A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday 3 November 2013

Actor/singer Sophorn Lary banned from perform on TVs because he had publicly supported the opposition CNRP and distributing food to flood victims សិល្បករ​ម្នាក់​ដែល​គាំទ្រ​បក្ស​ប្រឆាំង​ត្រូវ​ស្ថានីយ​ទូរទស្សន៍​រើសអើង​មិន​ឲ្យ​សម្ដែង



សិល្បករ​សម្ដែង​ម្នាក់ អះអាង​ថា លោក​ទទួល​រង​ការ​រើសអើង​មិន​អោយ​ឡើង​សម្ដែង ឬ​ថត​នៅ​តាម​ស្ថានីយ​ទូរទស្សន៍​មួយ​ចំនួន​ទេ បន្ទាប់​ពី​លោក​បាន​ចុះ​ចែក​អំណោយ​ដល់​ជន​រងគ្រោះ​ដោយ​ទឹក​ជំនន់ និង​បាន​បង្ហាញ​ការ​គាំទ្រ​របស់​លោក​ដល់​គណបក្ស​សង្គ្រោះ​ជាតិ។ លោក សុភ័ណ្ឌ ឡារី ត្អូញត្អែរ​ថា លោក​ពេល​នេះ​ស្ទើរ​ដាច់​អាជីព​ទៅ​ហើយ ហើយ​សូម​អំពាវនាវ​សូម​កុំ​អោយ​មាន​ការ​រើសអើង​ខ្មែរ​ដូច​គ្នា​អី។


ដោយ ជុន ច័ន្ទបុត្រ RFA, 2013-11-02


សុភ័ណ្ឌ ឡារី តែង​មាន​មុខ​នៅ​ទីលាន​ប្រជាធិបតេយ្យ​ជានិច្ច នៅ​ពេល​ដែល​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ នាំ​គ្នា​ធ្វើ​បាតុកម្ម​បី​ថ្ងៃ​ជាប់ៗ​គ្នា​កន្លង​ទៅ​នេះ។ ឡារី ជា​តារា​សម្ដែង ហើយ​ក៏​ចេះ​ច្រៀង​ដែរ តែ​គាត់​មិន​ឡើង​ឆាក​ច្រៀង ឬ​សម្ដែង​ទេ គាត់​ដើរ​ចែក​ចំណី​អាហារ និង​ទឹក​ដល់​បាតុករ​នៅ​ក្រោម​ឆាក​ឯ​ណេះ។ ឡារី និង​ក្រុម​មនុស្សធម៌​ឯកជន​របស់​គាត់ មិន​ត្រឹម​តែ​ផ្តល់​ប្រាក់កាស​ផ្ទាល់​ខ្លួន ជួយ​ឧបត្ថម្ភ​ជា​ស្បៀង​អាហារ​ដល់​បាតុករ​ដែល​មក​ធ្វើ​បាតុកម្ម​នៅ​ភ្នំពេញ​ទេ ក្រុម​គាត់​ក៏​បាន​ប្រមែប្រមូល​គ្នា និង​រៃអង្គាស​បន្ថែម​ទៀត ទៅ​ជួយ​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​ទឹក​ជំនន់​នៅ​តាម​ទីតាំង​មួយ​ចំនួន​ទៀត​ដែរ។


លោក សុភ័ណ្ឌ ឡារី៖ «គឺ​ខ្ញុំ​បាន​ចែក​ជូន​ទៅ​ដល់​បង​ប្អូន​ដែល​គាត់​រងគ្រោះ​ដោយសារ​ទឹក​ជំនន់ នៅ​ព្រៃវែង ម្តង​ហើយ ក៏​ដូច​ជា​នៅ​សង្កាត់​ព្រែកកំពិស ភ្នំពេញ​យើង ក៏​ម្តង​ដែរ ដោយសារ​តែ​ទឹក​ហូរ​ដាច់​គេហដ្ឋាន​របស់​គាត់»។


ឡារី មាន​ស្រុក​កំណើត​នៅ​ខេត្ត​ព្រៃវែង។ យុវជន​ដែល​មាន​រាង​ខ្ពស់​សង្ហារ និង​មាន​សម្រស់​សម​ជា​តារា​ម្នាក់​នេះ មាន​ប្រវត្តិ​កំសត់​ណាស់។ ឡារី រៀប​រាប់​ថា លោក​កំព្រា​ឪពុក​តាំង​ពី​តូច ហើយ​ត្រូវ​ឈប់​រៀន​ដើម្បី​រត់​តាម​អ្នក​ម្តាយ​មេម៉ាយ​នៅ​ភ្នំពេញ ដើម្បី​លី​បាវ​ស៊ីម៉ង់​ដូរ​បាយ។


លោក សុភ័ណ្ឌ ឡារី៖ «ម៉ាក់​ខ្ញុំ​មេម៉ាយ អ៊ីចឹង​ទៅ​អត់​មាន​លទ្ធភាព​រក​អី​ទាំងអស់ ហើយ​ខ្ញុំ​មាន​បង​ប្អូន​បី​នាក់។ ដល់​ពេល​អ៊ីចឹង​ទៅ ពួក​ខ្ញុំ​ត្រូវ​រក​ស៊ី​ឈ្នួល​ច្រូត​ស្រូវ​ស្ទូង​ស្រូវ។ ភាព​លំបាក​ហ្នឹង ជំរុញ​ឲ្យ​ម៉ាក់​ខ្ញុំ​មក​ភ្នំពេញ គាត់​ធ្វើ​ការ​លី​បាវ​ស៊ីម៉ង់។ បាទ! ម្តាយ​របស់​ខ្ញុំ​លី​បាវ​ស៊ីម៉ង់ ហើយ​និង​ស្រូវ​សាលី ។ ហើយ​ខ្ញុំ​ឃើញ​អ៊ីចឹង ខ្ញុំ​ក៏​ឈប់​រៀន ឈប់​រៀន​ខ្ញុំ​រត់​មក​ភ្នំពេញ​ដែរ ដើម្បី​ជួយ​គាត់ ជួយ​គាត់​លី​បាវ​ស៊ីម៉ង់​ហ្នឹង​ជាមួយ​គាត់ ហើយ​និង​ធ្វើ​សំណង់​រយៈពេល​ពីរ​ឆ្នាំ។ បន្ទាប់​មក អាណិត​កូន​ពេក ក៏​ឲ្យ​ខ្ញុំ​ទៅ​ឈរ​មុខ​រោងចក្រ ដើម្បី​ឲ្យ​គេ​រើស​ខ្ញុំ​ធ្វើ​ជា​កម្មករ​រោងចក្រ នៅ​ពេល​នោះ បាន​ធ្វើ​កម្មករ​មែន កម្មករ​រោងចក្រ​អ៊ុត​ខោ​អាវ កាត់​ដេរ​ខោ​អាវ។ បាទ! ធំ​ពេល​អ៊ីចឹង​ទៅ យើង​ក៏​បាន​ធ្វើ​រយៈពេល​ប្រាំមួយ​ខែ។ ប្រាំមួយ​ខែ​ជា​កម្មករ​បណ្ដែត ដល់​ពេល​ចប់​កម្មករ​បណ្ដែត​ហ្នឹង ក៏​គេ​បញ្ឈប់​យើង។ យើង​ក៏​ទំនេរ យើង​ទៅ​សុំ​បង​ប្រុស​ម្នាក់​ជា​ចុងភៅ​ការ យើង​សុំ​គាត់​រត់​តុ។ រយៈពេល​ហ្នឹង មាន​បង​ប្អូន​ខ្លះ គាត់​ឆ្ងល់​ខ្ញុំ​ហេតុ​អី​ក៏ ឡារី នៅ​ភ្នំពេញ​ស្គាល់​គ្រប់​កន្លែង​គ្រប់​ផ្លូវ​អ៊ីចឹង គឺ​មក​ពី​ខ្ញុំ​ធ្លាប់​ដេក​នៅ​តាម​ចិញ្ចើម​ថ្នល់​ហ្នឹង ព្រោះ​ធម្មតា រត់​តុ​ម្ហូប​ការ​គេ​ធ្វើ​រោង​នៅ​កន្លែង​ណា ដេក​នៅ​កន្លែង​ហ្នឹង។ ហើយ​ទាំងអស់​ហ្នឹង​ហើយ​ដែល​ជំរុញ​ឲ្យ​ខ្ញុំ​ចូល​មូលនិធិ​មនុស្សធម៌ គឺ​ការ​លំបាក​របស់​ខ្ញុំ ហើយ​ខ្ញុំ​ក៏​នឹក​ឃើញ​ដល់ ឥឡូវ​ខ្ញុំ​មក​ដល់​ពេល​នេះ ៦​ឆ្នាំ​មុន និង ៦​ឆ្នាំ​ក្រោយ ខុស​គ្នា​ដាច់។ ខុស​គ្នា​ដាច់​ត្រង់​ថា ខ្ញុំ​បាន​ចូល​សិល្បៈ​ហ្នឹង ហើយ​ខ្ញុំ​ក៏​មិន​នឹក​ស្មាន​ដល់​ប៉ុណ្ណឹង​ដែរ អាច​រស់​បាន​ទៅ​មុខ​បាន​គ្រាន់​បើ​ជាង​ប្រាំមួយ​ឆ្នាំ​មុន។ អ៊ីចឹង​ហើយ អ្វី​ដែល​ខ្ញុំ​ធ្វើ ខ្ញុំ​អាច​ជួយ​ខ្មែរ​ខ្ញុំ​បាន គឺ​ចំណុច​ហ្នឹង​ឯង​ដែល​វា​ចង​ខ្ញុំ»។



ដោយ​ខ្លួន​ឯង​ធ្លាប់​កំសត់​នេះ​ហើយ បាន​ជា ឡារី ថា​គាត់​មាន​ចិត្ត​ចង់​ជួយ​អ្នក​កំសត់​ដូច​គ្នា៖ «អ្វី​ដែល​ខ្ញុំ​ធ្វើ​នេះ គឺ​ធ្វើ​ចេញ​ពី​បេះដូង ចេញ​ពី​ចិត្ត​របស់​ពួក​ខ្ញុំ​ដែល​ជា​សិល្បករ​ម្នាក់ ជា​ពលរដ្ឋ​ខ្មែរ​ម្នាក់ ចង់​ជួយ​ទៅ​ដល់​ខ្មែរ​ខ្ញុំ​ដែល​កំពុង​ជួប​គ្រោះ​ដោយសារ​ទឹក​ជំនន់​ហ្នឹង គាត់​ក្រីក្រ​ហ្នឹង។ អត់​មាន​ពាក់ព័ន្ធ​នឹង​នយោបាយ អត់​មាន​ពាក់ព័ន្ធ​ជាមួយ​គណបក្ស​នយោបាយ​ណា​មួយ​ទេ។ ប៉ុន្តែ ដោយសារ​តែ​គាត់​ឃើញ​ខ្ញុំ​ឧស្សាហ៍​ចូល​រួម​ជាមួយ​នឹង​គណបក្ស​សង្គ្រោះ​ជាតិ ដោយសារ​ឃើញ​មាន​មុខ​រហូត ប៉ុន្តែ​ខ្ញុំ​មិន​មែន​ជា​សកម្មជន​ទេ»។


ថ្វី​ត្បិត​តែ ឡារី អះអាង​ថា មិន​មែន​ជា​សកម្មជន​របស់​គណបក្ស​សង្គ្រោះ​ជាតិ ក្តី គាត់​ក៏​មិន​លាក់​បាំង​ដែរ​ថា គាត់​ជា​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ។ ដោយ​ដួង​ចិត្ត​ស្រឡាញ់​គណបក្ស​នយោបាយ​ណា​មួយ​នោះ​ហើយ ដែល​បាន​ធ្វើ​អោយ ឡារី ត្រូវ​ម្ចាស់​ស្ថានីយ​មួយ​ចំនួន​លែង​អោយ​គាត់​ឡើង​សម្ដែង៖ «សង្គម​ឥឡូវ គឺ​បក្ខពួក​រាង​ច្រើន​បន្តិច។ ដូច​ខ្ញុំ​ផ្ទាល់ គឺ​មាន​ទូរទស្សន៍​មួយ​នោះ គឺ​បិទ​ហើយ គឺ​គាត់​បិទ​ហើយ ព្រោះ​អី​គឺ​គេ​ចេញ​រូប​ខ្ញុំ​ហ្នឹង។ គេ​ចេញ​ជា​រូប​ខ្ញុំ រួម​និង​តារា​បី​នាក់​ទៀត មាន​បង ដេដាណេ មួយ​ទៀត​ហើយ និង ធារ៉ា គាត់​ជា​អ្នក​ចម្រៀង​មួយ​រូប​ទៀត។ អ៊ីចឹង មិន​អាច​ឲ្យ​ពួក​ខ្ញុំ​ថត​បន្ត​ទៀត​បាន​ទេ។ លោក ជុន ច័ន្ទបុត្រ៖ អូន​មាន​ព្យាយាម​ពន្យល់​ទៅ​ពួក​គាត់​វិញ​ថា នេះ​ជា​សិទ្ធិ​សេរីភាព​របស់​យុវជន​ក្នុង​ការ​ចូល​រួម​វិស័យ​នយោបាយ វិស័យ​ជ្រើស​រើស​អ្នក​ដឹក​នាំ​ជាតិ​អី​ដែរ​ទេ? លោក ឡារី៖ បាទ! ខ្ញុំ​បាន​ព្យាយាម​និយាយ​ពាក្យ​ហ្នឹង​ច្រើន​លើក​ច្រើន​សា​ហើយ​សម្រាប់​ពួក​គាត់។ ប៉ុន្តែ ពួក​គាត់​ថា​យើង​រស់​នៅ​ក្រោម​មេឃ​ណា ត្រូវ​គោរព​មេឃ​ហ្នឹង»។


ប្រធាន​សមាគមន៍​អ្នក​សិល្បៈ លោក សុះ ម៉ាច មាន​មតិ​ផ្ទុយ​ពី​នេះ។ លោក​មាន​ប្រសាសន៍​ថា គួរ​កុំ​ចាត់​ទុក​ថា កម្ពុជា មាន​តែ​គណបក្ស​នយោបាយ​មួយ ហើយ​ដាក់​ទណ្ឌកម្ម​ដល់​អ្នក​ដែល​គាំទ្រ​គណបក្ស​ផ្សេង​នោះ៖ «ខ្ញុំ​សោកស្ដាយ​មែន​ទែន ដោយ​ឮ​រឿង​នេះ។ ពី​មុន​មក​ក៏​ធ្លាប់​ជួប​ដែរ សិល្បករ សិល្បការិនី​មួយ​ចំនួន ជាពិសេស​គឺ​តារា​កំប្លែង​ក៏​ធ្លាប់​បាត់​បង់​អាជីព​សិល្បៈ​មួយ​សា​ហើយ។ ឥឡូវ​នេះ វា​ទៅ​ជា​ជួប​រឿង​អ៊ីចឹង​ត​ទៅ​ទៀត។ ខ្ញុំ​ក៏​សូម​អំពាវនាវ​ផង​ដែរ​ដល់​បណ្ដា​ស្ថានីយ​ទូរទស្សន៍ ក៏​ដូច​ជា​ផលិតកម្ម​ផ្សេងៗ សូម​អោយ​លោក​កុំ​យក​រឿង​ដែល​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ ដែល​សិល្បករ​សិល្បការិនី​ដែល​លោក​គាំទ្រ ទៅ​បូក​រួម​នឹង​បញ្ហា​អាជីព​សិល្បៈ​របស់​គ្នា។ គួរ​តែ​បើក​ផ្លូវ មាន​ចិត្ត​ទូលាយ​អោយ​គ្នា​ខ្លះ​ផង កុំ​ធ្វើ​អ៊ីចឹង វា​មិន... ដូច​ជា​ប្រទេស​មួយ​ហ្នឹង​សម្រាប់​តែ​គណបក្ស​នយោបាយ​មួយ អ្នក​ដទៃ សិល្បករ​ដទៃ គេ​គ្មាន​សិទ្ធិ​ក្នុង​ការ​គាំទ្រ​គណបក្ស​នយោបាយ​ផ្សេងៗ...»។


ឡារី ក៏​មាន​សំណូម​ពរ​ថា សូម​កុំ​ចាត់​ទុក​ថា គាត់​បាន​ធ្វើ​ខុស ហើយ​ដាក់​ទណ្ឌកម្ម​គាត់​ធ្វើ​អ្វី។ ឡារី ថា សូម​អោយ​គាត់​អាច​អនុវត្ត​សិទ្ធិ​ជា​ប្រជាពលរដ្ឋ​ម្នាក់​ផង៖ «អ្វី​ដែល​ខ្ញុំ​កំពុង​តែ​ធ្វើ​ចេញ​ពី​បេះដូង​ហ្នឹង គឺ​ជួយ​ខ្មែរ​ស្រឡាញ់​ខ្មែរ ដែល​កំពុង​តែ​រងគ្រោះ​ហ្នឹង តើ​ខុស​ដែរ​ឬ​អត់? ចុះ​បើ​ជា​ខ្ញុំ​ម្នាក់​ឯង​ងើប​ចេញ​ម៉ោ​ក្នុង​ចំណោម​សិល្បៈ។ ហើយ​ខ្ញុំ​ធ្វើ​ឡើង​នេះ​ដោយ​ខ្ញុំ​ប្រឈម​នូវ​ការ​បាត់​បង់​អាជីព​របស់​ខ្ញុំ។ តើ​ខ្ញុំ​ធ្វើ​ខុស​ដែរ​ឬ​អត់? ដូច្នេះ​ហើយ ខ្ញុំ​សំណូម​ពរ​អោយ​ពួក​គាត់ សូម​មេត្តា​កុំ​អោយ​ប្រកាន់​បក្ខពួក។ អ៊ីចឹង អ្នក​ណា​ក៏​ជា​ខ្មែរ​ដែរ។ យើង​អាច​ស្រឡាញ់​គ្នា​បាន យើង​អាច​ជួយ​គ្នា​បាន យើង​អាច​ធ្វើ​រួម​គ្នា​បាន។ ទោះ​បី​ជា​ប្រឆាំង ឬ​មិន​ប្រឆាំង អត់​សំខាន់​ទេ សំខាន់​យើង​ជា​ខ្មែរ យើង​អាច​ជួយ​គ្នា​បាន គឺ​យើង​ទៅ​មុខ​ហើយ»។


ទោះ​ជា​កំពុង​តែ​ប្រឈម​មុខ​នឹង​ការ​បាត់​បង់​ការងារ​ចិញ្ចឹម​ជីវិត​ខ្លួន​ឯង​ក្តី ក៏ ឡារី បញ្ជាក់​ថា លោក​នឹង​បន្ត​ការងារ​មនុស្សធម៌​ជាមួយ​ក្រុម​របស់​គាត់​ទៀត តាម​ដែល​អាច​ធ្វើ​ទៅ​បាន៕

3 comments:

Anonymous said...

He is a brave young man who dares to sacrifice his career for the interests of the Khmer nation. I admire him very much.

Anonymous said...

Good job Larry dude lift your head up do what you believe,don't let no one stop you from doing good to your people,your nation,your nation needs you and your career will be better after yuon's dogs are gone! Cpp destroys our nation by seeks and destroys individuals who is awakening to help Khmer that suffering caused by natural disaster( flood) Sourn Sereyotha was right he said;the oppressors [Cpp+Monarchy] doesn't wants khmers to have enough to eat so that they can controls them by gift a gift for example;a bag of rice and MG or salt to make poor Khmer owe them gratitude,monarchy had done just that before and now Hun sen had done that as well...This kind of culture must be stopped before Cambodia turning to.....you decide!

Yobak Khmer

Anonymous said...

We should invite him to sing oversea to show that he can earn more money. Khmer oversea should support him. If he comes to sing oversea, I will not hesitate to join party and donate money to support our spirit of justice and good khmer citizens who can fight for democracy and freedom . Through him, we can give a example that whoever support democracy, will live better and get allot of support from people too. This also help to encourage all khmer patriots to stand up against devils CPP!