The Phnom Penh Court summons Meach Sovannara, chief of CNRP information department, and Ouk Pich Samnang, on charges of instigating violence against security forces during the anti-government protest on 15th July, 2014.
ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក កែវ មុនី ចេញដីកាបង្គាប់ឲ្យយុវជនគណបក្សសង្គ្រោះជាតិ និងអ្នកគាំទ្រគណបក្សនេះ ២នាក់ទៀត ចូលបំភ្លឺនៅតុលាការនាចុងខែសីហានេះ ពាក់ព័ន្ធពីបទចូលរួមធ្វើកុបកម្មប្រឆាំងនឹងអ្នករាជការសាធារណៈ និងហិង្សាដោយចេតនា និងផ្តើមគំនិតក្នុងអំពើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសដែលប្រព្រឹត្តទៅកាលពីថ្ងៃទី១៥ កក្កដា នៅក្បែរទីលានប្រជាធិបតេយ្យ។
គិតមកដល់ពេលនេះ មានសមាជិកជាន់ខ្ពស់គណបក្ស យុវជន និងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ សរុប ៥នាក់ ហើយ ដែលត្រូវចៅក្រមកោះហៅឲ្យចូលបំភ្លឺនៅតុលាការជាបន្តបន្ទាប់។ ក្នុងនោះមានលោក មាជ សុវណ្ណារ៉ា ប្រធាននាយកដ្ឋានព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយរបស់គណបក្សសង្គ្រោះជាតិ ត្រូវចូលបំភ្លឺនៅថ្ងៃទី១ កញ្ញា។ លោក សាន សីហៈ លោក ទេព ណារិន លោក អាន បឋម ពួកគេជាយុវជនគណបក្សសង្គ្រោះជាតិ និងលោក អ៊ុក ពេជ្រសំណាង អាយុ ៥១ឆ្នាំ ជាអ្នកគាំទ្រគណបក្ស។ ពួកគេត្រូវបំភ្លឺនៅតុលាការចន្លោះពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ សីហា ខាងមុខ។
លោក អាន បឋម និងលោក អ៊ុក ពេជ្រសំណាង ទើបតែទទួលដីកាដល់ដៃកាលពីថ្ងៃទី១៦ សីហា។ ដោយឡែក ៣នាក់ទៀត ទទួលដីកាកាលពីសប្ដាហ៍មុន។
ចៅក្រមស៊ើបសួររូបនេះបង្គាប់ឲ្យឈ្មោះ អាន បឋម សមាជិកចលនាយុវជនគណបក្សសង្គ្រោះជាតិ រាជធានីភ្នំពេញ និងជាសមាជិកក្រុមប្រឹក្សាជាប់ឆ្នោតនៅសង្កាត់អូរឫស្សី១ ឲ្យចូលបង្ហាញខ្លួននៅតុលា នៅថ្ងៃទី២៨ សីហា ខាងមុខ។ រីឯលោក អ៊ុក ពេជ្រសំណាង ជាអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ ត្រូវបង្ហាញខ្លួននៅតុលាការនៅថ្ងៃទី២៦ សីហា។ អ្នកទាំងពីរត្រូវតុលាការចោទប្រកាន់ពីបទចូលរួមធ្វើកុបកម្មប្រឆាំងនឹងអ្នករាជការសាធារណៈមានស្ថានទម្ងន់ទោស និងហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ដែលប្រព្រឹត្តទៅនៅទីលានប្រជាធិបតេយ្យ កាលពីថ្ងៃទី១៥ កក្កដា។
ចៅក្រមក៏បានព្រមានចាប់ខ្លួនពួកគេប្រសិនបើខកខានមិនចូលបំភ្លឺនៅតុលាការតាមការកំណត់។
យុវជនគណបក្សសង្គ្រោះជាតិ លោក អាន បឋម ឲ្យដឹងនៅថ្ងៃទី១៧ សីហា ថា លោកគ្រោងចូលខ្លួនបំភ្លឺនៅតុលាការតាមការកំណត់ ដោយមានមេធាវីដែលខាងគណបក្សសង្គ្រោះជាតិ រកឲ្យទៅជាមួយផង។ លោកគិតថា ការកោះហៅយុវជនគណបក្សសង្គ្រោះជាតិ ម្តងមួយៗឲ្យចូលបំភ្លឺនៅតុលាការពាក់ព័ន្ធនឹងរឿងហិង្សានោះ គឺជាការបំបាក់ស្មារតីរបស់យុវជនមិនឲ្យចូលរួមធ្វើសកម្មភាពក្នុងបញ្ហាសង្គម និងបញ្ហានយោបាយ៖ «ខ្ញុំគិតទី១ ជាការបំបាក់យុវជនគណបក្សសង្គ្រោះជាតិ។ មួយទៀត គឺរាជរដ្ឋាភិបាលគាបសង្កាត់ទៅលើគណបក្សសង្គ្រោះជាតិ»។
ប្រធានគណៈកម្មាធិការប្រតិបត្តិគណបក្សសង្គ្រោះជាតិ រាជធានីភ្នំពេញ លោក ម៉ន ផល្លា គិតថា ករណីនេះជាការគំរាមកំហែងផ្នែកនយោបាយមួយ។ លោកបញ្ជាក់ថា គណបក្សសង្គ្រោះជាតិ បានត្រៀមមេធាវីរួចហើយសម្រាប់ជួយការពារក្តីឲ្យពួកគេ ហើយពួកគេទាំងអស់នោះគ្រោងចូលខ្លួនបំភ្លឺតាមការកំណត់របស់តុលាការគ្រប់ៗគ្នា។
ការចេញដីកាកោះហៅមន្ត្រីនិងយុវជនគណបក្សសង្គ្រោះជាតិ ៥នាក់នេះ គឺធ្វើឡើងនៅខណៈដែលយុវជន ៣រូបរបស់គណបក្សសង្គ្រោះជាតិ រួមមាន លោក ឃិន ជំរឿន លោក សាន គឹមហេង និងលោក នាង សុឃុន កំពុងស្ថិតក្នុងពន្ធនាគារនៅឡើយ បើទោះបីជាថ្នាក់ដឹកនាំជាន់ខ្ពស់បក្សសង្គ្រោះជាតិ អះអាងថា ពួកគេនឹងមានសេរីភាព បន្ទាប់ពីមានភ្លើងខៀវរួចហើយពីគណបក្សប្រជាជនកម្ពុជា នៅក្នុងកិច្ចព្រមព្រៀងនយោបាយជាមួយគ្នានោះ៕
No comments:
Post a Comment