A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 13 February 2014

បក្ស​សង្គ្រោះ​ជាតិ​បដិសេធ​ព័ត៌មាន​សុំ​ចរចា​ជាមួយ​លោក ហ៊ុន សែន

ដោយ វណ្ណ វិចារ 2014-02-12 RFA

មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រឆាំង​បដិសេធ​ព័ត៌មាន​ដែល​ផ្សាយ​ថា គណបក្ស​សង្គ្រោះ​ជាតិ គ្រោង​ដាក់​លិខិត​ស្នើ​ទៅ​លោក ហ៊ុន សែន ដើម្បី​កំណត់​ពេល​ចរចា​នយោបាយ។

ការ​បដិសេធ​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​គេហទំព័រ​ក្នុង​ស្រុក​មួយ​ផ្សាយ​ព័ត៌មាន​ថា លោក សម រង្ស៉ី បាន​ប្រជុំ​ឯកភាព​គ្នា​ក្នុង​បក្ស ហើយ​សម្រេច​ដាក់​លិខិត​សុំ​ចរចា​ជាមួយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃ​ទី​១២ ខែ​កុម្ភៈ។

លោក កឹម សុខា អនុ​ប្រធាន​គណបក្ស​ប្រឆាំង​បញ្ជាក់​ថា គ្មាន​ការ​ជួប​ប្រជុំ​ផ្ទៃ​ក្នុង​ណា​មួយ​ដែល​សម្រេច​ថា នឹង​ដាក់​លិខិត​ស្នើ​សុំ​ចរចា​ជាមួយ​លោក ហ៊ុន សែន នោះ​ទេ។ ហើយ​បក្ស​ប្រឆាំង​ក៏​មិន​បាន​ប្តូរ​គោលជំហរ​ដែល​ធ្លាប់​ទាមទារ​ឲ្យ​មាន​ការ​បោះ​ឆ្នោត​ឡើង​វិញ​ឡើយ៖ «អត់​មាន​ទេ យើង​អត់​មាន​សរសេរ​ទៅ​ទេ អត់​មាន​ឡើយ។ ថ្ងៃ​នេះ​យើង​មាន​ចេញ​សេចក្ដី​ថ្លែងការណ៍​មួយ ដែល​និយាយ​ពី​កំណែ​ទម្រង់​បោះ​ឆ្នោត ហើយ​បើ​មាន​ការ​ចរចា​ទ្វារ​នៅ​តែ​បើក​ចំហ ហើយ​យើង​មាន​របៀបវារៈ​តែ​១ គឺ​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត​បោះ​ឆ្នោត​ឡើង​វិញ»។

នៅ​ព្រឹក​ថ្ងៃ​ទី​១២ ខែ​កុម្ភៈ គេហទំព័រ​ក្នុង​ស្រុក​មួយ​បាន​ដក​ស្រង់​សម្ដី​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បាន​បញ្ជាក់​ថា លោក សម រង្ស៉ី គ្រោង​ដាក់​លិខិត​សុំ​ជួប​លោក ហ៊ុន សែន បន្ទាប់​ពី​លោក​ត្រឡប់​មក​ពី​បំពេញ​បេសកកម្ម​នៅ​ក្រៅ​ប្រទេស។ គណបក្ស​សង្គ្រោះ​ជាតិ ទើប​តែ​ចេញ​សេចក្ដី​ថ្លែងការណ៍​មួយ សម្ដែង​ការ​សោកស្ដាយ​ចំពោះ​គណបក្ស​កាន់​អំណាច​ដែល​សម្រេច​ជា​ឯកបក្ស​បង្កើត​គណៈកម្មការ​ស្រាវជ្រាវ និង​កែ​ទម្រង់​ការ​បោះ​ឆ្នោត។ បក្ស​ប្រឆាំង​ចោទ​ថា បក្ស​កាន់​អំណាច​បំពាន​កិច្ច​ព្រមព្រៀង​កាល​ពី​ថ្ងៃ​ទី​១៦ ខែ​កញ្ញា ដែល​ចែង​ថា បក្ស​ទាំង​ពីរ​ប្ដេជ្ញា​រួម​គ្នា​រៀបចំ​កែ​ទម្រង់​ការ​បោះ​ឆ្នោត។
ឆ្លើយ​តប​នឹង​បញ្ហា​នេះ មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា លោក ព្រុំ សុខា មាន​ប្រសាសន៍​ថា ការ​សម្រេច​បង្កើត​ក្រុម​ការងារ​កែ​ទម្រង់​ការ​បោះ​ឆ្នោត​ជា​ការ​បង្ហាញ​សុឆន្ទៈ​ពិត​ប្រាកដ​ក្នុង​ការ​កែ​ទម្រង់ ហើយ​មិន​អាច​រង់ចាំ​បក្ស​ប្រឆាំង​ដែល​ចេះ​តែ​នៅ​ខាង​ក្រៅ​បាន​ទេ។

លោក​បញ្ជាក់​ថា បើ​បក្ស​ប្រឆាំង​ចង់​ចូល​រួម​កែ​ទម្រង់ ពួកគាត់​អាច​ចូល​ចរចា​គ្នា​បាន ព្រោះ​ក្រុម​ការងារ​មាន​ស្រាប់​សម្រាប់​ចរចា៖ «មាន​ន័យ​ថា រដ្ឋាភិបាល​និង​បក្ស​ប្រជាជន​មាន​ឆន្ទៈ ទោះ​បី​គាត់​ថា ដំណើរការ​រដ្ឋ​ត្រូវ​តែ​ធ្វើ បើ​សិន​រង់ចាំ​គាត់​មិន​ដឹង​អង្កាល់​ទេ»។

គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ​បាន​ជួប​ប្រជុំ​គ្នា​កាល​ពី​ថ្ងៃ​ទី​១៦ និង ១៧ ខែ​កញ្ញា ដើម្បី​ស្វែង​រក​ដំណោះស្រាយ​នយោបាយ ប៉ុន្តែ​មក​ទល់​ពេល​នេះ បក្ស​ទាំង​ពីរ​មិន​ទាន់​ស្រុះ​ស្រួល​គ្នា​ឡើយ៕

No comments: