A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday 4 February 2014

បក្ស​ប្រជាជន​ប្រកាស​រក្សា​ជំហរ​បើក​ផ្លូវ​ចរចា​ជាមួយ​បក្ស​ប្រឆាំង

RFA/Soun Sophalmony
គណបក្ស​កាន់​អំណាច​ប្រកាស​ថា ខ្លួន​នៅ​តែ​រក្សា​ជំហរ​ក្នុង​ការ​បើក​ផ្លូវ​ចរចា ប៉ុន្តែ​ការ​ចរចា​នោះ​មិន​អនុញ្ញាត​ឲ្យ​មាន​ការ​បោះឆ្នោត​ឡើង​វិញ​នោះ​ឡើយ។ ចំណែក​គណបក្ស​សង្គ្រោះ​ជាតិ នៅ​តែ​គោរព​ឆន្ទៈ​ម្ចាស់​ឆ្នោត​ ហើយ​ទាមទារ​ឲ្យ​មាន​ការ​កែទម្រង់​ការ​បោះឆ្នោត ​និង​ត្រូវ​​បោះ​ឆ្នោត​ឡើង​វិញ។

ដោយ សួន សុផលមុន្នី RFA 2014-02-03


ការ​ស្វែង​រក​យន្តការ​ដោះស្រាយ​វិបត្តិ​នយោបាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ រវាង​គណបក្ស​កាន់​អំណាច​និង​គណបក្ស​ប្រឆាំង​ នៅ​តែ​ឋិត​នៅ​ក្នុង​ស្ថានភាព​តឹងតែង​នៅ​ឡើយ​ ទោះបី​វិបត្តិ​នយោបាយ​នៅ​ក្រោយ​ការ​បោះឆ្នោត​បាន​ជាប់​គាំង​អស់​រយៈពេល​ជិត ៨​ខែ​មក​ហើយ​ក៏​ដោយ។ រនាំង​ឧបសគ្គ​ដែល​ខណ្ឌ​ចែក​​គណបក្ស​ធំ​ទាំង​ពីរ​មិន​ឲ្យ​ខិត​ចូល​តុចរចា​​បាន​នោះ​ គឺ​ការ​ទាមទារ​ឲ្យ​មាន​ការ​បោះឆ្នោត​ឡើង​វិញ។

នៅ​ក្នុង​ពិធី​ផ្ទេរ​តំណែង​អភិបាល​ខេត្ត​បាត់ដំបង​ កាល​ពី​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​៣ ខែ​កុម្ភៈ ឧបនាយក​រដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ ព្រមទាំង​ជា​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា លោក ស ខេង បញ្ជាក់​ថា រដ្ឋាភិបាល​បច្ចុប្បន្ន​ជា​រដ្ឋាភិបាល​មួយ​ដែល​កើត​ចេញ​ពី​លទ្ធផល​បោះឆ្នោត​កាល​ពី​ថ្ងៃ​ទី​២៨ ខែ​កក្កដា ឆ្នាំ​២០១៣​ និង​ស្រប​តាម​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។

លោក​គូស​បញ្ជាក់​ថា ​ដើម្បី​លើក​កម្ពស់​ដល់​ដំណើរ​ការ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​នាម​គណបក្ស​ដែល​បាន​អាសនៈ​ភាគ​ច្រើន​នៅ​ក្នុង​រដ្ឋ​សភា បាន​ប្ដេជ្ញា​ចិត្ត​ ជាមួយ​ឆន្ទៈ​ពិត​ប្រាកដ ដើម្បី​ជួប​ចរចា​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​ទទួល​យក​តួនាទី​យ៉ាង​ ​សកម្ម​ក្នុង​រដ្ឋ​សភា។
លោក ស ខេង៖ «នេះ​គឺ​សុំ​បញ្ជាក់​អ៊ីចឹង គណបក្ស​ប្រជាជន​កម្ពុជា អត់​បោះបង់​ចោល​ទេ នៅ​តែ​បើក​ចំហ ហើយ​នៅ​តែ​ស្វះស្វែង​រក​ការ​ចរចា ប៉ុន្តែ​បើ​ចរចា​ដើម្បី​បោះឆ្នោត​ឡើង​វិញ​ទៅ​មិន​រួច​ទេ ចរចា​ដើម្បី​រៀបចំ​យន្តការ​ឲ្យ​សភា​អាច​ដំណើរ​ការ ហើយ​មែនទែន​ពួកគាត់​មាន​លទ្ធភាព​គ្រប់គ្រាន់​ណាស់​ក្នុង​ការ​ទៅ​តស៊ូ​នៅ​ក្នុង​រដ្ឋសភា​ ព្រោះ​មាន​ ៥៥​នាក់ និង ៦៨​នាក់»។

ឆ្លើយ​តប​ចំពោះ​ការ​លើក​ឡើង​របស់​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា​នេះ​ លោក យឹម សុវណ្ណ មន្ត្រី​នាំ​គណបក្ស​សង្គ្រោះ​ជាតិ ថ្លែង​ថា ​គណបក្ស​សង្គ្រោះ​ជាតិ​គាំទ្រ​ឲ្យ​មាន​ការ​ចរចា​ដើម្បី​ដោះស្រាយ​បញ្ចប់​វិបត្តិ​នយោបាយ​កម្ពុជា​ ប៉ុន្តែ​ការ​បដិសេធ​មិន​ព្រម​ឲ្យ​មាន​ការ​បោះឆ្នោត​ឡើង​វិញ​នោះ​ គឺ​ជា​ការ​ខុស​គ្នា​ដែល​មិន​អាច​ឈាន​ទៅ​រក​តុ​ចរចា​បាន។

លោក​ថា បើ​សិន​គណបក្ស​ប្រជាជន​កម្ពុជា មាន​ចេតនា​ពិត​ប្រាកដ​ក្នុង​ការ​រក​យុត្តិធម៌​ជូន​ម្ចាស់​ឆ្នោត គណបក្ស​ប្រជាជន​កម្ពុជា ត្រូវ​ទទួល​យក​សំណើ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ទាមទារ​ឲ្យ​មាន​ កំណែ​ទម្រង់​ការ​បោះឆ្នោត និង​ការ​បោះឆ្នោត​ឡើង​វិញ៖ «អ្វីៗ​ធ្វើ​ទៅ​បាន​លុះ​ត្រា​ណា​គោរព​ទៅ​តាម​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ បើ​សិន​ជា​ប្រជាពលរដ្ឋ​នៅ​ភ្នំពេញ ជាង​កន្លះ​លាន​នាក់​ចេញ​មក​ធ្វើ​បាតុកម្ម​ នៅ​តាម​ដង​ផ្លូវ​ឲ្យ​មាន​ការ​បោះឆ្នោត​ឡើង​វិញ ហើយ​នៅ​ទីក្រុង​ភ្នំពេញ មាន​ប្រជាពលរដ្ឋ​ជាង ១​លាន​នាក់​ ទាំង​ក្មេង​ទាំង​ចាស់​ធ្វើ​បាតុកម្ម​តាម​ដង​ផ្លូវ​ដើម្បី​ស្នើ​សុំ​ឲ្យ​កែ​ទម្រង់​ការ​បោះឆ្នោត និង​បោះ​ឆ្នោត​ឡើង​វិញ​នោះ គឺ​ឆន្ទៈ​ដែល​អ្នក​នយោបាយ​ត្រូវ​គោរព​តាម»។

គិត​ពី​ថ្ងៃ​ទី​២៨ ខែ​កក្កដា ឆ្នាំ​២០១៣​ មក​ទល់​នឹង​ខែ​កុម្ភៈ ឆ្នាំ​២០១៤​ គណបក្ស​នយោបាយ​ទាំង​ពីរ​នៅ​តែ​រក្សា​ជំហរ​យក​ត្រូវ​រៀង​ខ្លួន​ ហើយ​ពួកគេ​ពុំ​បាន​បង្ហាញ​លទ្ធភាព​សុទិដ្ឋិនិយម​ណា​មួយ​ដែល​អាច​ឈាន​ទៅ​ដល់​ការ​ដោះស្រាយ​បញ្ចប់​វិបត្តិ​នយោបាយ​នៅ​កម្ពុជា បាន​នោះ​ឡើយ។

អ្នក​វិភាគ​ឯករាជ្យ​ លោក​បណ្ឌិត​ សុខ ទូច​ យល់​ថា ​ អ្នក​នយោបាយ​នៅ​កម្ពុជា នៅ​តែ​បង្ហាញ​ភាព​​ក្មេង​ខ្ចី​របស់​ខ្លួន​ខាង​នយោបាយ​ តាម​រយៈ​ការ​ដាក់​ជម្រើស​តែ​មួយ ទាល់ច្រក​តែមួយ​ ដែល​មិន​អាច​ដោះស្រាយ​បញ្ហា​បាន។

លោក​ថា ភាគី​ទាំង​ពីរ​គួរ​ដាក់​ជម្រើស​សម្រាប់​ការ​ចរចា​ឲ្យ​ច្រើន​ជាង​នេះ៖ «ខ្ញុំ​បាន​និយាយ​ហាក់​ដូច​ជា​ជ្រាំដែល ប៉ុន្តែ​យើង​ត្រូវ​កញ្ចប់​របៀបវារៈ​នយោបាយ​ឲ្យ​បាន​ច្រើន ៤ ទៅ ៦​ចំណុច​ទៅ ស្អី​ដែល​អ្នក​នយោបាយ​ចង់​បាន​ ហើយ​យើង​អ្នក​នយោបាយ​ដាក់ ដូច​គណិតវិទ្យា​ វា​អត់​មាន​វិទ្យាសាស្ត្រ​សង្គម មិន​មាន​ដូច្នេះ ត្រូវ​ដាក់​ឲ្យ​មាន​ជម្រើស​ឲ្យ​បាន​ច្រើន»។

ការ​ជាប់​គាំង​នយោបាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ កំពុង​បង្ក​ផល​ប៉ះពាល់​លើ​ពលរដ្ឋ​កម្ពុជា ជា​ទូទៅ​​យ៉ាង​ធ្ងន់ធ្ងរ។ លោក​បណ្ឌិត​ សុខ ទូច អត្ថាធិប្បាយ​ថា ​ផល​ប៉ះពាល់​ទាំង​នោះ​មាន ៥​ចំណុច។ ទី​១ គឺ​ការ​​ប្រេះឆា​គ្នា​តាំង​ពី​ថ្នាក់​លើ​រហូត​ដល់​ថ្នាក់​ក្រោម​ ចំណុច​ទី​២ ប៉ះពាល់​ដល់​វិនិយោគិន ពួកគេ​មិន​ហ៊ាន​ចូល​មក​វិនិយោគ​នៅ​ស្រុក​ខ្មែរ​ ចំណុច​ទី​៣ ធ្វើ​ឲ្យ​ប៉ះពាល់​អ្នក​រក​ស៊ី​នៅ​ក្នុង​ស្រុក អ្នក​ជំនួញ​ក្នុង​ស្រុក ពួកគេ​ត្រូវ​រង់ចាំ​មើល​ស្ថានភាព​នយោបាយ ព្រោះ​សេដ្ឋកិច្ច​និង​នយោបាយ​ត្រូវ​ដើរ​ទន្ទឹម​គ្នា ចំណុច​ទី​៤​ គឺ​ការ​ភ័យ​ខ្លាច​របស់​ប្រជាពលរដ្ឋ​ ពួកគេ​ម្នាក់ៗ​មិន​ហ៊ាន​យក​ប្រាក់​ទៅ​ដាក់​តម្កល់​នៅ​ក្នុង​ធនាគារ​នោះ​ឡើយ​ បញ្ហា​នេះ​បាន​ប៉ះពាល់​ដល់​ការ​ចរាចរ​សាច់ប្រាក់​របស់​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ និង​ចំណុច​ទី​៥ គឺ​ប៉ះពាល់​វិស័យ​ទេសចរ​នៅ​ក្នុង​ប្រទេស​កម្ពុជា។

ចំពោះ​ការ​ផ្ទេរ​តំណែង​អភិបាល​ខេត្ត​វិញ គឺ​លោក ប្រាជ្ញ ចន្ទ ត្រូវ​បាន​ផ្ទេរ​ចេញ​ពី​ខេត្ត​បាត់ដំបង ទៅ​ជា​ទីប្រឹក្សា​ក្រសួង​មហាផ្ទៃ។ លោក ប្រាជ្ញ ចន្ទ ត្រូវ​រង់ចាំ​ដល់​ថ្ងៃ​ទី​១៨ ខែ​ឧសភា ឆ្នាំ​២០១៤ ដែល​ជា​ថ្ងៃ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា រាជធានី​ខេត្ត​ ក្រុង និង​ខណ្ឌ​រួច ​ទើប​តែង​តាំង​ធ្វើ​អភិបាល​ខេត្ត​ត្បូងឃ្មុំ ដែល​ទើប​បង្កើត​ថ្មី។ ចំណែក​លោក ច័ន្ទ សុផល ​អតីត​ប្រធាន​ក្រុម​ប្រឹក្សា​ខេត្ត​សៀមរាប ត្រូវ​បាន​ផ្ទេរ​ភារកិច្ច​មក​ជា​អភិបាល​ខេត្ត​បាត់ដំបង ជំនួស​លោក ប្រាជ្ញ ចន្ទ៕

2 comments:

Anonymous said...

yoeung min chang niyeay chea muoy puok reng te pipruos puok reng chea kanhcheas yuon hoeuy put thbot akrak nas pruos puok reng kreante mean mouk chea khmer ponte khuor kbal yuon ,boeur niyeay chea muoy puok reng teal te mean sak sey chea antarak cheat trov te yul pi kluon eng ah prett khmer pi phoup lork ke skeal charek puok reng oa hoeuy.

Anonymous said...

yoeung min chang niyeay chea muoy puok reng te pipruos puok reng chea kanhcheas yuon hoeuy put thbot akrak nas pruos puok reng kreante mean mouk chea khmer ponte khuor kbal yuon ,boeur niyeay chea muoy puok reng teal te mean sak sey chea antarak cheat trov te yul pi kluon eng ah prett khmer pi phoup lork ke skeal charek puok reng oa hoeuy.