A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday 28 January 2015

Hun Sen uses a pawn against two Sam Rainsy's and Kem Sokha's knights ហ៊ុន សែន ប្រើ​ត្រី​បក​ទប់​ទល់​សេះ​ទឹម​របស់ សម រង្ស៊ី និង​កឹម សុខា

Mon, 26 January 2015
Post Staff  The Phnom Penh Post
http://www.postkhmer.com/sites/default/files/styles/full-screen_watermarked/public/field/image/150126_2.jpg?itok=QyG_sJX9

រូប​ថត​ឯក​សារ លោក នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន និង​លោក​សម រង្ស៊ី​ក្នុង​ជំនួប​កំពូល​កន្លង​មក​នៅ​ឯ​វិមាន​រដ្ឋសភា​​​។ ហេង ជីវ័ន
ដោយ​សារ​មួយ​រយៈ​ចុង​ក្រោ​យ​​នេ ​ពុំ​សូវ​មាន​អ្នក​វិភាគ​នយោបាយ​តាម​ក្រឡា​អុក​ ដូច​មុន​នោះ​ ក្នុង​នាម​ខ្ញុំ​ជា​អ្នក​ចេះ​លេង​អុក​ខ្លះ​ដែ​រ​ សូម​ចូល​ខ្លួន​បន្ត​វិភាគ​ពី​រៀម​ច្បង​មុនៗ​ ដើម្បី​ចែក​រំលែក​ គ្រាន់​ទុក​ជា​ពុទ្ធិ​ ហើយ​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ប្រសា​សន៍​លោក​នាយក​រដ្ឋ​មន្ត្រី​ បាន​ប្រតិកម្ម​កាល​ពី​ថ្ងៃ​ទី ​១៩​ មករា​ នៅខេ​​ត្តស្វា​យ​រៀង​ «វា​មិន​ដែល​មាន​ត្រី​បក​ ៥​»។ ​
វា​ជា​រឿង​ត្រឹម​ត្រូវ​ព្រោះ​អ្នក​រាយ​ការណ៍​ជូន​សម្តេច​ ខុស​ការ​ពិត​។ ​បើ​ខ្ញុំ​ចាំ​មិន​ច្រ​ឡំ​ទេ​ នោះ​គឺ​មិន​ដែល​គេ​វិភាគ​អំពី​ត្រី​បក​៥​នោះ​ទេ​ គឺ​ធ្លាប់​មាន ​«ត្រី​បក​ទឹម​ ៣» និង ​«ត្រី​បក​ទី​ ៤​ អាច​នឹង​បក»​ តែ​ប៉ុណ្ណោះ​។
ការ​វិវត្ត​នៃ​ស្ថាន​ការណ៍​នយោបាយ នៅ​កម្ពុជា​ពី​មួយ​សម័យ​កាល ទៅ​មួយ​សម័យ​កាល​ សុទ្ធ​តែ​បាន​បង្កើន​ភាព​ស្មុគស្មាញ​ឡើងៗ ជា​ពិសេស​នៅ​សម័យ​កាល​ចុង​ក្រោយ​នេះ​ ដែល​គេ​ដឹង​ឮ​គ្រប់​ៗ​គ្នា​ថា​«សម័យ​ឃ្លោក​លិ​ច​ អំបែង​អណ្តែត» ​គឺ​មាន​ភាព​ស្មុគស្មាញ​ដូច​ទៅ​នឹង​ក្រឡា​អុក​ សម្រាប់​អ្នក​មិន​ចេះ​លេង​អុក​ ហើយ​មើល​មិន​យល់​យ៉ាង​ដូច្នេះ​ដែរ​។
ប៉ុន្តែ​សម្រាប់​ទស្សនៈ​ខ្ញុំ​ផ្ទាល់​ យើង​​អាច​ចាត់​ទុក​ល្បែង​នយោបាយ​ ដែល​តួ​អង្គ​នយោបាយ​ សំខាន់​ៗ​កំពុង​តែ​លេង ​នា​ពេល​បច្ចុប្បន្ន​នេះ ​ទៅ​នឹង​ក្រឡា​អុក​ «ប្រើ​ត្រី​បក​ទប់​ទល់​សេះ​ទឹម»។​ សម្រាប់​មជ្ឈដ្ឋាន​អ្នក​ចេះ​លេង​អុក​ មិន​ពិបាក​យល់​ទេ​ អ្វី​ទៅ​ជា​ត្រី​បក​?​ អ្វី​ទៅ​ជា​សេះទឹ​ម​?​ ហើយ​​កូន​អុក​ទាំង​ពីរ​ប្រភេទ​នេះ ​មាន​សារ​ប្រយោជន៍​បែប​ណា ​និង​ត្រូវ​ដើរ​ក្រឡារ​បៀប​ម៉េច​នោះ។ ត្រី​ជា​ប្រភេទ​កូន​អុក​ ដែល​អ្នក​លេង​អុក​ទាំង​ពីរ​ត្រូវ​មាន​ គឺ​ចំនួន​៨​ស្មើ​គ្នា​។ ​
ដំបូង​គ្រាន់​តែ​ជា​កូន​ត្រី​ធម្មតា​ នៅ​ពេល​អ្នក​លេង​ម្ខាង​បាន​ដើរ​កូន​ត្រី ​ពី​ក្រឡា​ទី ៣ ​របស់​ខ្លួន​ ទៅ​ដល់​ក្រឡា​ទី៣​សម្រាប់​ដាក់​កូន​ត្រី ​របស់​អ្នក​លេង​​ម្ខាង​ទៀត​នោះ ​កូន​ត្រី​ធម្មតា​ នឹង​ត្រូវ​ក្លាយ​ទៅ​ជា​កូន​ត្រីបក​។ ​លក្ខណៈ​ពិសេស​ របស់​ត្រី​បក​ គឺ​អាច​ប្រែ​ពី​ដើរ​ទៅ​មុខ​ត្រង់​ មក​ដើរ​ខ្វែង​ក្រឡា​ ៤​ ទិស​ទៅ​វិញ​។ ​គេ​តែង​តែ​ប្រើវា​ដើម្បី​ដូរ​ ឬ​ដេញ ​និង​ទប់​ ឬ​បិទ​ ជា​ដើម​។
ចំណែក​ កូន​សេះ​វិញ​ ជា​កូន​អុក​មួយ​ប្រភេទ​ ដែល​អាច​ដើរ​ដោយ​លោត​ឆ្វេង​ ឬ​ស្តាំ ​និង​លោត​ មុខ​ ឬ​ក្រោយ​៣​ក្រឡា ​ហើយ​កាល​ណា​សេះ​នៅ​ក្បែរ​គ្នា​ ២​ ​គេ​ហៅ​ថា​សេះ​ទឹម​។ ​ប្រសិទ្ធ​ភាព​របស់​វា​ គឺ​អាច​ការ​ពារ​មិន​ឲ្យ​កូន​អុក​គូ​ប្រ​កួត​ចូល​ក្បែរ​បាន​ឡើយ​នៅ​ខាង​មុខ​ ៨​ ក្រឡា ​និង​ខាង​ក្រោយ​៨​ក្រឡា​ ហើយ​ភាគ​ច្រើន​គេ​ប្រើ​ដើម្បី​បំបែក​ បំភ័យ​ដល់​ក្រឡា​អុក​ភាគី​ម្ខាង​ទៀត​ និង​ជួន​កាល ​គេ​ក៏​ប្រើ​សម្រាប់​ ដូរ​ ឬ​ដេញ​ផង​ដែរ​។
ក្នុង​នយោបាយ​ជាក់​ស្តែង​វិញ​ គឺ​ថា ពី​ដើម​រៀង​មក​ ក្រឡា​អុក​លោក​ ហ៊ុន​ សែន​ ជា​ក្រឡា​ចាញ់​ ប៉ុន្តែ​គាត់​ប្រឹង​ប្រែង​ទប់​ តាម​រយៈ​វាយ​បក​ផង​ ដោះ​ដូរ​ផង​ ឬ​ ចំណាយ​កូន​អុក​ដែល​ខ្លួន​អាច​លះ​បង់​ទៅ​តាម​កាលៈ​ទេសៈ​ពី​មួយ​ក្រឡា​ទៅ​មួយ​ក្រឡា​។​
ជា​ចុង​ក្រោយ​នេះ​ លោក​ ហ៊ុន​ សែន​ បាន​ដឹង​ថា ​យុទ្ធ​សាស្រ្ត​ ឌី​ហ្វីត​ មិន​អាច​ស្តារ​ក្រឡា​អុក​បាន​ទេ ​គាត់​ក៏​ចាប់​ផ្តើម​ប្រើ ​ទី១​-​យុទ្ធ​សាស្ត្រ​បន្លាជោះ​បន្លា ដោយ​ការ​វាយ​បង្ក្រាប​មក​លើ​ការ​តវ៉ា​នានា​ ទោះ​រៀប​ចំ​ដោយ​សង្គម​ស៊ីវិល​ក្តី ​ឬ​ប្រ​ជា​ពល​រដ្ឋ​រង​គ្រោះ​ក្តី​ ឬ​គណ​បក្ស​សង្គ្រោះ​ជាតិ​ក្តី ​ព្រោះ​ខ្លាច​ស្ថានការណ៍​រីក​ធំ ហើយ​មិន​អាច​គ្រប់​គ្រង​បាន​ ដែល​នាំ​ឲ្យ​ប៉ះ​ពាល់​ដល់​ជីវិត​នយោ​បាយ​របស់​ខ្លួន​។ ​
ទី២-​យុទ្ធ​សាស្រ្ត ​ដែល​ឆាវឆា​វ​ធ្លាប់​ប្រើ ​គឺ ​«កាប់​សេះ​ឲ្យ​សត្រូវ​ស៊ី​ក្នុង​សមរ​ភូមិ​»វា​ជា​យុទ្ធសាស្ត្រ​ត្រូវ​លះបង់​ធំធេង​ក៏ដោយ​ ក៏​ត្រូវ​លះបង់​ដែរ​ មាន​ន័យ​ថា ​ទោះ​​ដឹង​ថា ​សេះ​ជា​យាន​ជំនិះ ​ឬ​ជា​មធ្យោ​បាយ​សំ​ខាន់​មិន​អាច​ខ្វះ​បាន​នៅ​សមរភូមិ​ក៏​ដោយ ​ក៏​ត្រូវ​លះ​បង់​ដែរ​ ដូច​ជា ​កកែ​បទ​បញ្ជា​ផ្ទៃ​ក្នុង​រដ្ឋសភា​ ដើម្បី​ចែក​រំលែក​អំណាច​នៃ​ក្បាល​ម៉ាស៊ីន​ដឹក​នាំស​ភា​ ដែល​មាន​អនុ​ប្រធា​ន​​​រដ្ឋ​សភា​ ១​ គណៈ​កម្មការ​ជំ​នាញ ​៥ ​អាជ្ញា​ប័ណ្ណ​វិទ្យុ​ទូរទស្សន៍ ​និង​ចុង​ក្រោយ​នេះ ​គឺការ​ទទួ​ល​​ស្គាល់​ប្រមុខ​សំឡេង​ភាគ​តិច​ ឋា​នៈ​ស្មើ​នាយក​រដ្ឋមន្ត្រី ​ខ-​កែ​រដ្ឋ​ធម្ម​នុញ្ញ​ដើម្បី​កំណត់​ គ.​ជ.​ប​ ជា​ស្ថាប័ន​ធម្មនុញ្ញ​ និង​កំណត់​សមា​ស​ភាព​ គ.​ជ.​ប ​ចំនួន​៤​ស្នើ​គ្នា​ ព្រម​ទាំង​រៀប​ចំ​បង្កើ​ត​ឲ្យ​មាន​ច្បាប់​ផ្សេងៗ​បម្រើ​ឲ្យ​ការ​បោះ​ឆ្នោត​និង​កា​ររៀប​ចំ​ គ​.ជ​.ប​ ជា​ដើម​។
ទោះ​ជា​ការ​លះ​បង់​ខាង​លើ ​ខាត​បង់​ធំធេង​ដូច​ជា​ការ​កាប់​សេះ​ឲ្យស​ត្រូវ​ស៊ី​នៅ​សមរភូមិ​ក៏​ដោយ ​លោក​ ហ៊ុន​ សែន​ ក៏​ចំណេញ​មិន​តិច​ដែរ​ ទី១-​ប្រែ​ក្លាយ​សភា​ឯកបក្ស ​ទៅ​ជា​សភា​ពហុបក្ស​ជា​ថ្នូរ​នឹង​ការ​ទទួល​ស្គាល់​ពី​សហគម​ន៍​អន្តរ​ជាតិ​។ ទី២-បញ្ចប់​ការ​ភ័យ​ខ្លាច​ ពី​សំណាក់​ការ​តវ៉ា​របស់​បក្ស​ប្រឆាំង​ដែល​អ្នក​គាំ​ទ្រ​ចេញ​មក​រាប់​សែន​នាក់​។
ទី៣-​មាន​ឱកាស​ស្តារ​ស្ថាន​ភាព ​និង​ប្រជាប្រិយភាព​ឡើង​វិញ​ និង​បាន​ធ្វើ​ឲ្យ​គណ​បក្ស​សង្គ្រោះ​ជាតិ​ធ្លាក់​ប្រជាប្រិយ​ភាព​មិន​តិច​ផង​ដែរ​ ដោយ​ទទួល​រង​នូវ​ «ការ​បាច​អង្កាម​បញ្រ្ចាស់​ខ្យល់»​ ក្នុង​នោះ​អ្នក​គាំ​ទ្រ​ត្រូវ​ចែក​ជា​៣ ​ក្រុម​ទី១: ជា​សកម្ម​ជន​ ហើយ​ស្ម័គ្រ​ស្មោះ​នៅ​បន្ត​គាំ​ទ្រ​ដោយ​ជឿ​លើ​មេ​ដឹក​នាំ​របស់​ខ្លួន​ ក្រុម​ទី២: ជា​អ្នក​គាំទ្រ​ ដែល​បាត់​ជំនឿ​៥០​ភាគ​រយ​ ប៉ុន្តែ​នៅ​រង់​ចាំ​មើល​ថា​តើ​មេដឹក​នាំ​ធ្វើ​អ្វី​ទៀត​និង​ក្រុម​ទី៣: ​ជា​អ្នក​អស់​ជំនឿ ​និង​ខក​ចិត្ត​លែង​គាំទ្រ​ ជា​ពិសេស​ប៉ះពាល់​ដល់​អារម្មណ៍​សប្បុរស​ជន​ ដែល​ជា​ប្រភព​ហិរញ្ញវត្ថុ​ដ៏​ធំ ​សម្រាប់​គណបក្ស​សង្គ្រោះជាតិ​ទៀត​ផង​។
ទោះ​ជា​យ៉ាង​នេះ​ក៏​ដោយ​ សម្រាប់​គណ​បក្ស​សង្គ្រោះ​ជាតិ​ បើ​ប្រៀប​ធៀប​ទៅ​ គឺ​ទទួល​បាន​ផល​ច្រើន​ជាង​ការ​ខាត​បង់​ ដូច​ជា​បាត់​បង់​ប្រាក់​បៀវត្សរ៍​អ្នក​តំណាង​រាស្រ្ត​ ១ ឆ្នាំ​ ដោយ​សារ​ពហិការ ការ​ធ្វើ​ឲ្យ​មាន​ការ​ទទួល​ស្គាល់​រដ្ឋ​សភា​ឡើង​វិញ​ជា​សភា​ពហុបក្ស​ ប៉ុន្តែ​ប្រការ​ដែល​ល្អ​នោះ​ រាជរដ្ឋាភិបាល​ ឬ​គណៈ​រដ្ឋ​មន្ត្រី​ដែល​ដឹក​នាំ​ដោយ​លោក​ ហ៊ុន​ សែន​ សព្វ​ថ្ងៃ​នៅ​តែ​ជា ​រាជរដ្ឋាភិបាល​ដែល​ទទួល​ការ​អនុម័ត​​ផ្តល់​សេចក្តី​ទុក​ចិត្ត​ពី​សភា​ឯកបក្ស ​ដដែល​ បើ​យោង​តាម​រដ្ឋ​ធម្មនុញ្ញ​ ត្រូវ​នាំ​គណៈ​រដ្ឋ​មន្ត្រី​ ទាំង​មូល​មក​ទទួល​ការ​អនុម័ត​ផ្តល់​សេចក្តី​ទុក​ចិត្ត​ពី​សភា​ពេញ​អង្គ​ ដែល​យ៉ាង​តិច​១២០​រូប​។​
រហូត​មក​ដល់​ពេល​នេះ ​ក្រឡា​អុក​លោក​ ហ៊ុន​ សែន​ ទាល់​លែង​មាន​ក្រឡា​ថ្មី​ត្រូវ​ដើរ​ ហើយ​ក៏​គ្មាន​អ្វី​សម្រាប់​ដោះ​ដូរ​ទៀត​ដែរ​ ដូច​នេះ​មួយ​ក្បាច់​ចុង​ក្រោយ ​ត្រូវ​បង្ខំ​ចិត្ត​ប្រើ​ត្រី​បក​មួយ​ ដែល​គាត់​បាន​ប្រឹង​ប្រែង​បក​តាំង​ពី​ដំបូង​ទី​មក​ម្ល៉េះ ​គឺ​ប្រព័ន្ធ​តុលាការ​ តាម​រយៈ​ការ​ពង្រឹង​ក្រុម​ខ្លួន​ និង​បក្ខ​ពួក​ខ្លួន​ ដើម្បី​ក្តោប​ក្តាប់​ប្រព័ន្ធ​នេះ​យ៉ាង​ណែន​ ដែល​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ គាត់​បាន​ប្រឹង​ប្រែង​ភ្លាម​ៗ​ បន្ទាប់​ពី​ឡើង​កាន់​អំណាច​ទាំង​បំពាន​រដ្ឋ​ធម្មនុញ្ញ​កាល​ពី​ខែ​កញ្ញា ​២០១​៣​ ហើយ​ចាប់​ផ្តើម​បង្កើត​ច្បាប់​ ចំនួន ​៣ ​ពាក់​ព័ន្ធ​នឹង​វិស័យ​តុលាការ​ រួមមាន​ ច្បាប់​ស្តី​ពី​លក្ខន្តិកៈ​នៃ​ចៅ​ក្រម​ និង​ព្រះ​រាជ​អាជ្ញា ​ច្បាប់​ស្តីពីការ​រៀប​ចំ​អង្គ​ការ​តុលាការ​ និង​ច្បាប់​ស្តី​ពី​ការ​រៀបចំ ​និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​ឧត្តម​ក្រុម​ប្រឹក្សា​នៃ​អង្គ​ចៅក្រម​។
ច្បាប់​ទាំង​ ៣ ​ក្នុង​វិស័យ​តុលាការ​នេះ ​បាន​ក្លាយ​ជា​កូន​ត្រី​បក​នៃ​ក្រឡា​អុក​របស់​លោក​ ហ៊ុន​ សែន​ ហើយ​បាន​ធ្វើ​ឲ្យ​គាត់​ចាប់​ផ្តើម​ប្រើ​យុទ្ធ​សាស្ត្រ​ថ្មី​ គឺ​យុទ្ធសាស្ត្រ​នី​តិរដ្ឋ ​ដើម្បី​ទប់​ទល់​នឹង​ក្រឡា​អុក​លោក​ សម​ រង្ស៊ី​ និង​លោក​ កឹម​ សុខា ​ដែល​មាន​ក្រឡា​សេះ​ទឹម​។​ ដោយ​សារ​លោក​ ហ៊ុន​ សែន​ អស់​ល្បិច​ ហើយ​ក៏​មិន​ចង់​ចាញ់​ផង​ដែរ​ ប៉ុន្តែ​គ្មាន​ជម្រើស។
បើ​យើង​សម្លឹង​មើល​ឲ្យ​វែង​ឆ្ងាយ​ នេះ​ជា​យុទ្ធសាស្ត្រ​ចុង​ក្រោយ ​និង​មាន​ប្រសិទ្ធភាព​បំផុត​ ព្រោះ​កូន​ត្រី​បក​មួយ​នេះ ​គឺ​ប្រើ​សម្រាប់​ការពារ​ផង ​វាយ​បក​ផង​ និង​ទប់​ស្កាត់​ការ​បោះ​ឆ្នោត​ផង ​មាន​ន័យ​ថា​ លោក​ ហ៊ុន​ សែន​ ត្រូវ​ប្រើ​ប្រាស់​តុលាការ​នេះដើ​ម្បី​ ទី១-​ ការ​ពារ​ខ្លួន​នៅ​ពេល​អស់​អំណាច​ ព្រោះ​បើ​តាម​ច្បាប់​ទាំង​ ៣​ នេះ​ គឺ​លោក​ ឌិត​ មុន្ទី​ គឺជា​ប្រធាន​តុលាការ​កំពូល​អស់​មួយ​ជីវិត​ និង​មាន​ អំណាច​ត្រួត​លើ​ចៅ​ក្រម​នៅ​តុលាការ​គ្រប់​ជាន់​ថ្នាក់ ​និង​ទូទាំង​ប្រទេស​ ហើយ​សព្វ​ថ្ងៃ​គាត់​ជា​អ្វី​នៅ​ក្នុង​ CPP​ និង​មាន​លោក​ស្រី ​ជា ​លាង​ ក៏​ជា​អគ្គ​ព្រះ​រាជ​អាជ្ញា​អម​តុលាការ​កំពូល​អស់​មួយ​ជីវិត​ដែរ ​និង​មាន​អំណាច​ត្រួត​លើ​ព្រះរា​ជ​អាជ្ញា​នៃ​ស្ថាប័ន​អយ្យការ​អម​តុលាការ​គ្រប់​ជាន់​ថ្នាក់​ និង​ទូទាំង​ប្រទេស ​ហើយ​ សព្វ​ថ្ងៃ​គាត់​ត្រូវ​ជា​អ្វី​នៅ​ក្នុង​ CPP​ 
ទី២​-​ វាយ​បក​កម្លាំង​នយោ​បាយ​គណ​បក្ស​ប្រឆាំង​ ដែល​ស្តារ​ឡើង​វិញ​បាន​យ៉ាង​ល្អ ​ក្រោយ​ពី​ព្រម​ចូល​សភា​ ដូច​កន្លង​មក​នេះ ​បាន​ចាប់​តំណាង​រាស្រ្ត ​និង​សកម្ម​ជន​ CNRP​ ដាក់​ពន្ធនា​គារ​ និង​ថ្មីៗ​នេះ​បាន​គំរាម​ចាប់​វិញ​ ទោះ​ជា​មាន​អភ័យ​ឯកសិទ្ធិ​ក៏​ដោយ​ ហើយ​ទាំង​ប្រកាស​ ការ​ធ្វើ​ពហិការ​ ដោយ​មិន​គាំ​ទ្រឲ្យ​សភា​អនុម័ត​សំឡេង​ ៣ ​ភាគ ​៤ ​ដើម្បី​រំលត់​បណ្តឹង​អាជ្ញា ​សម្រាប់​អ្នក​តំណាង​រាស្ត្រ​ជាប់​ពិរុទ្ធ​។
ទី៣-​ ទប់​ស្កាត់​ការ​បោះ​ឆ្នោត​ខាង​មុខ​ ដើម្បី​កុំឲ្យ ​CNRP​ កើន​សំឡេង ​គឺ​ត្រូវ​ធ្វើ​បាប​សកម្ម​ជន​ ឬ​ថ្នាក់​ដឹក​នាំ​មូល​ដ្ឋាន​ បើ​កន្លែង​ណា​ CNRP​ ខ្លាំង ​ត្រូវ​ប្រឌិត​រឿង​សប្បនិម្មិត ​ដើម្បី​ចាប់​ឃុំ​ខ្លួន​តែ​ម្តង​។ ​អាច​ធ្វើ​បាន​ដោយ​ងាយ ​ព្រោះ​ព្រះ​រាជ​អាជ្ញា​នៃ​សាលា​ដំបូង​ខេត្ត-រាជធានី​ទូទាំង​ប្រទេស​ស្ថិត​ក្រោម​ក្រសួង​យុត្តិ​ធម៌​ នេះ​បើ​តាម​អំណាច​ច្បាប់​ថ្មី ​ហើយ​ព្រះ​រាជ​អាជ្ញា​សុទ្ធ​តែ​ជា​មនុស្ស​របស់​បក្ស​ ដូច្នេះ​បក្ស​ឲ្យ​ចោទ​អី គឺ​ត្រូវ​ចោទ​ហ្នឹង ​ហើយ​ចាប់​ខ្លួន​ឃុំ​បណ្តោះ​អា​សន្ន​តែ​ម្តង។
ជា​ការ​ទប់​ទល់​នឹង​ការ​ប្រើ​កូន​ត្រី​បក​របស់​លោក​ ហ៊ុន​ សែន​ ដែល​ជា​ក្រឡា​អុក​ចុង​ក្រោយ​ លោក​ សម​ រង្ស៊ី ​និង​លោក​ កឹម​ សុខា ​ចាំបាច់​ត្រូវ​ប្រើ​កូន​សេះ​ទឹម​របស់​ខ្លួន​ឲ្យ​មាន​ប្រសិទ្ធ​ភាព​ថែម​ទៀត​។ កូន​សេះទី​១​-យន្តការ​សភា ​ទោះ​ក្នុង​អចិន្រៃ្តយ៍ ​ក្នុង​គណៈ​កម្មការ​នានា ​ឬ​សិទ្ធិ​ជា​តំណាង​រាស្ត្រ​ទាំ​ង៥៥​ រុញ​គ្រប់​រឿង​គ្រប់​វិស័យ​ដែល​អាច​បាន។​
ជា​ពិសេស ​និង​បន្ទាន់​នេះ ​ត្រូវ​ស្នើ​ឲ្យ​មាន​កំណែ​ទម្រង់​ប្រព័ន្ធ​តុលាការ​ និង​ធ្វើ​វិសោធនកម្ម​ច្បាប់​ទាំង​ ៣ ​ដើម្បី​ ខ ១-​លើក​ស្ទួយ​យុត្តិធម៌​ជូន​ប្រជា​ពលរដ្ឋ​ និង​ ខ ២-​បំបែក​អង្គការ​ចៅ​ក្រម​ ដោយ​កំណត់​ប្រធាន​តុលា​ការ​កំពូល​ និង​អគ្គ​ព្រះរាជ​អាជ្ញា​ អម​តុលាការ​កំពូល​ ត្រូវ​មាន​អាណត្តិ​ បើ​កាន់​មួយ​ជីវិត​ CNRP​ នឹង​ស្លាប់​មួយ​ជីវិត​ និង​ក៏​ត្រូវ​ជ្រើស​រើស​ ពីចៅ​ក្រម​ទូទាំង​ប្រទេស​ ការ​ធ្វើបែប​នេះ​កុំ​ឲ្យ​មាន​សិទ្ធិ​រៀប​ចំចាត់​តាំង​អង្គការ​តុលាការ​ ដូច្នេះ​ចៅ​ក្រម​ និង​ព្រះ​រាជ​អាជ្ញា​ទាំង​លែង​ស្ម័គ្រ​ស្មោះ​ និង​ពលីកម្ម​ដើម្បី​បក្ស​ដូច​មុន​ទៀត​ហើយ ​និង​មិន​ចង់​ធ្វើ​ជា​សមាជិក​បក្ស​ដូច​មុន​ទៀត​ដែរ​។
កូ​ន​សេះ​ ទី២- យន្ត​ការ​មូល​ដ្ឋាន ដោយ​ប្រើប្រាស់​ឲ្យ​អស់​ធន​ធាន​ និង​មធ្យោបាយ​ ដែល​ទទួល​បាន​ពី​ស្ថាប័ន​ជាតិ​រដ្ឋ​សភា ដូច​នេះ​មេទ័ព​ទាំង​ ២ ​និង​មេទ័ព​រង​ទាំង ​៥៣​ សម្រុក​ចុះ​មូល​ដ្ឋាន​ ដែល​ជា​កម្លាំង​ពិត​ឲ្យ ​CNRP​ ឈ្នះ​គឺ​នៅ​មូល​ដ្ឋាន​ ដោយ​​ពន្យល់​អ្នក​គាំទ្រ​ដែល​ខក​ចិត្ត​ឲ្យ​យល់ ​ហើយ​គាំទ្រ​វិញ អ្នក​រង់​ចាំមើល​ឲ្យ​ជឿ​ហើយ​ចូល​គាំទ្រ​វិញ​។
បើ​ទោះ​ប្រើ​ក្រឡា​កូន​សេះ​ទឹម​នេះ​ បាន​ល្អ​ហើយ​ឈាន​ទៅ​រក​ការ​ជោគ​ជ័យ​ក៏​ដោយ ​ក៏​មិន​ត្រូវ​ភ្លេច​កិច្ច​ទាំង​ឡាយ​ដែល​ចាំបាច់​មួយ​ចំនួន​ត្រូវ​ធ្វើ ​ដើម្បី​ត្រៀម​ខ្លួន​ដើម្បី​ឈ្នះ ​និង​ត្រៀម​ខ្លួន​ដឹក​នាំ​នៅ​ពេល​ឈ្នះ ​ដូច​ជា​កំណែ​ទម្រង់​ផ្ទៃ​ក្នុង​ ពង្រឹង​សមត្ថភាព​មន្រ្តី​ដែល​ត្រៀម​ទៅ​ដឹក​នាំ ​និង​បណ្តុះ​អ្នក​បន្ត​វេន​ឲ្យ​បាន​ច្រើន​ និង​ផ្តល់​ឱកាស​តាម​អាច​ធ្វើ​ទៅ​បាន ដែល​កិច្ចការ​ទាំង​នេះ ​គឺ​អាច​ធានា​ការ​ជោគជ័យ​ដែល​មាន​និរន្តរភាព។
ដូច​នេះ ​អុក​មួយ​ក្តារ​ ដែល​ប្រើ​ត្រី​បក​ ទប់​ទល់​នឹង​សេះ​ទឹម នឹង​បង្ហាញ​លទ្ធផល​ក្នុង​ឆ្នាំ​ ២០១៧​ និង​ ២០១៨ ​ខាង​មុខ​។​ ខ្ញុំ​សូម​ទទួល​យក​ដោយ​រីក​រាយ​ចំពោះ​ការ​ទិតៀន​ ដើម្បី​ស្ថាបនា​ពី​សំណាក់​អស់​លោក​ លោក​ស្រី​ និង​មិត្ត​អ្នក​អាន​ទាំង​អស់​តាម​រយៈ​អ៊ីមែលៈ visal.udom@yahoo.com

ដោយ ​វិសាល ​ឧត្តម

1 comment:

Anonymous said...

ហា ហា​ លេងអុក តាមមើលទៅសង្រ្គោះជាតិដូចគ្មានកូនដើរទេ គេបើកឲ្យស៊ីមិនហ៊ាន ស៊ីផងឃើញទេ គឺកាលពីមុនគេមិនឲ្យបើកទូរទស្សន៍ ដល់គេពេលគេឲ្យបើក តើវាយ៉ាងណា? មើលទៅ ហ៊ុន សែន លេងតែម្នាក់ឯងទេ ហើយវាស៊ីកូនត្រីរបស់សង្រ្គោះជាតិឡើងវិលខ្បុងទៅហើយ ដូចមិនល្អមើលទេអុកនេះ