A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday 3 August 2013

Sam Rainsy told supporters in Kandal that the CNRP won the 28th July election លោក សម រង្ស៊ី ប្រកាស​ប្រាប់​អ្នក​គាំទ្រ​នៅ​ខេត្ត​កណ្ដាល​ថា​ឈ្នះ​ឆ្នោត

ថ្នាក់​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ ចាប់​ផ្ដើម​ចុះ​ជួប​ជាមួយ​អ្នក​គាំទ្រ​ជា​លើក​ដំបូង បន្ទាប់​ពី​ថ្ងៃ​បោះ​ឆ្នោត។ ការ​ចុះ​មូលដ្ឋាន​នេះ ធ្វើ​ឡើង​នា​ថ្ងៃ​ទី៣ ខែ​សីហា នៅ​ខេត្ត​កណ្ដាល ដើម្បី​ប្រកាស​ឲ្យ​ប្រជាពលរដ្ឋ​បាន​ដឹង​ពី​លទ្ធផល​បោះ​ឆ្នោត​ដែល​គណបក្ស​ សង្គ្រោះ​ជាតិ រក​ឃើញ និង​ថ្លែង​អំណរ​គុណ​ចំពោះ​ម្ចាស់​ឆ្នោត។
ដោយ វណ្ណ វិចារ RFA
2013-08-03
សម រង្ស៊ី ៦១០
លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​នា​រង្វង់​មូល​វិមាន​ឯករាជ្យ ក្រុង​ស្វាយរៀង ខេត្ត​ស្វាយរៀង នៅ​ថ្ងៃ​ទី២៥ ខែ​កក្កដា ឆ្នាំ​២០១៣។
RFA/Hum Chamroeun
ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៉ី និង​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ថ្លែង​ទៅ​កាន់​ពលរដ្ឋ​នៅ​ស្រុក​កោះធំ និង​ស្រុក​ស្អាង ខេត្ត​កណ្ដាល ថា គណបក្ស​សង្គ្រោះ​ជាតិ ជា​បក្ស​ដែល​ឈ្នះ​ឆ្នោត​នៅ​អាណត្តិ​ទី៥ នេះ។ ហើយ​បក្ស​មួយ​នេះ​ទទួល​បាន​អាសនៈ​សភា​ចំនួន ៦៤​អាសនៈ រីឯ​គណបក្ស​ប្រជាជន​កម្ពុជា ទទួល​បាន​តែ ៥៩​ អាសនៈ​ប៉ុណ្ណោះ។
លោក សម រង្ស៉ី មាន​ប្រសាសន៍​ថា សន្លឹក​ឆ្នោត​ដែល​កើត​គណបក្ស​សង្គ្រោះ​ជាតិ ទទួល​បាន​ជា​ទឹក​ចិត្ត​ដ៏​បរិសុទ្ធ​របស់​ប្រជាពលរដ្ឋ ផ្ទុយ​ពី​សន្លឹក​ឆ្នោត​មួយ​ចំនួន​របស់​បក្ស​កាន់​អំណាច​ដែល​កើត​ចេញ​ពី​ការ​ ទិញ​ទឹក​ចិត្ត និង​ការ​គាប​សង្កត់​ជាដើម។ លោក​បន្ត​ថា ភាព​មិន​ប្រក្រតី​ជាច្រើន​ក្នុង​ថ្ងៃ​បោះ​ឆ្នោត ជា​កត្តា​ដែល​នាំ​ឲ្យ​ភាគី​អន្តរជាតិ​មិន​អាច​ទទួល​ស្គាល់​លទ្ធផល​នៃ​ការ​ បោះ​ឆ្នោត ដែល​គណបក្ស​កាន់​អំណាច​ប្រកាស​ថា​ឈ្នះ​នោះ​ឡើយ។ លោក សម រង្ស៉ី ក៏​បាន​ថ្លែង​បញ្ជាក់​ឲ្យ​ពលរដ្ឋ​ងើប​តវ៉ា​ចំពោះ​ភាព​អសកម្ម​ថែម​ទៀត​ផង។
ទោះ​ជា​បែប​ណា​ក្តី លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី២ ខែ​សីហា បាន​ព្រមាន​ថា​នឹង​មាន​បញ្ហា​អសន្តិសុខ​សង្គម បើ​សិន​ណា​កើត​មាន​បាតុកម្ម​ប្រឆាំង​នឹង​លទ្ធផល​ឆ្នោត​មែន​នោះ។ លោក​ថែម​ទាំង​បង្ហើប​ថា ក្រុម​បាតុករ​នឹង​ក្លាយ​ជា​អ្នក​រងគ្រោះ បើ​សិន​ណា​កើត​មាន​ក្រុម​បាតុកម្ម​ប្រឆាំង​ប្រឈម​មុខ​ដាក់​គ្នា​ជាមួយ​ក្រុម ​បាតុករ​គាំទ្រ​នោះ។

ការ​ប្រឈម​មុខ​ដាក់​គ្នា​រវាង​បាតុកម្ម​គាំទ្រ និង​បាតុកម្ម​ប្រឆាំង​លទ្ធផល​បោះ​ឆ្នោត​នេះ កើត​ឡើង​កាល​ពី​ឆ្នាំ​១៩៩៨ ម្តង​រួច​ហើយ ដែល​កាល​នោះ ភាគី​គណបក្ស​ប្រឆាំង​ដឹក​នាំ​ដោយ លោក សម រង្ស៉ី បាន​ផ្ទុះ​ហិង្សា​ជាមួយ​នឹង​ក្រុម​ជន​ស៊ីវិល មាន​ដំបង​ក្នុង​ដៃ​ដែល​គេ​ជឿ​ថា​ជា​ក្រុម​ចាត់​តាំង​ដោយ​គណបក្ស​ប្រជាជន​ កម្ពុជា។ អំពើ​ហិង្សា​កាល​ណោះ បាន​បង្ក​ឲ្យ​ក្រុម​បាតុករ​រង​របួស​ជាច្រើន​នាក់ និង​អ្នក​ខ្លះ​បាត់​បង់​អាយុ​ជីវិត​ទៀត​ផង។
ទោះ​បែប​ណា​ក្តី មន្ត្រី​បក្ស​សង្គ្រោះ​ជាតិ បញ្ជាក់​ថា គណបក្ស​មិន​ចង់​ឲ្យ​មាន​បាតុកម្ម​ទេ តែ​ស្នើ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ពី​ភាព​មិន​ប្រក្រតី​ក្នុង​ពេល​បោះ​ឆ្នោត​ ឲ្យ​បាន​ច្បាស់​លាស់​ជា​មុន​សិន។ ដំណើរ​ចុះ​សួរ​សុខទុក្ខ​ពលរដ្ឋ​របស់​ថ្នាក់​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ ធ្វើ​ឡើង​ខុស​ប្លែក​ពី​ដំណើរ​ចុះ​ជួប​ពលរដ្ឋ​របស់ លោក ហ៊ុន សែន។ លោក សម រង្ស៉ី និង លោក កឹម សុខា ត្រូវ​បាន​ទទួល​ការ​ស្វាគមន៍​ពី​សំណាក់​ប្រជាពលរដ្ឋ​រាប់​ពាន់​នាក់ ហើយ​ថ្នាក់​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ ថ្លែង​សារ​នយោបាយ​ទៅ​កាន់​ពលរដ្ឋ ដូច​ជា​អំឡុង​ពេល​ឃោសនា​បោះ​ឆ្នោត​យ៉ាង​ដូច្នេះ​ដែរ។
ចំណែក លោក ហ៊ុន សែន វិញ បាន​ចុះ​ជួប​កម្មករ​ធ្វើ​ស្ពាន​អាកាស​នៅ​ស្ទឹងមានជ័យ តាម​បែប​ស្ងាត់ស្ងៀម និង​មិន​មាន​ការ​ជូន​ដំណឹង​ទេ រហូត​បង្ក​ឲ្យ​ពលរដ្ឋ​មាន​ការ​ភ័យ​ខ្លាច​ទៀត​ផង។ ប្រជាពលរដ្ឋ​ភ័យ​ខ្លាច ដោយសារ​មាន​កង​ការពារ និង​កង​រាជ​អាវុធហត្ថ​ចុះ​ទៅ​ជាច្រើន ហើយ​បិទ​ផ្លូវ​មិន​ឲ្យ​ធ្វើ​ចរាចរណ៍​ជា​សាធារណៈ ជា​ពិសេស​លោក​ចុះ​ទៅ​តំបន់​ដែល​កើត​មាន​អំពើ​ហិង្សា​ក្នុង​ថ្ងៃ​បោះ​ឆ្នោត ដែល​មាន​ការ​តវ៉ា​របស់​ប្រជាពលរដ្ឋ មាន​ការ​បាញ់​ឡើង​លើ និង​ដុត​ឡាន​កង​រាជ​អាវុធហត្ថ​អស់ ២​គ្រឿង​ទៀត​ផង។
លោក ហ៊ុន សែន ក៏​បាន​ចុះ​ជា​លើក​ទី២ ជួយ​ស្ទូង​ពលរដ្ឋ​នៅ​ខេត្ត​កណ្ដាល ជា​ទី​ដែល​លោក​ឈរ​ឈ្មោះ​ឲ្យ​គេ​បោះ​ឆ្នោត និង​ជា​ទី​ដែល​គណបក្ស​កាន់​អំណាច​ទើប​តែ​ចាញ់​ឆ្នោត​ថ្មីៗ។ លោក​ក៏​បាន​ថ្លែង​សារ​នយោបាយ​មួយ​ចំនួន​ពី​យន្តការ​បង្កើត​រដ្ឋាភិបាល ដំណើរ​ការ​ប្រជុំ​សភា និង​ប្រាប់​ពលរដ្ឋ​ថា​គណបក្ស​កាន់​អំណាច​ឈ្នះ​ឆ្នោត​ជាដើម។
ថ្នាក់​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ នឹង​ធ្វើ​ដំណើរ​ទៅ​ខេត្ត​កំពង់ចាម នៅ​ថ្ងៃ​ទី៤ ខែ​សីហា ហើយ​បន្ត​ទៅ​ខេត្ត​ព្រៃវែង នៅ​ថ្ងៃ​ទី៥ ខែ​សីហា និង​ដំណើរ​ចុង​ក្រោយ គឺ​ជួប​ពលរដ្ឋ​នៅ​ខេត្ត​កំពង់ស្ពឺ តាកែវ និង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី៦ ខែ​សីហា។ មក​ទល់​ពេល​នេះ មិន​ទាន់​មាន​ការ​ប្រកាស​លទ្ធផល​ការ​បោះ​ឆ្នោត​ជា​ផ្លូវ​ការ​ពី​សំណាក់​ គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​នៅ​ឡើយ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

No comments: