A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 13 June 2013

Party signs of the ruling CPP destroyed by Oddar Meanchey provincial authority [Did the CPP officials rebel against their own ruling party? តើមន្រ្តីបក្សប្រជាជនងើបឡើងប្រឆាំងនឹងគណបក្សកាន់អំណាចរបស់ខ្លួរឬ?] ស្លាក​សញ្ញា​បក្ស​ប្រជាជន​នៅ​ឧត្ដរមានជ័យ​ត្រូវ​អាជ្ញាធរ​ទម្លាក់​ចោល

មជ្ឈដ្ឋាន​មួយ​ចំនួន​ធ្លាប់​តែ​ឮ​ថា ស្លាក​សញ្ញា​របស់​គណបក្ស​ប្រឆាំង​ខ្លះ​ដែល​ដាក់​នៅ​តាម​បណ្ដា​ខេត្ត ត្រូវ​បាន​គេ​លួច​បំផ្លាញ ឬ​ក៏​ទម្លាក់​ចុះ។ ក៏ប៉ុន្តែ កាល​ពី​ពេល​ថ្មីៗ ប្រជាពលរដ្ឋ​មួយ​ចំនួន​នៅ​ស្រុក​អន្លង់វែង បាន​ចោទ​ប្រកាន់​អាជ្ញាធរ​ថា​បាន​ប្រើ​អំណាច​ទៅ​ទម្លាក់​ស្លាក​សញ្ញា​គណបក្ស ​ប្រជាជន​កម្ពុជា ទៅ​វិញ។
ដោយ ហង្ស សាវយុត RFA
2013-06-12
បណ្ដេញ​ពលរដ្ឋ ឧត្ដរមានជ័យ ៦១០
កម្លាំង​ប៉ូលិស​នៃ​អធិការដ្ឋាន​ស្រុក​អន្លង់វែង ខេត្ត​ឧត្ដរមានជ័យ ត្រូវ​បាន​បញ្ជូន​ទៅ​អនុវត្ត​ការ​បណ្ដេញ​ប្រជាពលរដ្ឋ​ចេញ​ពី​តំបន់​អូរអំបិល កាល​ពី​ឆ្នាំ​២០១០។
RFA/Hang Savyouth 
តើ​មាន​មូលហេតុ​អ្វី​ដែល​នៅ​ពី​ក្រោយ​នៃ​ការ​ទម្លាក់​ស្លាក​សញ្ញា​គណបក្ស​ដ៏​មាន​ឥទ្ធិពល​មួយ​នេះ?
តំណាង​ប្រជាពលរដ្ឋ​មួយ​ចំនួន​រស់នៅ​តំបន់​អូរអំបិល នៃ​ឃុំ​អន្លង់វែង ជាប់​ដែន​ជម្រក​សត្វ​ព្រៃ (ព្រៃស្អាក) បាន​ឱ្យ​ដឹង​ថា ពួក​គេ​កំពុង​លើក​គ្នា​ទៅ​ទីក្រុង​ភ្នំពេញ ដើម្បី​ដាក់​ពាក្យ​បណ្ដឹង និង​តវ៉ា​ប្រឆាំង​អាជ្ញាធរ​ឃុំ ដែល​បាន​ទម្លាក់​ស្លាក​សញ្ញា​របស់​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ក្នុង​សហគមន៍​របស់​ពួក​គេ។
តំណាង​ប្រជាពលរដ្ឋ​ទាំង​នោះ​កំពុង​ស្វែង​រក​ការ​គាំទ្រ​ពី​មន្ត្រី​ គណបក្ស​ប្រជាជន​កម្ពុជា ធំៗ ដើម្បី​ដាក់​សម្ពាធ​ទៅ​លើ​អាជ្ញាធរ​មូលដ្ឋាន ដែល​ហ៊ាន​ទៅ​ទម្លាក់​ស្លាក​គណបក្ស​កំពុង​តែ​មាន​អំណាច​មួយ​នេះ។ ស្លាក​គណបក្ស​ប្រជាជន​កម្ពុជា ដែល​គេ​ទម្លាក់​នោះ មាន​ទទឹង​ទំហំ ០,៨០​ម៉ែត្រ គុណ​នឹង​បណ្ដោយ​ជាង ២​ម៉ែត្រ។
បុរស​ឈ្មោះ ឆោម ឈឿន គឺ​ជា​តំណាង​ប្រជាពលរដ្ឋ​ម្នាក់​នៅ​តំបន់​អូរអំបិល។ គាត់​បាន​មាន​ប្រសាសន៍​ថា រូប​គាត់ និង​តំណាង​មួយ​ចំនួន​ទៀត កំពុង​នាំគ្នា​ទៅ​ទីក្រុង​ភ្នំពេញ ដើម្បី​ដាក់​ពាក្យ​បណ្ដឹង​ប្រឆាំង​អាជ្ញាធរ​ឃុំ​អន្លង់វែង ដែល​បាន​ទម្លាក់ និង​បំផ្លាញ​ស្លាក​គណបក្ស​ប្រជាជន​កម្ពុជា ចំនួន ២​ផ្ទាំង។ លោក ឈឿន បាន​បញ្ជាក់​ថា ក្រុម​ប្រជាពលរដ្ឋ​នៅ​សហគមន៍​របស់​លោក បាន​ទទួល​ស្លាក​គណបក្ស​ប្រជាជន​កម្ពុជា ចំនួន ៣​ផ្ទាំង​ពី​សប្បុរសជន។ ហើយ​កាល​ពី​ថ្ងៃ​ទី២៩ ខែ​ឧសភា កន្លង​ទៅ ប្រជាពលរដ្ឋ​បាន​នាំគ្នា​លើក​ស្លាក​នោះ​ចំនួន ២​ផ្ទាំង។ ក៏ប៉ុន្តែ កាល​ពី​ថ្ងៃ​ទី៤ ខែ​មិថុនា គឺ​មន្ត្រី​ក្រុម​ប្រឹក្សា​ឃុំ​អន្លង់វែង បាន​ទៅ​ទម្លាក់​ចោល។
លោក ឆោម ឈឿន៖ «ទីប្រឹក្សា​របស់​ឃុំ​ឈ្មោះ ជួន រតនាវង្ស មាន​ប៉ូលិស​ឃុំ​មក​ជាមួយ បាន​ទម្លាក់​ប៉ាយ​របស់​គណបក្ស​ប្រជាជន។ ទម្លាក់​ហើយ យប់​ភ្លៀង​រលឹម​ស្រិចៗ ឃើញ​សមត្ថកិច្ច​ម៉ូតូ ២​គ្រឿង គ្នា ៤​នាក់​មក​អូស​ស្លាក​ដែល​ទម្លាក់​ហើយ​នោះ​ដាក់​កណ្ដាល​ថ្នល់​ជាតិ ឱ្យ​ឡាន​កិន​ខ្ទេច​ទាំង​ស្លាក​នោះ​ទៀត។ អ្នក​ភូមិ​តវ៉ា​មិន​សុខ​ចិត្ត។ ខ្ញុំ​បាន​ឡើង​មក​ទីក្រុង​ភ្នំពេញ ដើម្បី​យក​រូប​ថត​ដាក់​ពាក្យ​បណ្ដឹង​ចូល​សភា ហើយ​លើក​មក​ខាង​ក្រសួង​មហាផ្ទៃ ដើម្បី​ឱ្យ​រក​ខុស​ត្រូវ​ចែក​ជូន​ប្រជាពលរដ្ឋ»

តំណាង​ប្រជាពលរដ្ឋ​ម្នាក់​ទៀត គឺ​លោក ស៊ុយ សុផល បាន​អះអាង​ប្រហាក់​ប្រហែល​គ្នា​នេះ​ថា មូលហេតុ​ដែល​អាជ្ញាធរ​ឃុំ​អន្លង់វែង ទម្លាក់ និង​បំផ្លាញ​ស្លាក​សញ្ញា​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ក្នុង​សហគមន៍​របស់​លោក​ចោល ដោយសារ​តែ​អាជ្ញាធរ​ចាត់​ទុក​ការ​លើក​ស្លាក​នោះ​មិន​មាន​ការ​អនុញ្ញាត និង​សុំ​ច្បាប់​ឱ្យ​បាន​ត្រឹមត្រូវ៖ «ប្រជាពលរដ្ឋ​គាត់​ថា​មិន​បាច់​ ទម្លាក់​អី​ទេ! ឱ្យ​ទុក​ស្លាក​ហ្នឹង​១​ថ្ងៃ​សិន ធ្វើ​ជា​លាយលក្ខណ៍​អក្សរ​សុំ​ច្បាប់​អាជ្ញាធរ តែ​គាត់​មិន​ព្រម ថា​ឱ្យ​ទម្លាក់​ថ្ងៃ​ហ្នឹង​តែ​ម្ដង។ លើក​បាន ២​ផ្ទាំង​ហ្នឹង ក្រុម​ប្រឹក្សា​ឃុំ​គាត់​មក​វាយ​មក​ទម្លាក់ ហើយ​ប្រជាពលរដ្ឋ​គាត់​កើត​ទុក្ខ​មិន​សុខ​ចិត្ត ព្រោះ​គាត់​គាំទ្រ​សម្ដេច​ទាំង​បី»
វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​លោក ជួន រតនាវង្ស ជា​មន្ត្រី​ក្រុម​ប្រឹក្សា​ឃុំ​អន្លង់វែង ដែល​កំពុង​រង​ការ​ចោទ​ប្រកាន់ ដើម្បី​ពន្យល់​មូលហេតុ​ពាក់ព័ន្ធ​នឹង​ការ​ទម្លាក់​ស្លាក​សញ្ញា​គណបក្ស​ដ៏​ មាន​ឥទ្ធិពល​នោះ​បាន​ថា​យ៉ាង​ណា​នៅ​ឡើយ។
ក៏ប៉ុន្តែ អាជ្ញាធរ​ឃុំ និង​ស្រុក​អន្លង់វែង បាន​ឆ្លើយ​តប​ថា គេ​មិន​ព្រួយ​បារម្ភ​ចំពោះ​ការ​ទម្លាក់​ស្លាក​សញ្ញា​គណបក្ស​ប្រជាជន​កម្ពុជា នៅ​សហគមន៍​នោះ​ទេ ដោយសារ​តែ​ពួក​គេ​បាន​ការ​អនុញ្ញាត​ពី​មន្ត្រី​ជាន់​ខ្ពស់​ក្នុង​ជួរ​គណបក្ស ​ប្រជាជន​កម្ពុជា រួច​ហើយ។
មេ​ឃុំ​អន្លង់វែង លោក វង្ស សុភក្ដិ បាន​ចាត់​ទុក​ក្រុម​ប្រជាពលរដ្ឋ​ទាំង​នោះ​កំពុង​ចូល​ទៅ​រុក​រាន​ដែន​ព្រៃ​ ការពារ និង​ព្រៃ​ជម្រក​សត្វ ដើម្បី​កាន់​កាប់​ដី​ខុស​ច្បាប់។ លោក​មេ​ឃុំ​បាន​បញ្ជាក់​ទៀត​ថា ស្លាក​សញ្ញា​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ប្រជាពលរដ្ឋ​យក​ទៅ​លើក​នោះ​ទៀត​សោត ក៏​មិន​ដឹង​ថា​បាន​មក​ពី​ណា មិន​មាន​ច្បាប់​ត្រឹមត្រូវ​ឡើយ៖ «ចំណោម​ប្រជាពលរដ្ឋ​ហ្នឹង គឺ​មិន​ដឹង​ជា​មក​ពី​ណា​ទេ គ្មាន​ច្បាប់​គ្មាន​ទម្លាប់​ទេ មក​រស់នៅ​តំបន់​អនាធិបតេយ្យ ប្រមែប្រមូល​ពី​នេះ​ម្នាក់ ពី​នោះ​ម្នាក់ មក​បង្ក​បញ្ហា​នៅ​កន្លែង​ហ្នឹង ធ្វើ​ឱ្យ​អាជ្ញាធរ​មាន​ការ​លំបាក។ ព្រៃ​ម្ដុំ​ត្រង់​ហ្នឹង គឺ​ព្រៃ​សហគមន៍ ដែល​សំណូមពរ​រដ្ឋាភិបាល គឺ​ឱ្យ​រក្សា​ការពារ​ដី​ព្រៃ​គូលែន​ព្រហ្មទេព និង​ដី​ព្រៃ​សហគមន៍​ហ្នឹង។ តែ​ឥឡូវ គាត់​ដាក់​អនាធិបតេយ្យ​មួយ​ទំហឹង​តែ​ម្ដង។ គាត់​យក​ស្លាក​គណបក្ស​ប្រជាជន​ទៅ​ធ្វើ​ជា​ខែល ដើម្បី​កាប់​ទន្ទ្រាន​ដី​ព្រៃ​ខុស​ច្បាប់»
ចំណែក​អភិបាល​រង​ស្រុក​អន្លង់វែង លោក ញ៉ែម អេន បាន​មាន​ប្រសាសន៍​ថា ក្រុម​ប្រជាពលរដ្ឋ​ដែល​ចូល​ទៅ​រស់នៅ​ជិត​តំបន់​ព្រៃស្អាក បាន​ឲ្យ​ដឹង​ថា គណបក្ស​ប្រជាជន​កម្ពុជា គឺ​ជា​គណបក្ស​ដែល​មាន​ឥទ្ធិពល ដូច្នេះ​ពួក​គេ​បាន​យក​ស្លាក​សញ្ញា​គណបក្ស​ទៅ​ដាក់​នៅ​ក្នុង​សហគមន៍ ដើម្បី​ធ្វើ​ជា​លេស និង​របង​ការពារ​មិន​ឱ្យ​អាជ្ញាធរ​បណ្ដេញ​ពួក​គេ៖ «ពួក ​នេះ គឺ​រស់នៅ​ក្នុង​តំបន់​អនាធិបតេយ្យ​ដែល​រាជ​រដ្ឋាភិបាល​ហាម​ឃាត់។ ហើយ​ទី២​ទៀត គាត់​បាន​យក​លេស​យក​ស្លាក​គណបក្ស​ប្រជាជន​កម្ពុជា ទៅ​ដាក់ ហើយ​លើក​ស្លាក​គណបក្ស​ហ្នឹង​អត់​បាន​ប្រាប់​អាជ្ញាធរ​ទេ។ មិន​ដឹង​ជា​ប្រជាជន​ចំណាក​ស្រុក​មក​ពី​ណា​ពី​ណី​ទេ ដល់​អីចឹង​ធ្វើ​ឱ្យ​អាជ្ញាធរ​ពិបាក​ដោះស្រាយ»
អាជ្ញាធរ​ឃុំ​អន្លង់វែង បាន​ឱ្យ​ដឹង​ថា កាល​ពី​៤-៥​ខែ​មុន គេ​ធ្លាប់​បាន​ចូល​ទៅ​ធ្វើ​ស្ថិតិ​ជន​ចំណាក​ស្រុក ដែល​ចូល​ទៅ​រស់នៅ​តំបន់​នោះ គឺ​មាន​ប្រមាណ​តែ​ជាង ១០០​គ្រួសារ​ប៉ុណ្ណោះ។ ក៏ប៉ុន្តែ បច្ចុប្បន្ន​ចំនួន​ជន​ចំណូល​ថ្មី​ទៅ​រស់នៅ​ខុស​ច្បាប់​បាន​កើន​ឡើង​ដល់​ទៅ​ ជាង ៣៥០​គ្រួសារ។
តំបន់​អូរអំបិល ដែល​នៅ​ជាប់​ព្រៃស្អាក គឺ​ជា​ព្រៃ​សហគមន៍ និង​ជា​ដែន​ជម្រក​សត្វ​ព្រៃ​គូលែន​ព្រហ្មទេព ដែល​រដ្ឋាភិបាល​ការពារ។ ចាប់​តាំង​ពី​ឆ្នាំ​២០១០ គឺ​ព្រះរាជអាជ្ញា​អម​សាលា​ដំបូង​ខេត្ត​សៀមរាប និង​ឧត្តរមានជ័យ ធ្លាប់​ដឹកនាំ​អាជ្ញាធរ និង​សមត្ថកិច្ច​ចម្រុះ​ទៅ​អនុវត្ត​ការ​បណ្ដេញ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ទីនោះ ព្រម​ទាំង​ដុត​បំផ្លាញ​ខ្ទម​ដែល​សង់​ខុស​ច្បាប់​ជា​បន្តបន្ទាប់​ច្រើន​លើក​ ច្រើន​សារ​មក​ហើយ។
អ្នក​សម្រប​សម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (Adhoc) ខេត្ត​ឧត្តរមានជ័យ លោក ស្រី ណារ៉េន បាន​មាន​ប្រសាសន៍​ថា អាជ្ញាធរ​ដែល​ទៅ​ទម្លាក់​ស្លាក​គណបក្ស​ប្រជាជន​កម្ពុជា ដាក់​តាំង​នៅ​តំបន់​នោះ មិន​អាច​ចាត់​ទុក​ជា​សកម្មភាព​គំរាម​កំហែង​ផ្នែក​នយោបាយ​ទេ ពីព្រោះ​តែ​ប្រជាពលរដ្ឋ​បាន​ចូល​ទៅ​បំពាន​ខុស​ច្បាប់​លើ​តំបន់​ការពារ។ ទោះ​យ៉ាង​ណា លោក ស្រី ណារ៉េន បាន​សំណូមពរ​ឱ្យ​អាជ្ញាធរ​ធ្វើ​ការ​ពិនិត្យ​ឡើង​វិញ​ទៅ​លើ​ប្រជាពលរដ្ឋ​មួយ​ ចំនួន។ ប្រសិន​បើ​រក​ឃើញ​ថា ពួក​គាត់​ខ្លះ​ពិត​ជា​ពុំ​មាន​ដីធ្លី​ពិត​ប្រាកដ ហើយ​មិន​អាច​ចាក​ចេញ​ទៅ​រក​ដី​ផ្សេង​រស់នៅ​បាន គួរ​តែ​អាជ្ញាធរ​ជួយ​រក​ដី​សម្បទាន​សង្គម​កិច្ច​នៅ​កន្លែង​ណា​មួយ ចែក​ជូន​ប្រជាពលរដ្ឋ​ទាំង​នោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

No comments: