មន្ត្រីជាន់ខ្ពស់គណបក្សហ៊្វុនស៊ិនប៉ិច នៅថ្ងៃទី៣ ខែធ្នូ នេះ បញ្ជាក់ថា គណបក្សនេះពុំមានការផ្លាស់ប្ដូរជំហរចំពោះកិច្ចសហការរវាងគណបក្សរាជានិយមមួយនេះ និងគណបក្សប្រជាជនកម្ពុជា នោះទេ។
ការលើកឡើងនេះ គឺបន្ទាប់ពីសារព័ត៌មានក្នុងស្រុកផ្សព្វផ្សាយថា មន្ត្រីរបស់គណបក្សនេះភាគច្រើនមានបំណងងាកចេញពីការគាំទ្រគណបក្សប្រជាជនកម្ពុជា ហើយចង់ទៅចូលរួមជាមួយគណបក្សសង្គ្រោះជាតិ វិញ។
អគ្គលេខាធិការគណបក្សហ៊្វុនស៊ិនប៉ិច លោក ញឹក ប៊ុនឆៃ ហៅការអះអាងពីការផ្លាស់ប្ដូរទំនោរទៅរកគណបក្សសង្គ្រោះជាតិ របស់មន្ត្រីក្នុងបក្សថាជារឿងបុគ្គល ដែលមិនឆ្លុះបញ្ចាំងពីនិន្នាការរបស់គណបក្សនេះឡើយ។
ការអះអាងនេះ បន្ទាប់ពីមន្ត្រីជាន់ខ្ពស់គណបក្សហ៊្វុនស៊ិនប៉ិច ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ សេរីរ័ត្ន បានមានបន្ទូលប្រាប់កាសែត ឌឹ ខេមបូឌា ដេលី (The Cambodia Daily) ថា គណៈកម្មាធិការអចិន្ត្រៃយ៍បក្សព្យាយាមបញ្ចប់កិច្ចសហការជាដៃគូជាមួយគណបក្សប្រជាជនកម្ពុជា ដែលមានរយៈពេលពីរទសវត្សរ៍មកហើយនោះ ដើម្បីបើកផ្លូវទៅគាំទ្រគណបក្សសង្គ្រោះជាតិ។ ព្រះអង្គមានបន្ទូលដែរថា ជំហរនេះ គឺជំទាស់ដោយអគ្គលេខាធិការបក្ស គឺលោក ញឹក ប៊ុនឆៃ។
ព្រះអង្គម្ចាស់បញ្ជាក់ដែរថា មានការសម្រេចចិត្តជាយូរមកហើយ គឺនៅក្រោយពេលដែលគណបក្សនេះចាប់ផ្ដើមបាត់បង់អាសនៈដ៏ច្រើនរបស់ខ្លួននៅក្នុងសភា ដែលធ្លាប់សម្រេចថា នឹងលែងជាដៃគូជាមួយគណបក្សប្រជាជនកម្ពុជា តទៅទៀត នៅពេលអាសនៈសភាមានចំនួនទាបជាង១០ ប៉ុន្តែមកដល់ពេលនេះ ពុំមានអាសនៈសោះ បែរជានៅតែមិនទាន់បញ្ចប់កិច្ចសហការជាមួយគណបក្សប្រជាជនកម្ពុជា បាន ដែលនោះ គឺជាជំហររបស់ លោក ញឹក ប៊ុនឆៃ ដែលបន្តធ្វើការជាមួយគណបក្សប្រជាជនកម្ពុជា។
អគ្គលេខាធិការគណបក្សហ៊្វុនស៊ិនប៉ិច លោក ញឹក ប៊ុនឆៃ មានប្រសាសន៍ថា ថ្មីៗនេះគណៈកម្មាធិការអចិន្ត្រៃយ៍បក្សមិនដែលលើកយកបញ្ហានិន្នាការមកពិភាក្សាឡើយ។ លោកថា ក្នុងកិច្ចប្រជុំរបស់គណៈកម្មាធិការអចិន្ត្រៃយ៍បក្សកាលពីថ្ងៃទី២ ធ្នូ ក៏ពុំបានលើកឡើងពីបញ្ហានេះដែរ ប៉ុន្តែបានលើកឡើងពីការកែទម្រង់ផ្ទៃក្នុងបក្សមួយចំនួន ដើម្បីអោយមានប្រជាធិបតេយ្យពិតប្រាកដក្នុងបក្ស។ លោកបញ្ជាក់ថា អ្វីដែលព្រះអង្គម្ចាស់បានលើកឡើង គឺជាគំនិតព្រះអង្គម្ចាស់ មិនឆ្លុះបញ្ចាំងពីនិន្នាការបក្សឡើយ។ បើទោះជាយ៉ាងណា លោក ញឹក ប៊ុនឆៃ អះអាងថា ប្រសិនបើមន្ត្រីភាគច្រើនមានបំណងចង់ផ្លាស់ប្ដូរមែននោះ លោកនឹងធ្វើតាមនីតិវិធីរបស់បក្ស ដោយប្រកាន់យកមតិភាគច្រើនតាមគោលការណ៍ប្រជាធិបតេយ្យ។ លោកថា កិច្ចការធំបែបនេះ ត្រូវឆ្លងកាត់គណៈកម្មការនាយកដែលមានចំនួនជាង ២០០នាក់ ហើយការសម្រេចចិត្ត ត្រូវប្រកាន់យកមតិ ២ភាគ៣។
ស្របគ្នានេះ សេចក្តីប្រកាសព័ត៌មានរបស់គណបក្សហ៊្វុនស៊ិនប៉ិច បញ្ជាក់ថា ក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍កាលពីថ្ងៃទី២ ធ្នូ គឺពុំមានវត្តមានព្រះអង្គម្ចាស់ ស៊ីសុវត្ថិ សេរីរ័ត្ន ឡើយ។
វិទ្យុអាស៊ីសេរី មិនអាចសុំការបញ្ជាក់បន្ថែមពីព្រះអង្គម្ចាស់ ស៊ីសុវត្ថិ សេរីរ័ត្ន បានទេនៅថ្ងៃទី៣ ខែធ្នូ ដោយទូរស័ព្ទមិនចូល។
ករណីនេះ អ្នកជំនាញផ្នែកវិទ្យាសាស្ត្រនយោបាយ លោក សុខ ទូច បញ្ជាក់ថា គឺអាចជារបត់ថ្មី និងចុងក្រោយសម្រាប់គណបក្សហ៊្វុនស៊ិនប៉ិច ដ្បិតគណបក្សនេះត្រូវការផ្លាស់ប្ដូរនិន្នាការដែរ នៅពេលដែលខ្លួនលែងមានអ្វីក្នុងដៃតទៅទៀត។ លោកថា មន្ត្រីក្នុងបក្សអាចផ្លាស់ប្ដូររួចទៅហើយ លើកលែងតែមន្ត្រីដែលជាប់ពាក់ព័ន្ធនឹងតួនាទីជាមួយរដ្ឋាភិបាលប៉ុណ្ណោះ ដែលមិនទាន់ហ៊ានប្រកាសការផ្លាស់ប្ដូរជំហររបស់ខ្លួនជាផ្លូវការ។ លោកថា គណបក្សហ៊្វុនស៊ិនប៉ិច នឹងគួរតែលែងទៅជាបក្សអីបានហើយ ដ្បិតគណបក្សនេះបានចាញ់រហូត តាំងពីខ្ពស់បំផុតរហូតដល់អត់អីសោះ ហើយគណបក្សនេះចាញ់ដោយសារតែឱបគណបក្សកាន់អំណាច។ លោកថា «គណបក្សនេះត្រូវតែដូរទៅរកគណបក្សថ្មីដែលកំពុងមានប្រជាប្រិយភាព»។
លោក ញឹក ប៊ុនឆៃ បញ្ជាក់ថា ក្នុងកិច្ចសហការជាមួយគណបក្សប្រជាជនកម្ពុជា ដែលជាបក្សកាន់អំណាច ធ្វើអោយគណបក្សនេះអាចរក្សាបាននូវមុខតំណែងមួយចំនួនក្នុងជួររដ្ឋាភិបាល សម្រាប់មន្ត្រីបក្សដែលរួមមាន ទីប្រឹក្សារដ្ឋាភិបាល និងអនុរដ្ឋលេខាធិការតាមបណ្ដាក្រសួងនានា៕
2 comments:
Chhay Euy Lmorm Chhup Heuy Touv Chhan Touv !!
CHHKE nIEK BUN CHHAY IS THE ONE WHO HIS HEAD TO YUON AND AKWANG CHHKE YUON.
Post a Comment