អត្ថបទចុះផ្សាយនៅថ្ងៃ ពុធ 14 ឧសភា 2014
ការហែរក្បួន របស់គណបក្សនយោបាយ នៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អណត្តិទី២។ RFI/Siv Channa
ដោយ វ៉ា សំណព្វrfi
គណបក្សសង្គ្រោះជាតិ នឹងហែក្បួនជាទ្រង់ទ្រាយធំនៅរាជធានីភ្នំពេញ នាថ្ងៃចុងបញ្ចប់នៃយុទ្ធនាការឃោសនាបោះឆ្នោត ដោយមានមនុស្ស ជាង២ម៉ឺននាក់ចូលរួម។ ការហែក្បួន ដែលនឹងធ្វើឡើងនារសៀលថ្ងៃសុក្រទី១៦ឧសភា ដោយចាកចេញពីទីស្នាក់ការបក្ស កាត់តាមផ្លូវនានានៅក្នុងទីក្រុងភ្នំពេញ។ ចំណែកឯអាជ្ញាធរមិនបានហាមឃាត់នោះទេ អោយតែគណបក្សនេះ ហែក្បួនទៅតាមតំរាយផ្លូវដែលអាជ្ញាធរបានរៀបចំ។
រាជធានីភ្នំពេញ គឺជាគោលដៅចុងក្រោយនៃយុទ្ធនាការឃោសនាបោះឆ្នោត ជាទ្រង់ទ្រាយធំរបស់គណបក្សសង្គ្រោះជាតិនៅថ្ងៃសុក្រទី១៦ឧសភាខាងមុខ។ ជាថ្ងៃបិទបញ្ចប់យុទ្ធនាការឃោសនាបោះឆ្នោតអសកល ជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌអាណត្តិទី២។ សកម្មជនគណបក្សតាមខេត្ត អាចនឹងឡើងមកចូលរួម នៅក្នុងការហែក្បួនធំនេះដែរ ប្រសិនបើពួកគេស្ម័គ្រចិត្ត។ នេះបើតាមការបញ្ជាក់ពីលោក ហូរ វ៉ាន់ ប្រធានក្រុមការងារគណបក្សសង្គ្រោះជាតិ រាជធានីភ្នំពេញ។
បើតាមលោក ហូរ វ៉ាន់ ដដែល ការហែក្បួន នឹងធ្វើឡើងចាប់ពីម៉ោង៣រសៀល ដោយអ្នកចូលរួមនឹងជួបជុំគ្នានៅទីស្នាក់ការកណ្តាលគណបក្ស ស្ថិតនៅសង្កាត់ចាក់អង្រែលើ មុនពេលក្បួនដង្ហែរ ត្រូវឆ្លងកាត់ផ្លូវនានាក្នុងទីក្រុងភ្នំពេញ។ ក្បួនដង្ហែរជាទ្រង់ទ្រាយធំ ដែលដឹកនាំដោយលោក សម រង្ស៊ី និងលោក កឹម សុខានេះ នឹងបញ្ចប់នៅវេលាម៉ោង៨យប់នៅខាងត្បូងសាលាក្រុងភ្នំពេញ រឺនៅមុខអយស្ម័យយាន ដោយមានការថ្លែងសារនយោបាយនានា របស់លោក សម រង្ស៊ី និងលោក កឹម សុខា។
យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ បានចាប់ផ្តើមតាំងពីថ្ងៃទី២ឧសភា នឹងត្រូវបញ្ចប់នៅថ្ងៃសុក្រទី១៦ឧសភា ហើយការបោះឆ្នោត នឹងធ្វើឡើងនៅថ្ងៃអាទិត្យទី១៨ឧសភា។ មានតែសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ 11459 នាក់ប៉ុណ្ណោះ ដែលមានសិទ្ធិចូលរួមបោះឆ្នោតនេះ។
ទាក់ទងនឹងការហែក្បួនធំរបស់គណបក្សសង្គ្រោះជាតិវិញ លោក ខៀវ សុភ័ក្រ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានបញ្ជាក់ថា គណបក្សនេះអាចហែរក្បួនធំបាន តែមិនអាចយកការហែក្បួននេះ ដើម្បីធ្វើការតវ៉ា ឬ ប្រែក្លាយជាបាតុកម្មនោះទេ។
គិតត្រឹមថ្ងៃទី១៤ឧសភានៃយុទ្ធនាការឃោសនាបោះឆ្នោតអសកលនេះ មានពាក្យបណ្តឹងតែ៤ប៉ុណ្ណោះ ដែល២បណ្តឹងជារបស់គណបក្សសង្គ្រោះជាតិ ១បណ្តឹងរបស់គណបក្សប្រជាជនកម្ពុជា និង១បណ្តឹងរបស់អាជ្ញាធរខេត្តកំពង់ឆ្នាំង៕
No comments:
Post a Comment