Post by Special Reporter.
Post by Special Reporter.
ដោយ៖ អ៊ិត សូធឿត និង កាន់ វិច្ឆិកា | ថ្ងៃចន្ទ ទី15 កញ្ញា 2014 |
សកម្មជន និងក្រុមយុវជន១១នាក់ត្រូវបានអាជ្ញាធរខេត្តកោះកុង ចាប់ខ្លួននៅតំបន់អារ៉ែង ខណៈដែលពួកគេបិទផ្លូវរារាំងមិនឲ្យអាជ្ញាធរ និងក្រុមហ៊ុនចិនស៊ីណូហាយដ្រូ (Shynohydro) មិនឲ្យចូលទៅតំបន់ស្ទឹងឆាយអារ៉ែង។
ប្រធានកម្មវិធីមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ (CLEC) លោក ហួន ជុនឌី ប្រាប់VODនៅរសៀលថ្ងៃចន្ទនេះថា អ្នកដែលត្រូវបានចាប់ខ្លួនទាំង១១នាក់គឺជាសកម្មជន និងសមាជិករបស់អង្គការមាតាធម្មជាតិ (Mother of Nature) និងក្រុមយុវជនមហានគរ ដែលក្នុងនោះក៏មានប្រធានសមាគមចលនាមាតាធម្មជាតិលោក អាឡិច ចាន់ដ្រូ ផងដែរ។
សមាជិកអង្គការមាតាធម្មជាតិលោក ស៊ីម សំណាង មានប្រសាសន៍ថា ក្រុមសកម្មជនត្រូវបានចាប់ខ្លួនកាលពីម៉ោង៣រសៀលថ្ងៃចន្ទនេះ ហើយលោក អាឡិច ចាន់ដ្រូ ត្រូវបានបញ្ជូនខ្លួនទៅកាន់ខេត្តកោះកុងដើម្បីធ្វើការសាកសួរបន្ត។ ចំណែកឯអ្នកផ្សេងទៀតត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋានស្រុកថ្មបាំង។
សកម្មជនរបស់អង្គការមាតាធម្មជាតិមួយរូបទៀតលោក ម៉េង ហេង ឲ្យដឹងថាឥវ៉ាន់របស់ប្រជាពលរដ្ឋ និងសកម្មជន ដែលប្រើប្រាស់ក្នុងពេលបិទផ្លូវត្រូវបានអាជ្ញាធរបញ្ជូនទៅកាន់ទីរួមស្រុកថ្មបាំងដើម្បីរក្សាទុក។
មេបញ្ជាការកងរាជអាវុធហត្ថខេត្ដកោះកុងលោក ថុង ណារ៉ុង មានប្រសាសន៍ថា លោកទទួលបានដំណឹងថាមានការឃាត់ខ្លួនសកម្មជនការពារតំបន់អារ៉ែងនេះ ដើម្បីសួរនាំ ហើយតុលាការកំពុងបន្តការសាកសួរដោយមិនទាន់ដឹងថា បានលទ្ធផលយ៉ាងណានៅឡើយទេ។
កន្លងមកប្រជាសហគមន៍អារ៉ែងចលនាមាតាធម្មជាតិ បណ្តាញព្រះសង្ឃឯករាជ្យ សហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា និងយុវជនខ្មែរមហានគរ ប្រកាសជំហរប្តេជ្ញារួមគ្នាទប់ស្កាត់ ការសាងសង់ទំនប់វារីអគ្គិសនីនៅតំបន់ឆាយអារ៉ែង ស្រុកថ្មបាំង ខេត្តកោះកុង ដែលគ្រប់គ្រងដោយក្រុមហ៊ុនចិនស៊ីណូហាយដ្រូ( Sinohydro)។
ប្រធានសមាគមចលនាមាតាធម្មជាតិលោក អាឡិច ចាន់ដ្រូ ដែលត្រូវបានចាប់ខ្លួនធ្លាប់មានប្រសាសន៍ថា ទំនប់វារីអគ្គិសនីអារ៉ែងនេះផ្តល់ថាមពលតិចតួចប៉ុណ្ណោះ តែវាបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅលើបរិស្ថានធម្មជាតិ និងសហគមន៍មូលដ្ឋានដែលជាជនជាតិដើមភាគតិច៕
សូមសរសេរមកលោក អុិត សូធឿត តាមរយៈ sotheouth@vodhotnews.com
No comments:
Post a Comment