A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday 30 June 2013

Many civil servants illegally campaigning for the ruling party មន្ត្រី​រាជការ​មិន​ធ្វើ​ការ​ចុះ​ឃោសនា​បម្រើ​បក្ស

Friday, 28 June 2013 
Phnom Penh Post
គឹម សារុំ និង​ផាក់ ស៊ាងលី130628_03
ការ​ប្រមូល​ផ្តុំ​របស់​គណ​បក្ស​ប្រជា​ជន​ នៅ​ពហុកីឡដ្ឋាន ​ខេត្ត​រតន​គិរី កាល​ពី​ម្សិល​មិញ​។ រូបថត អង្គ​ការ​អាដ​ហុក​
 
ភ្នំពេញៈ សង្គម​ស៊ីវិល​បាន​រក​ឃើញ​ថា មន្រ្តី​រាជការ​ជាច្រើន​បាន​ល្មើស​ទៅ​នឹង​ច្បាប់​ដោយ​ពួកគេ​បាន​យក​ម៉ោង​ ធ្វើ​ការ​របស់​រដ្ឋ​ទៅ​ចូល​រួម​ធ្វើ​ការ​ឃោសនា​បោះឆ្នោត ឲ្យ​គណបក្ស​ប្រជាជន​នៅ​ក្នុង​ថ្ងៃ​ដំបូង ដែល​បាន​ចាប់​ផ្តើម​កាល​ពី​ម្សិលមិញ។
កាល​ពី​វេលា​ម៉ោង​៨​ព្រឹក​ថ្ងៃ​ម្សិលមិញ​អ្នក​សារ​ព័ត៌មាន​ភ្នំពេញ ប៉ុស្តិ៍ បាន​ទៅ​យក​ព័ត៌មាន​នៅ​តុលាការ​កំពូល​ដូច​ធម្មតា។ ប៉ុន្តែ​តុលាការ​នោះ​មាន​សភាព​ស្ងាត់​ខុស​ពី​ធម្មតា​ដោយ​ឃើញ​មាន​ឡាន​តែ​ ២គ្រឿង​ប៉ុណ្ណោះ ខណៈ​ដែល​នៅ​ថ្ងៃ​ធម្មតា​មាន​ឡាន​ប្រមាណ​១០ គ្រឿង​និង​មាន​មនុស្ស​ចេញ​ចូល​ច្រើន។ អ្នក​សារ​ព័ត៌មាន​បាន​សួរ​ទៅ​នគរបាល​យាម​នៅ​ច្រក​ទ្វារ​តុលាការ​កំពូល​ ម្នាក់ ហើយ​នគរបាល​នោះ​បាន​ប្រាប់​ថា​៖«មិន​បាន​ធ្វើ​ការ​ទេ​។​ចៅក្រម មេធាវី ទៅ​ហែ​គណបក្ស​អស់​ហើយ»។ លើស​ពី​នោះ​ទៀត​ការ​ប្រកាស​សាលក្រម ក៏​ត្រូវ​បាន​ផ្អាក​ដែរ​កាល​ពី​សប្តាហ៍​មុន​ដោយ​សារ​តែ​ខ្វះ​ចៅក្រម ដោយ​ហេតុ​ផល​ត្រូវ​គេ​ប្រាប់​ថា លោក​ចៅក្រម​ជាប់​រវល់​ចុះ​ពង្រឹង​មូលដ្ឋាន បម្រើ​គណបក្ស​ប្រជាជន។
មន្ត្រី​អង្គការ​សង្គម​ស៊ីវិល បាន​ឲ្យ​ដឹង​ថា មន្រ្តី​រាជការ​មួយ​ចំនួន រួម​ទាំង​កង​កម្លាំង​ប្រដាប់​អាវុធ​នៅ​តាម​ស្ថាប័ន​ផ្សេងៗ​ត្រូវ​បាន​គេ​រក​ ឃើញ​ថា បាន​យក​ម៉ោង​ធ្វើ​ការ​របស់​រដ្ឋ​ទៅ​ចូល​រួម​ក្បួន​ឃោសនា​បោះឆ្នោត របស់​គណបក្ស​ប្រជាជន ដែល​សកម្មភាព​នេះ​ខុស​នឹង​ច្បាប់​ស្តី​ពី​សហ​លក្ខន្តិកៈ​មន្រ្តី​រាជការ​ ស៊ីវិល​ហើយ​វា​ផ្ទុយ​នឹង​មាត្រា​នៃ​ច្បាប់​និង​ជា​ការ​ឆ្គាំ​ឆ្គង​ក្នុង​ វិជ្ជាជីវៈ។

លោក នី ចរិយា មន្រ្តី​ស៊ើប​អង្កេត​ជាន់​ខ្ពស់ សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​បាន​ឲ្យ​ដឹង​ថា បើ​តាម​ច្បាប់​សហ​លក្ខន្តិកៈ​មន្រ្តី​រាជការ​គឺ​ហាម​មិន​ឲ្យ​មន្រ្តី​រាជការ យក​ពេល​វេលា​ក្នុង​ម៉ោង​ធ្វើ​ការ​របស់​រដ្ឋ​ទៅ​ចូល​រួម​ក្នុង​យុទ្ធនាការ​ ឃោសនា​បោះឆ្នោត ឬ​បម្រើ​សកម្មភាព​នយោបាយ​របស់​គណបក្ស​ណា​មួយ​ឡើយ​ហើយ​ច្បាប់​ក៏​បាន​ហាម​មិន ​ឲ្យ​យក​សម្ភារ​របស់​រដ្ឋ​ទៅ​បម្រើ​ផល​ប្រយោជន៍​គណបក្ស​នយោបាយ​ផង​ដែរ។ លោក​នី ចរិយា បាន​ឲ្យ​ដឹង​ថា តាម​របាយ​ការណ៍​ដែល​លោក​ទទួល​បាន​បាន​បង្ហាញ​ថា មាន​កង​កម្លាំង មាន​ចៅក្រម​និង​ព្រះ​រាជអាជ្ញា នៅ​តាម​ខេត្ត​មួយ​ចំនួន​ដូចជា បាត់ដំបង មណ្ឌលគិរី រតនគិរី និង​ខេត្ត​កំពត បាន​យក​ម៉ោង​ធ្វើ​ការ​របស់​រដ្ឋ ទៅ​ចូល​រួម​ឃោសនា​បោះឆ្នោត​ក្នុង​ថ្ងៃ​ដំបូង​កាល​ពី​ម្សិលមិញ។ លោក នី ចរិយា​បាន​ថ្លែង​ដូច្នេះ​ថា​៖«មន្រ្តី​ទៅ​ចូល​រួម​ឃោសនា​បែប​នេះ​វា​ធ្វើ​ ឲ្យ​ប៉ះពាល់​ដល់​អព្យាក្រឹត​ភាព​ក្នុង​នាម​ជា​មន្រ្តី​អព្យាក្រឹត ប៉ះពាល់​ថវិកា​រដ្ឋ​ព្រោះ​គាត់​យក​ពេល​ម៉ោង​រដ្ឋ ទៅ​ឃោសនា​។ គ.ជ.ប គួរ​តែ​ពិនិត្យ​មើល​ឡើង​វិញ ដោយ​ធ្វើ​ការ​ដាក់​ពិន័យ ឬ​ហាម​មិន​ឲ្យ​ធ្វើ​សកម្មភាព​នយោបាយ​តាម​ច្បាប់​កំណត់»។
លោក​ឆាយ ធីអ្នក​សម្រប​សម្រួល​សមាគម​សិទ្ធិ​មនុស្ស​អាដហុក​ខេត្ត​រតនគិរី បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​ពិធី​យុទ្ធនាការ​ឃោសនា​បោះឆ្នោត របស់​គណបក្ស​ប្រជាជន កាល​ពី​ម្សិលមិញ នៅ​ពហុ​កីឡដ្ឋាន​ក្នុង​ខេត្ត​នេះ លោក​ឃើញ​មាន​ព្រះ​រាជអាជ្ញា​អម​សាលា​ដំបូង​រតនគិរី មន្ត្រី​ប៉ូលិស​ក្រុង​បានលុង​បាន​ពាក់​អាវ និង​មួក​គណបក្ស​ប្រជាជន​ចូល​រួម​ក្នុង​ពិធី​បើក​ការ​ឃោសនា​បោះឆ្នោត​ជាមួយ​ នឹង​តំណាងរាស្ត្រ​អភិបាល​ខេត្ត-ក្រុង​មន្ត្រី​រាជការ គ្រូ​បង្រៀន សិស្ស និង​ប្រជា​ពលរដ្ឋ។ លោក ឆាយ ធី បញ្ជាក់​ថា៖ «កន្លែង​ធ្វើ​ការ​រដ្ឋ​ដូច​ជា​ស្ងាត់​ខុស​ពី​ធម្មតា»។
មន្ត្រី​តុលាការ​ខេត្ត​រតនគិរី​មួយ​រូប​ដែល​គេ​ឃើញ​ពាក់​អាវ​និង​មួក​ គណបក្ស​ប្រជាជន ក្នុង​ពិធី​ឃោសនា​បោះឆ្នោត​នោះ​បាន​បដិសេធ​មិន​ធ្វើ​ការ​អត្ថាធិប្បាយ​ឡើយ​ ដោយ​ថ្លែង​ថា រឿង​នេះ​វា​ជា​រឿង​ឯកជន​របស់​លោក។
លោក ទេព នីថា អគ្គ​លេខាធិការ គ.ជ.ប បាន​ថ្លែង​ថា មន្រ្តី​មុខងារ​សាធារណៈ បើ​ចង់​ចូល​រួម​ក្នុង​សកម្មភាព​គណបក្ស​នយោបាយ គឺ​ត្រូវ​សុំ​ច្បាប់​ទៅ​ក្រសួង ឬ​ស្ថាប័ន​របស់​ខ្លួន។ ក៏​ប៉ុន្តែ​សម្រាប់​តំណាងរាស្រ្ត​ដែល​ជា​មន្រ្តី​នយោបាយ​គឺ​គាត់​មិន​បាច់​ ដាក់​ពាក្យ​សុំ​ទេ។ លោក​ទេព នីថា បាន​គូស​បញ្ជាក់​ថា៖ «មន្រ្តី​តុលាការ បើ​គាត់​ឈរ​ឈ្មោះ​បោះឆ្នោត​គាត់​ត្រូវ​សុំ​លា​លែង​ពី​ការងារ តែ​បើ​គាត់​មិន​មាន​ឈរ​ឈ្មោះ​បោះឆ្នោត​ទេ ហើយ​មិន​បាន​សុំ​ច្បាប់​ឈប់​សម្រាក​ពី​កន្លែង​ធ្វើ​ការ​ទេ តែ​គាត់​ចេញ​ទៅ​ឃោសនា​បោះឆ្នោត​ក្នុង​ថ្ងៃ​ធ្វើការ​រដ្ឋ​គឺ​ខុស​ច្បាប់»។ លោក​បាន​បន្ត​ថា បើ​មន្ត្រី​រាជការ​សុំ​អង្គភាព​គាត់​សម្រាក ដោយ​មូលហេតុ​ឈឺ តែ​គាត់​ទៅ​ឃោសនា ជា​រឿង​របស់​គាត់​និង​ស្រេច​តែ​អង្គភាព​ដាក់​ពិន័យ​គាត់។
បើ​តាម​លោក នី ចរិយា ច្បាប់​បាន​ចែង​ថា កង​កម្លាំង​ប្រដាប់​អាវុធ មន្រ្តី​តុលាការ​ត្រូវ​តែ​ស្ថិត​ក្នុង​ភាព​ឯករាជ្យ​និង​អព្យាក្រឹត មិន​ត្រូវ​ធ្វើ​សកម្មភាព​ខាង​នយោបាយ​ឡើយ តែ​ច្បាប់​ឲ្យ​មន្រ្តី​ទាំង​នោះ មាន​សិទ្ធិ​ក្នុង​ការ​គាំទ្រ​គណបក្ស​នយោបាយ​ណា​មួយ ប៉ុន្តែ​មិន​ត្រូវ​យក​ម៉ោង​ធ្វើ​ការ​របស់​រដ្ឋ​ទៅ​បម្រើ​គណបក្ស​ឡើយ។ ប៉ុន្តែ​លោក​ចរិយា​បាន​បញ្ជាក់​ថា បើ​ថ្នាក់​រដ្ឋ​មន្រ្តី អាច​ចូល​រួម​សកម្មភាព​បម្រើ​គណបក្ស​នយោបាយ លុះ​ណា​តែ​រដ្ឋ​មន្ត្រី​រូប​នោះ​ដាក់​ពាក្យ​សុំ​សម្រាក​ពី​ការងារ​រដ្ឋ​សិន ពី​ព្រោះ​គាត់​ជា​មន្រ្តី​សាធារណៈ។ លោក ចរិយា បាន​ចង្អុល​បង្ហាញ​ថា ដូច​ជា​លោក​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន សែន លោក​បាន​សុំ​សម្រាក​ពី​ការងារ ដែល​នេះ មិន​ខុស​ច្បាប់​ទេ តែ​មន្រ្តី​ថ្នាក់​ក្រោម​របស់​គាត់​ច្រើន​ធ្វើ​ខុស។
យុទ្ធនាការ​ឃោសនា​បោះឆ្នោត​រយៈ​ពេល​មួយ​ខែ​បាន​ចាប់​ផ្តើម​កាល​ពី​ ម្សិលមិញ ខណៈ​ថ្ងៃ​បោះឆ្នោត​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី២៨​ខែ​កក្កដា ខាង​មុខ​នេះ៕

No comments: