A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 29 January 2015

U.S Assistant Secretary of State urges Cambodia to strengthen the democratization and judicial processes in Cambodia ឧបការី​សហរដ្ឋ​អាមេរិក​ជំរុញ​ឲ្យ​កម្ពុជា​ពង្រឹង​ដំណើរការ​ប្រជាធិបតេយ្យ​និង​នីតិរដ្ឋ

ដានីញែល រ៉ាស្សែល ៦២០
លោក ដានីញែល រ៉ាស្សែល (Daniel R. Russel) ឧបការី​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អាមេរិក ថ្លែង​ក្នុង​សន្និសីទកាសែត នា​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា កាលពី​ថ្ងៃ​ទី​២៧ មករា ២០១៥។
 RFA/Yeang Socheametta
ឧបការី​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អាមេរិក លោក ដានីញែល រ៉ាស្សែល (Daniel R. Russel) ជំរុញ​ឲ្យ​កម្ពុជា​ពង្រឹង​ដំណើរការ​ប្រជាធិបតេយ្យ និង​នីតិរដ្ឋ។ ការ​ជំរុញ​បែបនេះ ធ្វើឡើង​ក្នុង​សន្និសីទកាសែត នា​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា កាលពី​រសៀល​ថ្ងៃ​ទី​២៧ មករា សម្រាប់​ដំណើរ​ទស្សនកិច្ច​២​ថ្ងៃ​របស់​លោក​មក​កម្ពុ​ជា។
បើ​ទោះ​ជា លោក ដានីញែល រ៉ាស្សែល កត់​សម្គាល់​ឃើញ​មាន​ភាព​ល្អ​ប្រសើរ​ផ្នែក នយោបាយ ចាប់​តាំងពី​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះជាតិ បាន​ចុះ​កិច្ច​ព្រមព្រៀង​បញ្ចប់​ជម្លោះ​នយោបាយ​នៅ​ខែ​កក្កដា ឆ្នាំ​២០១៤ ក៏ដោយ ប៉ុន្តែ​លោក​ថា កម្ពុជា​នៅ​មាន​បញ្ហា​សំខាន់ៗ​មួយ​ចំនួន​ដែល​ត្រូវ​ដោះស្រាយ ក្នុង​នោះ​រួមមាន បញ្ហា​នីតិរដ្ឋ ប្រព័ន្ធ​យុត្តិធម៌ កំណែទម្រង់​ការបោះឆ្នោត អំពើពុករលួយ ការ​គោរព​សិទ្ធិមនុស្ស បញ្ហា​ដីធ្លី ជាពិសេស គឺ​ការ​ពង្រឹង​ស្ថាប័នរដ្ឋ ប្រកបដោយ​អភិបាលកិច្ច​ល្អ។
ក្នុង​ដំណើរ​ទស្សនកិច្ច​២​ថ្ងៃ​មក​កម្ពុជា​នេះ លោក ដានីញែល រ៉ាស្សែល បាន​ជួប​ពិភាក្សា ជាមួយ​រដ្ឋលេខាធិការ​ក្រសួងការបរទេស លោក អ៊ុច បូរិទ្ទ ជួប​បក្ស​ប្រឆាំង និង​តំណាង​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​។ លោក​ក៏​មាន​គម្រោង​ជួប​ជាមួយ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ផង​ដែរ ប៉ុន្តែ​គម្រោង​នោះ​ត្រូវ​លុបចោល​វិញ ដោយសារ​លោក ហ៊ុន សែន ជាប់រវល់​បំពេញ​ទស្សនកិច្ច​ទៅ​ក្រៅ​ប្រទេស។

លោក ដានីញែល រ៉ាស្សែល ឲ្យ​ដឹង​ថា ក្នុង​ពេល​ជួប​ជាមួយ​លោក អ៊ុច បូរិទ្ទ លោក​បាន​លើក​ឡើង​ថា ការ​រីក​លូតលាស់​របស់​កម្ពុជា​នៅ​ថ្ងៃ​ខាងមុខ ត្រូវ​ពឹងផ្អែក​លើ​កត្តា​សំខាន់​មួយ​ចំនួន ក្នុង​នោះ ស្ថាប័នរដ្ឋ​ត្រូវ​ខ្លាំង​រឹងមាំ ប្រកបដោយ​អភិបាលកិច្ច​ល្អ។ លោក​បញ្ជាក់​ថា វិនិយោគិន​បរទេស នឹង​មិន​ជ្រើស​យក​កម្ពុជា​ជា​កន្លែង​ធ្វើ​វិនិយោគ​នោះ​ទេ ប្រសិន​បើ​ស្ថាប័ន​តុលាការ​កម្ពុជា​នៅ​ទន់ខ្សោយ ប្រព័ន្ធ​ច្បាប់​មិន​អាច​ទុក​ចិត្ត​បាន គ្មាន​នីតិរដ្ឋ និង​មាន​អំពើពុករលួយ​នោះ។
ទាក់ទង​នឹង​បញ្ហា​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​វិញ លោក ដានីញែល រ៉ាស្សែល ថ្លែង​ថា ការ​ពង្រឹង​ការ​គោរព​សិទ្ធិមនុស្ស​នៅ​កម្ពុជា វា​មិនមែន​សំខាន់​សម្រាប់​ធ្វើ​ឲ្យ​កម្ពុជា មាន​ទំនាក់ទំនង​ល្អ​ជាមួយ​សហរដ្ឋអាមេរិក ឬក៏​សហគមន៍​អន្តរជាតិ​នោះ​ទេ ប៉ុន្តែ​វា​នឹង​ធ្វើ​ឲ្យ​កម្ពុជា​ខ្លួនឯង​ក្លាយ​ជា​សង្គម​មួយ​ដែល​មាន​ស្ថិរភាព និង​រឹងមាំ។ យ៉ាងណាក៏ដោយ ឧបការី​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អាមេរិក ទទួលបន្ទុក​ការងារ​ប្រចាំ​តំបន់​ប៉ាស៊ីហ្វិក និង អាស៊ី​បូព៌ា​រូប​នេះ បញ្ជាក់​ថា សហរដ្ឋអាមេរិក​បន្ត​ធ្វើជា​ដៃគូ ជាមួយ​មនុស្ស​មកពី​គ្រប់​ភាគី​ទាំងអស់​នៅ​កម្ពុជា ដែល​ចង់​ធ្វើ​ឲ្យ​កម្ពុជា​ជា​ប្រទេស​មាន​នីតិរដ្ឋ ប្រជាធិបតេយ្យ ការ​គោរព​សិទ្ធិមនុស្ស និង​អភិបាលកិច្ច​ល្អ៖ «ការពិត​នោះ​គឺថា សហរដ្ឋអាមេរិក​ចង់​ឃើញ​កម្ពុជា​ទទួល​បាន​ជោគជ័យ។ យើង​នឹង​ទទួល​បាន​ផលប្រយោជន៍​ពី​កម្ពុ​ជាមួយ​ដែល​រីក​លូតលាស់​ប្រកប ដោយ​ស្ថិរភាព។ នៅ​ទី​បញ្ចប់ មាន​រដ្ឋាភិបាល​មួយ​ប្រកប​ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស នឹង​ធ្វើ​ឲ្យ​ប្រទេស​នោះ មាន​សេដ្ឋកិច្ច​រីកចម្រើន។ សហរដ្ឋអាមេរិក​អាច​បង្កើត ធនធាន​បាន​ច្រើន ដោយសារ​អាមេរិក បើកចំហ​ឲ្យ​ប្រជាជន​មាន​សេរីភាព ក្នុង​ការ​បញ្ចេញមតិ ក្នុង​ការ​ដេញដោល​គោលនយោបាយ។ មួយវិញទៀត ពួកគេ​មាន​តុលាការ ដែល​អាច​ទុក​ចិត្ត​បាន ប្រកបដោយ​នីតិរដ្ឋ។ យើង​ចង់​ឃើញ​កម្ពុជា​រីក​លូតលាស់ តាមរយៈ​ការអនុវត្ត​នូវ​នីតិរដ្ឋ និង​ការ​គោរព​សិទ្ធិមនុស្ស»។
ដំណើរ​ទស្សនកិច្ច​របស់ លោក ដានីញែល រ៉ាស្សែល មក​កម្ពុជា​នៅ​ពេល​នេះ គឺជា​ផ្នែក​មួយ​នៃ​ដំណើរ​ទស្សនកិច្ច របស់​លោក​មកកាន់​តំបន់​អាស៊ីអាគ្នេយ៍ ដើម្បី​ពង្រឹង​កិច្ច​សហប្រតិបត្តិការ ទ្វេភាគី​រវាង​សហរដ្ឋអាមេរិក ជាមួយ​ប្រទេស​មួយ​ចំនួន​ក្នុង​តំបន់។ លោក​បាន​ធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​ហ្វីលីពីន ប្រទេស​ម៉ាឡេស៊ី ប្រទេស​ថៃ ហើយ​កម្ពុជា​គឺ ជា​ប្រទេស​ចុងក្រោយ នៃ​ដំណើរ​ទស្សនកិច្ច​របស់​លោក មុននឹង​ធ្វើដំណើរ​ត្រលប់​ទៅ សហរដ្ឋអាមេរិក​វិញ​នៅ​យប់​ថ្ងៃ​ទី​២៧ មករា៕

No comments: