A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday 27 July 2013

Civil servants claimed they are forced to donate money to the CPP មន្ត្រី​រាជការ​មួយ​ចំនួន​អះអាង​ថា​ត្រូវ​បង្ខំ​ឲ្យ​បង់​លុយ​ជូន​បក្ស​ប្រជាជន

មន្ត្រី​រាជការ​នៅ​តាម​ក្រសួង​ស្ថាប័ន​រដ្ឋ​មួយ​ចំនួន ត្រូវ​បាន​ប្រធាន​អង្គភាព​របស់​ខ្លួន​បង្ខំ​ឲ្យ​បង់​លុយ​ជូន​គណបក្ស​ប្រជាជន ​កម្ពុជា និង​បង្ខំ​ឲ្យ​ពួក​គាត់​ទៅ​បោះឆ្នោត​នៅ​ខេត្ត ទោះ​បី​ជា​ពួក​គាត់​មាន​ឈ្មោះ​នៅ​ទីក្រុង​ភ្នំពេញ ហើយ​ក៏ដោយ។ បញ្ហា​នេះ អ្នក​ច្បាប់​បាន​បញ្ជាក់​ថា ជា​សកម្មភាព​ខុស​ច្បាប់​ដែល​ឆ្លុះ​បញ្ចាំង​ថា ស្ថាប័ន​រដ្ឋ​ទាំង​នោះ​មិន​មែន​ជា​ស្ថាប័ន​ឯករាជ្យ។
ដោយ ទីន ហ្សាការីយ៉ា RFA
2013-07-26
មន្ត្រី​បម្រើ​ការ​នៅ​ស្ថាប័ន​រដ្ឋ​មួយ​ចំនួន​បាន​បញ្ចេញ​ប្រតិកម្ម​ ចំពោះ​ចៅហ្វាយ​នាយ​របស់​ខ្លួន​ដែល​បង្ខំ​ឲ្យ​ពួក​គាត់​បង់​លុយ​ជូន​គណបក្ស​ ប្រជាជន​កម្ពុជា នឹង​ជំរុញ​ឲ្យ​ពួក​គាត់​ទៅ​បោះឆ្នោត​នៅ​តាម​ខេត្ត នៅ​ថ្ងៃ​ទី២៨ កក្កដា។
មន្ត្រី​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ក្រសួង​មហាផ្ទៃ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី២៦ កក្កដា បាន​ចោទ​ប្រកាន់​ប្រធាន​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល លោក នៃ តារាញិល ថា​បាន​បង្ខំ​ពួក​គាត់​ជា​កូន​ចៅ​នៅ​ក្នុង​ការិយាល័យ​នេះ បង់​លុយ​ជូន​បក្ស​ក្នុង​មួយ​ខែ​ពីរ​ម៉ឺន​រៀល​ជា​ប្រចាំ តាំង​ពី​ឆ្នាំ​២០១២ មក។ នៅ​ពេល​បោះឆ្នោត​ឃុំ​សង្កាត់ ប្រធាន​របស់​លោក​បាន​តម្រូវ​ឲ្យ​ពួក​គាត់​បង់​លុយ​ម្នាក់ ១០​ម៉ឺន​រៀល។ កាល​ពី​ដើម​ខែ​កក្កដា បន្ទាប់​ពី​គណបក្ស​នយោបាយ​ចាប់​ផ្ដើម​ឃោសនា​មក តម្រូវ​ឲ្យ​ពួក​គាត់​បង់​លុយ ១០​ម៉ឺន​រៀល​ទៀត។
លោក​បន្ត​ថា នៅ​ថ្ងៃ​បោះឆ្នោត​ជិត​មក​ដល់​នេះ លោក នៃ តារាញិល បាន​បង្ខំ​ឲ្យ​ពួក​គាត់​បង់​លុយ​ម្នាក់ ១០០​ដុល្លារ​ទៀត។ ក្រៅ​ពី​បង្ខំ​ឲ្យ​បង់​លុយ​ជូន​បក្ស លោក​បញ្ជាក់​ថា មេ​របស់​លោក​ឲ្យ​លោក​ទៅ​បោះឆ្នោត​នៅ​ខេត្ត​បាត់ដំបង។
ប្រធាន​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល លោក នៃ តារាញិល បាន​ទទួល​ស្គាល់​ថា លោក​បាន​ប្រមូល​លុយ​ពី​កូន​ចៅ​របស់​លោក​មែន តែ​ធ្វើ​ឡើង​ដោយ​ស្ម័គ្រចិត្ត មិន​មែន​បង្ខំ​ទេ។
មន្ត្រី​នគរបាល​ដដែល​បញ្ជាក់​ថា នៅ​ក្នុង​លិខិត​ចុះ​ហត្ថលេខា​នោះ ដាក់​ថា ការ​បង់​លុយ​ជូន​គណបក្ស​ដោយ​ស្ម័គ្រចិត្ត តែ​ជាក់ស្ដែង​ធ្វើ​ឡើង​ដោយ​បង្ខំ​ឲ្យ​បង់។

ទាក់ទង​នឹង​បញ្ហា​នេះ ប្រធាន​ផ្នែក​អង្កេត​នៃ​សមាគម​សិទ្ធិ​មនុស្ស​អាដហុក (Adhoc) លោក នី ចរិយា បាន​ពន្យល់​ថា មន្ត្រី​រាជការ​ជា​បុគ្គល​ឯករាជ្យ ការ​ធ្វើ​ដូច្នេះ​ជា​ការ​ឆ្លុះ​បញ្ចាំង​ថា ស្ថាប័ន​រដ្ឋ​ទាំង​នេះ​មិន​ឯករាជ្យ។
មន្ត្រី​នគរបាល​នៅ​ក្រសួង​មហាផ្ទៃ មួយ​រូប​ទៀត បាន​ឲ្យ​ដឹង​ថា មន្ត្រី​នគរបាល​នៅ​អង្គភាព​របស់​លោក​ប្រមាណ ៤០​នាក់ ត្រូវ​បាន​ប្រធាន​អង្គភាព​របស់​លោក​បញ្ជូន​ទៅ​ឲ្យ​បោះឆ្នោត​នៅ​ខេត្ត​ ព្រៃវែង។ លោក​បញ្ជាក់​ថា លោក​មាន​ឈ្មោះ​បោះឆ្នោត​នៅ​ភ្នំពេញ តែ​ប្រធាន​របស់​លោក​ឲ្យ​ទៅ​ចុះ​ឈ្មោះ​នៅ​ខេត្ត​ទៀត។
ដោយ​ឡែក​មន្ត្រី​នៃ​ក្រសួង​អភិវឌ្ឍន៍​ជនបទ បាន​លើក​ឡើង​ប្រហាក់​ប្រហែល​គ្នា​ដែរ​ថា មន្ត្រី​នៅ​ក្រសួង​អភិវឌ្ឍន៍​ជនបទ មួយ​ចំនួន ត្រូវ​បាន​ថ្នាក់​លើ​ឲ្យ​ទៅ​បោះឆ្នោត​នៅ​ខេត្ត​កំពង់ចាម ពីព្រោះ​ថា មន្ត្រី​ធំ​នៅ​ក្នុង​ក្រសួង​នេះ​ទទួល​ខុស​ត្រូវ​នៅ​ក្នុង​ខេត្ត​នេះ។
លោក នី ចរិយា បាន​ពន្យល់​ថា នេះ​ជា​ការ​បង្ហាញ​ឲ្យ​ឃើញ​អំពី​ភាព​មិន​ប្រក្រតី​របស់​គណៈកម្មាធិការ​ជាតិ​ រៀបចំ​ការ​បោះឆ្នោត ក្នុង​ការ​ចុះ​ឈ្មោះ​ប្រជាពលរដ្ឋ ដូចជា​ករណី​មន្ត្រី​រាជការ​ទាំង​នេះ​ជាដើម។
សមាគម​មន្ត្រី​រាជការ​ឯករាជ្យ​កម្ពុជា បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​កាល​ពី​ថ្ងៃ​ទី២៥ កក្កដា ថា គណបក្ស​កាន់​អំណាច​បាន​ប្រើប្រាស់​រូបភាព​គ្រប់​បែប​យ៉ាង ដើម្បី​ទាក់ទាញ​រក​សំឡេង​ឆ្នោត គឺ​គណបក្ស​នេះ​បាន​ប្រើប្រាស់​ធនធាន​រដ្ឋ មន្ត្រី​រាជការ កន្លែង​ការងារ ថវិកា​ជាតិ មធ្យោបាយ​ធ្វើ​ដំណើរ ឡាន ការ​ផ្ដល់​លុយ សារុង​ក្នុង​ពេល​ឃោសនា​ជាដើម។ ជាង​នេះ​ទៅ​ទៀត ការ​បង្កើត​ក្រុម​ការងារ​របស់​គណបក្ស​នៅ​តាម​ក្រសួង ដោយ​កេណ្ឌ​ប្រមូល​មន្ត្រី​រាជការ​ក្រោម​ឱវាទ​របស់​ខ្លួន​ទៅ​ចុះ​ឈ្មោះ​នៅ​ តំបន់​គោលដៅ និង​ការ​រៀបចំ​ក្រុម​ដើម្បី​តាម​ដាន និង​ការ​ប្រាប់​ពី​របៀប​គូស​សន្លឹក​ឆ្នោត​ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

1 comment:

Anonymous said...

I don't believe this reports by RFA
alwaysw exagerated..