ស្ថាប័នសភាដែលជាស្ថាប័នកំពូលរបស់រដ្ឋ ក្នុងការតាក់តែង និងអនុម័តសេចក្ដីព្រាងច្បាប់ផ្សេងៗ សម្រាប់ឲ្យរដ្ឋាភិបាលអនុវត្ត និងជាស្ថាប័នបែងចែកថវិកាជាតិសម្រាប់ស្ថាប័ននីមួយៗប្រើប្រាស់នោះ ត្រូវបានគេរកឃើញថា ស្ថាប័ននេះមានភាពមិនប្រក្រតីក្នុងការប្រើប្រាស់ថវិកា និងដាក់សែស្រឡាយរបស់ខ្លួននៅកន្លែងចាយវាយរបស់សភា ដើម្បីបិទបាំងការចំណាយ ឬអាចថាជាចំណាយជាប់ទាក់ទងនឹងអំពើពុករលួយ។
អនុប្រធានគណៈកម្មការទី២នៃរដ្ឋសភា គ្រោងនឹងបង្កើតគណៈកម្មការមួយ ដើម្បីធ្វើការស៊ើបអង្កេតទៅលើការប្រើប្រាស់ថវិការបស់ស្ថាប័នសភា ក្នុងរយៈពេល ១០ឆ្នាំកន្លងមកនេះ និងស្វែងរកឲ្យឃើញនូវភាពមិនប្រក្រតីក្នុងការប្រើប្រាស់ថវិកា និងបក្ខពួកនិយម។
អនុប្រធានទី២នៃរដ្ឋសភា គឺគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងសវនកម្មនៃរដ្ឋសភា លោក សុន ឆ័យ មានប្រសាសន៍ថា នៅក្នុងរយៈពេល ១០ឆ្នាំមកនេះ ស្ថាប័នសភាបានប្រើប្រាស់ថវិកាមានភាពមិនប្រក្រតីជាច្រើន ដូចជា ការទិញម៉ាស៊ីនថតចម្លង (Printer) មួយតម្លៃ ៣ម៉ឺន ៥ពាន់ដុល្លារសហរដ្ឋអាមេរិក និងការចំណាយផ្សេងៗទៀត៖ «គឺសម្ភារៈមិនចាំបាច់ហ្នឹង ឥឡូវថាត្រូវការទិញការពាររន្ទះបាញ់ថែមទៀត តែសភាដូចជាអត់មានរន្ទះបាញ់ផង ព្រោះបង្គោលការពាររន្ទះមួយៗមានជាង ១ម៉ឺនដុល្លារ គ្រាន់តែបង្គោលដង្កោមមួយមានតម្លៃជាង ២ម៉ឺនដុល្លារ ហើយមិនដឹងធ្វើអំពីបញ្ហាអី ដូចបានបញ្ជាក់ថា គ្រាន់តែវិស័យទូរគមនាគមន៍ គ្រាន់តែចាយរាប់រយលានរៀលជាង ៥០០លានរៀល»។
របាយការណ៍ចំណាយឆ្នាំ២០១៤ និងគ្រោងចំណាយឆ្នាំ២០១៥ ដែលវិទ្យុអាស៊ីសេរី ទទួលបាន គឺថវិកាដែលសភាប្រើប្រាស់ឆ្នាំ២០១៤ មានជាង ២៩លានដុល្លារសហរដ្ឋអាមេរិក និងគ្រោងចំណាយក្នុងឆ្នាំ២០១៥ ជាង ៤៣លានដុល្លារសហរដ្ឋអាមេរិក។
នៅក្នុងរបាយការណ៍នេះបានរៀបរាប់ការទិញសម្ភារៈផ្សេងៗ ដូចជា ការចំណាយលើប្រេងឥន្ធនៈ និងប្រេងរំអិលសម្រាប់ថ្នាក់ដឹកនាំគណៈកម្មការ និងបេសកកម្ម ១លាន ២សែនដុល្លារ សម្ភារៈផ្គត់ផ្គង់សម្អាត និងអនាម័យជាង ៤ម៉ឺន ៣ពាន់ដុល្លារ សម្ភារៈផ្គត់ផ្គង់ផ្នែករដ្ឋបាលជាង ៦សែនដុល្លារសហរដ្ឋអាមេរិក និងសម្ភារៈផ្សេងៗទៀត។ នៅក្នុងរបាយការណ៍នេះ មិនបានរាយនាមមុខទំនិញ និងដាក់តម្លៃនីមួយៗនោះទេ ភាគច្រើនដាក់រួម។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងអគ្គលេខាធិការរដ្ឋសភា លោក ឡេង ប៉េងឡុង ដើម្បីសួរអំពីបញ្ហានេះបានទេ នៅថ្ងៃទី១៦ តុលា។ តែអគ្គលេខាធិការរងនៃរដ្ឋសភា លោក ហ៊ូយ វុត្ថា មានប្រសាសន៍យ៉ាងខ្លីថា លោកមិនដឹងទេអំពីការចំណាយទាំងនេះ៖ «ខ្ញុំអត់មានដឹងទេ អ្នកណាចេះតែថាហ្នឹង មានឯកសារមកពីអ្នកណា? ជួនកាលច្រឡំទេ ដូចថាម៉ាស៊ីនព្រីនអ៊ីចឹង តាមពិតម៉ាស៊ីនបោះពុម្ពដល់ភាសាខ្មែរ ថាម៉ាស៊ីនព្រីនអ៊ីចឹងទៅ ដល់ទៅដល់ម៉ាស៊ីនបោះពុម្ពវាថ្លៃ»។
លោក សុន ឆ័យ អះអាងថា លោកនឹងស្នើ លោក ជាម យៀប ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងសវនកម្មនៃរដ្ឋសភា បង្កើតគណៈកម្មការមួយដើម្បីធ្វើការស៊ើបអង្កេតអំពីការចំណាយទាំងនេះ។ លោកបញ្ជាក់ថា ក្រៅពីការចំណាយ ក៏មានដាក់កូនក្មួយបម្រើការនៅអគ្គនាយកដ្ឋានហិរញ្ញវត្ថុដែរ។ លោក សុន ឆ័យ បានរៀបរាប់ថា លោក មិត ការ៉េន ដែលជាអតីតអគ្គនាយកហិរញ្ញវត្ថុ និងរដ្ឋបាលនោះ គឺដាក់កូនប្រសាលោកជាអគ្គនាយករង។ តែបច្ចុប្បន្ន កូនប្រសាលោក ឈ្មោះ ហុង វិចិត្រ បានឡើងជំនួសរូបលោក បន្ទាប់ពីលោកផ្លាស់ចេញទៅជាអគ្គលេខាធិការរងនៃរដ្ឋសភា និងប្អូនបង្កើត កូនក្មួយជាច្រើនទៀត។ លោក សុន ឆ័យ អំពាវនាវឲ្យស្ថាប័នប្រឆាំងអំពើពុករលួយ ចុះធ្វើការស៊ើបអង្កេតអំពីបញ្ហានេះ៖«ហើយគាត់មានប្អូនបង្កើតមួយឈ្មោះ មិត ទីមាន ជាប្រធាននាយកដ្ឋានសវនកម្មផ្ទៃក្នុង អាហ្នឹងជាបញ្ហាមួយហើយ វាមិនដែលឲ្យបងជាអ្នកចាយវាយ ហើយអ្នកស៊ើបអង្កេតលើការចាយវាយជាប្អូនបង្កើតអ៊ីចឹងទេ ហើយក៏មានប្អូនថ្លៃដែរ ប្អូនថ្លៃមួយជាប្រធាននាយកដ្ឋានបុគ្គលិក ហើយបញ្ហាបុគ្គលិកជាបញ្ហាធំដែរ ខ្លួនខ្ញុំធ្លាប់ស្នើសុំបញ្ជីឈ្មោះបុគ្គលិក ឥឡូវមានប្រកាសថាមាន ១.៣៥០នាក់»។
លោក សុន ឆ័យ លើកឡើងថា បើសិនជាបោសសម្អាតអំពើពុករលួយទាំងនេះបាន នឹងយកថវិកាទាំងនេះទៅរៀបចំការិយាល័យតំណាងរាស្ត្រនៅតាមបណ្ដាខេត្តនីមួយៗវិញ ព្រោះការិយាល័យតំណាងរាស្ត្រទាំងនោះគ្មានបុគ្គលិកធ្វើការ និងបិទទ្វារស្ទើរតែទាំងអស់៕
No comments:
Post a Comment