ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានផ្ញើលិខិតមួយច្បាប់នៅថ្ងៃទី៥ សីហា ទៅលោក ជា ស៊ីម ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជន បញ្ជាក់ប្រាប់ពីសមាសភាពក្រុមការងារពិភាក្សា អំពីការរៀបចំក្បាលម៉ាស៊ីនព្រឹទ្ធសភាឡើងវិញ ជាមួយបក្សប្រជាជនកម្ពុជា ដែលនឹងត្រូវធ្វើឡើងពេលឆាប់ៗនេះ។
លិខិតដែលចុះផ្សាយតាមគេហទំព័របក្សសង្គ្រោះជាតិមួយម៉ោង មុនបេក្ខជនតំណាងរាស្ត្រជាប់ឆ្នោតបក្សសង្គ្រោះជាតិ ៥៥រូប ចូលស្បថក្នុងវាំង នៅរសៀលថ្ងៃទី៥ សីហា នេះ បង្ហាញសមាសភាពក្រុមការងារពិភាក្សាខាងភាគីសង្គ្រោះជាតិមាន ៣ រូប គឺលោក គង់ គាំ លោក ទាវ វណ្ណុល និងលោក ហុង សុខហួរ។ ក្រុមការងារនេះដឹកនាំដោយលោក គង់ គាំ។
គម្រោងកិច្ចពិភាក្សាអំពីការរៀបចំក្បាលម៉ាស៊ីនព្រឹទ្ធសភាថ្មីនេះ ធ្វើឡើងតាមកិច្ចព្រមព្រៀង រវាងបក្សទាំងពីរ កាលពីថ្ងៃទី ២២ កក្កដា ឆ្នាំ២០១៤។
មុនរួបរួមជាមួយបក្សសិទ្ធិមនុស្ស បក្ស សម រង្ស៊ី មានសមាជិកព្រឹទ្ធសភា ១១ រូប ធ្វើការជាមួយសមាជិកព្រឹទ្ធសភាខាងបក្សប្រជាជនចំនួន ៤៥ រូប។
ដោយឡែកបក្សសិទ្ធិមនុស្សរបស់លោក កឹម សុខា ដែលទើបបង្កើតក្រោយ ហើយរួបរួមជាមួយបក្ស សម រង្ស៊ី ដែលក្លាយជាបក្សសង្គ្រោះជាតិនៅពេលនេះ មិនមានសមាជិកព្រឹទ្ធសភាទេ៕
No comments:
Post a Comment