A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday, 2 December 2014

Human rights group ADHOC calls on Mondulkiri authority to stop releasing illegal Vietnamese loggers អាដហុក​អំពាវនាវ​ឲ្យ​អាជ្ញាធរ​មណ្ឌលគិរី​ឈប់​ដោះ​លែង​ជនជាតិ​វៀតណាម​កាប់​ឈើ​ក្នុង​ដី​ខ្មែរ

វៀតណាម​កាប់​ឈើ មណ្ឌលគិរី ៦២០
សមត្ថកិច្ច​ខេត្ត​មណ្ឌលគិរី បញ្ជូន​ជនជាតិ​វៀតណាម ដែល​ចូល​ប៉ុនប៉ង​កាប់​ឈើ​ក្នុង​ដី​ខ្មែរ ទៅ​ឲ្យ​អាជ្ញាធរ​វៀតណាម វិញ កាល​ពី​ថ្ងៃ​ទី​២៨ ខែ​វិច្ឆិកា ឆ្នាំ​២០១៤។
Photo Adhoc
ជនជាតិ​វៀតណាម នៅ​តែ​បន្ត​លួច​ឆ្លង​ដែន​ចូល​មក​កាប់​ឈើ​ក្នុង​ដី​ខ្មែរ​ក្នុង​ខេត្ត​មណ្ឌលគិរី។ ចំណែក​សមត្ថកិច្ច ចាត់​វិធានការ​ផ្លូវ​ច្បាប់​កម្រិត​ស្រាល ទាក់ទិន​អំពើ​ល្មើស​ច្បាប់​របស់​ពលរដ្ឋ​វៀតណាម ទាំង​នោះ។ ករណី​នេះ ធ្វើ​ឲ្យ​បទល្មើស​ព្រៃ​ឈើ​ឆ្លង​ដែន​នៅ​តែ​បន្ត​កើត​មាន។
មន្ត្រី​ឃ្លាំ​មើល​បញ្ហា​ព្រៃ​ឈើ​ខេត្ត​មណ្ឌលគិរី នៅ​ថ្ងៃ​ទី​២ ខែ​ធ្នូ អំពាវនាវ​ឲ្យ​អាជ្ញាធរ​ខេត្ត​មណ្ឌលគិរី ឈប់​សម្រប​សម្រួល​ដោះ​លែង​ជនជាតិ​វៀតណាម ដែល​លួច​ឆ្លង​ដែន និង​ប៉ុនប៉ង​ប្រព្រឹត្ត​បទល្មើស​ព្រៃ​ឈើ​ក្នុង​ដី​ខ្មែរ។
ការ​អំពាវនាវ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ស្នងការ​ប៉ូលិស​ខេត្ត​មណ្ឌលគិរី កាល​ពី​ថ្ងៃ​ទី​២៦ ខែ​វិច្ឆិកា ចាប់​បាន​ពលរដ្ឋ​វៀតណាម ៣​នាក់ ឆ្លង​ដែន​តាម​ប៉ុស្តិ៍​ព្រំដែន​វៀតណាម ចំណុច​អូរកាយ៉ា ជិត​ប៉ុស្តិ៍​ការពារ​ព្រំដែន​ខ្មែរ​លេខ​៤​ចាស់ ក្នុង​ឃុំ​ប៊ូស្រា ស្រុក​ពេជ្រាដា។ ជនជាតិ​វៀតណាម ទាំង​នោះ នាំ​មក​ជាមួយ​ម៉ាស៊ីន​កាត់​ឈើ បំណង​មក​អារ​រំលំ​ឈើ​ក្នុង​ដី​ខ្មែរ ហើយ​ដឹក​ជញ្ជូន​ចូល​ទៅ​ប្រទេស​វៀតណាម ក៏ប៉ុន្តែ សមត្ថកិច្ច​ប៉ូលិស​បាន​ដោះ​លែង​ពួក​គេ​វិញ។
មន្ត្រី​សម្រប​សម្រួល​សមាគម​អាដហុក (adhoc) ខេត្ត​មណ្ឌលគិរី លោក សុក រដ្ឋា កត់​សម្គាល់​ថា ជនជាតិ​វៀតណាម ទាំង ៣​នាក់ ត្រូវ​ចាប់​ខ្លួន​ជាមួយ​ម៉ាស៊ីន​កាត់​ឈើ​ស្វ័យ​ប្រវត្តិ ជា​វត្ថុ​តាង​បំណង​មក​ធ្វើ​សកម្មភាព​ល្មើស​ច្បាប់​ក្នុង​ដី​ខ្មែរ។ ហេតុ​នេះ ជនជាតិ​វៀតណាម ទាំង​នោះ ជាប់​ពាក់ព័ន្ធ​បទល្មើស​ឆ្លង​ដែន​ខុស​ច្បាប់ និង​ប៉ុនប៉ង​អារ​រំលំ​ឈើ​ខុស​ច្បាប់។ ពួក​គេ​ត្រូវ​ទទួល​ការ​ផ្ដន្ទាទោស​តាម​ច្បាប់៖ «យើង​ឃើញ​ករណី​ច្រើន​ណាស់ ចំណាត់​ការ​ខាង​ស្នងការ​ក្តី ខាង​រដ្ឋបាល​ព្រៃ​ឈើ​ក្តី ខាង​បរិស្ថាន​ក្តី យក​ចេញ​ពី​ព្រៃ​មក​មែន មាន​ទាំង​វត្ថុ​តាង​បាន​តែ​មួយ​ថ្ងៃ​ពីរ​ថ្ងៃ​ដោះ​លែង»

ពលរដ្ឋ​វៀតណាម ដែល​សមត្ថកិច្ច​ប៉ូលិស​ខេត្ត​មណ្ឌលគិរី ចាប់​ខ្លួន​មាន​ឈ្មោះឡាំ ង៉ុកធូ (Lam Ngoe Thu) ហៅ ធូ ភេទ​ប្រុស អាយុ ៤៣​ឆ្នាំ។ ឈ្មោះ ឡាំ ង៉ុកហា (Lam Ngoe Ha) ហៅ ប៊ែរ ភេទ​ប្រុស អាយុ ៣៨​ឆ្នាំ និង​ឈ្មោះ ឡាំ ង៉ុកយី (Lam ngoe Di) ហៅ ប៊ី ភេទ​ប្រុស អាយុ ៣៣​ឆ្នាំ។ អ្នក​ទាំង​បី​នាក់​ជា​បងប្អូន​បង្កើត​នឹង​គ្នា រស់នៅ​ក្នុង​ក្រុម​១១ ស្រុក​ដាក់មីល ខេត្ត​ដាក់ណុង ប្រទេស​វៀតណាម។ អ្នក​ទាំង​បី​នាក់ ត្រូវ​ប៉ូលិស​បញ្ជូន​ទៅ​ឲ្យ​អាជ្ញាធរ​វៀតណាម វិញ​នៅ​ថ្ងៃ​ទី​២៨ ខែ​វិច្ឆិកា។
ឆ្លើយ​តប​ការ​អំពាវនាវ​នេះ ស្នងការ​ប៉ូលិស​ខេត្ត​មណ្ឌលគិរី លោក ញ៉ែម វ៉ាន្នី អះអាង​ថា ប៉ូលិស​បាន​អនុវត្ត​ត្រឹមត្រូវ​តាម​នីតិវិធី​ទាក់ទិន​ការ​ឃាត់​ខ្លួន និង​ដោះ​លែង​ជនជាតិ​វៀតណាម ដែល​ឆ្លង​ដែន ឬ​ចូល​មក​ដី​ខ្មែរ​ប្រព្រឹត្ត​បទល្មើស​ផ្សេងៗ។ លោក​បញ្ជាក់​ថា ប្រសិន​សមត្ថកិច្ច​រក​ឃើញ​ថា ពលរដ្ឋ​វៀតណាម ពិត​ជា​បាន​ប្រព្រឹត្ត​បទល្មើស​ក្នុង​ដី​ខ្មែរ សមត្ថកិច្ច​ត្រូវ​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​តុលាការ​ដោយ​គ្មាន​ការ​លើក​លែង៖ «អត់​ទេ គ្រាន់​តែ​ឆ្លង​ដែន​ខុស​ច្បាប់ យើង​បញ្ជូន​ទៅ​វៀតណាម វិញ ប៉ុន្តែ​បើ​មាន​ឡាន​មាន​ស្អី​កាប់​ឈើ យើង​អត់​ដែល​សម្រប​សម្រួល​ទេ អ្នក​ចោទ​ហ្នឹង​ខុស​ហើយ»
នៅ​ខេត្ត​មណ្ឌលគិរី ច្រក​ព្រំដែន​សំខាន់ៗ​ដែល​ពលរដ្ឋ​វៀតណាម លួច​ឆ្លង​ចូល​មក​កាប់​ឈើ​ក្នុង​ដី​ខ្មែរ រួម​មាន ច្រក​ដាក់ឡាក់ ក្នុង​ស្រុក​អូរាំង ច្រក​អូររណាវ ឬ​ប៉ុស្តិ៍​៧ និង​ប៉ុស្តិ៍​៨ ស្រុក​ពេជ្រាដា និង​ច្រក​ឡាប៉ាខេ ស្រុក​កែវសីមា។
ទាក់ទិន​ករណី​នេះ​ដែរ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ​ខេត្ត​មណ្ឌលគិរី លោក កែប តក់ បដិសេធ​មិន​ឆ្លើយ​សំណួរ​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី​២ ខែ​ធ្នូ ដោយសារ​លោក​ជាប់​ប្រជុំ។
ទោះ​ជា​យ៉ាង​នេះ​ក្តី មន្ត្រី​អប់រំ​ច្បាប់​នៃ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សហគមន៍ លោក គឹត ទូច ថ្លែង​ថា ជន​បរទេស​ណា​ក៏ដោយ កាល​ណា​ពាក់ព័ន្ធ​បទល្មើស ត្រូវ​តែ​អនុវត្ត​តាម​ច្បាប់​នៃ​ប្រទេស​កម្ពុជា ជាពិសេស​ច្បាប់​ព្រៃ​ឈើ​ទាក់ទិន​ការ​ប្រើប្រាស់​រណារ​យន្ត ត្រូវ​តែ​មាន​វិធានការ​ផ្លូវ​ច្បាប់។ លោក​ចាត់​ទុក​ការ​អនុគ្រោះ​ចំពោះ​ជនជាតិ​វៀតណាម ប្រើប្រាស់​រណារ​យន្ត​ប៉ុនប៉ង​កាប់​ឈើ​ក្នុង​ដី​ខ្មែរ ធ្វើ​ឲ្យ​ការ​អនុវត្ត​ច្បាប់​ព្រៃ​ឈើ​ចុះ​ខ្សោយ និង​ធ្វើ​ឲ្យ​ធនធាន​ព្រៃ​ឈើ​រង​ការ​បំផ្លាញ៖ «អង្គ​ហេតុ​នេះ​ពាក់ព័ន្ធ​ការ​ប្រើប្រាស់​រណារ​យន្ត​ខុស​ច្បាប់ ជនជាតិ​ណា​ក៏ដោយ ត្រូវ​ឋិត​ក្នុង​អំណាច​នៃ​ច្បាប់​ខ្មែរ»
ចាប់​ពី​ដើម​ឆ្នាំ​២០១៤ រហូត​បច្ចុប្បន្ន របាយការណ៍​របស់​មន្ត្រី​អាដហុក​ខេត្ត​មណ្ឌលគិរី ឲ្យ​ដឹង​ថា មាន​ពលរដ្ឋ​វៀតណាម ចូល​កាប់​ឈើ​ក្នុង​ដី​ខ្មែរ​ខុស​ច្បាប់​ក្នុង​ខេត្ត​មណ្ឌលគិរី ប្រមាណ ១២​ករណី។ ក្នុង​នោះ មាន​ករណី​បទល្មើស​ជនជាតិ​វៀតណាម មួយ​ក្រុម​មាន​គ្នា ១៥​នាក់ និង​វត្ថុ​តាង​គោយន្ត​ច្នៃ​ចំនួន ៤​គ្រឿង រណារ​យន្ត ៧​គ្រឿង កាំភ្លើង​ធុន អឹមសី (M16) ១​ដើម ម៉ូតូ ៩​គ្រឿង និង​ឈើ​គគីរ​កាត់​រួច​ប្រមាណ ៤​ម៉ែត្រ​គូប។ ជនជាតិ​វៀតណាម ទាំង​នោះ ត្រូវ​បាន​តុលាការ​ខេត្ត​កាត់​ក្តី​ឲ្យ​ពួក​គេ​ជាប់​ទោស ១​ឆ្នាំ ប៉ុន្តែ​អនុវត្ត​ទោស​ជាប់​ពន្ធនាគារ ៤​ខែ ១៥​ថ្ងៃ។ ចំណែក​ទោស​ដែល​នៅ​សេសសល់ ត្រូវ​ព្យួរ និង​ពិន័យ​ប្រាក់ ១៥​លាន​រៀល៕

1 comment:

Anonymous said...

What the hell!?

Human rights group ADHOC calls on Mondulkiri authority to stop releasing illegal Vietnamese loggers while they demanded Cambodia's authority to help the illegal Montagnard insurgents!?

Is that double standard represent 'human right'