A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday, 5 March 2015

A Cambodian national who went missing after assisting 36 Montagnards to escape Vietnamese persecutions arrived back home after he was deported to Vietnam [It's unimaginable that Cambodian authority sent a Cambodian national to be persecuted by a foreign country] ពលរដ្ឋ​ខ្មែរ​ម្នាក់​ដែល​បាត់​ខ្លួន​ពេល​ជួយ​ជម្លៀស​ម៉ុងតាញ៉ា​៣៦​នាក់​វិល​ត្រឡប់​មក​ដល់​ផ្ទះ

ម៉ុងតាញ៉ា ១៨​នាក់ ៦២០
ក្រុម​ម៉ុងតាញ៉ា ១៨​នាក់ ទើប​ភៀស​ខ្លួន​មក​ដល់​ព្រៃ​ខេត្ត​រតនគិរី កាល​ពី​ថ្ងៃ​ទី​២៨ ខែ​មករា ឆ្នាំ​២០១៥ ដើម្បី​ស្វែង​រក​សិទ្ធិ​ជ្រកកោន​នៅ​កម្ពុជា។
Provided photo
ពលរដ្ឋ​ខ្មែរ​ដែល​ជា​អ្នក​នាំ​ផ្លូវ និង​រៀបចំ​គម្រោង​ជម្លៀស​ជន​ភៀស​ខ្លួន​ម៉ុងតាញ៉ា-វៀតណាម ៣៦​នាក់​ពី​ខេត្ត​រតនគិរី មក​ទីក្រុង​ភ្នំពេញ បាន​បង្ហាញ​ខ្លួន​បន្ទាប់​ពី​រូប​គេ​បាត់​ដំណឹង​អស់​មួយ​សប្ដាហ៍។ ការ​បាត់​ខ្លួន​នេះ ខណៈ​មាន​សេចក្តី​រាយការណ៍​ថា សមត្ថកិច្ច​ប៉ូលិស​ខេត្ត​ស្ទាក់​ចាប់​រថយន្ត​ដឹក​ជញ្ជូន​ម៉ុងតាញ៉ា នៅ​តាម​ផ្លូវ ហើយ​បញ្ជូន​ពួក​គេ​ទៅ​ឲ្យ​អាជ្ញាធរ​វៀតណាម ភ្លាមៗ។
មន្ត្រី​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ខេត្ត​រតនគិរី ឲ្យ​ដឹង​ថា អាជ្ញាធរ​វៀតណាម ដោះ​លែង​ពលរដ្ឋ​ខ្មែរ​ម្នាក់​នោះ​មក​វិញ​នៅ​រសៀល​ថ្ងៃ​ទី​៣ ខែ​មីនា បន្ទាប់​ពី​ឃុំ​ខ្លួន​គេ​នៅ​ប្រទេស​វៀតណាម ជិត​មួយ​សប្ដាហ៍។
មន្ត្រី​សម្រប​សម្រួល​សមាគម​អាដហុក (adhoc) ខេត្ត​រតនគិរី លោក ឆាយ ធី ចាត់​ទុក​ករណី​នេះ​ថា ជា​ភាព​មិន​ប្រក្រតី​នាំ​ឲ្យ​មាន​មន្ទិល​សង្ស័យ​ពី​នីតិវិធី​នៃ​ការ​ចាប់​ខ្លួន​ពលរដ្ឋ​ខ្មែរ​ពី​កម្ពុជា ទៅ​វៀតណាម និង​បញ្ជូន​ខ្លួន​ពលរដ្ឋ​ខ្មែរ​រូប​នេះ​ពី​វៀតណាម មក​ប្រទេស​កម្ពុជា វិញ។ លោក​បញ្ជាក់​ថា ភរិយា​ពលរដ្ឋ​ខ្មែរ​ដែល​បាត់​ខ្លួន បាន​ប្ដឹង​មក​សមាគម​អាដហុក ខណៈ​មាន​សេចក្តី​រាយការណ៍​ថា ប្ដី​គាត់​ត្រូវ​បាន​ចាប់​ខ្លួន​ក្នុង​ទឹក​ដី​ខ្មែរ​ជាមួយ​ម៉ុងតាញ៉ា-វៀតណាម ហើយ​បាត់​ដំណឹង​តាំង​ពី​ថ្ងៃ​ទី​២៦ រហូត​មក៖ «សមត្ថកិច្ច​វៀតណាម យក​មក​ត្រឹម​ព្រំដែន​បាវិត ហើយ​នៅ​រសៀល​ម៉ោង​បី​ម្សិលមិញ យើង​ស៊ើប​បន្ថែម​ទៀត​តាម​រយៈ​ប្រពន្ធ​គាត់ សាច់ញាតិ​បង​ប្អូន​គាត់។ យើង​បាន​ទទួល​តម្រុយ​លុះ​ដល់​ម៉ោង ៧​ព្រឹក យើង​ទទួល​បាន​ខ្សែ​ទូរស័ព្ទ​ដែល​គាត់​កាន់​ផ្ទាល់​ខ្លួន​បាន​ដឹង​ថា ប្រាកដ​ជា​រក​គាត់​ឃើញ​មែន»

លោក ក្លាន ហឺន រស់នៅ​ភូមិ​សោមត្រក ឃុំ​សឺង ស្រុក​បរកែវ ខេត្ត​រតនគិរី។ លោក គឺ​ជា​អ្នក​រៀបចំ​គម្រោង​នាំ​ផ្លូវ និង​ដឹក​ជញ្ជូន​ម៉ុងតាញ៉ា បី​ក្រុម​មាន​មនុស្ស ៣៦​នាក់​ពី​ស្រុក​អូរយ៉ាដាវ និង​ស្រុក​លំផាត់ កាល​ពី​រាត្រី​ថ្ងៃ​ទី​២៥ ឆ្លង​ចូល​ថ្ងៃ​ទី​២៦ ខែ​កុម្ភៈ ឆ្ពោះ​ទៅ​ទីក្រុង​ភ្នំពេញ បំណង​ស្វែងរក​កិច្ច​គាំពារ​សុំ​សិទ្ធិ​ជ្រក​កោន​ជា​ជន​ភៀស​ខ្លួន​ផ្នែក​នយោបាយ​នៅ​ទីក្រុង​ភ្នំពេញ។ លោក​បាន​ផ្តល់​ដំណឹង​មក​ក្រុម​គ្រួសារ​នៅ​ខេត្ត​រតនគិរី ខណៈ​បាន​វិល​មក​ដល់​ទីក្រុង​ភ្នំពេញ​តែ​ប៉ុន្មាន​ម៉ោង។ លោក​ថា អាជ្ញាធរ​វៀតណាម បាន​បញ្ជូន​លោក​ពី​ទីក្រុង​ហូជីមិញ ប្រទេស​វៀតណាម តាម​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​បាវិត។
លោក ក្លាន ហឺន បញ្ជាក់​ប្រាប់​វិទ្យុ​អាស៊ីសេរី តាម​ទូរស័ព្ទ​នៅ​ព្រឹក​ថ្ងៃ​ទី​៤ ខែ​មីនា ថា ប៉ូលិស​ខេត្ត​រតនគិរី បាន​ចាប់​បញ្ជូន​លោក និង​ម៉ុងតាញ៉ា ៣៦​នាក់​តាម​ច្រក​ទ្វារ​អន្តរជាតិ​ស្រុក​អូរយ៉ាដាវ ទៅ​ប្រគល់​ឲ្យ​ប៉ូលិស​ស្រុក​ដាក់ គឺ​ខេត្ត​យ៉ាឡាយ ដោយ​មិន​បាន​សួរ​បញ្ជាក់​អត្តសញ្ញាណ​លោក​ជា​ពលរដ្ឋ​ខ្មែរ​នោះ​ទេ។ លោក​បន្ត​ថា លោក​ត្រូវ​ប៉ូលិស​វៀតណាម ឃុំ​ខ្លួន​នៅ​ស្រុក​ដាក់ គឺ​ហើយ​បញ្ជូន​បន្ត​ទៅ​ខេត្ត​យ៉ាឡាយ ពីរ​ថ្ងៃ​ទៀត និង​បញ្ជូន​បន្ត​មក​ប្រគល់​ឲ្យ​ប៉ូលិស​ក្រុង​ហូជីមិញ រយៈពេល ៤​ថ្ងៃ​ទៀត ទើប​ប៉ូលិស​ដឹក​ជញ្ជូន​លោក​មក​ប្រគល់​ឲ្យ​ប៉ូលិស​ច្រក​ទ្វារ​ព្រំដែន​បាវិត៖ «ប៉ូលិស​វៀតណាម វា​ដាក់​ខ្ញុំ​នៅ​យ៉ាឡាយ ពីរ​យប់ គេ​សួរ​ចម្លើយ​ហើយ បាន​គេ​ដឹក​ទៅ​ហូជីមិញ ព្រៃនគរ យើង​ហ្នឹង​នៅ​បាន​យូរ។ ពី​ម្សិល​គេ​ដឹក​មក អ្នក​ឯង​ទៅ​ស្រុក​អ្នក​ឯង​វិញ​ហើយ។ ខ្ញុំ​អត់​ដឹង​នៅ​កន្លែង​ណា​ទេ​កន្លែង​ហ្នឹង សុទ្ធតែ​ប៉ូលិស»
វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​ស្ថានទូត​វៀតណាម សុំ​បញ្ជាក់​ពី​បញ្ហា​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី​៤ ខែ​មីនា។
ដោយ​ឡែក​អ្នក​នាំ​ពាក្យ​សាលា​ខេត្ត​រតនគិរី លោក មឹង ស៊ីនាត ធ្លាប់​បាន​បដិសេធ​ជា​បន្តបន្ទាប់​ថា អាជ្ញាធរ​ខេត្ត​មិន​បាន​ដឹង​ពី​ការ​ចាប់​ខ្លួន​ម៉ុងតាញ៉ា ៣៦​នាក់ និង​ពលរដ្ឋ​ខ្មែរ​អ្នក​នាំ​ផ្លូវ​នោះ​ទេ។
ទោះ​យ៉ាង​នេះ​ក្តី មន្ត្រី​សិទ្ធិ​មនុស្ស លោក ឆាយ ធី ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​៤ ខែ​មីនា ថា លោក ក្លាន ហឺន បាន​មក​កាន់​ការិយាល័យ​សិទ្ធិ​មនុស្ស​អាដហុក និង​ការិយាល័យ​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ នៅ​ទីក្រុង​ភ្នំពេញ ដើម្បី​ផ្តល់​ព័ត៌មាន និង​ឯកសារ​ស្ដីពី​ការ​បាត់​ខ្លួន​របស់​លោក៕

No comments: