មេដឹកនាំគណបក្សសង្គ្រោះជាតិ កំពុងស្វែងរកការគាំទ្រពីរដ្ឋាភិបាលបរទេសក្នុងរឿងវិបត្តិនយោបាយនៅកម្ពុជា។
ដោយ ម៉ៅ សុធានី
2013-10-02 RFA
អ្នកនាំពាក្យនៃគណបក្សសង្គ្រោះជាតិ លោក យ៉ែម បុញ្ញឫទ្ធិ បានប្រាប់ទីភ្នាក់ងារព័ត៌មានបារាំង អា.អេហ្វ.ប៉េ (AFP) ថា លោក សម រង្ស៊ី ប្រធានគណបក្សបានចាកចេញពីកម្ពុជា កាលពីល្ងាចថ្ងៃច័ន្ទ ទី១ ដើម្បីទៅជួបពិភាក្សាជាមួយមេដឹកនាំក្នុងប្រទេសមួយចំនួន រួមមានសិង្ហបុរី និងហ្វីលីពីន ជាដើម ដើម្បីស្នើសុំកិច្ចអន្តរាគមន៍ក្នុងរឿងភាពមិនប្រក្រតីនៃការបោះឆ្នោត។
អ្នកវិភាគឯករាជ្យ លោកបណ្ឌិត ឡៅ ម៉ុងហៃ បានមានប្រសាសន៍ថា ទង្វើរបស់មេដឹកនាំគណបក្សប្រឆាំង គឺជាមធ្យោបាយដ៏ល្អសម្រាប់ស្វែងរកការគាំទ្រពីរដ្ឋាភិបាលបរទេស ពីព្រោះប្រទេសទាំងនោះ គឺជាហត្ថលេខីក្នុងកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស។
អ្នកនាំពាក្យនៃគណបក្សសង្គ្រោះជាតិ បានឲ្យដឹងថា ប្រសិនបើចាំបាច់លោក សម រង្ស៊ី នឹងបន្តដំណើរទៅប្រទេសមួយចំនួនក្នុងទ្វីបអឺរ៉ុបទៀត។ ប៉ុន្តែតាមគម្រោងលោក សម រង្ស៊ី នឹងវិលត្រឡប់មកកម្ពុជាវិញ ដើម្បីចូលរួមក្នុងពិធីសមាជមហាជននៅថ្ងៃអាទិត្យ ទី៦ ខែតុលា ខាងមុខ៕

No comments:
Post a Comment