ដោយ៖ តាំង វីដា | ថ្ងៃសុក្រ ទី8 សីហា 2014,
ស្តាប់សំឡេង៖ | ចម្លងទុក |
ប្រមុខរដ្ឋាភិបាលកម្ពុជា នៅព្រឹកថ្ងៃសុក្រនេះ អំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ កត់ត្រាទុកនូវសម្តីរបស់ថ្នាក់ដឹកនាំកំពូលគណបក្សទាំងពីរ ដែលបានព្រមព្រៀងគ្នាបញ្ចប់ជម្លោះនយោបាយ និងវប្បធម៌ទឹកឡើងត្រីស៊ីស្រមោច ទឹកហោចស្រមោចស៊ីត្រី។
ថ្លែងក្នុងសន្និសីទសារព័ត៌មានក្រោយបិទអង្គប្រជុំសភា វិសាមញ្ញ នៅព្រឹកថ្ងៃទី៨ ខែសីហានេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ឲ្យកត់ត្រាទុកនូវពាក្យសម្តីរបស់ថ្នាក់ដឹកនាំគណបក្សទាំងពីរ ដែលបានប្តេជ្ញាបង្រួបបង្រួមជាតិ ក្នុងស្មារតីស្មោះត្រង់នឹងគ្នា ក៏ដូចជាការលើកឡើងរបស់លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ពាក់ព័ន្ធនឹងគោលនយោបាយ ទឹកឡើងត្រីស៊ីស្រមោច ទឹកហោចស្រមោចស៊ីត្រី។ ក្នុងន័យនេះ លោក ហ៊ុន សែន បានពន្យល់ថា ជាគោលនយោបាយដែលអ្នកឡើងកាន់អំណាច គប្បីធានានូវសេចក្តីសុខដល់អ្នកដែលមិនបានកាន់អំណាច ដូចដែលគណបក្សប្រជាជនកម្ពុជា ធ្លាប់អនុវត្តកន្លងមក «នូវអ្វីដែលខ្ញុំធ្លាប់បានលើកឡើង អំពីនយោបាយទឹកឡើងស្រីស្រមោច ទឹកហោចស្រមោចស៊ីត្រី រឿងនេះវាមិនល្អទេ។ អ្នកណាឡើងកាន់អំណាចវាជារឿងមួយ ប៉ុន្តែធ្វើម៉េចឲ្យអ្នកដែលមិនកាន់អំណាចនោះ គេបានសេចក្តីសុខផង»។
លើសពីនេះទៅទៀត លោកនាយករដ្ឋមន្ត្រី ក៏បានស្នើឲ្យថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ បញ្ឈប់នូវគោលនយោបាយលាបពណ៌ មកកាន់គណបក្សប្រជាជនកម្ពុជា ថាជាអាយ៉ងយួន ដូចពេលកន្លងទៅនោះ «ហើយយើងនឹងរង់ចាំមើល ថាតើការលាបពណ៌បែបនេះនឹងមានបន្តទៀតឬទេ ក្នុងពេលដែលមេដឹកនាំបក្សបានធ្វើការប្តេជ្ញា ថានឹងធ្វើការរួបរួម ស្មារតីរួបរួមគ្នា។ អុីចឹងទេ យើងនឹងរង់ចាំមើលអ្នកណាបើកប្រតិបត្តិការវ៉ៃអ្នកណាមុន នេះជាបញ្ហាសំខាន់ណាស់ ដើម្បីប្រជាពលរដ្ឋអាចផ្តល់នូវសញ្ញា និងផ្តល់នូវពិន្ទុ តើអ្នកណាគោរពនូវស្មារតី។ យើងអប់រំនូវស្មារតីនៅក្នុងសមាជិកសមាជិការអ្នកគាំទ្ររបស់យើង ឲ្យមានការគោរពទៅដល់គណបក្សដទៃដែលមិនមាននិន្នាការដូចយើង»។
សម្រាប់លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ អំពាវនាវដល់គណបក្សជាប់ឆ្នោតថែរក្សា និងគោរពនូវកិច្ចព្រមព្រៀងនយោបាយ ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤។ លោក សមរង្ស៊ី ក៏បានស្នើឲ្យមានការបញ្ចប់ និងលុបបំបាត់វប្បធម៌សង្គ្រាមយកខ្មែរជាសត្រូវ វប្បធម៌ហិង្សា និងជាពិសេសត្រូវបញ្ចប់វប្បធម៌ទឹកឡើងត្រីស៊ីស្រមោច ទឹកហោចស្រមោចស៊ីត្រីផងដែរ។
ជាមួយគ្នានោះ លោកសមរង្ស៊ី បានលើកឡើងពីវប្បធម៌ថ្មី ដែលគណបក្សទាំងពីរ ត្រូវអនុវត្ត គឺវប្បធម៌សន្ទនាគ្នា និងវប្បធម៌សហការជជែកគ្នា ដោយមិនដណ្តើមយកឈ្នះ យកចាញ់នោះទេតែដើម្បីផលប្រយោជន៍ជាតិរួមទាំងអស់គ្នា «ចូលក្នុងដំណាក់កាលថ្មីមួយ ដែលយើងនឹងអនុវត្តឲ្យបានត្រឹមត្រូវ ឲ្យបានពេញលេញនូវកិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រ រវាងគណបក្សទាំងពីរដែលមានអាសនៈនៅក្នុងរដ្ឋសភា គឺគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ហើយយើងបាននិយាយអំបាញ់មិញ គឺយើងនឹងខិតខំ ដោយបង្ហាញសុឆន្ទៈ បង្ហាញភាពស្មោះត្រង់ បង្ហាញការទុកចិត្តគ្នាទៅវិញទៅមក ដើម្បីបង្កើតនូវវប្បធម៌មួយថ្មី វប្បធម៌សន្ទនា»។
គួររម្លឹកថា កិច្ចប្រជុំសភាវិសាមញ្ញ នៅថ្ងៃទី៨ ខែសីហានេះ មានការចូលរួមពីតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ៥៥រូប ក្រោមកូរ៉ុម ១២២នៃតំណាងរាស្ត្រជាប់ឆ្នោត អង្គប្រជុំ បានអនុម័តនូវវិសោធនកម្មបទបញ្ជាផ្ទៃក្នុងរដ្ឋសភា ប្រការ៦ថ្មី ដោយសំឡេង ១២២ រូប ដើម្បីបង្កើតគណៈកម្មការទី១០ គឺគណៈកម្មការអង្កេត បោសសំអាត និងប្រឆាំងអំពើពុករលួយ។ ទន្ទឹមនឹងនេះ ក្រុមការងារគណបក្សទាំងពីរ បានអះអាងនឹងបន្តរៀបចំឡើងវិញនូវក្បាលម៉ាស៊ីនរដ្ឋសភា ស្របតាមកិច្ចព្រមព្រៀង ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤ រវាងថ្នាក់ដឹកនាំកំពូលគណបក្សទាំងពីរ៕
សូមសរសេរមកលោក តាំង វីដា តាមរយៈ vida@vodhotnews.com
1 comment:
politicians lie and break promises ALL THE TIME... in every country on this planet...usually crooks make good politicians...people have tendency to believe crook more than believing someone who tell the truth.
Post a Comment