A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 1 August 2013

Sam Rainsy welcomes Hun Sen's agreement to set up a joint committee to investigate electoral irregularities លោក សម រង្ស៊ី សាទរ​ចំពោះ​ការ​គាំទ្រ​របស់​លោក ហ៊ុន សែន បង្កើត​គណៈកម្មការ​ចម្រុះ

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ស្វាគមន៍​ចំពោះ​ការ​ឆ្លើយ​តប​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន លើ​សំណើ​បង្កើត​គណៈកម្មការ​ចម្រុះ ដើម្បី​អង្កេត​ពី​ភាព​មិន​ប្រក្រតី​ក្នុង​ដំណើរ​ការ​បោះ​ឆ្នោត​សភា​កាល​ពី​ ថ្ងៃ​ទី២៨ ខែ​កក្កដា។ ការ​ឆ្លើយ​ឆ្លង​របស់​អ្នក​ដឹកនាំ​គណបក្ស​នយោបាយ​ឈ្នះ​ឆ្នោត​ទាំង​២ តាម​រយៈ​សារព័ត៌មាន បាន​បង្កើត​ឲ្យ​មាន​បរិយាកាស​ធូរ​ស្រាល​ក្នុង​សង្គម​ក្រោយ​ការ​បោះ​ឆ្នោត។
ដោយ ដែន អយុធ្យា RFA
2013-08-01
សន្លឹក​ឆ្នោត ៦១០
សន្លឹក​ឆ្នោត​ដែល​ត្រូវ​គេ​បោះ​ដើម្បី​ជ្រើស​រើស​សមាជិក​ព្រឹទ្ធ​ សភា​នៅ​ខេត្ត​ពោធិ៍សាត់ ត្រូវ​ចាក់​ចេញ​ពី​ហឹប​ដើម្បី​រាប់ កាល​ពី​​អំឡុង​ឆ្នាំ​២០១២។
RFA
ការ​បោះ​ឆ្នោត​កាល​ពី​ថ្ងៃ​ទី២៨ កក្កដា កន្លង​ទៅ មិន​ទាន់​ប្រកាស​លទ្ធផល​ផ្លូវ​ការ​ទេ ដោយសារ​មាន​ការ​ចោទ​ប្រកាន់​ថា មាន​ភាព​មិន​ប្រក្រតី​ជាច្រើន​កើត​មាន។
លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី១ ខែ​សីហា ថា គណៈកម្មការ​ចម្រុះ​ដែល​ស្នើ​បង្កើត ដើម្បី​ពិនិត្យ​ភាព​មិន​ប្រក្រតី​នៃ​ដំណើរ​ការ​បោះ​ឆ្នោត​សភា​នីតិកាល​ទី៥ ត្រូវ​មាន​សមាសភាព​គណបក្ស​ឈ្នះ​អាសនៈ​ក្នុង​រដ្ឋសភា សង្គម​ស៊ីវិល​ធ្វើ​ការងារ​ពាក់ព័ន្ធ​ការ​បោះ​ឆ្នោត ជា​ពិសេស ត្រូវ​មាន​អង្គការ​សហប្រជាជាតិ​ចូលរួម ព្រោះ​ជា​អ្នក​មាន​បទ​ពិសោធន៍​ខ្ពស់​ក្នុង​ការងារ​បោះ​ឆ្នោត។
លោក សម រង្ស៊ី៖ «យើង​ត្រូវ​តែ​រក​វិធានការ រក​ដំណោះស្រាយ ដើម្បី​ផ្តល់​យុត្តិធម៌​ជូន​ប្រជារាស្ត្រ អ្នក​ដែល​បាន​ត្រូវ​គេ​លុប​ឈ្មោះ ត្រូវ​គេ​លួច​ឈ្មោះ ត្រូវ​គេ​បន្លំ​ឈ្មោះ ហើយ​មិន​បាន​បោះ​ឆ្នោត បើ​យើង​បណ្តោយ បើ​យើង​រំលង អ្នក​ដែល​រងគ្រោះ​អ្នក​ទាំងអស់​ហ្នឹង ការ​បោះ​ឆ្នោត​ហ្នឹង មិន​ឆ្លុះ​បញ្ចាំង​ពី​ឆន្ទៈ​ប្រជារាស្ត្រ​ទេ ពីព្រោះ​ប្រជារាស្ត្រ​មួយ​ចំនួន​ធំ ត្រូវ​បាន​គេ​បំបាត់​សិទ្ធិ​បោះ​ឆ្នោត​របស់​គាត់»
យ៉ាង​ណា​ក៏ដោយ លោក សម រង្ស៊ី អះអាង​ថា រហូត​មក​ទល់​ពេល​នេះ ក្រុម​ការងារ​បក្ស​សង្គ្រោះ​ជាតិ មិន​ទាន់​បាន​ជួប​ជជែក​អ្វី​ទាំងអស់​ជាមួយ​ក្រុម​ការងារ​គណបក្ស​ប្រជាជន​ កម្ពុជា ទេ។ លោក​សង្កត់​ធ្ងន់​ថា មុន​នឹង​ឈាន​ដល់​ការ​ជជែក​លើ​បញ្ហា​ផ្សេងៗ រវាង​ក្រុម​ការងារ​គណបក្ស​សង្គ្រោះ​ជាតិ និង​បក្ស​ប្រជាជន​កម្ពុជា គឺ​ត្រូវ​ដោះស្រាយ​ពី​ភាព​មិន​ប្រក្រតី​នៃ​ដំណើរ​ការ​បោះ​ឆ្នោត​ឲ្យ​ចប់​ សព្វគ្រប់​ជា​មុន ដើម្បី​ផ្តល់​យុត្តិធម៌​ជូន​ម្ចាស់​ឆ្នោត។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី៣១ ខែ​កក្កដា ក្នុង​ពិធី​ចុះ​ពិនិត្យ​ការដ្ឋាន​សាងសង់​ស្ពាន​អាកាស​ស្ទឹងមានជ័យ បាន​ស្វាគមន៍​គាំទ្រ​ការ​បង្កើត​គណៈកម្មការ​ចម្រុះ ដើម្បី​អង្កេត​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះ​ឆ្នោត។ លោក​ស្នើ​ដល់​គណបក្ស​នយោបាយ និង​អង្គការ​សង្គម​ស៊ីវិល ត្រូវ​ចូល​រួម​តាម​ដាន និង​ដោះស្រាយ​ភាព​មិន​ប្រក្រតី​នៃ​ដំណើរ​ការ​បោះ​ឆ្នោត​ឲ្យ​បាន​ត្រឹមត្រូវ។ លោក​បាន​ឲ្យ​ដឹង​ថា គណបក្ស​ប្រជាជន​កម្ពុជា បាន​បង្កើត​ក្រុម​ការងារ​ដោះស្រាយ​មួយ ដើម្បី​ធ្វើ​ការងារ​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​មាន​សមាសភាព​ជា​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា មាន​ដូច​ជា លោក សាយ ឈុំ លោក ស ខេង និង លោក សុខ អាន។
ទោះ​យ៉ាង​ណា លោក ហ៊ុន សែន មាន​យោបល់​ថា បើ គ.ជ.ប យល់​ថា​ចាំបាច់​មាន​ការ​បង្កើត​គណៈកម្មការ​ចម្រុះ ដើម្បី​អង្កេត​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះ​ឆ្នោត គឺ​រូប​លោក​គាំទ្រ៖ «ទាក់ទង ​វិវាទ​នៃ​ការ​បោះ​ឆ្នោត គឺ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត មាន​ភារកិច្ច​ដោះស្រាយ។ ប៉ុន្តែ បើ​សិន​ជា គ.ជ.ប យល់​ឃើញ​ថា មាន​ការ​ចាំបាច់​ឲ្យ​គណបក្ស​នយោបាយ​ចូលរួម និង​អង្គការ​សង្គម​ស៊ីវិល​ចូលរួម សម្រាប់​ខាង​រាជ​រដ្ឋាភិបាល ក៏​ដូច​ជា​គណបក្ស​ប្រជាជន​កម្ពុជា សូម​ស្វាគមន៍​នូវ​ការ​បើក​ទូលាយ​បែប​នេះ ដើម្បី​បង្ហាញ​ពី​តម្លាភាព និង​ដំណោះស្រាយ​ដែល​អាច​ទទួល​យក​បាន​ទាំងអស់​គ្នា»
យ៉ាង​នេះ​ក្តី លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប បាន​ឲ្យ​ដឹង​ថា គ.ជ.ប គ្មាន​សិទ្ធិ​អំណាច​ដើម្បី​បង្កើត​គណៈកម្មាធិការ​ចម្រុះ​ពិនិត្យ​ការ​បោះ​ ឆ្នោត​នេះ​ទេ។ ប៉ុន្តែ លោក​ថា គ.ជ.ប អាច​ដំណោះស្រាយ​តាម​យន្តការ​មាន​ស្រាប់​របស់​ស្ថាប័ន​រៀប​ចំ​ការ​បោះ​ឆ្នោត​ តាម​លំដាប់​ថ្នាក់ និង​ស្នើ​ឲ្យ​ផ្នែក​ពាក់ព័ន្ធ​ចូលរួម៖ «ក៏ប៉ុន្តែ គ.ជ.ប បាន​ប្រើប្រាស់​យន្តការ​ដែល​មាន​ស្រាប់​ឲ្យ​ទទួល​យក​របាយការណ៍​អំពី​ភាព​មិន ​ប្រក្រតី​នៃ​ការ​បោះ​ឆ្នោត ដែល​ដាក់​នៅ​គណៈកម្មការ​រាជធានី-ខេត្ត​រៀប​ចំ​ការ​បោះ​ឆ្នោត និង​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត ពី​ថ្ងៃ​ទី២ ដល់​ថ្ងៃ​ទី៦ ខែ​សីហា ហើយ គ.ជ.ប នឹង​ពិនិត្យ​បញ្ហា​ទាំងអស់​នោះ។ ហើយ​អញ្ជើញ​ភាគី​គណបក្ស​នយោបាយ​ប្រកួត​ប្រជែង​ការ​បោះ​ឆ្នោត ព្រម​ទាំង​អង្គការ​ជាតិ និង​អន្តរជាតិ ដើម្បី​ពិនិត្យ​មើល​ការ​ដោះស្រាយ​នេះ»
ទាក់ទិន​បញ្ហា​នេះ លោក កែម ឡី អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម និង​ជា​អ្នក​វិភាគ​ឯករាជ្យ មើល​ឃើញ​ថា ភាព​មិន​ប្រក្រតី​ដែល​កើត​មាន​ក្នុង​ដំណើរ​ការ​បោះ​ឆ្នោត គួរ​តែ​ផ្នែក​ពាក់ព័ន្ធ មាន​សង្គម​ស៊ីវិល គណបក្ស​នយោបាយ ឬ គ.ជ.ប ជាដើម ចូលរួម​ដោះស្រាយ​ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​ឲ្យ​ពលរដ្ឋ​ស្ងប់​អារម្មណ៍ និង​អាច​ទទួល​យក​បាន៖ «សម្ដេច​នាយក​រដ្ឋមន្ត្រី​គាត់​ប្រកាស​ហ្នឹង គឺ​ប្រាកដ​ជា​មាន​ហើយ។ ទោះ​បី​ជា​យើង​សម្រប​សម្រួល កែ​តម្រូវ​លក្ខណៈ​បច្ចេកទេស​ហើយ ក៏​ត្រូវ​តែ​មាន​ការ​សម្រប​សម្រួល​ខាង​ផ្នែក​នយោបាយ​ដែរ។ ហើយ​ខ្ញុំ​គិត​ថា ជា​សញ្ញា​ល្អ​សម្រាប់​ស្រុក​ខ្មែរ អាច​រក្សា​ស្ថិរភាព​សង្គម​ផង អាច​រក្សា​ស្ថិរភាព​នយោបាយ​សេដ្ឋកិច្ច​ផង។ ប៉ុន្តែ​មិន​អាច​ផ្តល់​យុត្តិធម៌​ជូន​ប្រជាពលរដ្ឋ​ទេ វា​លែង​តែ​យើង​កែលំអ​ភាព​លម្អៀង​ខាង​បច្ចេកទេស​ឲ្យ​អស់​តាម​ដែល​អាច​ធ្វើ​ទៅ ​បាន»
បញ្ហា​នេះ​ដែរ គណបក្ស​ហ៊្វុនស៊ិនប៉ិច ក៏​បាន​គាំទ្រ និង​ស្នើ​ដាក់​សមាសភាព​ចូលរួម​ក្នុង​គណៈកម្មការ​ចម្រុះ ដើម្បី​អង្កេត​ពី​ភាព​មិន​ប្រក្រតី​ក្នុង​ពេល​បោះ​ឆ្នោត​នេះ​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

No comments: