
តារាសម្ដែងចាស់វស្សា និងចាងហ្វាងផលិតកម្មអ្នកនាង បូនីតា ដាដេណា ពេលចូលរួមកម្មវិធីអាណាចក្រតារាកន្លងមក។ រូបថត ហុង មិនា
ភ្នំពេញ : ក្រោយពីប្រកាសមិនផ្លាស់ប្តូរឆន្ទៈគាំទ្របក្សសង្គ្រោះជាតិ ទោះជាកាលៈទេសៈបែបណា និងថែម ទាំងលេចវត្តមានចូលរួមក្នុងចលករមហាបាតុកម្មទាមទាររកយុតិ្តធម៌ ចំពោះសំឡេងឆ្នោតយ៉ាងសស្រោកសស្រាំដោយបើកចំហនោះ តារាសម្តែងចាស់វស្សានិងជាចាងហ្វាងផលិតកម្មភាពយន្តអ្នកនាង បូនីតា ដាដេណា បានឲ្យដឹងថា ខ្លួនទទួលការព្រមានដល់អាយុជីវិតទាំងក្នុងនិងក្រៅហ្វេសប៊ុក ដែលពេលខ្លះមានជនមិនស្គាល់អត្តសញ្ញាណតាមឃ្លាំមើលនាងស្ទើរគ្រប់ដំណើរនាងក៏មានដែរ។
ក្នុងបរិយាយហានិភ័យនៃជីវិតពេលឆ្លើយឆ្លងជាមួយភ្នំពេញប៉ុស្តិ៍នៅរសៀលថ្ងៃទី២៩តុលាម្សិលមិញអ្នកនាងបូនីតា ដាដេណា បានរៀបរាប់ថា៖ «នៅរយៈពេលចុងក្រោយ ក្រោយពីវត្តមាននិងឆន្ទៈខ្ញុំមិនប្រែប្រួលពីការគាំទ្រគណបក្សសង្គ្រោះជាតិនោះខ្ញុំទទួលបានទាំងការជេរប្រមាថគ្រប់បែបយ៉ាងហើយក៏មានពាក្យគំរាមសម្លាប់ទៀតផងនៅក្នុងហ្វេសប៊ុក»។
អ្នកនាងបានប្រាប់ឲ្យដឹងថា៖ «ការជេរការប្រមាថ គំរាមសម្លាប់ពីមនុស្សមួយក្រុមតាមហ្វេសប៊ុកនោះ នៅរយៈចុងក្រោយនេះ បន្ទាប់ខ្ញុំបង្ហាញវត្តមានចូលរួមគាំទ្រគណបក្សសង្គ្រោះជាតិ បើកចំហពិសេសក្រោយពីខ្ញុំនិយាយក្នុងហ្វេសប៊ុកអំពាវនាវឲ្យបងប្អូនចូលរួមគាំទ្របក្សតវ៉ាទាមទារភាពយុត្តិធម៌។ ពេលនោះមនុស្សមួយក្រុមក្នុងហ្វេសប៊ុក ដែលតែងឆាត [chat] ជំទាស់ខ្ញុំ គេថា ខ្ញុំនេះជាតារាស្អី មនុស្សស្រីស្អី ដើរតែញុះញង់ បំផុសបំផុលគេ បង្កការវឹកវរ និងប៉ះពាល់ដល់សង្គម»។
អ្នកនាងបញ្ជាក់ថា៖ «ពេលនោះ ខ្ញុំក៏សួរទៅក្រុមដែលថាខ្ញុំញុះញង់បំផុសបំផុលនោះវិញថា តើច្បាប់រដ្ឋាភិបាល មានបានចែងទេថា មិនឲ្យប្រជាជន ឬអ្នកណាម្នាក់ទៅគាំទ្របក្សណានោះគ្មានទេ នោះជាសិទ្ធិរបស់ប្រជាជន។ ដូចខ្ញុំខ្ញុំចង់ចូលឬគាំទ្របក្សណាដែលខ្ញុំស្រឡាញ់យល់ថា ល្អ នោះក៏ស្រេចតែខ្ញុំដែរ ដូចគ្នាខ្ញុំក៏មានសិទ្ធិឃោសនា តែត្រង់ថាអ្នកណា ឬបុគ្គលណាមកចូលតាមខ្ញុំនោះក៏ជាសិទ្ធិរបស់គាត់មិនមាននរណាទៅបង្ខំឯណា»។
តារាភាពយន្ត ដែលហាក់មិនខ្វល់ពីការងារសិល្បៈរូបនេះក៏បានឲ្យដឹងទៀតថា៖ «ពេលដែលខ្ញុំលើកឡើងយ៉ាងដូចនោះ ក្រុមនោះមិនបានសរសេរពីហេតុផលច្បាប់ណាមកសំអាងនោះតទៀតទេក្រៅពីសរសេរថា នាងឯងកុំឲ្យជួបយើង ជួបកន្លែងណានាងឯងនឹងជីវិតផុយកន្លែងនោះហើយ»។
យោងតាមអ្នកនាង បូនីតា ដាដេណា ការសរសេរcommentគំរាមក្នុងហ្វេសនោះមិនមែនជាការលេងសើចឡើយ ហើយតារាដែលប្រែមុខមកលេចធ្លោក្នុងឆាកនយោបាយជាមួយបក្សប្រឆាំងរូបនេះបានអះអាងថាមិនបានប៉ុន្មានថ្ងៃផង នាងក៏មានមនុស្សប្រុសពីរនាក់តែងជិះម៉ូតូតាមឃ្លាំមើល តាមដានអ្នកនាងស្ទើរគ្រប់ដំណើរ។
អ្នកនាងប្រាប់ថា៖ «កាលពីពីរថ្ងៃមុននេះ ថ្ងៃទី២៧ ខ្ញុំចេញពីផ្ទះម៉ាក់នៅម្ដុំបឹងសាឡាងទៅរកញុំាបាយ។ពេលទៅដល់ហាងរកចុះពីលើឡានអ្នកការពារខ្ញុំប្រាប់ថាកុំអាលចុះព្រោះមានអ្នកតាមតាំងពីទើបចេញមកម្ល៉េះតែពួកគេអត់ហ៊ានជិះមកជិតទេព្រោះឃើញខ្ញុំមានគ្នាដែរហើយឃើញគ្នាខ្ញុំអាយកូមមកទាក់ទងគ្នា គេក៏គេចបាត់ទៅ»។
យ៉ាងណានាងក៏មិនបានបង្ហាញការសន្និដ្ឋានពីមុខសញ្ញាជាក់លាក់និងមិនបានដាក់ពាក្យបណ្តឹងប្តឹងទៅស្ថាប័នច្បាប់ឬអង្គការការពារសិទ្ធិមនុស្សមួយណាដែរ ដោយអ្នកនាងនិយាយថា៖ «មនុស្សប្រុសដែលតាមឃ្លាំមើលខ្ញុំនោះ ជិតម៉ូតូម៉ាកវីវ៉ា។ ប៉ុន្តែរឿងនេះខ្ញុំគិតថាមិនមែនអ្នកធំជាអ្នកធ្វើទេ ហើយខ្ញុំក៏មិនទាន់បានដាក់ពាក្យបណ្តឹងឬក៏រាយការណ៍ទៅខាងណាដែរ»។
ប៉ុន្តែអ្នកនាងបានបញ្ជាក់ថា «បើរឿងនេះនៅតែបន្តយាយីមកលើខ្ញុំទៀតនោះ ខ្ញុំនឹងដាក់ពាក្យប្តឹងមិនខាន ហើយពេលនោះខ្ញុំនៅមានឯកសារសំខាន់ៗច្រើនសម្រាប់តម្កល់ជាឯកសារដាក់បន្ទុកលើក្រុមមនុស្សដែលតាមព្យាបាទខ្ញុំ។ តែមិនទាន់ដល់ពេលបញ្ចេញ»។
ដំណើរចូលរួមសកម្មភាពគណបក្សសង្គ្រោះជាតិដ៏សស្រោកសស្រាំ របស់តារាសម្តែង បូនីតា ដាដេណាត្រូវបានមនុស្សមួយក្រុមលើកមករិះគន់ថាមិនមែនជាទង្វើដើម្បីយុត្តិធម៌ដូចដែលនាងប្រកាសទេ នោះគឺជាការទាញយកការគាំទ្រ ដើម្បីសម្រេចបំណងចេញទៅរស់នៅស្រុកក្រៅរបស់នាងប៉ុណ្ណោះ។
ឆ្លើយតបនឹងការរិះគន់នេះអ្នកនាងទទូចសុំឲ្យភ្នំពេញប៉ុស្តិ៍ចុះផ្សាយសម្ដីរបស់ខ្លួនកុំឲ្យបាត់ពាក្យមួយម៉ាត់ ដោយនាងថ្លែងថា៖ «ខ្ញុំស្រឡាញ់ប្រទេសខ្មែរ ខ្ញុំស្រឡាញ់ទឹកដីខ្មែរ បានជាខ្ញុំមកចូលរួមបក្សសង្គ្រោះជាតិ ហើយសកម្មភាពនេះមិនមែនខ្ញុំធ្វើដើម្បីរត់ចោលស្រុកទេ ខ្ញុំទោះកាលៈទេសៈបែបណាក៏ខ្ញុំស៊ូស្លាប់លើដីខ្មែរដែរ»។ នាងបានបញ្ជាក់ថា៖ «បើខ្ញុំចង់ចេញរស់នៅក្រៅប្រទេសនោះ មិនចាំបាច់ខ្ញុំចូលបក្សនេះក៏បានដែរ គឺខ្ញុំទៅបានសូមចាំថា នេះខ្ញុំតស៊ូគាំទ្របក្សនេះលុះជីវិតចុងក្រោយ មិនស្តាយទេដើម្បីជាតិរស់»៕
3 comments:
always blame on CPP - when it happened.,
even, on her own personal problems - still CPP blaming..LOL
The CPP and Hun Sen knows nothing other than violence and killing its opponents. She did nothing wrong, only using her constitutional right to support any parties she wanted.
មានតែក្តរទេដែលត្រូវការក្តិត ចេះតែប្រឌិតរឿង
ឳយបានល្បីឬ?
Post a Comment