A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday, 25 December 2014

Ethnic Phnong people in Mondulkiri accused a Vietnamese company of grabbing their land and destroying the forests ជនជាតិ​ព្នង​នៅ​មណ្ឌលគិរី​ចោទ​ក្រុមហ៊ុន​វៀតណាម​ថា​រំលោភ​យក​ដី​និង​កាប់​បំផ្លាញ​ព្រៃ

ជម្លោះ​ដីធ្លី មណ្ឌលគិរី ៦២០
ក្រុម​មន្ត្រី​សិទ្ធិ​មនុស្ស​នៃ​ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស និង​មន្ត្រី​សមាគម​អាដហុក (Adhoc) ខេត្ត​មណ្ឌលគិរី អង្កេត​សកម្មភាព​ប្រជាពលរដ្ឋ​ភូមិ​ចក់ចារ ឃុំ​ស្រែឈូក ស្រុក​កែវសីមា ខេត្ត​មណ្ឌលគិរី បោះ​បង្គោល​សង់​រោង​នៅ​ចំណុច​អូរតាយ៉ង កាល​ពី​ថ្ងៃ​ទី​១៧ ខែ​ធ្នូ ឆ្នាំ​២០១៤។
Photo Adhoc
ប្រជាពលរដ្ឋ​ជនជាតិ​ដើម​ភាគ​តិច​ព្នង ជាង ២០០​គ្រួសារ នៅ​ភូមិ​ចក់ចារ ឃុំ​ស្រែឈូក ស្រុក​កែវសីមា ខេត្ត​មណ្ឌលគិរី អំពាវនាវ​ឲ្យ​ជួយ​ទប់ស្កាត់​ការ​រំលោភ​យក​ដី និង​ការ​កាប់​បំផ្លាញ​ព្រៃ​សហគមន៍​ពី​សំណាក់​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​វៀតណាម ឈ្មោះ ប៊ិញ ភឿក ១ (Bin Phoeuk 1)។
ប្រជាពលរដ្ឋ​ព្នង នៅ​ភូមិ​ចក់ចារ កំពុង​មាន​កង្វល់​ទៅ​នឹង​ការ​បាត់​បង់​ដីធ្លី​ចម្ការ​វិល​ជុំ​អ្នក​ភូមិ ដែល​ធ្លាប់​កាប់​ឆ្ការ​ធ្វើ​ស្រែ​ដាំ​ស្រូវ ក៏ប៉ុន្តែ​ដី​នោះ​ត្រូវ​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​ឈូស​ឆាយ​យក ដោយ​សំអាង​ថា​ជា​ដី​រដ្ឋ​បាន​ផ្តល់​សម្បទាន​សេដ្ឋកិច្ច​ដល់​ក្រុមហ៊ុន។
កាល​ពី​ថ្ងៃ​ទី​២២ ខែ​ធ្នូ កង​កម្លាំង​ចម្រុះ​អាជ្ញាធរ​ខេត្ត​មណ្ឌលគិរី រួម​ទាំង​មន្ត្រី​ស្ថាប័ន​អយ្យការ​តុលាការ​ខេត្ត បាន​ចុះ​រុះរើ​បង្គោល​របង​ព្រំ​ដី​ជាង ១០០​បង្គោល និង​រុះរើ​ដុត​រោង​ប្រក់​សំពត់​កៅស៊ូ​របស់​អ្នក​ភូមិ​ជាង ១០០​រោង បន្ទាប់​ពី​អ្នក​ភូមិ​លើក​គ្នា​ទៅ​បោះ​ទីតាំង​កំណត់​ព្រំ​ដី​សហគមន៍​ជា​ឯកតោ​ភាគី ដោយសារ​តែ​អ្នក​ភូមិ​មិន​ទទួល​យក​ចំណាត់​ការ​របស់​អាជ្ញាធរ​ស្រុក ដែល​លម្អៀង​ក្នុង​ការ​ដោះស្រាយ​ការ​តវ៉ា​របស់​អ្នក​ភូមិ​ជាមួយ​ក្រុមហ៊ុន។
តំណាង​អ្នក​ភូមិ លោក ម៉ម សារ៉ុត រៀបរាប់​ថា មន្ត្រី​មូលដ្ឋាន​ភូមិ​ឃុំ​បាន​ចុះ​ហត្ថលេខា​ផ្តល់​ដី ដែល​អ្នក​ភូមិ​ប្រើប្រាស់​ជា​លក្ខណៈ​ប្រពៃណី​ជនជាតិ​ដើម​ភាគ​តិច ទៅ​លើ​គម្រោង​ស្នើ​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​ក្រុមហ៊ុន ប៊ិញ ភឿក ដោយ​មិន​បាន​ពិគ្រោះ​យោបល់​ជាមួយ​សហគមន៍។ ករណី​នេះ អ្នក​ភូមិ​បាន​តវ៉ា​ជាច្រើន​លើក និង​ជាពិសេស​សហគមន៍​បាន​ប្ដឹង​ទៅ​មន្ត្រី​ស្ថាប័ន​រដ្ឋសភា ឲ្យ​ជួយ​អន្តរាគមន៍​កាត់​ដី​មាន​ផល​ប៉ះពាល់ ប្រគល់​ឲ្យ​អ្នក​ភូមិ​វិញ ក៏ប៉ុន្តែ​ច្រើន​ឆ្នាំ​កន្លង​ទៅ​នេះ អ្នក​ភូមិ​មិន​ទាន់​ទទួល​បាន​យុត្តិធម៌​ក្នុង​បញ្ហា​នេះ​នៅ​ឡើយ។ បន្ថែម​លើ​នេះ​ទៀត ក្រុមហ៊ុន​វៀតណាម មួយ​នេះ​បាន​គំរាម​កំហែង​ស្មារតី​សកម្មជន មិន​ឲ្យ​ចេញ​មុខ​តវ៉ា​ប្រឆាំង​ក្រុមហ៊ុន៖ «ខាង​ក្រុមហ៊ុន​គេ​សម្បទាន​ដី​គេ​ឈូស​ឆាយ​ដី​ហ្នឹង​ហើយ ប៉ុន្តែ​អ្នក​រក​ស៊ី​ឈើ​ក្នុង​ក្រុមហ៊ុន​ហ្នឹង​មាន​ខ្មែរ​មាន​វៀតណាម កាប់​បំផ្លាញ​ព្រៃ​ឈើ​ជុំវិញ​សហគមន៍»
ក្រសួង​កសិកម្ម កាល​ពី​ឆ្នាំ​២០១០ បាន​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ជាង ៥​ពាន់​ហិកតារ ទៅ​ឲ្យ​ក្រុមហ៊ុន ប៊ិញ ភឿក ១ សម្រាប់​វិនិយោគ​ដំណាំ​កសិឧស្សាហកម្ម។ បន្ទាប់​មក ក្រុមហ៊ុន​បាន​ឈូស​ឆាយ​បង្ក​ផល​ប៉ះពាល់​ដល់​ដី​ស្រែ​ចម្ការ​វិល​ជុំ​អ្នក​ភូមិ​ជាង ៣០០​ហិកតារ ដោយ​គ្មាន​ការ​ទទួល​ខុស​ត្រូវ។
សមាជិក​សហគមន៍​មួយ​រូប​ទៀត គឺ​លោក អាត់ ទុំ កត់​សម្គាល់​ថា ក្រៅ​ពី​ឈូស​ឆាយ​យក​ដី​សហគមន៍​ក្រុមហ៊ុន បាន​បង្ក​ឱកាស​ឲ្យ​ឈ្មួញ​ពី​ខាង​ក្រៅ​ចូល​កាប់​ឈើ​មូល​ក្នុង​ព្រៃ​ការពារ​សហគមន៍​បន្ត​ទៀត ធ្វើ​ឲ្យ​ប៉ះពាល់​បរិស្ថាន​ធម្មជាតិ និង​ការ​អភិរក្ស​ព្រៃ​ឈើ​របស់​សហគមន៍។ លោក​ថ្លែង​ថា ទាំងអស់​នេះ​បង្ក​ឲ្យ​មាន​ការ​ប៉ះពាល់​សិទ្ធិ​រស់នៅ និង​ប្រពៃណី​វប្បធម៌​ជនជាតិ​ដើម​នៅ​តំបន់​កាន់​តែ​ធ្ងន់ធ្ងរ​ឡើង៖ «ធ្វើ​រោង​កាយ​អស់​រលីង ដុត​អស់​រលីង ក្រុមហ៊ុន​ពី​ម្សិលមិញ។ តវ៉ា​ហ្នឹង​ប្រជាពលរដ្ឋ ១៥០​គ្រួសារ​ជាង ពួក​ខ្ញុំ​ទាំងអស់​គ្នា​អស់​សង្ឃឹម យប់​មិញ​ថា​តស៊ូ​ទាំងអស់​គ្នា។ ពួក​ខ្ញុំ​មិន​ព្រម​ទេ ព្រោះ​ដី​ហ្នឹង​ជា​ដី​ចម្ការ​វិល​ជុំ​ជនជាតិ​ដើម​ភាគ​តិច»

កាល​ពី​ថ្ងៃ​ទី​១៤ ខែ​ធ្នូ អាជ្ញាធរ​ស្រុក​កែវសីមា បាន​ព្យាយាម​ចុះ​ដោះស្រាយ​ការ​តវ៉ា​របស់​អ្នក​ភូមិ​ចក់ចារ ក៏ប៉ុន្តែ​អ្នក​ភូមិ​អះអាង​ថា ដំណោះស្រាយ​របស់​អាជ្ញាធរ​ស្រុក​លម្អៀង​ខាង​ក្រុមហ៊ុន គឺ​អាជ្ញាធរ​បាន​សម្រប​សម្រួល​ឲ្យ​ក្រុមហ៊ុន​កាយ​ប្រឡាយ​ព័ន្ធ​យក​ដី​ល្អ ហើយ​ទុក​ដី​ថ្ម​ឲ្យ​អ្នក​ភូមិ។
វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី​២៣ ខែ​ធ្នូ មិន​អាច​ទាក់ទង​តំណាង​ក្រុមហ៊ុន ប៊ិញ ភឿក ១ សុំ​បំភ្លឺ​ការ​ចោទ​ប្រកាន់​នេះ​បាន​ទេ។
ក៏ប៉ុន្តែ អភិបាល​ស្រុក​កែវសីមា លោក ស៊ិន វណ្ណវុឌ្ឍ មាន​ប្រសាសន៍​បញ្ជាក់​ថា ដី​ដែល​ប្រជាពលរដ្ឋ​ចោទ​ថា​ក្រុមហ៊ុន​ឈូស​ឆាយ គឺ​ជា​ដី​ព្រៃ​រដ្ឋ​បាន​សម្បទាន​ទៅ​ឲ្យ​ក្រុមហ៊ុន។ ដី​តំបន់​នោះ ក្រុមហ៊ុន​បាន​ឈូស​ឆាយ​រួច​ហើយ ក៏ប៉ុន្តែ​ប្រជាពលរដ្ឋ​មួយ​ចំនួន​បាន​នាំ​គ្នា​ទៅ​សង់​រោង​ចាប់​យក​ដី ហេតុ​នេះ​សមត្ថកិច្ច​ខេត្ត​សម្រេច​រុះរើ​រោង​នោះ​ចេញ។ លោក​អះអាង​ថា កន្លង​ទៅ​នេះ ប្រធាន​រដ្ឋសភា បាន​ធ្វើ​លិខិត​អន្តរាគមន៍​មក​អាជ្ញាធរ​ខេត្ត​ជួយ​ពិនិត្យ​ដោះស្រាយ​ការ​តវ៉ា​របស់​អ្នក​ភូមិ។ ហេតុ​នេះ អាជ្ញាធរ​ស្រុក រួម​ទាំង​មន្ត្រី​ជំនាញ​ព្រៃ​ឈើ និង​ក្រុមហ៊ុន បាន​កាត់​ចេញ​ដី​ជាង ៣០០​ហិកតារ ប្រគល់​ជូន​អ្នក​ភូមិ។ លោក​កត់​សម្គាល់​ទៀត​ថា សហគមន៍​មួយ​ចំនួន​ធំ និង​មន្ត្រី​ភូមិ​ឃុំ បាន​យល់​ព្រម​ទទួល​យក​ដំណោះស្រាយ​នេះ ក៏ប៉ុន្តែ​នៅ​សល់​ប្រជាពលរដ្ឋ​ប្រមាណ ៦​គ្រួសារ មិន​យល់​ព្រម និង​បន្ត​ធ្វើ​ការ​តវ៉ា និង​មាន​ប្រជាពលរដ្ឋ​មក​ពី​ភូមិ​ផ្សេង​ទៀត​ចូលរួម​តវ៉ា ដើម្បី​ចូល​កាន់​កាប់​ដី​ដែល​ក្រុមហ៊ុន​បាន​ឈូស​ឆាយ​រួច។ លោក​បដិសេធ​ថា​មិន​បាន​ដឹង​ពី​ករណី​អ្នក​ភូមិ​ចោទ​ក្រុមហ៊ុន ថា​រំលោភ​កាប់​ឈើ​មូល​ក្នុង​ព្រៃ​សហគមន៍​នោះ​ឡើយ ក៏ប៉ុន្តែ​លោក​ទទួល​ស្គាល់​ថា ក្រុមហ៊ុន​បាន​ប្រគល់​សិទ្ធិ​ប្រមូល​ផល​ព្រៃ​ឈើ​ក្នុង​ដី​សម្បទាន ទៅ​ឲ្យ​ក្រុម​ម៉ៅការ​ឈូស​ឆាយ​ប្រមូល​ផល​ឈើ និង​បង់​ពន្ធ​ចូល​ថវិកា​ជាតិ៖ «ដី​ដែល​មាន​ទំនាស់ គឺ ៥០០​ហិកតារ បាន​ដោះស្រាយ​ទៅ​ឲ្យ​ក្រុមហ៊ុន ១២៥​ហិកតារ និង​ប្រគល់​ឲ្យ​ប្រជាពលរដ្ឋ ៣៧៥​ហិកតារ។ យើង​ពិនិត្យ​ទៅ​ប្រហែល ៦​គ្រួសារ​ទេ ប៉ុន្តែ​មាន​ប្រជាជន​នៅ​ខាង​ក្រៅ​មក​ចូលរួម​ដែរ ដើម្បី​ចង់​បាន​ចំណែក​ដែរ»
កាល​ពី​ខែ​កុម្ភៈ ឆ្នាំ​២០១៤ ប្រធាន​រដ្ឋសភា លោក ហេង សំរិន បាន​ធ្វើ​លិខិត​អន្តរាគមន៍​ឲ្យ​អាជ្ញាធរ​ខេត្ត​មណ្ឌលគិរី ពិនិត្យ​ករណី​បណ្ដឹង​តវ៉ា​របស់​ពលរដ្ឋ​ជាង ២០០​គ្រួសារ ដែល​ស្នើសុំ​ឲ្យ​រដ្ឋសភា​ជួយ​រក​យុត្តិធម៌​ពី​ការ​រំលោភ​យក​ដី​ពី​សំណាក់​ក្រុមហ៊ុន ប៊ិញ ភឿក ១ និង​រាយការណ៍​ពី​លទ្ធផល​នៃ​ដំណោះស្រាយ​មក​សភា​វិញ។
ទាក់ទិន​ការ​ចោទ​ប្រកាន់​របស់​ពលរដ្ឋ​ព្នង ភូមិ​ចក់ចារ មន្ត្រី​អង្កេត​សមាគម​អាដហុក (Adhoc) ខេត្ត​មណ្ឌលគិរី លោក អៀង ម៉េងលី ចាត់​ទុក​ការ​តវ៉ា​របស់​ពលរដ្ឋ ថា​ជា​សិទ្ធិ​ស្រប​ច្បាប់​របស់​ពលរដ្ឋ។ ចំណែក​អាជ្ញាធរ​មាន​ភារៈ​ជួយ​ដោះស្រាយ​កង្វល់​របស់​ពលរដ្ឋ។ លោក​បន្ត​ថា ការ​ប្រើ​កង​កម្លាំង​ទៅ​រុះរើ​រោង​ប្រជាពលរដ្ឋ មិន​មែន​ជា​ទង្វើ​សមស្រប​ក្នុង​ការ​ស្វែងរក​ដំណោះស្រាយ​ជូន​ប្រជាពលរដ្ឋ​នោះ​ឡើយ៖ «គាត់​ជួប​បញ្ហា​ឈូស​ឆាយ​ហ្នឹង គាត់​មិន​យល់​ព្រម​ជាមួយ​ក្រុមហ៊ុន​ទេ។ បញ្ហា​ដែល​អាជ្ញាធរ​ដោះស្រាយ​ដី​ចំនួន ៣៧៥​ហិកតារ នៅ​ក្បែរ​ភូមិ​គាត់​ថា​សុទ្ធតែ​ដី​ថ្មី​មិន​អាច​ទទួល​យក​បាន​ទេ»
សហគមន៍​ព្នង ភូមិ​ចក់ចារ មាន​ប្រជាពលរដ្ឋ​ជនជាតិ​ជាង ២០០​គ្រួសារ បាន​នាំ​គ្នា​តាំង​ទីលំនៅ​ក្នុង​តំបន់​ព្រៃស្រោង ក្នុង​ឃុំ​ស្រែឈូក ស្រុក​កែវសីមា ក្នុង​នោះ​ដែរ​ពលរដ្ឋ​ខ្មែរ​ប្រមាណ ៣០​គ្រួសារ ក៏​បាន​ចូល​ជា​សមាជិក​សហគមន៍​នៅ​តំបន់​នោះ និង​ប្រកប​របរ​ធ្វើ​ចម្ការ​វិល​ជុំ​ចិញ្ចឹម​ជីវភាព​ក្រុម​គ្រួសារ។ តំណាង​អ្នក​តវ៉ា​ចំនួន ៥​នាក់ បាន​ធ្វើ​ដំណើរ​ទៅ​ទីក្រុង​ភ្នំពេញ​ជាង​មួយ​សប្ដាហ៍​ហើយ ដើម្បី​ធ្វើ​ការ​តវ៉ា​នៅ​ថ្នាក់​ជាតិ ឲ្យ​ក្រុមហ៊ុន​ប្រគល់​ដី​ជូន​ពលរដ្ឋ​ប្រកប​របរ​ចិញ្ចឹម​ជីវិត​ដូច​ធម្មតា​វិញ៕

No comments: