​ដែរ ពិសេស​នៅ​រដូវ​វស្សា៖ «ខ្ញុំ​ធ្វើ​ទៅ​វា​ជួប​ប្រទះ​ការ​ទឹក​លិច ធ្វើ​ទៅ​វា​ខាត​ពីរ​ឆ្នាំ​បី​ឆ្នាំ​ហើយ ទើប​បី​ឆ្នាំ​ក្រោយ​ហ្នឹង និង​ឆ្នាំ​ហ្នឹង​អាច​ធ្វើ​បាន​ច្រើន តែ​វា​ពិបាក​ផ្លូវ​ណា​លោកគ្រូ»
អ្នកស្រី​បន្ថែម​ទៀត​ថា មាន​ពលរដ្ឋ​ខ្លះ​បាន​លក់​ដី​តំបន់​នោះ និង​ពលរដ្ឋ​ខ្លះ​ទៀត​បម្រុង​លក់​ដី​នោះ​បន្ត​ទៀត ព្រោះ​តែ​ផ្លូវ​ចូល​ទៅ​ធ្វើ​ចម្ការ​របស់​ខ្លួន​ពិបាក។ អ្នកស្រី​អំពាវនាវ​ឲ្យ​អាជ្ញាធរ និង​អង្គការ​ជា​ម្ចាស់​ជំនួស​ជួយ​ធ្វើ​ផ្លូវ និង​ប្រព័ន្ធ​ប្រឡាយ​ទឹក​បន្ត​ឲ្យ​ពួក​គាត់ បើ​ទោះ​បី​ជា​ធំ​ក្តី​តូច​ក្តី ព្រោះ​ពលរដ្ឋ​មិន​ចង់​អង្គុយ​មើល​ដី​របស់​ខ្លួន​ទៀត​នោះ​ទេ។

ផ្លូវ​ដែល​ពលរដ្ឋ​ជួប​បញ្ហា​សម្រាប់​ធ្វើ​ដំណើរ​ទៅ​ធ្វើ​ចម្ការ គឺ​មាន​ជាច្រើន​កន្លែង​ផ្សេងៗ​គ្នា ដោយ​កន្លែង​ខ្លះ​អាច​មាន​ប្រវែង​ចន្លោះ​ពី ២០០​ម៉ែត្រ ទៅ ៣០០​ម៉ែត្រ ហើយ​កន្លែង​ខ្លះ​ទៀត​អាច​មាន​ប្រវែង​លើស​ពី​នេះ។
ទាក់ទង​បញ្ហា​នេះ មេ​ភូមិ​ស្រែលើសែនជ័យ លោក ចន មិនា មាន​ប្រសាសន៍​ថា មាន​ពលរដ្ឋ​ប្រមាណ ៥០​គ្រួសារ​ដែល​ជួប​ការ​លំបាក​នេះ។ លោក​បន្ត​ថា មូលហេតុ​ដែល​ម្ចាស់​ជំនួយ​មិន​បាន​ធ្វើ​បង្ហើយ​ផ្លូវ​ទៅ​កាន់​ចម្ការ​ជូន​ពលរដ្ឋ​ទាំង​នោះ ដោយសារ​តែ​គម្រោង​របស់​គេ​ត្រូវ​បាន​បញ្ចប់​នា​ពេល​នោះ។ លោក​ក៏​បាន​ស្នើ​បញ្ហា​នេះ​ទៅ​ម្ចាស់​ជំនួយ និង​អាជ្ញាធរ​ថ្នាក់​លើ ដើម្បី​ជួយ​ពលរដ្ឋ​ទាំង​នោះ ប៉ុន្តែ​ត្រូវ​រង់ចាំ​គម្រោង​ជា​ថ្មី​របស់​ម្ចាស់​ជំនួយ​វគ្គ​ទី​ពីរ និង​ម្យ៉ាង​ទៀត គឺ​រង់ចាំ​កញ្ចប់​ថវិកា​ថ្នាក់​ជាតិ​ធ្លាក់​មក​ដល់៖ «បាទ! ហ្នឹង​ហើយ ម្យ៉ាង​ទៀត​កាល​ពី​ពេល​ថ្មី​នេះ ខ្ញុំ​បាន​ឡើង​ទៅ​ធ្វើ​សិក្ខា​សាលា​នៅ​ភ្នំពេញ ហើយ​ខ្ញុំ​បាន​លើក​ឡើង​ពី​បញ្ហា​នេះ​ជាច្រើន​លើក​ច្រើន​សា​លើ​បញ្ហា​នេះ ហើយ​ខ្ញុំ​ក៏​បាន​ធ្វើ​ផែនការ​ជុំវិញ ទី​ពីរ​ហ្នឹង​របស់ វើលប៊ែង»
ចំណែក​ការ​លក់​ដី​ចម្ការ​ខ្លះ ដោយសារ​ហេតុផល​ពិបាក​ផ្លូវ​ចូល​ទៅ​នោះ លោក​មេ​ភូមិ មិន​ឯកភាព​ទេ។ លោក​យល់​ថា ពលរដ្ឋ​ខ្លះ​ដែល​ព្រម​លក់​ដី ពីព្រោះ​តែ​ពួក​គាត់​ចាញ់​បោក​ឃោសនា​ពី​ក្រុម​ជន​មួយ​ចំនួន ថា​ទៅ​ធ្វើ​នៅ​តំបន់​ផ្សេង គឺ​ងាយ​ស្រួល​ជាង​នេះ បញ្ហា​ពលរដ្ឋ​មិន​យល់​ច្បាស់​ពី​ដី​តំបន់​នោះ និង​បញ្ហា​ជីវភាព​លំបាក​ក្នុង​គ្រួសារ​របស់​ពួក​គេ ជាដើម។ យ៉ាង​ណា លោក​ក៏​បាន​សំណូមពរ​ទៅ​ម្ចាស់​ជំនួយ ឬ​អាជ្ញាធរ​ថ្នាក់​ជាតិ ដោយ​ធ្វើ​យ៉ាង​ណា​ពន្លឿន​ក្នុង​ការ​ដោះស្រាយ​បញ្ហា​មួយ​នេះ​ជូន​ពលរដ្ឋ។
ដី​សម្បទាន​សង្គមកិច្ច​ក្រោម​ជំនួយ​ពី​ធនាគារ​ពិភពលោក អង្គការ​ក្រៅ​រដ្ឋាភិបាល អាជ្ញាធរ​ថ្នាក់​ជាតិ គឺ​បាន​ផ្ដល់​ជូន​ពលរដ្ឋ​ចំនួន ២៥០​គ្រួសារ​កាល​ពី​ឆ្នាំ​២០០៩ សម្រាប់​គ្រួសារ​ក្រីក្រ​ដែល​ជ្រើសរើស​ចេញ​ពី​ភូមិ​ចំនួន​១៧ ក្នុង​ឃុំ​ជាំក្រវៀន។ កាល​នោះ ពលរដ្ឋ​មួយ​គ្រួសារ​ទទួល​បាន​ដី​លំនៅឋាន​ទំហំ ២០​ម៉ែត្រ​គុណ​នឹង ៥០​ម៉ែត្រ និង​ដី​ចម្ការ​ចំនួន ២​ហិកតារ​កន្លះ ប៉ុន្តែ​ក្រោយ​មក​មាន​ពលរដ្ឋ​ប្រមាណ ២០ ទៅ ៣០​គ្រួសារ បាន​លក់​ដី​ភូមិ និង​ដី​ចម្ការ​របស់​ខ្លួន​ទៅ​រស់នៅ​តំបន់​ផ្សេង។ បច្ចុប្បន្ន ពលរដ្ឋ​រស់នៅ​តំបន់​ដី​សម្បទាន​សង្គមកិច្ច​ក្បែរ​ព្រំដែន​មួយ​នេះ ជួប​ប្រទះ​ភាព​ខ្វះខាត​មួយ​ចំនួន រួម​មាន បញ្ហា​ផ្លូវ ភ្លើង​អគ្គិសនី ផ្សារ សាលា​បុណ្យ ខ្វះ​គ្រូបង្រៀន និង​បញ្ហា​ទឹក​ស្អាត ជាដើម៕

No comments: