ដោយ៖ តាំង វីដា និងស៊ុន ណារិន | ថ្ងៃពុធ ទី2 ខែតុលា ឆ្នាំ2013, VOD
ស្តាប់សំឡេង៖ | ចម្លងទុក |

ជំនួបគ្នាកន្លងមក រវាងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក បាន គីមូន (រូបភាពដោយ dw.de)
អ្នកវិភាគព្រឹត្តការណ៍សង្គម យល់ឃើញថា ជំនួបកិច្ចពិភាក្សាទ្វេភាគីរវាងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក បាន គីមូន នៅសប្តាហ៍ក្រោយនេះ អាចនឹងរកឃើញនូវផ្លូវដំណោះស្រាយ សម្រាប់នយោបាយនៅកម្ពុជា។
នាយករដ្ឋមន្ត្រី លោក ហ៊ុន សែន នឹងជួបជាមួយលោក បាន គីមូន ពិភាក្សាការងារ ក្រោយពីកិច្ចប្រជុំកំពូលអាស៊ាន លើកទី២៣ ដែលនឹងរៀបចំឡើងនៅប្រទេសប្រ៊ុយណេ ចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១០ខែតុលា។
បណ្ឌិតវិទ្យាសាស្ត្រនយោបាយ លោក សុខ ទូច យល់ថា កិច្ចប្រជុំទ្វេភាគីនេះ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក បាន គីមូន នឹងបន្តជំរុញឲ្យកម្ពុជា ដោះស្រាយបញ្ហានយោបាយ និងភាពមិនប្រក្រតីនៃការបោះឆ្នោត ដែលអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ លោក សុរិយា ស៊ូប៊ែឌី បានលើកឡើងនិងជំរុញឲ្យមានការកែប្រែកន្លងមក ៖ "យើងឃើញហើយថា សហរដ្ឋអាមេរិក សហគមន៍អឺរ៉ុប ក៏នៅតែប្រកាន់ជំហរបែបនេះ ហើយជប៉ុនក៏ប្រកាន់ជំហរបែបនេះ ដូន្ច្នេះការទៅជួបនៅប្រទេសប្រ៊ុយណេនេះ នឹងមិនប្រែប្រួលទេ ហើយគេនឹងនិយាយដូចគ្នានិងថា សូមឲ្យដោះស្រាយដោយសន្តិភាព ត្រឹមត្រូវ និងយុត្តិធម៌ និងតម្លាភាព”។
អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ លោក សុរិយា ស៊ូប៊ែឌី កាលពីថ្ងៃទី២៤ ខែកញ្ញា បានសម្តែងការសោកស្តាយ ដែលសម័យប្រជុំនៃរដ្ឋសភានៅកម្ពុជា បានប្រព្រឹត្តទៅ ដោយមិនមានការចូលរួមពីគណបក្សសង្គ្រោះជាតិ។ លោកមានប្រសាសន៍ទៅកាន់ក្រុមប្រឹក្សាសិទ្ធិមនុស្ស នៃអង្គការសហប្រជាជាតិថា រដ្ឋសភា ដែលតំណាងឲ្យពលរដ្ឋកម្ពុជាពិតប្រាកដ គឺមានសារៈសំខាន់ ដោយមានការចូលរួមពីគណបក្សទាំងពីរ ដែលទទួលបានសំឡេងគាំទ្រជាអាសនៈ។ ជាមួយគ្នានេះ លោកជំរុញឲ្យភាគីទាំងពីរ បន្តជជែកគ្នា ដោយកុំឲ្យស្ថានភាពតានតឹងបន្តទៀត។
អ្នកស្រាវជ្រាវឯករាជ្យពីការអភិវឌ្ឍសង្គម លោក កែម ឡី យល់ថា ជំនួបទ្វេភាគីនេះ ជាចំណុចវិជ្ជមានមួយសម្រាប់កម្ពុជា ដែលបង្ហាញថា រាជរដ្ឋាភិបាល មានជំហរទទួលយកការរិះគន់ និងជជែកវែកញែក ពីបញ្ហាទាំងនោះ ដើម្បីសម្របខ្លួនជាមួយប្រទេសដទៃទៀត ក្នុងតំបន់អាស៊ានរួមនឹងដៃគូរអភិវឌ្ឍន៍ ៖ "ខ្មែរយើង នឹងរកច្រកចេញឃើញ ពីព្រោះអ្នកនយោបាយទាំងពីរហាក់បីដូចជាមានជំហរ យល់យោគគ្នាទៅវិញទៅមកខ្លះ។ ខ្ញុំគិតថាមតិនិមួយៗ របស់អង្គការសហប្រជាជាតិ របស់ដៃគូអភិវឌ្ឍន៍ រដ្ឋាភិបាលមិនទទួលទេ ប៉ុន្តែគ្រាន់តែរដ្ឋាភិបាលត្រូវការពេលវេលា ដើម្បីទទួលយក”។
អ្នកវិភាគនយោបាយ លោក ឡៅ ម៉ុងហៃ មានសុទិដ្ឋិនិយមថា ក្នុងជំនួបពិភាក្សានេះ គណបក្សដែលកំពុងកាន់អំណាច អាចនឹងទទួលយកការជំរុញ ដោះស្រាយបញ្ហាធំៗជាចម្បង៖ ”គឺប្រសិនជាមានបញ្ហាធំៗ គេអាចទៅរកជួបនិយាយ ពិគ្រោះគ្នាបាន ក៏ជាឱកាសមួយផងដែរ ប្រហែលជាអាចរឿងមួយទៀតដែរពាក់ព័ន្ធ នឹងតុលាការខ្មែរក្រហម”។
លោក ឡៅ ម៉ុងហៃ បន្ថែមថា ជំនួបនោះ ក៏នឹងមានការលើកឡើងពីបញ្ហាកង្វះថវិកាសម្រាប់សាលាក្តីខ្មែរក្រហមផងដែរ។
មហាសន្និបាតរបស់អង្គការសហប្រជាជាតិ ចេញផ្សាយរបាយការណ៍ប្រចាំឆ្នាំកម្រាស់១៦ទំព័រជាភាសាអង់គ្លេស ស្តីពីស្ថានភាពសិទ្ធិមនុស្សទូទៅនៅកម្ពុជា នៅថ្ងៃទី១៩ខែកញ្ញា ឲ្យដឹងថា មហាសន្និបាតមានជំនឿថា ការិយាល័យនៃឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្ស(OHCHR) នឹងបន្តការផ្តល់ជាជំនួយ និងការគាំទ្រដល់រដ្ឋាភិបាលកម្ពុជា និងប្រជាជនក្នុងការពង្រឹងការងារការពារ និងការលើកតម្កើងនៃសិទ្ធិមនស្សក្នុងប្រទេស និងសង្ឃឹមថា អនុស្សារណៈរយៈពេល២ឆ្នាំ ទាក់ទងនឹងជំនួយផ្នែកបច្ចេកទេសរវាង OHCHR និងកម្ពុជា នឹងត្រូវបានបន្តសារជាថ្មី នៅចុងឆ្នាំ២០១៣នេះ។
របាយការណ៍បន្តថា OHCHR បន្តគាំទ្រកិច្ចការរបស់អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ លោក សុរិយា ស៊ូប៊ែឌី ដែលបានធ្វើទស្សនកិច្ចនៅកម្ពុជា កាលពីខែធ្នូ ឆ្នាំ២០១២ និងខែឧសភា ឆ្នាំ២០១៣។ មហាសន្និបាត បារម្ភពីការវាយប្រហារដោយផ្ទាល់ជាច្រើន មកលើអ្នករាយការណ៍ពិសេសពី សំណាក់តំណាងរដ្ឋាភិបាលកម្ពុជា។
មហាសន្និបាតរបស់អង្គការសហប្រជាជាតិ ជំរុញឲ្យរដ្ឋាភិបាលកម្ពុជា ធ្វើការជាមួយលោក សុរិយា ស៊ូប៊ែឌី ដើម្បីដោះស្រាយបញ្ហានៅកម្ពុជា ដូចដែលមាននៅក្នុងអនុសាសន៍របស់លោក៕
សរសេរមកកាន់ លោក តាំង វីដា តាមរយៈvida@vodhotnews.com
No comments:
Post a Comment