A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday 4 August 2013

Lawyers push British court to expedite Koh Kong residentss lawsuit against British sugar company មេធាវី​ជំរុញ​តុលាការ​ពាណិជ្ជកម្ម​អង់គ្លេស​ពន្លឿន​សំណុំ​រឿង​ពលរដ្ឋ​ខេត្ត​កោះកុង

Read in English: Cambodia farmers launch action against Tate & Lyle .

ក្រុម​មេធាវី​អាមេរិកាំង សហការ​ជាមួយ​ក្រុម​មេធាវី​អង់គ្លេស ជំរុញ​ឲ្យ​តុលាការ​ពាណិជ្ជកម្ម​ក្នុង​ទីក្រុង​ឡុងដ៍ ពន្លឿន​ដំណោះស្រាយ​ករណី​ក្តី​ក្ដាំ​របស់​ពលរដ្ឋ​ខេត្ត​កោះកុង ជាមួយ​ក្រុមហ៊ុន​ទិញ​ស្ករស​ក្នុង​ប្រទេស​អង់គ្លេស ឈ្មោះ Tate & Lyle Sugar Limited។ ក្រុម​មេធាវី​ទាំង​នេះ ចង់​បាន​សំណង​ជំងឺ​ចិត្ត និង​ដីធ្លី​ជាង ១​ពាន់​ហិកតារ មក​ឲ្យ​ពលរដ្ឋ​ខ្មែរ​ដែល​ជា​ជន​រងគ្រោះ​ចំនួន ២០០​គ្រួសារ ដែល​បាន​បាត់​បង់​ដីធ្លី។
ដោយ តាំង សារ៉ាដា RFA
2013-08-02
ម៉ាក ម័រស្ទែន (Mark Moorstein) ៣០៥
មេធាវី​អាមេរិកាំង លោក ម៉ាក ម័រស្ទែន (Mark Moorstein) (ស្ដាំ) ដែល​ធ្វើ​ការ​ឲ្យ​ក្រុមហ៊ុន​មេធាវី រីស៍ ប្រួន (Rees Broome) និង​ជា​អ្នក​សកម្ម​ធ្វើ​កិច្ចការ​ក្នុង​ករណី​ទំនាស់​របស់​ពលរដ្ឋ​ស្រុក​ ស្រែអំបិល ខេត្ត​កោះកុង។
Photo: RFA
អង្គការ​ខ្មែរ​អាមេរិកាំង ដើម្បី​សិទ្ធិ​មនុស្ស និង​លទ្ធិប្រជាធិបតេយ្យ (CAHRAD) ដែល​មាន​មូលដ្ឋាន​ក្នុង​សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​ពុធ បាន​ជួប​ពិភាក្សា​ជាមួយ​ក្រុម​មេធាវី​អាមេរិកាំង ក្នុង​រដ្ឋ​វឺជីនៀ (Virginia) ដើម្បី​ស្វែង​រក​លទ្ធភាព​ក្នុង​ការ​ពន្លឿន​ឲ្យ​មាន​ដំណោះស្រាយ ករណី​ទំនាស់​ដីធ្លី​រវាង​ពលរដ្ឋ​ចំនួន ២០០​គ្រួសារ ក្នុង​ឃុំ​ជីខលើ ស្រុក​ស្រែអំបិល ខេត្ត​កោះកុង ជាមួយ​ក្រុមហ៊ុន​បញ្ជា​ទិញ​ស្ករ​អំពៅ​ដ៏​ធំ​មួយ​ក្នុង​ប្រទេស​អង់គ្លេស ឈ្មោះ Tate & Lyle Sugar។
ក្រុម​មេធាវី​អាមេរិកាំង ទាំង​នេះ ជា​សមាជិក​របស់​ក្រុមហ៊ុន​មេធាវី​ឈ្មោះ រីស៍ ប្រួន (Rees Broome) ដែល​ធ្វើ​កិច្ចការ​ជិតស្និទ្ធ​ជាមួយ​ក្រុម​មេធាវី​នៅ​ប្រទេស​អង់គ្លេស ហើយ​ដែល​បាន​ដំណើរ​ការ​ក្តី​ក្ដាំ​របស់​ពលរដ្ឋ​ចំនួន ២០០​គ្រួសារ ក្នុង​ខេត្ត​កោះកុង រយៈពេល​ជាង​ពីរ​ឆ្នាំ​មក​ហើយ តាម​រយៈ​ការ​ផ្ដួចផ្ដើម​គំនិត​របស់​អង្គការ CAHRAD។
សមាជិក​របស់​អង្គការ CAHRAD លោក តាន់ វិបុល មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ីសេរី ថា លោក​មាន​ជំនឿ​យ៉ាង​មុតមាំ​ថា ពលរដ្ឋ​ចំនួន ២០០​គ្រួសារ ក្នុង​ស្រុក​ស្រែអំបិល ដែល​រង​ការ​រំលោភ​យក​ដី​ពី​សំណាក់​ក្រុមហ៊ុន KSL របស់​ថៃ នឹង​ទទួល​បាន​សំណង​ជំងឺ​ចិត្ត និង​បាន​ដីធ្លី​របស់​ពួក​គេ​មក​វិញ។
លោក​បន្ត​ថា រហូត​មក​ទល់​ពេល​នេះ ក្រុម​មេធាវី​នៅ​ប្រទេស​អង់គ្លេស និង​នៅ​សហរដ្ឋ​អាមេរិក បាន​ប្ដឹង​ក្រុមហ៊ុន T&L sugar ទៅ​តុលាការ​អង់គ្លេស ហើយ​រំពឹង​ថា តុលាការ​ពាណិជ្ជកម្ម​នៅ​ទីក្រុង​ឡុងដ៍ ប្រទេស​អង់គ្លេស នឹង​ចាត់​ការ​នៅ​ឆ្នាំ​ក្រោយ៖ «ខ្ញុំ​មាន​សង្ឃឹម​ច្រើន ពីព្រោះ​តុលាការ​ប្រទេស​អង់គ្លេស បាន​ទទួល​ករណី​ក្តី​ក្ដាំ​នោះ​ទៅ​ពិនិត្យ​មើល​ហើយ ហើយ​ដំណើរ​ការ ហើយ​តុលាការ​នឹង​ដំណើរ​ការ​នៅ​ពាក់​កណ្ដាល​ឆ្នាំ​ក្រោយ។ ហើយ​ការ​រំពឹង​ទុក​ថា ជម្នះ​សម្រាប់​ពលរដ្ឋ​ចំនួន ២០០​គ្រួសារ នោះ នឹង​មាន​សង្ឃឹម​ភាគ​ច្រើន»

កាល​ពី​ឆ្នាំ​២០០៦ រដ្ឋាភិបាល​កម្ពុជា បាន​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ចំនួន​ជាង ២​ម៉ឺន​ហិកតារ ដល់​ក្រុមហ៊ុន​ថៃ មួយ​ឈ្មោះ KSL ដើម្បី​ដាំ​អំពៅ​ធ្វើ​ស្ករស ប៉ុន្តែ​ក្នុង​ចំណោម​ទំហំ​ដី​ទាំង​នោះ​បាន​ប៉ះ​ទង្គិច​ដល់​ដី​ចម្ការ និង​ដី​ភូមិ​របស់​ពលរដ្ឋ​ចំនួន ២០០​គ្រួសារ ក្នុង​ផ្ទៃដី​ទំហំ​ជាង ១.៣០០​ហិកតារ។ ការ​ធ្វើ​សម្បទាន​ដី​ទ្រង់ទ្រាយ​ធំ​នេះ ធ្វើ​ឡើង​តាម​រយៈ​ការ​ជួយ​ជ្រោមជ្រែង​របស់ លោក​ឧកញ៉ា លី យ៉ុងផាត់ ជា​សមាជិក​ព្រឹទ្ធសភា​ពី​ខាង​គណបក្ស​ប្រជាជន​កម្ពុជា ដែល​លោក​ឧកញ៉ា​រូប​នេះ​ក៏​មាន​ភាគ​ហ៊ុន​ក្នុង​ក្រុមហ៊ុន​ស្ករស​របស់​ថៃ នេះ​ដែរ។
ក្រុមហ៊ុន​ផលិត​ស្ករស​របស់​ថៃ ឈ្មោះ KSL បាន​លក់​ផលិត​ផល​របស់​ខ្លួន​បន្ត​ផ្ទាល់​ទៅ​ឲ្យ​ក្រុមហ៊ុន Tate & Lyle Sugar ដ៏​ធំ​មួយ​ក្នុង​ប្រទេស​អង់គ្លេស។
មេធាវី​អាមេរិកាំង លោក ម៉ាក ម័រស្ទែន (Mark Moorstein) ដែល​ធ្វើ​ការ​ឲ្យ​ក្រុមហ៊ុន​មេធាវី រីស៍ ប្រួន ហើយ​ដែល​ជា​អ្នក​សកម្ម​ធ្វើ​កិច្ចការ​ក្នុង​ករណី​ទំនាស់​របស់​ពលរដ្ឋ​ស្រុក​ ស្រែអំបិល មាន​ប្រសាសន៍​ថា ផលិត​ផល​ស្ករស​របស់​ក្រុមហ៊ុន Tate & Lyle Sugar ធ្វើ​អាជីវកម្ម​ជាមួយ​ក្រុមហ៊ុន KSL មាន​តម្លៃ​ជាង ១០​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក។ លោក​មាន​ប្រសាសន៍​ថា លុយ​ទាំង​នេះ​នឹង​ត្រូវ​តែ​បង្វិល​សង​ជា​ជំងឺ​ចិត្ត​មក​ឲ្យ​ពលរដ្ឋ​រងគ្រោះ​ ជាង ២០០​គ្រួសារ​នោះ​វិញ៖ «គោល​បំណង​របស់​យើង​សម្រាប់​ករណី​ក្តី​ក្ដាំ​ នេះ គឺ​យើង​យល់​ថា ផលិត​ស្ករស​ទាំង​នោះ​នៅ​តែ​ជា​កម្មសិទ្ធិ​របស់​ពលរដ្ឋ​ចំនួន ២០០​គ្រួសារ ដែល​ជា​ជន​រងគ្រោះ។ ដូច្នេះ ប្រសិន​បើ​ស្ករស​ទាំង​នោះ​នៅ​តែ​ជា​របស់​ជន​រងគ្រោះ ក្រុមហ៊ុន T & L មិន​អាច​លក់​ស្ករ​ទាំង​នេះ​ទៅ​ឲ្យ​អ្នក​ផ្សេង​បាន​ទេ។ ហើយ​ក្រុមហ៊ុន​នេះ​មាន​កាតព្វកិច្ច​ត្រូវ​សង​លុយ សង​ស្ករស​ទាំង​នោះ​ទៅ​ឲ្យ​ប្រជាពលរដ្ឋ​វិញ»
លោក​បន្ត​ថា ជាង​នេះ​ទៅ​ទៀត ក្រុមហ៊ុន​ផលិត​ស្ករស​របស់​ថៃ KSL ត្រូវ​សង​ដី​ដែល​ខ្លួន​កំពុង​ដាំ​អំពៅ​ទាំង​នោះ មក​ឲ្យ​ប្រជាពលរដ្ឋ​ទាំង ២០០​គ្រួសារ នោះ​វិញ ឲ្យ​បាន​គ្រប់​ចំនួន។ លោក​បន្ត​ថា ក្រុមហ៊ុន KSL ដែល​ធ្លាប់​សន្យា​សង​ដី​ទៅ​អ្នក​ស្រុក​វិញ នឹង​គោរព​សម្ដី​របស់​ខ្លួន។
ចំណែក លោក អ៊ូ គឹមហួត ដែល​ជា​សមាជិក​សកម្ម​របស់​អង្គការ​បណ្ដាញ​ពលរដ្ឋ​ខ្មែរ​ដើម្បី​កម្ពុជា មាន​ប្រសាសន៍​ថា ក្រុម​របស់​លោក​បាន​ជួយ​ជ្រោមជ្រែង​ករណី​ក្តី​ក្ដាំ​ដី​ចម្ការ​អំពៅ​នៅ​ ខេត្ត​កោះកុង នេះ ជា​យូរ​មក​ហើយ ហើយ​លោក​សង្ឃឹម​ថា តាម​រយៈ​សម្ពាធ​របស់​អង្គការ​សង្គម​ស៊ីវិល​ក្នុង​ស្រុក និង​អន្តរជាតិ អាច​នាំ​មក​នូវ​ជ័យ​ជម្នះ​សម្រាប់​ពលរដ្ឋ​រងគ្រោះ​ទាំង​នោះ៖ «ឥឡូវ​ពេល​ វេលា​នេះ​ដូច​ជា​បើក​ហើយ ហើយ​ជា​ការ​មួយ​ដើម្បី​ព្រមាន​ដល់​អស់​លោក​ដែល​រំលោភ​លើ​ផល​ប្រយោជន៍​របស់​ អ្នក​ដទៃ សម្រាប់​ជា​ផល​ប្រយោជន៍​របស់​ខ្លួន​នោះ ឲ្យ​ប្រុង​ប្រៀប​ខ្លួន ពីព្រោះ​សកលលោក​មាន​យន្តការ​របស់​គេ ដែល​មិន​ចេះ​តែ​អនុញ្ញាត​ឲ្យ​យើង​ធ្វើ​អ្វី​បាន​តាម​ចិត្ត​ទេ។ ហើយ​យន្តការ​នេះ​គេ​អាច​ប្រើ​បាន​សឹង​តែ​គ្រប់​ប្រទេស​លើ​សកលលោក»
កាល​ពី​ថ្ងៃ​ទី២៣ ខែ​កក្កដា កាសែត The Guardian របស់​អង់គ្លេស បាន​ចុះ​ផ្សាយ​ថា ក្រុមហ៊ុន Tate & Lyle Sugar ទិញ​ស្ករ​ស​ដែល​ប្រើប្រាស់​កម្លាំង​ពលកម្ម​កុមារ​កម្ពុជា។ ការ​ចុះ​ផ្សាយ​នោះ​មាន​ភ្ជាប់​ជាមួយ​នូវ​ខ្សែ​វីដេអូ​រៀបរាប់​បង្ហាញ​អំពី​ ទុក្ខ​លំបាក​របស់​កុមារ​ក្នុង​ចម្ការ​អំពៅ​នៅ​ខេត្ត​កោះកុង។
រយៈ​ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក ក្រុមហ៊ុន Tate & Lyle Sugar បាន​គំរាម​ប្ដឹង​កាសែត The Guardian ថា​ចុះ​ផ្សាយ​មិន​ត្រឹមត្រូវ។
ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ លោក អៀង វុទ្ធី ប្រធាន​អង្គការ​សមធម៌​កម្ពុជា ដែល​ជា​អ្នក​ធ្វើ​កិច្ចការ និង​តាម​ឃ្លាំ​មើល​ករណី​ទំនាស់​ដីធ្លី​ចម្ការ​អំពៅ​នេះ​ផ្ទាល់ បាន​គាំទ្រ​កាសែត The Guardian ហើយ​ថា​ក្រុម​របស់​លោក​បាន​ចុះ​សម្ភាស​ផ្ទាល់​ជាមួយ​ក្រុម​កុមារ និង​គ្រួសារ​របស់​កុមារ​ថា ពិត​ជា​មាន​ការ​ប្រើប្រាស់​កម្លាំង​ពលកម្ម​កុមារ​ពី​អាយុ ១៦​ឆ្នាំ រហូត​ដល់ ១០​ឆ្នាំ។
លោក អៀង វុទ្ធី បាន​ថ្លែង​ប្រាប់​វិទ្យុ​អាស៊ីសេរី តាម​ទូរស័ព្ទ​ថា អ្វី​ដែល​ក្រុមហ៊ុន Tate & Lyle Sugar ត្រូវ​ដោះស្រាយ​ចំពោះ​មុខ គឺ​ការ​រំលោភ​ដីធ្លី​របស់​ពលរដ្ឋ​ចំនួន ២០០​គ្រួសារ ដែល​ជា​ឫស​គល់​នៃ​បញ្ហា៖ «ការ​ដែល​បាត់​បង់​ដីធ្លី​នាំ​ឲ្យ​កុមារ​បង្ខំ​ ចិត្ត​បញ្ជូន​កុមារ ឬ​កូន​របស់​ពួក​គាត់​អាយុ​ក្រោម​ច្បាប់​កំណត់​ឲ្យ​ទៅ​ធ្វើ​ការ​នៅ​ចម្ការ។ អ៊ីចឹង ការ​ដែល​ប្ដឹង​នៅ​តុលាការ​អង់គ្លេស គឺ​ដើម្បី​ទាមទារ​នូវ​ដី​ដែល​បាន​រឹប​អូស​ដោយ​ខុស​ច្បាប់។ ដូច្នេះ យើង​មិន​ចង់​ឲ្យ​បញ្ហា​នេះ​មាន​ការ​បង្វែរ​ទិសដៅ​នៃ​ដើម​រឿង​នៅ​ក្នុង​សំណុំ ​នៃ​ការ​ដាក់​ពាក្យ​បណ្ដឹង​នោះ​ទេ​បាទ»
លោក ម៉ាក ម័រស្ទែន បញ្ជាក់​ថា ក្រុម​មេធាវី​របស់​លោក​បាន​សហការ​ជាមួយ​ក្រុម​មេធាវី​របស់​អង់គ្លេស បញ្ជូន​ករណី​ទំនាស់​ដីធ្លី​របស់​ពលរដ្ឋ​ចំនួន ២០០​គ្រួសារ នៅ​ឃុំ​ជីខលើ ស្រុក​ស្រែអំបិល ខេត្ត​កោះកុង ទៅ​តុលាការ​ពាណិជ្ជកម្ម​ក្នុង​ប្រទេស​អង់គ្លេស កាល​ពី​ថ្ងៃ​ទី២៨ ខែ​មីនា ឆ្នាំ​២០១៣ ហើយ​តុលាការ​ប្រទេស​អង់គ្លេស នឹង​ចាត់​ការ​ករណី​នៅ​ពាក់​កណ្ដាល​ឆ្នាំ​ក្រោយ។ លោក​បញ្ជាក់​ទៀត​ថា ការ​ប្ដឹង​នេះ គឺ​ជា​ឧទាហរណ៍​នៃ​ការ​ព្រមាន​មួយ​សម្រាប់​ក្រុមហ៊ុន​បរទេស​ផ្សេងៗ​ទៀត ក្នុង​ការ​ដែល​មក​បណ្ដាក់​ទុន​នៅ​កម្ពុជា ពួក​គេ​ត្រូវ​គោរព​សិទ្ធិ​មនុស្ស​ជា​មូលដ្ឋាន ផ្តល់​យុត្តិធម៌ និង​ភាព​ត្រឹមត្រូវ​ជូន​ពលរដ្ឋ​ខ្មែរ ព្រម​ទាំង​ជៀសវាង​ជា​ដាច់​ខាត​នូវ​ការ​ប្រើ​កម្លាំង​ពលកម្ម​កុមារ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ម៉ាក ម័រស្ទែន (Mark Moorstein)

No comments: