A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday, 5 August 2013

Opposition activists in Preah Vihear fear for their personal safety សកម្មជន​បក្ស​ប្រឆាំង​ខេត្ត​ព្រះវិហារ​ភ័យ​ខ្លាច​អំពី​សុវត្ថិភាព​ផ្ទាល់​ខ្លួន

ការ​បោះ​ឆ្នោត​ជ្រើស​រើស​តំណាង​រាស្ត្រ​អាណត្តិ​ទី៥ បាន​កន្លង​ផុត​ទៅ​រយៈពេល ១​សប្ដាហ៍​មក​ហើយ ក៏ប៉ុន្តែ ក្រុម​សកម្មជន​គណបក្ស​ប្រឆាំង​នៅ​ខេត្ត​ភាគ​ឧត្តរ បាន​អះអាង​ថា សមត្ថកិច្ច​មួយ​ចំនួន​នៅ​តែ​តាម​ឃ្លាំ​មើល​សកម្មភាព​ពួក​គេ​ជាមួយ​នឹង​អំពើ​ គំរាម​កំហែង​ផង។
ដោយ ហង្ស សាវយុត RFA
2013-08-05
សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​ព្រះវិហារ បាន​អះអាង​ថា ក្រុម​ការងារ​របស់​បក្ស​នេះ​មួយ​ចំនួន​មាន​ការ​ភ័យ​ខ្លាច នៅ​ពេល​ដែល​ឃើញ​កង​សន្តិសុខ​មួយ​ក្រុម​ដើរ​សួរ​រក​មុខ​ពួក​គេ កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ ទី​៤ ខែ​សីហា។
កម្លាំង​សមត្ថកិច្ច និង​សន្តិសុខ​ដើរ​សួរ​រក​មុខ​សកម្មជន​នោះ គឺ​នៅ​ពេល​ពួក​គេ​បាន​ចុះ​ធ្វើ​សកម្មភាព​ស្រង់​ឈ្មោះ​ប្រជាពលរដ្ឋ​មួយ​ចំនួន ​នៅ​ក្នុង​ផ្សារ ដែល​មិន​បាន​បោះ​ឆ្នោត។
ប្រធាន​ក្រុម​ការងារ​ប្រតិបត្តិ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ ប្រចាំ​ខេត្ត​ព្រះវិហារ គឺ​លោក សឹង សាន់ដេ។ លោក​បាន​អះអាង​កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ ទី៤ ខែ​សីហា ថា គណបក្ស​របស់​លោក​នៅ​ក្នុង​ខេត្ត​នេះ បាន​បង្កើត​គណៈកម្មការ​មួយ​ដើម្បី​ត្រួត​ពិនិត្យ​ទៅ​លើ​ភាព​មិន​ប្រក្រតី​នៃ ​ការ​បោះ​ឆ្នោត។ កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ ក្រុម​ការងារ​របស់​លោក​មួយ​ចំនួន​បាន​ចុះ​ទៅ​ក្នុង​ផ្សារ​កំពង់ប្រណាក នៃ​ទី​រួម​ខេត្ត ដើម្បី​ស្រង់​យក​ឈ្មោះ​ប្រជាពលរដ្ឋ​ណា​មិន​បាន​បោះ​ឆ្នោត ក៏ប៉ុន្តែ បន្ទាប់​ពី​ធ្វើ​ការ​បាន​បន្តិច ក៏​មាន​កម្លាំង​សន្តិសុខ​មួយ​ចំនួន​ចូល​ទៅ​សួរ​រក​មុខ​អ្នក​ដែល​ដើរ​កត់​ ឈ្មោះ​នោះ។
លោក សឹង សាន់ដេ៖ «ព្រឹក​នេះ​ក្រុម​ការងារ​ខ្ញុំ​រាយការណ៍​ថា សមត្ថកិច្ច​ស្លៀក​ឯកសណ្ឋាន ហើយ​និង​ស្លៀក​ខោ​អាវ​សន្តិសុខ បាន​ទៅ​សួរ​រក​អ្នក​ដែល​ដើរ​ស្រង់​ឈ្មោះ​ប្រជាពលរដ្ឋ​មិន​បាន​ទៅ​បោះ​ឆ្នោត​ នោះ ធ្វើ​ឱ្យ​ក្រុម​ការងារ​របស់​ខ្ញុំ​មាន​ការ​ភ័យ​ខ្លាច ព្រោះ​គេ​ដើរ​រក​ពេញ​តែ​ផ្សារ ប៉ូលិស​មិន​ដឹង​ប៉ុន្មាន​នាក់​ទេ ហើយ​ខ្ញុំ​ទៅ​អំបាញ់មិញ ឃើញ​សន្តិសុខ​ម្នាក់​ស្លៀក​ពាក់​ខោ​អាវ​ស៊ីវិល ដើរ​ស៊ើប​ស្រាវជ្រាវ»
ទោះ​យ៉ាង​ណា មេ​បញ្ជា​ការ​ប៉ូលិស បាន​បដិសេធ​ថា មិន​មាន​កម្លាំង​សមត្ថកិច្ច និង​សន្តិសុខ​ណា​ម្នាក់​ត្រូវ​បាន​បញ្ជា​ឱ្យ​តាម​រារាំង ឬ​គំរាម​កំហែង​ទៅ​លើ​ការ​ដើរ​ចុះ​ឈ្មោះ​អ្នក​មិន​បាន​បោះ​ឆ្នោត​នោះ​ទេ។
ស្នងការ​នគរបាល​ខេត្ត​ព្រះវិហារ លោក ស៊ី គីរី បាន​មាន​ប្រសាសន៍​ថា លោក​ពុំ​ទាន់​បាន​ទទួល​ព័ត៌មាន​ដែល​ថា កម្លាំង​សមត្ថកិច្ច​គំរាម​កំហែង​ទៅ​លើ​ក្រុម​ការងារ​គណបក្ស​សង្គ្រោះ​ជាតិ នោះ​នៅ​ឡើយ​ទេ៖ «ចាំ​មើល​ខ្ញុំ​ឆែក ប៉ុន្តែ​ខ្ញុំ​អត់​មាន​ទេ។ ថ្ងៃ​នេះ​ខ្ញុំ​ចុះ​ទៅ​មើល​បង​ប្អូន​ស្ទូង​ដក​អី ការពារ​ទឹក​ជំនន់​អី ដូច​ជា​អត់​ទាន់​មាន​ព័ត៌មាន​អីចឹង​ទេ»

លោក ស៊ី គីរី បាន​បញ្ជាក់​ថា កម្លាំង​របស់​លោក​ដូច​ជា​មិន​បាន​ទៅ​ពាក់ព័ន្ធ​នឹង​ការងារ​របស់​គណបក្ស​ នយោបាយ​ដូច្នេះ​ទេ ពីព្រោះ​តែ​ការងារ​បែប​នេះ គឺ​ជា​រឿង​របស់​គណៈកម្មការ​រៀបចំ​ការ​បោះ​ឆ្នោត​ថ្នាក់​ខេត្ត​ប៉ុណ្ណោះ។
ចំណែក លោក ឈឹម សំអឿន ប្រធាន​គណៈកម្មការ​រៀបចំ​ការ​បោះ​ឆ្នោត​ខេត្ត​ព្រះវិហារ ក៏​បាន​មាន​ប្រសាសន៍​ថា លោក​ពុំ​ទាន់​ទទួល​បាន​ព័ត៌មាន​ដូច​គ្នា​ដែរ។ លោក ឈឹម សំអឿន បាន​មាន​ប្រសាសន៍​ទៀត​ថា ការ​ដែល​គណបក្ស​សង្គ្រោះ​ជាតិ ដើរ​ស្រង់​ឈ្មោះ​អ្នក​មិន​បាន​បោះ​ឆ្នោត​នោះ គឺ​មិន​មាន​នរណា​ហាម​ឃាត់​ទេ ពីព្រោះ​វា​ជា​សិទ្ធិ​សេរីភាព។ ក៏ប៉ុន្តែ លោក​ឆ្ងល់​ថា ការ​បោះ​ឆ្នោត​កន្លង​ទៅ ប្រសិន​បើ​មាន​ភាព​មិន​ប្រក្រតី ហេតុ​អ្វី​បាន​ជា​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​ព្រះវិហារ មិន​ធ្វើ​បណ្ដឹង​ដាក់​មក​រូប​លោក។
មន្ត្រី​ដដែល​បាន​ឱ្យ​ដឹង​ថា ចាប់​តាំង​ពី​ថ្ងៃ​បោះ​ឆ្នោត គឺ​គណៈកម្មការ​រៀប​ចំ​ការ​បោះ​ឆ្នោត ខេត្ត​ព្រះវិហារ បាន​ទទួល​បណ្ដឹង​១​ច្បាប់​ពី​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​បណ្ដឹង​នោះ​មិន​គ្រប់​តាម​លក្ខណៈ​ផ្លូវ​ច្បាប់​ទៅ​ទៀត។
អ្នក​សម្រប​សម្រួល​របស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (Adhoc) ខេត្ត​ព្រះវិហារ លោក ឡោ ច័ន្ទ បាន​មាន​ប្រសាសន៍​ថា កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ លោក​បាន​ទទួល​ព័ត៌មាន​អំពី​បញ្ហា​ដែល​ថា​មាន​សមត្ថកិច្ច​មួយ​ក្រុម បាន​ដើរ​សួរ​រក​មុខ​ក្រុម​សកម្មជន​ដើរ​ចុះ​ឈ្មោះ​ប្រជាពលរដ្ឋ​មិន​បាន​បោះ​ ឆ្នោត​នោះ​មែន ក៏ប៉ុន្តែ លោក​មិន​ទាន់​បាន​ស៊ើប​អង្កេត​នៅ​ឡើយ ដោយសារ​តែ​លោក​ជាប់​រវល់​ប្រជុំ​នៅ​ទីក្រុង​ភ្នំពេញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

No comments: