A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday 26 November 2013

The ruling CPP continues to open the door for talks with the opposition [When the CNRP announced mass protests, the CPP came out to announce that the door is open for talks, but when the mass protests ended, the CPP ignored a call for talks. This is very dishonest indeed!] បក្ស​ប្រជាជន​បន្ត​បើក​ទ្វារ​ចរចា​ជាមួយ​បក្ស​ប្រឆាំង

ការ​ចរចា​គ្នា​រវាង​គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ប្រជាជន​កម្ពុជា កំពុង​ស្ថិត​នៅ​ក្នុង​ភាព​ចម្រូងចម្រាស​នៅ​ឡើយ​មក​ទល់​ពេល​នេះ។ គណបក្ស​ទាំង​ពីរ​នៅ​មិន​ទាន់​កំណត់​ពេល​វេលា​ជួប​ចរចា​ជា​ថ្មី​ទៀត​នៅ​ឡើយ​ទេ ហើយ​គណបក្ស​ទាំង​ពីរ​នៅ​តែ​រឹង​ទទឹង​រៀងៗ​ខ្លួន​ក្នុង​ការ​កំណត់​របៀបវារៈ​យក​ទៅ​ចរចា​នោះ។
ដោយ ទីន ហ្សាការីយ៉ា 2013-11-26
ព្រំ សុខា ៦១០
ប្រធាន​ក្រុម​ចរចា​តំណាង​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ ក្នុង​កិច្ចពិភាក្សា​របស់​វិទ្យុ​អាស៊ីសេរី កាល​ពី​យប់​ថ្ងៃ​ទី​៧ ខែ​វិច្ឆិកា ឆ្នាំ​២០១៣។
RFA/Mom Sophon




បញ្ហា​នេះ អ្នក​ឃ្លាំមើល​ការ​បោះ​ឆ្នោត​បាន​លើក​ឡើង​ថា អ្នក​នយោបាយ​គណបក្ស​ទាំង​ពីរ​មិន​មាន​ឆន្ទៈ​ពិត​ប្រាកដ​ក្នុង​ការ​បម្រើ​ផលប្រយោជន៍​ប្រជាពលរដ្ឋ​នោះ​ឡើយ ពីព្រោះ​ថា ភាព​ជាប់​គាំង​នយោបាយ​នេះ បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ។
មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៦ វិច្ឆិកា ថា គណបក្ស​ប្រជាជន​កម្ពុជា នៅ​តែ​បន្ត​បើក​ទ្វារ​ចំហ​រង់ចាំ​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​កំណត់​ថ្ងៃ​ចរចា​ជា​ថ្មី​រក​ដំណោះស្រាយ​នយោបាយ​បន្ត​ទៀត។
ប្រធាន​ក្រុម​ចរចា​តំណាង​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ លោក ព្រំ សុខា មាន​ប្រសាសន៍​ថា គណបក្ស​ប្រជាជន​នៅ​តែ​រង់ចាំ​ការ​ជូន​ដំណឹង​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ដើម្បី​ជួប​ចរចា​ជា​ថ្មី ទោះ​បី​ជា​ជួប​ថ្នាក់​កំពូល ឬ​ថ្នាក់​ណា​ក៏​បាន​ដែរ។
លោក ព្រំ សុខា បន្ថែម​ថា ការ​ជួប​ចរចា​លើក​ក្រោយ​នេះ ទោះ​បី​ជា​ជួប​គ្នា​នៅ​ទី​កន្លែង​ណា​ក៏​បាន​ដែរ មិន​ចាំបាច់​ធ្វើ​ឡើង​នៅ​មន្ទីរ​រដ្ឋ​សភា​នោះ​ទេ៖ «មក​ដល់​ម៉ោង​នេះ ទ្វារ​របស់​គណបក្ស​ប្រជាជន​នៅ​តែ​បើក​ចំហ​ក្នុង​ការ​ចរចា​ជា​និច្ច ជួប​ក្នុង​កម្រិត​ណា ជួប​គ្នា​ចរចា​នៅ​ទី​កន្លែង​ណា​ក៏បាន»
ការ​ប្រកាស​របស់​តំណាង​គណបក្ស​ប្រជាជន​កម្ពុជា​នេះ ខណៈ​ដែល​គណបក្ស​សង្គ្រោះ​ជាតិ បាន​ប្រកាស​ធ្វើ​បាតុកម្ម​ជា​ថ្មី​បន្ត​ទៀត ចាប់​ពី​ថ្ងៃ​ទី​១៥ ខែ​ធ្នូ ទៅ ដែល​ការ​ធ្វើ​បាតុកម្ម​នេះ ធ្វើ​ឡើង​ក្នុង​រយៈពេល​១​សប្ដាហ៍​ម្ដង ហើយ​ធ្វើ​ជា​បន្ត​បន្ទាប់។
មន្ត្រី​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ លើក​ឡើង​ថា គណបក្ស​សង្គ្រោះ​ជាតិ បាន​ស្វាគមន៍​ចំពោះ​ការ​បន្ត​ការ​ចរចា ប៉ុន្តែ​ការ​ចរចា​ថ្មី​អាច​ធ្វើ​ទៅ​បាន​លុះត្រា​តែ​គណបក្ស​ប្រជាជន​កម្ពុជា ទទួល​យក​របៀបវារៈ​ច្បាស់លាស់​ក្នុង​ការ​ចរចា​ជា​មុន​សិន៖ «ទីតាំង​អត់​សំខាន់​ទេ កន្លែង​ណា​ក៏​ដោយ​ឲ្យ​តែ​ទឹក​ដី​ខ្មែរ គឺ​ល្អ​ទាំង​អស់ អ្វី​ដែល​សំខាន់​គឺ​គណបក្ស​សង្គ្រោះ​ជាតិ ទាមទារ​គឺ​របៀបវារៈ​បី ទី​១ យុត្តិធម៌​ជូន​ម្ចាស់​ឆ្នោត ទី​២ ថ្នាក់​ដឹកនាំ​កំពូល គ.ជ.ប ត្រូវ​ទទួល​ខុស​ត្រូវ​លាលែង​របស់​ខ្លួន និង​ទី​៣ ទាមទារ​កំណែ​ប្រព័ន្ធ​បោះ​ឆ្នោត»
គណបក្ស​ទាំង​ពីរ​បាន​ជួប​ចរចា​រក​ដំណោះស្រាយ​នយោបាយ​នេះ​ចំនួន​បី​លើក​មក​ហើយ ដោយ​លើក​ចុង​ក្រោយ​គណបក្ស​ទាំង​ពីរ​បាន​ជួប​គ្នា​នៅ​មន្ទីរ​រដ្ឋ​សភា នៅ​ថ្ងៃ​ទី​៥ ខែ​វិច្ឆិកា ឆ្នាំ​២០១៣។ តំណាង​គណបក្ស​ទាំង​ពីរ​បាន​ព្រមព្រៀង​ជួប​គ្នា​ចរចា​បន្ត​ទៀត​នៅ​សប្ដាហ៍​បន្ទាប់ តែ​មក​ទល់​ពេល​នេះ បាន​អូស​បន្លាយ​ពេល​ជិត ១​ខែ​ទៅ​ហើយ គណបក្ស​ទាំង​ពីរ​នៅ​តែ​មិន​ទាន់​កំណត់​ថ្ងៃ​ជួប​គ្នា​ដដែល ដោយសារ​តែ​គណបក្ស​ទាំង​ពីរ​នៅ​តែ​រក្សា​ជំហរ​រៀងៗ​ខ្លួន។
ឆ្លើយ​តប​ទៅ​នឹង​បញ្ហា​នេះ អ្នក​ឃ្លាំមើល​ការ​បោះ​ឆ្នោត​បាន​ពន្យល់​ថា អ្នក​នយោបាយ​គណបក្ស​ទាំង​ពីរ​មិន​មាន​ឆន្ទៈ​ពិត​ប្រាកដ​នៅ​ក្នុង​ការ​ចរចា​នោះ​ទេ។ បញ្ហា​នេះ អ្នក​ដែល​រង​គ្រោះ​នោះ​គឺ​ម្ចាស់​ឆ្នោត នៅ​ខណៈ​ដែល​កម្ពុជា នៅ​ជាប់​គាំង​នយោបាយ​នេះ។
ប្រធាន​គណៈកម្មាធិការ​អព្យាក្រឹត​និង​យុត្តិធម៌ ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី​នៅ​កម្ពុជា លោក​បណ្ឌិត ហង្ស ពុទ្ធា មាន​ប្រសាសន៍​ថា នៅ​ក្នុង​បរិបទ​នយោបាយ​បច្ចុប្បន្ន​នេះ ឆ្លុះ​បញ្ចាំង​ថា គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ​មិន​បាន​គិត​ពី​ការ​បង្រួបបង្រួម​ជាតិ និង​យក​ផលប្រយោជន៍​ប្រជាពលរដ្ឋ​ជា​ធំ​ទេ៖«បញ្ហា​ជាប់​គាំង​នៅ​តែ​អូស​បន្លាយ ឃើញ​ថា ប្រជាពលរដ្ឋ​នឹង​កើត​មាន​បញ្ហា ព្រោះ​ម្ចាស់​ជំនួយ​មួយ​ចំនួន​ឃើញ​ថា បង្កក​ការ​ផ្ដល់​ជំនួយ​របស់​ខ្លួន​ឲ្យ​មក​រដ្ឋាភិបាល»
គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ បាន​បរាជ័យ​ក្នុង​ការ​ចរចា​និង​អូស​បន្លាយ​ពេល​មក​ទល់​ពេល​នេះ បន្ទាប់​ពី​ការ​ជួប​ចរចា​គ្នា​ចុង​ក្រោយ​កាល​ពី​ថ្ងៃ​ទី​៥ វិច្ឆិកា នោះ គណបក្ស​សង្រ្គោះ​ជាតិ បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ល្ងាច​ថ្ងៃ​ទី​៥ វិច្ឆិកា បន្ទាប់​ពី​ការ​ចរចា​ភ្លាមៗ​ថា ការ​ចរចា​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា បាន​បរាជ័យ ដោយសារ​ភាគី​គណបក្ស​ប្រជាជន​កម្ពុជា នៅ​តែ​បដិសេធ​មិន​ទទួល​យក​នូវ​ការ​ស្រាវជ្រាវ​ស្វែង​រក​ការ​ពិត​ពី​ភាព​មិន​ប្រក្រតី​ដែល​កើត​មាន​ក្នុង​ការ​បោះ​ឆ្នោត​នីតិកាល​ទី​៥ កាល​ពី​ថ្ងៃ​ទី​២៨ ខែ​កក្កដា កន្លង​ទៅ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

No comments: