ដោយ៖ ស៊ុន ណារិន | ថ្ងៃពុធ ទី26 ខែមិនា ឆ្នាំ2014 | VOD
ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ នៅរសៀលថ្ងៃពុធនេះ នឹងជួបជាមួយគណៈប្រតិភូសភាសហភាពអឺរ៉ុប ដែលកំពុងបំពេញទស្សនកិច្ច៣ថ្ងៃនៅកម្ពុជា។
បេក្ខជនជាប់ឆ្នោតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោកស្រី មូរ សុខហួរ មានប្រសាសន៍ថា លោក សម រង្ស៊ី និងលោក កឹម សុខា នឹងជួបជាមួយសមាជិកសភាសហភាពអឺរ៉ុប ដឹកនាំដោយលោក Werner LANGEN ដែលបានមកដល់កម្ពុជាកាលពីថ្ងៃទី ២៥ ខែមីនា។ ជំនួបនេះ នឹងប្រព្រឹត្តទៅចាប់ពីម៉ោង២និង៣០នាទី ថ្ងៃពុធនេះ។
លោក Werner LANGEN ជាប្រធាននៃគណៈប្រតិភូសភាសហគមន៍អឺរ៉ុបសម្រាប់កិច្ចការទំនាក់ទំនងជាមួយបណ្តាប្រទេសនៃតំបន់អាស៊ីអាគ្នេយ៍ និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍។
ក្នុងដំណើរទស្សនកិច្ចនេះ លោក Werner LANGEN បានជួប លោកស្រី ឃួន សុដារី អនុប្រធានទី២ រដ្ឋសភា និងលោក ឈាង វុន ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភា ។ លោក នឹងជួបពិភាក្សាការងារជាមួយ លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោក សុខ អាន រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី។
លោក Werner LANGEN ក៏ជួបពិភាក្សាការងារជាមួយគណបក្សប្រជាជនកម្ពុជា ដែលដឹកនាំដោយ លោក សាយឈុំ អនុប្រធានទី១ នៃព្រឹទ្ធសភា និងជាប្រធានគណៈកម្មការប្រចាំការនៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា។
ចំណុចដែលត្រូវពិភាក្សារួមមាន សាលាក្តីខ្មែរក្រហម ការរៀបចំការបោះឆ្នោត ដំណោះស្រាយដីធ្លី ការជំរុញការអភិវឌ្ឍលទ្ធិប្រជាធិបតេយ្យ និងផលប៉ះពាល់ទាំងឡាយ ដែលកើតចេញពីគម្រោងអភិវឌ្ឍន៍ផលិតទំនិញផ្សេងៗ៕
សរសេរមកកាន់ លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com

No comments:
Post a Comment