A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday, 26 December 2014

Families of Thong Sarath's bodyguards received death threats ក្រុម​គ្រួសារ​អង្គរក្ស​ថោង សារ៉ាត់ រង​នូវ​ការ​គំរាម

Read this article in English here.
អង្គរក្ស​លោក​ថោង សារ៉ាត់​ដែល​ត្រូវ​បាន​បញ្ជូន​មក​សាកសួរ​នៅ​តុលាការ​កន្លងមក​។
អង្គរក្ស​លោក​ថោង សារ៉ាត់​ដែល​ត្រូវ​បាន​បញ្ជូន​មក​សាកសួរ​នៅ​តុលាការ​កន្លងមក​។ ហេង ជីវ័ន
ភ្នំពេញៈ ក្រុម​គ្រួសារ​អង្គរក្ស​ឧកញ៉ា ថោង សារ៉ាត់ បាន​ឲ្យ​ដឹង​ថា ពួកគេ​បាន​រង​ការ​រើសអើង និង​ការ​គំរាមកំហែង​ដោយ​ប្រយោល​ពី​ជនអនាមិក ខណៈ​ការ​ចូល​បំភ្លឺ​របស់​ជន​ត្រូវ​ចោទ កាលពី​ម្សិលមិញ​នេះ ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​សាលាដំបូង ប្រកាស​លើក​ពេល​សាកសួរ​។
នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​នេះ បន្ទាប់ពី​ការ​កោះ​ហៅ​ចូល​បំភ្លឺ​របស់​ជន​ត្រូវ​ចោទ សៀង វាសនា និង​លី សៅ ពាក់ព័ន្ធ​នឹង​ឃាតកម្ម​សម្លាប់​លោក​ឧកញ៉ា អ៊ឹង ម៉េងជឺ ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ ប្រកាស​ពន្យារ​ពេល​ភ្លាមៗ ហើយ​ជន​ត្រូវ​ចោទ មិន​ត្រូវ​បាន​បញ្ជូន​ខ្លួន​មក​តុលាការ មេធាវី និង​ក្រុម​គ្រួសារ​ជន​ត្រូវ​ចោទ​បាន​អង្គុយ​ចាំ​មុខ​ទ្វារ​បន្ទប់​របស់​ចៅក្រម រង់ចាំ​ការ​បញ្ជាក់​ពី​មូលហេតុ។
ក្នុង​ទឹកមុខ​ស្រងូតស្រងាត់ អ្នកស្រី ប៉ក់ សាន ប្រពន្ធ​ជន​ត្រូវ​ចោទ កូយ ចាន់ថុល បាន​រៀបរាប់​ឲ្យ​ដឹង​ថា បន្ទាប់ពី​ប្តី​របស់​ខ្លួន បាន​រង​ការ​ចោទប្រកាន់​មក ជីវភាព​រស់នៅ​សព្វថ្ងៃ បាន​ប្រឈម​នឹង​ផលវិបាក ដោយ​អ្នកជិតខាង​មិន​សូវ​រាប់រក​ដូច​ពេល​មុន ហើយ​អ្នកស្រី​ផ្ទាល់ ក៏​មិន​សូវ​ហ៊ាន​បង្ហាញ​ខ្លួន​ក្នុង​សង្គម ដោយ​រង​នូវ​ការ​រើសអើង និង​ភាព​ភិតភ័យ​ពី​សុវត្ថិភាព​ផ្ទាល់​ខ្លួន​។
អ្នកស្រី​ថា៖ «យើង​ឮ តៗ​តាម​គេ​ថា បង សៀង វាសនា ត្រូវ​បាន​គេ​បង្ខំ​ឲ្យ​ឆ្លើយ​សារភាព ដោយ​ថា​នឹង​សម្លាប់​ផ្តាច់​ទាំង​ពូជ ហើយ​សូម្បីតែ​ប្តី​របស់​ពួកយើង​ក៏​ដូច​គ្នា ប៉ុន្តែ​ប្តី​ពួកយើង អត់​បាន​ឆ្លើយ​អី​ទេ ហើយ​ពួកយើង​ក៏​មិន​ដែល​បាន​ជួប​ពួកគាត់​ទៀត ធ្វើឲ្យ​យើង​ខ្លាច​មិន​សូវ​ហ៊ាន​និយាយ​អី​ច្រើន​ទេ​កន្លងមក​»។
អ្នកស្រី ណុប លីដា ប្រពន្ធ​ជន​ត្រូវ​ចោទ មាស សម្បត្តិ បាន​និយាយ​ស្រដៀង​គ្នា និង​លើក​ឡើង​ថា អ្នកស្រី និង​ប្តី គឺ​មិន​ដែល​ទទួល​បាន​ប្រាក់កាស​រាប់​ពាន់​ដុល្លារ​ជា​ថ្នូរ​នឹង​ការ​ធ្វើ​សកម្មភាព​សម្លាប់​គេ​អី​នោះ​ទេ​។
អ្នកស្រី​ថា​៖ «យើង​ក្រ​ណាស់​សព្វថ្ងៃ​នេះ ពួកយើង​ស្លូតត្រង់​ណាស់ មិន​បាន​ធ្វើ​អី​ដូច​ការ​ចោទ​ទេ ហើយ​ជាក់ស្តែង ក៏​គ្មាន​ប្រាក់​ឈ្នួល​សម្លាប់​មនុស្ស​អី ដូច​ការ​ចោទប្រកាន់​ដែរ​»។
ចំណែក​អ្នកស្រី ឡុង ដានី ប្រពន្ធ​ជន​ត្រូវ​ចោទ លី សៅ ក៏​បាន​អំពាវនាវ​ដល់​អាជ្ញាធរ​ស្វែងរក​យុត្តិធម៌​ដល់​ពួកគេ វែក​មុខ​ឃាតករ​ពិត​ឲ្យ​បាន​ឆាប់​រហ័ស និង​ស្នើសុំ​ជួប​សួរ​សុខទុក្ខ​ប្តី​របស់​ពួកគេ ដែល​កំពុង​ជាប់​ឃុំឃាំង ព្រោះ​កន្លងមក មាន​តែ​ប្រពន្ធ​របស់​ជន​ត្រូវ​ចោទ សៀង វាសនា តែ​ប៉ុណ្ណោះ ដែល​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​ជួប​ប្តី​របស់​គេ​។ យ៉ាងណា​ក៏ដោយ ការ​រង់ចាំ​នេះ មិន​ឃើញ​មាន​វត្តមាន​របស់​ប្រពន្ធ​ជន​ត្រូវ​ចោទ សៀង វាសនា ដែល​គេ​សង្ស័យ​ថា​ខ្មាន់កំាភ្លើង​នោះ​ទេ​។
បើ​តាម​លោក គា អ៊ាវ មេធាវី​ការពារ​ជន​ត្រូវ​ចោទ ដែល​បាន​ចូល​ជួប​ផ្ទាល់​ជាមួយ​ចៅក្រម​ស៊ើបសួរ​នោះ បាន​ឲ្យ​ដឹង​ថា ការ​លើក​ពេល​នេះ គឺ​ដោយសារ​ចៅក្រម​ជាប់​ធុរៈ ប៉ុន្តែ មិន​ទាន់​បាន​កំណត់​ថ្ងៃ​សាកសួរ​ជាថ្មី​នោះ​ទេ​។
លោក បាន​បន្ត​ថា៖ «នៅ​សប្តាហ៍​ក្រោយ​នេះ ខ្ញុំ​នឹង​ដាក់​ពាក្យ​ស្នើ​ចៅក្រម​បំពេញ​កិច្ច​លើ​នីតិវិធី​មួយ​ចំនួន ជុំវិញ​ភ័ស្តុតាង ចម្លើយ​ជន​ត្រូវ​ចោទ ដែល​នៅ​មាន​ភាពស្រពេចស្រពិល​នៅ​ឡើយ​នោះ​។ ខ្ញុំ​សង្ឃឹម​ថា តុលាការ​នឹង​ធ្វើ​ការងារ​នេះ​ដោយ​យុត្តិធម៌​សម្រាប់​កូនក្តី​ខ្ញុំ​ទាំង អង្គរក្ស​ទាំងនេះ និង​លោក​ឧកញ៉ា​ថោង សារ៉ាត់​ផង​ដែរ​»។
ភ្នំពេញ​ប៉ុស្តិ៍​មិន​អាច​សុំ​ការ​ឆ្លើយតប​ពី​ប្រធាន​មជ្ឈមណ្ឌល​អប់រំ និង​កែប្រែ​ម​១ នៃ​ពន្ធនាគារ​ព្រៃស លោក ស្រ៊ុន លាង និង​ចៅក្រម​ស៊ើបសួរ​សាលាដំបូង លោក លី សុខឡេង បាន​ទេ​។
ជន​ចាប់ចោទ​ទាំង​៤​នាក់​ឈ្មោះ សៀង វាសនា​អាយុ​៤៤​ឆ្នាំ (សង្ស័យ​ជា​ខ្មាន់កាំភ្លើង​)និង​ឈ្មោះ លី សៅ ហៅវី អាយុ​៤៣​ឆ្នាំ (សង្ស័យ​ជា​អ្នក​បើក​ម៉ូតូ​ឌុប​ឃាតករ​)ត្រូវ​បាន​តុលាការ​សម្រេច​ចោទប្រកាន់​ពី​បទ «ឃាតកម្ម​គិត​ទុក​ជា​មុន​» តាម​មាត្រា​២០០​នៃ​ក្រម​ព្រហ្មទណ្ឌ ចំណែក​ឈ្មោះ មាស សម្បត្តិ អាយុ​២៧​ឆ្នាំ​(ជា​អ្នក​បើក​ម៉ូតូ​បិទគូទ) និង​ឈ្មោះ កូយ ចាន់​ថុល អាយុ​២៩​ឆ្នាំ​(ជា​អ្នក​ជិះ​ម៉ូតូ​ពី​ក្រោយ)។
កន្លងទៅ ជន​ជាប់ចោទ​ទាំងនេះ ធ្លាប់​បាន​អះអាង​ថា ពួកគេ ត្រូវ​បាន​នគរបាល​ធ្វើ​ទារុណកម្ម បង្ខំ​ឲ្យ​ឆ្លើយ​សារភាព​នូវ​អ្វី​ដែល​ពួកគេ មិន​បាន​ប្រព្រឹត្ត​ក្តី ប៉ុន្តែ​មន្រ្តី​ប៉ូលិស​បាន​បដិសេធ​ការ​លើក​ឡើង​នេះ។
លោក អ៊ិន បូរ៉ា ប្រធាន​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួង​មហាផ្ទៃ បាន​ឲ្យ​ដឹង​ថា រហូត​មក​ទល់​ពេល​នេះ គឺ​អាជ្ញាធរ​បាន​កំពុង​ប្រឹងប្រែង​តាម​ចាប់​ជន​ត្រូវ​ចោទ ថោង សារ៉ាត់ ដោយ​សង្ឃឹម​នឹង​មាន​តម្រុយ​បន្ថែម​ឆាប់ៗ​នេះ​។
ឆ្លើយតប​ទៅ​នឹង​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន​ដែល​ថា លោក ថោង សារ៉ាត់ ជំពាក់​ប្រាក់​លោក អ៊ឹង ម៉េងជឺ ប្រមាណ ៣០​ម៉ឺន​ដុល្លារ​ថ្លៃ​គ្រឿង​សំណង់​នោះ លោក អ៊ិន បូរ៉ា បាន​ឲ្យ​ដឹង​ដែរ​ថា៖ «នេះ​គ្រាន់តែ​ជា​ដំណឹង យើង​មិន​ទាន់​ដឹង​ច្បាស់​ទេ ទាល់តែ​ចាប់​ជន​ត្រូវ​ចោទ​បាន​សួរ​នាំ​ទើប​ដឹង​»៕

No comments: