A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday 17 July 2013

52 NGOs from 15 countries sent an open letter to Prime Minister Hun Sen regarding freedom of expression in Cambodia អង្គការ​អន្តរជាតិ​ផ្ញើ​លិខិត​ចំហ​ជូន​លោក ហ៊ុន សែន ទាក់ទង​សេរីភាព​បញ្ចេញ​មតិ

ដោយ ឡេង ម៉ាលី RFA
2013-07-16 
អង្គការ​សង្គម​ស៊ីវិល​អាស៊ាន​ចំនួន ៥២ មក​ពី ១៥​ប្រទេស ផ្ញើ​លិខិត​ចំហ​មួយ​ច្បាប់​ជូន​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ទី១៦ ខែ​កក្កដា ឆ្នាំ​២០១៣។ លិខិត​ចំហ​សរសេរ​ថា អង្គការ​សង្គម​ស៊ីវិល​ទាំង​នេះ បាន​ស្វាគមន៍​ចំពោះ​ការ​ដក​បម្រាម​ថ្ងៃ​ទី២១ មិថុនា ដែល​មិន​ឱ្យ​ផ្សាយ​កម្មវិធី​បន្ត​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​បរទេស​ពី​គ្រប់​ ស្ថានីយ​វិទ្យុ​ក្នុង​ស្រុក​វិញ។
ក៏ប៉ុន្តែ អង្គការ​ទាំង​នេះ​នៅ​តែ​ព្រួយ​បារម្ភ​ដែល​រដ្ឋាភិបាល​ប៉ុនប៉ង​កម្រិត​ សេរីភាព​ក្នុង​ការ​ប្រកាន់​មតិ និង​ការ​បញ្ចេញ​មតិ​នៅ​មុន​ពេល​បោះឆ្នោត​ថ្ងៃ​ទី២៨ ខែ​កក្កដា ឆ្នាំ​២០១៣។ ជា​ពិសេស គឺ​ការ​ហាម​ផ្សាយ​អំពី​មតិ​យោបល់ ការ​ស្ទាបស្ទង់ និង​លទ្ធផល​បោះឆ្នោត​នៅ​មុន​ថ្ងៃ​បោះឆ្នោត។ បម្រាម​នេះ​បង្ហាញ​ពី​ការ​ប៉ុនប៉ង​រឹតត្បិត​មតិ​យោបល់​ទិតៀន ឬ​ប្រឆាំង​រដ្ឋាភិបាល ដែល​នៅ​ក្នុង​ប្រទេស​កម្ពុជា រដ្ឋាភិបាល​គ្រប់គ្រង​គ្រប់​ស្ថានីយ​ទូរទស្សន៍ វិទ្យុ និង​កាសែត ហើយ​ស្ថាប័ន​ព័ត៌មាន​ឯករាជ្យ​រង​ការ​គំរាម​កំហែង និង​រំខាន​តាម​ផ្លូវ​តុលាការ។
លិខិត​ចំហ​របស់​អង្គការ​សង្គម​ស៊ីវិល​ទាំង​នេះ​បញ្ជាក់​ថា ការ​ចេញ​បម្រាម​មិន​ឱ្យ​ផ្សាយ​រយៈពេល ៥​ថ្ងៃ គឺ​ជា​បម្រាម​ធ្វើ​ឡើង​ស្រេច​តែ​ចិត្ត និង​ជា​ការ​រឹតត្បិត​ជ្រុល​លើ​សេរីភាព​បញ្ចេញ​មតិ និង​សិទ្ធិ​របស់​សាធារណជន ក្នុង​ការ​ទទួល​ព័ត៌មាន​លើ​រឿង​នយោបាយ។ ជំនួស​ការ​ដាក់​បម្រាម និង​ការ​ចាប់​ពិរុទ្ធ​ប្រព័ន្ធ​ផ្សាយ​ព័ត៌មាន​បែប​នេះ អាជ្ញាធរ​គួរ​ផ្ដោត​លើ​ការ​ធានា​ដល់​សុវត្ថិភាព​អ្នក​កាសែត និង​អ្នក​ការពារ​សិទ្ធិ​មនុស្ស ដែល​ឃ្លាំ​មើល​ការ​បោះឆ្នោត។

អង្គការ​ទាំង​៥២ ព្រួយ​បារម្ភ​ដែរ​ចំពោះ​ព័ត៌មាន​អំពី​ការ​រំខាន​ដល់​យុទ្ធនាការ​ហែ​ក្បួន និង​កិច្ច​ប្រជុំ​សកម្មជន និង​បេក្ខជន​បោះឆ្នោត និង​ការ​បំផ្លាញ​ស្លាក​សញ្ញា​របស់​បក្ស​ប្រឆាំង។ ម្យ៉ាង​ទៀត ក៏​ព្រួយ​បារម្ភ​ចំពោះ​ការ​ចេញ​ឃោសនា​រក​សំឡេង​ឆ្នោត​ដោយ​មន្ត្រី​សាធារណៈ និង​កង​កម្លាំង​ប្រដាប់​អាវុធ ដែល​ច្បាប់​ហាម​ឃាត់។
អង្គការ​សង្គម​ស៊ីវិល​ទាំង​នេះ​សោកស្ដាយ​ចំពោះ​ការ​បណ្ដេញ​សមាជិក​បក្ស​ ប្រឆាំង ២៩​រូប ពី​រដ្ឋសភា គឺ​ក្នុង​នោះ​មាន ២៧​រូប​ពី​បក្ស សម រង្ស៊ី និង​បក្ស សិទ្ធិ​មនុស្ស ដែល​បញ្ចូល​គ្នា​ជា​បក្ស​សង្គ្រោះ​ជាតិ។ ការ​បណ្ដេញ​នេះ គឺ​ជា​ចេតនា​ធ្វើ​ឱ្យ​គាំង​បក្ស​ប្រឆាំង និង​ការ​ដក​អភ័យ​ឯកសិទ្ធិ​សភា​របស់​អ្នក​ទាំង​នោះ មុន​ពេល​បោះឆ្នោត។ លិខិត​បន្ត​ថា ក្នុង​ស្មារតី​នៃ​ការ​ប្រោស​ប្រទាន​ការ​លើក​លែង​ទោស​ដល់​លោក សម រង្ស៊ី រដ្ឋាភិបាល​គួរ​តែ​លុប​ចោល​បណ្ដឹង​ទាំងអស់​ប្រឆាំង​សមាជិក​បក្ស​សង្គ្រោះ​ ជាតិ ជា​ពិសេស​ថ្នាក់​ដឹកនាំ​បក្ស​នេះ គឺ​លោក កឹម សុខា និង​ធានា​ថា សមាជិក​ទាំង​នេះ​បាន​ចូលរួម​ការ​បោះឆ្នោត​ដោយ​ពេញ​លេញ។
អង្គការ​សង្គម​ស៊ីវិល​សង្កត់​ធ្ងន់​ថា ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌ គឺ​មិន​មែន​គ្រាន់​មាន​ការ​បោះឆ្នោត​ប៉ុណ្ណោះ​ទេ គឺ​ត្រូវ​មាន​សិទ្ធិ​ចូលរួម​កិច្ចការ​សាធារណៈ និង​រដ្ឋាភិបាល ហើយ​ពលរដ្ឋ​អាច​ពិភាក្សា​ជា​សាធារណៈ ដោយ​គ្មាន​ការ​ភ័យ​ខ្លាច គ្មាន​ការ​រំខាន ការ​គំរាម​កំហែង និង​ការ​បំភិត​បំភ័យ។ ត្រូវ​មាន​លទ្ធភាព​ស្មើ​គ្នា​ក្នុង​ការ​ប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ ដោយ​ស្មើ​ភាព និង​យុត្តិធម៌ រួម​ទាំង​លទ្ធភាព​ទទួល​ព័ត៌មាន​ស្ដីពី​នយោបាយ ពី​បេក្ខជន និង​ដំណើរ​ការ​បោះឆ្នោត ដើម្បី​ជ្រើស​រើស​តាម​ការ​ដឹង​របស់​ខ្លួន។
ដោយសារ​ការ​ព្រួយ​បារម្ភ​ទាំង​នេះ អង្គការ​សង្គម​ស៊ីវិល​ទាំង ៥២​អង្គការ ទាមទារ​យ៉ាង​ខ្លាំង​ក្លា​ដល់​រាជ​រដ្ឋាភិបាល​កម្ពុជា ចំនួន ៥​ចំណុច គឺ ទី១ ត្រូវ​អនុញ្ញាត​ដល់​គ្រប់​សកម្មភាព​ស្រប​ច្បាប់​ទាំងអស់​ទាក់ទង​នឹង​ការ​ បោះឆ្នោត​ខាង​មុខ មាន​ដូច​ជា ការ​ឃោសនា​គ្រប់​បក្ស​នយោបាយ និង​បេក្ខជន ធ្វើ​ទៅ​ដោយ​គ្មាន​ការ​រំខាន ការ​ប្រើ​ហិង្សា ការ​គំរាម​កំហែង និង​ការ​បំភិត​បំភ័យ​ឡើយ។ ទី២ ដក​ចេញ​ដោយ​គ្មាន​លក្ខខណ្ឌ​លើ​រាល់​ការ​ហាម​ផ្សាយ និង​ការ​បញ្ចេញ​មតិ​នយោបាយ​ដោយ​បក្ស​នយោបាយ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំង​នៅ​មុន​ពេល ក្នុង​ពេល និង​ក្រោយ​ពេល​បោះឆ្នោត ហើយ​មិន​ត្រូវ​ដាក់​កំហិត​ថ្មី​ណា​មួយ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​ ឡើយ។ ទី៣ ត្រូវ​ធានា​ផ្ដល់​ការ​ផ្សព្វផ្សាយ​ស្មើ​ភាព ដោយ​សេរី និង​យុត្តិធម៌ ដល់​គ្រប់​បេក្ខជន​បក្ស​នយោបាយ ដោយ​គ្មាន​ការ​រើសអើង ហើយ​មាន​មូលដ្ឋាន​កម្មវត្ថុ​ច្បាស់​លាស់។ ទី៤ ត្រូវ​ធានា​សុវត្ថិភាព​ដល់​អ្នក​កាសែត និង​អ្នក​ការពារ​សិទ្ធិ​មនុស្ស ដែល​យក​ព័ត៌មាន និង​ឃ្លាំ​មើល​ការ​បោះឆ្នោត និង​ទី៥ ផ្ដល់​ឋានៈ​សមាជិក​សភា​ដល់​សមាជិក​គណបក្ស​ប្រឆាំង​ចំនួន ២៩​រូប ដែល​ត្រូវ​បណ្ដេញ​ចេញ​នោះ​ឡើង​វិញ ហើយ​លុប​ចោល​បទ​ចោទ​ទាំងអស់​ពី​សមាជិក និង​បេក្ខជន​សភា​របស់​គណបក្ស​សង្គ្រោះ​ជាតិ ទាំងអស់។
អង្គការ​សង្គម​ស៊ីវិល​ទាំង​៥២ ដែល​មក​ពី​ប្រទេស​ចំនួន​១៥ គឺ​មាន​ជា​អាទិ៍ ប្រទេស​បង់ក្លាដេស ភូមា ឬ​មីយ៉ាន់ម៉ា ឥណ្ឌា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ម៉ុងហ្គោលី នេប៉ាល់ ប៉ាគីស្ថាន ហ្វីលីពីន សិង្ហបុរី កូរ៉េ​ខាង​ត្បូង ស្រីលង្កា តៃវ៉ាន់ ថៃ និង​ប្រទេស​ទីម័រ ដែល​ជា​សមាជិក​របស់​វេទិកា​ដើម្បី​សិទ្ធិ​មនុស្ស​អាស៊ី ឬ​ហៅ​ថា ហ្វរ៉ាំអេស៊ា (FORUM ASIA) និង​ជា​សមាជិក​សម្ព័ន្ធ​សារព័ត៌មាន​អាស៊ី​អាគ្នេយ៍ ហៅ​កាត់​ថា ស៊ីប៉ា (SEAPA)៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

1 comment:

Anonymous said...

Hun Sen is a dictator and a traitor.

I close my case !!!