ដោយ៖ ញឹម សុខន | ថ្ងៃអាទិត្យ ទី12 ខែមករា ឆ្នាំ2014, VOD

លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ (រូបថតដោយ តាំង វីដា)
ប្រធានគណបក្សសង្គ្រោះជាតិលោក សម រង្ស៉ី នៅថ្ងៃអាទិត្យនេះ អំពាវនាវឲ្យកងកម្លាំងប្រដាប់អាវុធ ប្រកាន់យកធម៌អហិង្សា ឈប់ប្រើអាវុធបាញ់សម្លាប់ពលរដ្ឋខ្លួនឯង បើទោះបីមានបញ្ជាពីថ្នាក់លើក៏ដោយ។
ការថ្លែងរបស់មេបក្សជំទាស់មួយនេះ ធ្វើឡើងនៅខេត្តបាត់ដំបង នាថ្ងៃទី១២ខែមករានេះ ក្នុងពិធីចុះជួបប្រជាពលរដ្ឋ និងសកម្មជននៅទីរួមខេត្តបាត់ដំបង។ ក្នុងពេលសំណេះសំណាងនោះ លោក សម រង្ស៉ី បានយកឱកាសនោះ អំពាវនាវឲ្យកម្លាំងប្រដាប់អាវុធ ប៉ូលីស ទាហានទាំងអស់ មេត្តាកុំស្តាប់តាមបញ្ជាក្នុងករណីដែលថ្នាក់ដឹកនាំបញ្ជាឲ្យបាញ់សម្លាប់ខ្មែរគ្នាឯង។
លោក សម រង្ស៉ី ទទូចឲ្យកម្លាំងប្រដាប់អាវុធទាំងនោះ ត្រូវប្រកាន់យកធម៌អហិង្សា រួមចំណែកការពារនិងកសាងជាតិ។
ការអំពាវនាវរបស់មេបក្សប្រឆាំងរូបនោះ ធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីកងម្លាំងប្រដាប់អាវុធច្រើនរយនាក់ ត្រូវបានគេបញ្ជូនចេញពីបន្ទាយ មកទប់ស្កាត់កម្មករតវ៉ាទាមទារប្រាក់ឈ្នួល១៦០ដុល្លារក្នុងមួយខែ។
ការទប់ស្កាត់នៅពេលនោះ បានប៉ះទង្គិចគ្នា បណ្តាលឲ្យសមត្ថកិច្ចមួយចំនួនរងរបួស កម្មករ៥នាក់ត្រូវគេបាញ់សម្លាប់ ប្រមាណជា៤០នាក់ទៀត បានរងរបួស និង២៣នាក់ត្រូវសមត្ថកិច្ចចាប់ខ្លួន៕
សូមសរសេរមកកាន់លោក ញឹម សុខន តាមរយៈ sokhorn@vodhotnews.com
Post by Sam Rainsy.
No comments:
Post a Comment