វ៉ាស៊ីនតោន—
សកម្មជនសិទ្ធិមនុស្សខ្មែរអាមេរិកាំង ឡាវអាមេរិកាំង និងម៉ុងតាញ៉ា បានមកជួបជុំគ្នាជាលើកដំបូងក្នុងតំបន់រដ្ឋធានីវ៉ាស៊ីនតោនកាលពីថ្ងៃសៅរ៍និងថ្ងៃអាទិត្យដើម្បីពិភាក្សាពីការរំលោភសិទ្ធិមនុស្សប្រព្រឹត្តដោយប្រទេសវៀតណាមមកលើសហគមន៍របស់ពួកគេ។ (ចុចមើលកម្រងរូបថតត្រងនេះ)
ពួកគេស្នើសុំឱ្យសហគមន៍អន្តរជាតិដាក់សម្ពាធមកលើប្រទេសវៀតណាមដើម្បីបញ្ឈប់នូវអ្វីដែលពួកគេហៅថាជា«សកម្មភាពឧក្រិដ្ឋក្នុងការធ្វើអាណានិគមបែបថ្មី»មកលើប្រទេសឡាវ និងកម្ពុជា។
នេះគឺជាសន្និសីទលើកទីមួយដែលសហគមន៍ខ្មែរអាមេរិកាំងបានធ្វើរួមគ្នាជាមួយនឹងសហគមន៍ឡាវ និងម៉ុងតាញ៉ាដោយសារពួកគេយល់ថាមានការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរប្រព្រឹត្តឡើងដោយរដ្ឋាភិបាលកុម្មុយនិស្តវៀតណាមមកលើជនជាតិដើមភាគតិចនិងដើម្បីបង្ហាញពីការធ្វើអាណានិគមបែបថ្មីមកលើប្រទេសកម្ពុជានិងឡាវ។
លោកសម ថាវីអ្នករៀបចំសន្និសីទបានបញ្ជាក់ប្រាប់ VOA ថាគំរូនៃការលេបយកតំបន់គ្រីម៉េពីប្រទេសអ៊ុយក្រែនចូលទៅក្នុងប្រទេសរុស្ស៊ីកាលពីពេលថ្មីៗនេះធ្វើឱ្យសកម្មជនមានការព្រួយបារម្ភពីអនាគតកម្ពុជានិងឡាវ៖
«យើងទាំងអស់គ្នាមានការព្រួយបារម្ភដោយយកឧទាហរណ៍នៅប្រទេសអ៊ុយក្រែនគឺឧទាហរណ៍តំបន់គ្រីម៉េតែម្តង។ ជាក់ស្តែងដោយសារឃើញប្រទេសវៀតណាមដែលមានពលរដ្ឋច្រើនជាងប្រទេសកម្ពុជា ប្រទេសឡាវហើយនឹងជនជាតិដើមដែលមានខ្មែរកម្ពុជាក្រោម មង និងម៉ុងតាញ៉ាទាំងអស់មានការរងគ្រោះ ដោយសារតែប្រទេសវៀតណាមដែលកំពុងតែហូរចូលមកស្រុកយើងទាំងអស់គ្នាដូច្នេះយើងចង់បានការទាមទារសិទ្ធិសេរីភាពចង់បង្ហាញអំពីផលវិបាកនៃលទ្ធិកុម្មុយនិស្តវៀតណាមដែលហូរចូលមកក្នុងស្រុកយើងទាំងអស់គ្នាហើយយើងមិនបានទទួលសេរីភាព អធិបតេយ្យភាពនិងឯករាជ្យភាពប្រទេសយើងនិមួយៗ»។
សហគមន៍ខ្មែរនិងឡាវនៅសហរដ្ឋអាមេរិកធ្វើបាតុកម្មតវ៉ាប្រឆាំងនឹងឥទ្ធិពលរបស់វៀតណាមមកលើប្រទេសទាំងពីរ នៅខាងមុខស្ថានទូតវៀតណាមក្នុងរដ្ឋធានីវ៉ាស៊ីនតោនកាលពីថ្ងៃច័ន្ទទី០៦ ខែតុលា ឆ្នាំ២០១៤។ (ម៉ែន គឹមសេង/វីអូអេ)
សន្និសីទដែលមានរយៈពេលពីរថ្ងៃនេះបានទាក់ទាញប្រតិភូជាង៦០នាក់មកពីរដ្ឋនានាក្នុងសហរដ្ឋអាមេរិកនិងប្រទេសបារាំង។
លោកមាស ហៃសានទីប្រឹក្សានៃក្រុមរៀបចំសន្និសីទបានពន្យល់បន្ថែមពីការរៀបចំដោយមានការចូលរួមពីសហគមន៍ឡាវនិងម៉ុងតាញ៉ាថា៖
«យើងចង់ចាប់ដៃគ្នាដើម្បីធ្វើការរួមគ្នាដើម្បីជម្រាបឱ្យអន្តរជាតិយល់ឃើញថាប្រទេសយើងនិងជនជាតិយើងទទួលការរំលោភ ទទួលគ្រោះ ថ្នាក់ហើយជនជាតិវៀតណាមជាអ្នករំលោភផ្ទុយអំពីជនកុម្មុយនិស្តវៀតណាមតែងនិយាយថាគេជាអ្នករងគ្រោះយើងជាអ្នករំលោភលើគេបានជាមានពាក្យថារើសអើងពូជសាសន៍»។
វាគ្មិនដែលរួមមានអ្នកច្បាប់និងសកម្មជនសិទ្ធិមនុស្សអាមេរិកាំងបានពិនិត្យមើលលើទង្វើនានាដែលប្រទេសវៀតណាមប្រព្រឹត្តមកលើប្រទេសទន់ខ្សោយចាប់តាំងពីកិច្ចព្រមព្រៀងសន្និសីទទីក្រុងហ្សឺណែវស្តីពីតំបន់ឥណ្ឌូចិនក្នុងឆ្នាំ១៩៥៤និងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១ស្តីពីប្រទេសកម្ពុជា។
លោកមឿង សុន ប្រធានមូលនិធិទ្រទ្រង់អរិយធម៌ខ្មែរដែលធ្វើដំណើរតាំងពីប្រទេសថៃមកចូលរួមបញ្ជាក់ថា វៀតណាមនៅបន្តមានឥទ្ធិពលក្នុងឆាកនយោបាយកម្ពុជាដដែល។ លោកបានលើកបង្ហាញករណីចាប់ព្រះសង្ឃទឹម សាខនពីកម្ពុជាបញ្ជូនទៅវៀតណាម ករណីលោកសម រង្ស៊ីដកតម្រុយបង្គោលព្រំដែនជាមួយនឹងវៀតណាម និងបាតុកម្មរបស់និស្សិតនិងព្រះសង្ឃខ្មែរប្រឆាំងនឹងអត្ថាធិប្បាយរបស់អ្នកនាំពាក្យស្ថានទូតវៀតណាមលើបញ្ហាទឹកដីខ្មែរក្រោមថាជាឧទាហរណ៍ជាក់ស្តែងដែលមានការលូកដៃចូលរបស់ប្រទេសវៀតណាម។
លោកបានបន្ថែមថា៖ «បើយើងនាំគ្នាទុកឱ្យយួនធ្វើអាណានិគម ធ្វើជាចក្រពត្តិនៅឥណ្ឌូចិនមិនមែនតែជនជាតិពលរដ្ឋខ្មែរ ឡាវ ជនជាតិភាគតិចដែលរងគ្រោះទេ វានឹងអាចធ្វើឱ្យអស្ថិរភាពដល់ប្រទេសដទៃទៀតជុំវិញដល់កម្ពុជាដែលគេភ័យខ្លាចរបបកុម្មុយនិស្ត។ ការធ្វើអាណានិគមនេះវាមិនមែនប៉ះពាល់ដល់វប្បធម៌ខ្មែរនិងឡាវទេ វាប៉ះពាល់ដល់សន្តិសុខ នយោបាយអន្តរជាតិក្នុងតំបន់អាស៊ានផងដែរ»។
លោក Oudong Saysana ប្រធានក្រុមប្រឹក្សាសិទ្ធិមនុស្សឡាវ (Laotian Human Rights Council) បានលើកឡើងពីបញ្ហារំលោភសិទ្ធិមនុស្សនៅក្នុងប្រទេសរបស់លោកនិងសារភាពថាការតស៊ូមតិកន្លងមកដោយភាគីឡាវតែឯកឯងមិនសូវមានប្រសិទ្ធភាពទេ។
«ការតស៊ូវែងឆ្ងាយណាស់ក្នុងពេលកន្លងមក ហើយខ្ញុំសូមនិយាយថាវាហាក់ដូចជាមិនសូវមានប្រសិទ្ធភាពទេគឺគួរឱ្យខកចិត្តណាស់ដោយសារតែសំឡេងតែមួយគឺមិនគ្រប់គ្រាន់។ ដូច្នេះយើងត្រូវការសំឡេងពីរឡើងទៅសម្រាប់អ្នកដែលមានបញ្ហាដូចគ្នាគឺឡាវ និងកម្ពុជា។ ខ្ញុំសូមលើកទឹកចិត្តជនជាតិមង បងប្អូនខ្មែរនិងឡាវ ធ្វើការរួមគ្នាដើម្បីដោះស្រាយបញ្ហារួមនាពេលឥឡូវនេះ»។
សកម្មជនយល់ថាសហគមន៍អន្តរជាតិ ជាពិសេសសហរដ្ឋអាមេរិកជួយពង្រឹងប្រទេសវៀតណាមក្នុងគោលបំណងដើម្បី ឱ្យទប់នឹងការវាតទីរបស់ចិនគឺជាការយល់ខុសព្រោះវៀតណាមជំពាក់គុណចិនច្រើនណាស់។
លោក កុក ស ប្រធានមូលនិធិជនជាតិម៉ុងតាញ៉ា (Degar Foundation) បានបញ្ជាក់ថា៖ «ប្រសិនបើសហគមន៍អន្តរជាតិចង់ជួយតំបន់នេះ ពួកគេមិនអាចជួយពង្រឹងតែវៀតណាមទេ គេត្រូវតែជួយពង្រឹងកម្ពុជា ឡាវ និងថៃនិងប្រទេសដទៃទៀត។ ប៉ុន្តែសព្វថ្ងៃនេះពួកគេជួយតែវៀតណាមមិនជួយជនជាតិដទៃទេ។ អញ្ចឹងហើយបានជាវៀតណាមឥឡូវខ្លាំងហើយចង់លេបយកឡាវនិងកម្ពុជា។ សហគមន៍អន្តរជាតិត្រូវតែគិតពីបញ្ហានេះ»។
អ្នកចូលរួមបានបន្តកម្មវិធីដោយធ្វើបាតុកម្មនៅ ថ្ងៃច័ន្ទនៅខាងមុខសេតវិមាននិងស្ថានទូតវៀតណាមប្រចាំនៅរដ្ឋធានីវ៉ាស៊ីនតោន៕
1 comment:
Di Viet or Viet expansionism on its neighbors must be stopped and destroyed.
If Cambodia and Laos fall into Yuon's hands, definitely next is Thailand.
It would be a good and hopeful platform and strength, if Thailand agrees to join in make it a
" Anti Colonization Federation ".
You don't ask your invaders to stop. You stop them !!!
Post a Comment