ដោយ៖ ថុល ស្រីលក្ខណ៍ | ថ្ងៃសុក្រ ទី19 កញ្ញា 2014 |
គណបក្សប្រជាជនកម្ពុជា បដិសេធចំពោះសំណើរបស់ក្រុមអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ ចំនួន១៦០ ដែលស្នើឲ្យពិចារណាដាក់ស្ថាប័ន កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរជាតិសវនកម្ម និងអង្គភាពប្រឆាំងអំពើពុករលួយ ឲ្យដាច់ពីគណបក្សនយោបាយ ដើម្បីជៀសវាងឥទ្ធិពលនយោបាយលើស្ថាប័នរដ្ឋទាំងនេះ។
នេះជាឆ្លើយតបនឹងលិខិតចំហស្តីពីអនុសាសន៍ចំនួន១២ចំណុច របស់គណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា(CCC) តំណាងឲ្យអង្គការទាំង ១៦០កាលពីថ្ងៃទី១០ខែកញ្ញា ផ្ញើជូនគណបក្សឈ្នះឆ្នោតទាំង២។
លិខិតរបស់គណបក្សប្រជាជនកម្ពុជាកាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៤ បានសរសេរថា គណបក្សនេះបានពិចារណាយ៉ាងល្អិតល្អន់ចំពោះអនុសាសន៍ទាំង១២ ហើយចំណុចមួយចំនួននៅក្នុងនោះដូចជា ចំណុចទី១ ទី២ ទី៣ ទី៦ និងទី៧ គឺក្រុមការងារចម្រុះរបស់គណបក្សទាំង២ និងស្ថាប័នពាក់ព័ន្ធ បានឯកភាពគ្នាលើចំណុចមួយចំនួន និងកំពុងពិភាក្សាបន្ត។
លិខិតបន្តថា ដោយឡែកចំណុចទី៤ គឺការដាក់ស្ថាប័ន អាជ្ញាធរជាតិសវនកម្ម និងអង្គភាពប្រឆាំងអំពើពុករលួយ ឲ្យដាច់ពីគណបក្សនយោបាយ គឺជាការហាមឃាត់មន្ត្រីទាំងនោះមិនឲ្យធ្វើនយោបាយ ប៉ះពាល់ដល់រដ្ឋធម្មនុញ្ញ និងច្បាប់បោះឆ្នោត ដែលជាសិទ្ធិធ្វើនយោបាយរបស់ប្រជាពលរដ្ឋ។
ប៉ុន្តែលិខិតឆ្លើយតបទៅគណបក្សប្រជាជនកម្ពុជា របស់គណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា(CCC) ចេញផ្សាយកាលពីថ្ងៃទី១៨ខែកញ្ញា បានឲ្យដឹងថា ក្នុងចំណុចទី៤ មិនបានលើកឡើងដូចមានចែងនៅក្នុងលិខិតរបស់គណបក្សប្រជាជនកម្ពុជានោះទេ។ លិខិតបន្ថែមថា ក្នុងចំណុចទី៤គឺ ស្នើរឲ្យដាក់កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរជាតិសវនកម្ម និងអង្គភាពប្រឆាំងអំពើពុករលួយ ឲ្យដាច់ពីគណបក្សនយោបាយ ហើយការដាក់ស្ថាប័នទាំងនេះឲ្យនៅដាច់ដោយឡែកពីបក្សនយោបាយ ដើម្បីការពារប្រយោជន៍ពលរដ្ឋ គឺមិនធ្វើប៉ះពាល់ដល់សិទ្ធិនយោបាយរបស់មន្ត្រីរដ្ឋាភិបាលជាបុគ្គលឬពលរដ្ឋនោះទេ។
លិខិតនេះបានស្នើរឲ្យរដ្ឋាភិបាលពិចារពិចារណា ពិចារណាពីអនុសាសន៍នេះឡើងវិញ ហើយបន្តដាក់អនុសាសន៍នេះដល់សមាជិក សមាជិកា នៃគណបក្សប្រជាជនកម្ពុជាដែលមានអសនៈក្នុងរដ្ឋសភា។
នាយកប្រតិបត្តិគណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា(CCC) លោក សឿន សារឿន មានប្រសាសន៍ថា គណបក្សប្រជាជនគួរពិចារណាឡើងវិញ ព្រោះការដាក់ស្ថាប័នទាំង៣នេះឲ្យនៅដាច់ពីគណបក្សនយោបាយ ដើម្បីកុំឲ្យស្ថាប័នទាំងនេះស្ថិតនៅក្រោមសំពាធនយោបាយតែប៉ុណ្ណោះ «យើងមិនមែនបិទបាំងសិទ្ធិសេរីភាពរបស់បុគ្គល ក្នុងការធ្វើនយោបាយឬចូលរួមបោះឆ្នោតទេ។ សំខាន់ណឹងកុំឲ្យមានការតែងតាំងក្នុងនាម គណបក្សនយោបាយ»។
នៅថ្ងៃសុក្រនេះ VOD មិនអាចសុំការអធិប្បាយពីមន្ត្រីគណបក្សប្រជាជនបាននៅ ឡើយទេ៕
សូមសរសេរមកកាន់អ្នកស្រី ថុល ស្រីលក្ខណ៍ តាមរយៈ sreyleak@vodhotnews.com
No comments:
Post a Comment