មន្ត្រីសិទ្ធិមនុស្ស ឲ្យដឹងនៅថ្ងៃទី១២ ខែកុម្ភៈ ថា ប្រជាពលរដ្ឋចំនួន ៣នាក់ ត្រូវបានប៉ូលិសប៉ុស្តិ៍ និងសន្តិសុខភូមិជាង ១០នាក់ ចាប់វាយដំដាក់ខ្នោះ ចងដៃចងជើង ធ្វើទារុណកម្មធ្ងន់ធ្ងរ កាលពីវេលាអធ្រាត្រថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៤ នៅប៉ុស្តិ៍ឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី។
ពលរដ្ឋទាំង ៣នាក់នោះមានឈ្មោះ ឌួង ដេត អាយុ ២៨ឆ្នាំ ឈ្មោះ ឃីម ឃឿន អាយុ ២៦ឆ្នាំ និងឈ្មោះ ណុប រី អាយុ ២៣ឆ្នាំ ជាជនជាតិខ្មែរ មានទីលំនៅភូមិបន្ទាត់ ឃុំសេដា ស្រុកលំផាត់។
មន្ត្រីសម្របសម្រួលសមាគមអាដហុក (Adhoc) ខេត្តរតនគិរី លោក ឆាយ ធី មានប្រសាសន៍ថា ប៉ូលិសប៉ុស្តិ៍ឃុំសេដា ឈ្មោះ នី រងការចោទប្រកាន់ថាបានព្រួតគ្នាវាយដំលើរាងកាយ និងធ្វើទារុណកម្មដោយដាក់ច្រវាក់ជើង ដាក់ខ្នោះដៃ ចងដៃនឹងខ្សែអង្រឹង ចាក់ទឹកស្រាបៀលើក្បាល និងទឹកធម្មតាមួយម៉ោងចាក់ម្តងរហូតដល់ភ្លឺ ថែមទាំងប្រមាថថា នឹងនោមដាក់ក្បាលទៀត៖ «តាមការបញ្ជាក់របស់ជនរងគ្រោះ យើងឃើញការធ្វើបែបនេះ គឺបង្ហាញការធ្វើទារុណកម្មយ៉ាងឃោរឃៅពីសំណាក់សមត្ថកិច្ច។ ទោះជាករណីហ្នឹងកើតឡើងប្រព្រឹត្តខុសដោយប្រជាពលរដ្ឋក៏ដោយ រាល់សមត្ថកិច្ចមិនអាចធ្វើទារុណកម្ម»។
វិទ្យុអាស៊ីសេរី មិនទាន់អាចទាក់ទងមន្ត្រីប៉ូលិសដែលរងការចោទនោះបានទេ នៅថ្ងៃទី១២ ខែកុម្ភៈ។
ជម្លោះកើតឡើងបន្ទាប់ពីមានការផឹកស៊ីក្នុងកម្មវិធីសែនព្រេនប្ដីប្រពន្ធ ជនជាតិដើមភាគតិចទំពួន នៅភូមិនេះ។ មន្ត្រីអាដហុក កំពុងស៊ើបអង្កេត និងអន្តរាគមន៍បន្ទាន់ទៅអយ្យការអមសាលាដំបូងខេត្តរតនគិរី នៅរសៀលនេះ៕
1 comment:
Jungle law. Cambodia is worth than some African countries. This is inhuman.
Post a Comment