ដោយ ដែន អយុធ្យា
2014-04-02
សហរដ្ឋអាមេរិក បានលើកទឹកចិត្តដល់មេដឹកនាំគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ឲ្យបន្តជួបចរចាគ្នាដើម្បីបញ្ចប់ជម្លោះនយោបាយ ក្រោយការបោះឆ្នោតសភានីតិកាលទី៥ កាលពីខែកក្កដា ឆ្នាំ២០១៣ ឲ្យបានឆាប់។
ចំណែកគណបក្សប្រឆាំងបានអះអាងថា គណបក្សខ្លួនបានត្រៀមលក្ខណៈដើម្បីជួបចរចាជាថ្មីរវាងថ្នាក់ដឹកនាំកំពូលគណបក្សទាំងពីរក្នុងពេលឆាប់ៗនេះ។
ថ្លែងក្នុងសន្និសីទកាសែតនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ព្រឹកថ្ងៃពុធ ទី២ ខែមេសា លោក សន មគ្គិនថស្ស (Sean J. McIntosh) មន្ត្រីទំនាក់ទំនងកិច្ចការសាធារណៈរបស់ស្ថានទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជា ថ្លែងថា ជំនួបចរចារវាងមេដឹកនាំថ្នាក់កំពូលរបស់គណបក្សប្រជាជនកម្ពុជា និងបក្សសង្គ្រោះជាតិ គួរត្រូវកំណត់ថ្ងៃជួបប្រជុំឲ្យបានឆាប់។ ជំនួបកំពូលនេះ លោកមានជំនឿថា គណបក្សឈ្នះអាសនៈសភានីតិកាលទី៥ ទាំងពីរ នឹងអាចមានលទ្ធផលល្អ។
លោក សន មគ្គិនថស្ស៖ «ដូចដែលខ្ញុំធ្លាប់បានជម្រាបមុនៗមកហើយ គឺគណបក្សទាំងពីរគួរជួបចរចាគ្នា ហើយបើតាមខ្ញុំយល់ គេនឹងជួបចរចាគ្នារវាងថ្នាក់ដឹកនាំកំពូលក្នុងពេលខាងមុខនេះ។ អ្វីដែលល្អ គឺការជួបចរចាគ្នា ការសម្របសម្រួលគ្នា គឺជាប្រកាសមួយដ៏ល្អ ដែលផ្តល់ផលប្រយោជន៍ដល់ប្រជាជនកម្ពុជា»។
ទាក់ទងបញ្ហានេះ លោក សុន ឆ័យ ប្រធានក្រុមការងារជួបចរចាគណបក្សសង្គ្រោះជាតិ បានឲ្យដឹងនៅថ្ងៃពុធ ទី២ ខែមេសា ថា ជំនួបរវាងថ្នាក់ដឹកនាំកំពូលគណបក្សទាំងពីរ អាចនឹងចូលមកដល់ក្នុងពេលឆាប់ៗ ប៉ុន្តែកាលបរិច្ឆេទផ្លូវការមិនទាន់កំណត់ឲ្យពិតប្រាកដទេ។
លោកបន្តថា ជំនួបរវាងថ្នាក់ដឹកនាំកំពូលនៅថ្ងៃខាងមុខ គណបក្សសង្គ្រោះជាតិ បានផ្តល់ឯកសារ ជូនគណបក្សប្រជាជនកម្ពុជា ពិនិត្យរួចហើយ។
បញ្ហានេះដែរ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្រោយចេញពីប្រជុំសភាកាលពីថ្ងៃអង្គារ ទី១ ខែមេសា បានឲ្យអ្នកកាសែតដឹងថា ការចរចានេះ គណបក្សប្រជាជនកម្ពុជា បានបោះជំហានទៅមុខជានិច្ច ប៉ុន្តែគណបក្សផ្សេងគិតបែបណា លោកមិនដឹងទេ៖ «ថ្ងៃនេះខ្ញុំមិនអាចបំពេញបំណងអស់លោកបានទេ យើងមានបំណងដើរទៅមុខ ឯអ្នកដទៃគេម្ដងដើរទៅមុខ ម្ដងថយក្រោយ។ អ៊ីចឹងអស់លោកត្រូវសួរទៅអ្នកដទៃ មិនមែនសួរខ្ញុំទេ»។
កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៤ ក្រុមការងាររបស់គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ បានប្រកាសផ្អាកជំនួបចរចារវាងគណៈកម្មការចម្រុះសម្រាប់កែទម្រង់ការបោះឆ្នោត ជាបណ្ដោះអាសន្ន។ ប៉ុន្តែពេលនេះ មន្ត្រីគណបក្សទាំងពីរត្រៀមនឹងកំណត់ថ្ងៃជួបចរចាជាថ្មីទៀត ប៉ុន្តែជំនួបលើកក្រោយ ដែលមិនកំណត់ថ្ងៃពិតប្រាកដនេះ គឺជាជំនួបរវាងមេដឹកនាំថ្នាក់កំពូល៕
No comments:
Post a Comment