A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday 5 June 2013

Khmer Krom commemorate the 64 anniversary of the loss of Kampuchea Krom territory ខ្មែរ​ក្រោម​ប្រារព្ធ​ខួប​៦៤​ឆ្នាំ​នៃ​ថ្ងៃ​បាត់បង់​ទឹកដី

តំណាង​អង្គការ​សមាគម​ខ្មែរ​ក្រោម បន្ទោស​រដ្ឋាភិបាល​បារាំង កាល​ពី​ជាង ៦០​ឆ្នាំ​មុន ដោយ​បាន​ចោទ​ថា បារាំង បាន​កាត់​ទឹកដី​ខ្មែរ​កម្ពុជា​ក្រោម​ឲ្យ​ទៅ​រដ្ឋាភិបាល​វៀតណាម គ្រប់គ្រង។ ក្រៅ​ពី​នេះ តំណាង​សមាគម​ខ្មែរ​ក្រោម ដែល​មាន​ទីតាំង​នៅ​កម្ពុជា សព្វថ្ងៃ បាន​ចោទ​ថា រដ្ឋាភិបាល​វៀតណាម មិន​គោរព​កិច្ច​ព្រមព្រៀង​របស់​បារាំង បាន​រំលោភ​សិទ្ធិ​ខ្មែរ​ក្រោម។
ដោយ ទីន ហ្សាការីយ៉ា RFA
2013-06-04
ថាច់ សេដ្ឋា ៦១០
ប្រធាន​សមាគម​ខ្មែរ​កម្ពុជា​ក្រោម លោក ថាច់ សេដ្ឋា ថ្លែង​ក្នុង​ពិធី​ខួប ៦៤​ឆ្នាំ ថ្ងៃ​អាណានិគម​និយម​បារាំង កាត់​ទឹកដី​ខ្មែរ​ឲ្យ​វៀតណាម នា​ខណ្ឌ​សែនសុខ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី៤ ខែ​មិថុនា ឆ្នាំ​២០១៣។
RFA/Tin Zakariya
តំណាង​អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម បាន​លើក​ឡើង​ថា ការ​ទាមទារ​ទឹកដី​ខ្មែរ​កម្ពុជា​ក្រោម​នៅ​វៀតណាម ភូមិ​ភាគ​ខាង​ត្បូង​នោះ ជា​តួនាទី​របស់​រដ្ឋាភិបាល​កម្ពុជា មិន​មែន​ជា​តួនាទី​របស់​អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​នៅ​កម្ពុជា​នោះ​ ទេ។
ប្រធាន​សមាគម​ខ្មែរ​កម្ពុជា​ក្រោម លោក ថាច់ សេដ្ឋា មាន​ប្រសាសន៍​ថា អ្វី​ដែល​តំណាង​អង្គការ​សមាគម​ខ្មែរ​ក្រោម​ទាមទារ​ពី​រដ្ឋាភិបាល​វៀតណាម នោះ គឺ​សិទ្ធិ​សេរីភាព មិន​មែន​ទាមទារ​ទឹកដី​នោះ​ទេ។ លោក​បញ្ជាក់​ថា ការ​ទាមទារ​ទឹក​ដី​ណា​មួយ​នោះ គឺ​ជា​ភារកិច្ច​របស់​រដ្ឋាភិបាល​កម្ពុជា។
ការ​ថ្លែង​ដូច្នេះ​នៅ​ក្នុង​ទិវា​កាន់​ទុក្ខ​គម្រប់​ខួប ៦៤​ឆ្នាំ ថ្ងៃ​អាណានិគម​បារាំង កាត់​ទឹកដី​ខ្មែរ​ឲ្យ​វៀតណាម នៅ​ថ្ងៃ​ទី៤ មិថុនា ឆ្នាំ​១៩៤៩ ដែល​ធ្វើ​ឡើង​នៅ​ខណ្ឌ​សែនសុខ រាជធានី​ភ្នំពេញ មាន​ប្រជាពលរដ្ឋ និង​ព្រះសង្ឃ​ជិត ១​ពាន់​នាក់ ចូលរួម​នៅ​ថ្ងៃ​ទី៤ មិថុនា ឆ្នាំ​២០១៣។
ឯកសារ​ប្រវត្តិសាស្ត្រ​បាន​សរសេរ​ថា ប្រធានាធិបតី​បារាំង វ៉ាំងសង់ អូរីយ៉ូល (Vincent Auriol) បាន​អនុម័ត​ច្បាប់​ភ្ជាប់​កម្ពុជា​ក្រោម​ទៅ​នឹង​វៀតណាម ឬ​កាត់​ដី​កម្ពុជា​ក្រោម​ឲ្យ​វៀតណាម នៅ​ថ្ងៃ​ទី៤ ខែ​មិថុនា ឆ្នាំ​១៩៤៩។ ក្រោយ​មក វៀតណាម បាន​ផ្លាស់​ប្ដូរ​ឈ្មោះ​ខេត្ត​ខ្មែរ​មួយ​ចំនួន​ដាក់​ឈ្មោះ​វៀតណាម បន្ត​រហូត​ដល់​បច្ចុប្បន្ន ដូចជា ខេត្ត​ឃ្លាំង វៀតណាម ហៅ​ថា ត្រាវិញ ខេត្ត​មាត់ជ្រូក វៀតណាម ហៅ​ថា ចៅឌុក ជាដើម។
លោក ថាច់ សេដ្ឋា បាន​អះអាង​ថា អាជ្ញាធរ​វៀតណាម តែង​ធ្វើ​ទុក្ខ​បុក​ម្នេញ​មក​លើ​ប្រជាពលរដ្ឋ​ខ្មែរ និង​ព្រះសង្ឃ ដែល​វៀតណាម បំបិទ​សិទ្ធិ​ជំនឿ​សាសនា។ លោក ថាច់ សេដ្ឋា បាន​សង្កត់​ធ្ងន់​ថា មូលហេតុ​ដែល​ធ្វើ​ឲ្យ​ខ្មែរ​ក្រោម​រង​គ្រោះ​ដល់​សព្វថ្ងៃ​នេះ មូលហេតុ​តែ​មួយ​គត់ គឺ​អតីត​រដ្ឋាភិបាល​បារាំង បាត់​កាត់​ទឹកដី​ខ្មែរ​ក្រោម​ឲ្យ​វៀតណាម នៅ​ថ្ងៃ​ទី៤ មិថុនា ឆ្នាំ​១៩៤៩ នោះ។

តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង លោក សុន ឆ័យ មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​វៀតណាម និង​រដ្ឋាភិបាល​កម្ពុជា មាន​ទំនាក់ទំនង​ជិតស្និទ្ធ​នឹង​គ្នា ដូច្នេះ​លោក​បញ្ជាក់​ថា រដ្ឋាភិបាល​ខ្មែរ​ត្រូវ​តែ​និយាយ និង​ទាមទារ​ឲ្យ​រដ្ឋាភិបាល​វៀតណាម ផ្ដល់​សិទ្ធិ​សេរីភាព​ជូន​ប្រជាពលរដ្ឋ​ខ្មែរ​ក្រោម។
វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​មន្ត្រី​រដ្ឋាភិបាល​ខ្មែរ ដើម្បី​សុំ​ការ​បំភ្លឺ​ពី​បញ្ហា​នេះ​បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី៤ មិថុនា នេះ។
នៅ​ថ្ងៃ​រំលឹក​ខួប​លើក​ទី៦៤ នៃ​ថ្ងៃ​បារាំង កាត់​ទឹកដី​ខ្មែរ​ក្រោម​ឲ្យ​វៀតណាម នេះ​ដែរ លេខាធិការដ្ឋាន​នៃ​អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ដែល​ជា​សម្ព័ន្ធ​នៃ​អង្គការ​សមាគម​ខ្មែរ​ក្រោម​ចំនួន​១២ បាន​យក​ញត្តិ​ស្ដីពី​ការ​រំលោភ​សិទ្ធិ​មនុស្ស និង​ព្រះសង្ឃ​ខ្មែរ​ក្រោម​នៅ​ទឹកដី​ខ្មែរ​ក្រោម​ដាក់​ទៅ​ស្ថានទូត​វៀតណាម នៅ​រសៀល​ថ្ងៃ​ដដែល​នេះ ប៉ុន្តែ​ត្រូវ​បាន​ស្ថានទូត​វៀតណាម បដិសេធ​ញត្តិ​នោះ។
ប្រធាន​បណ្ដាញ​យុវជន​ខ្មែរ​កម្ពុជា​ក្រោម លោក សឺន ជុំជួន បាន​ឲ្យ​ដឹង​ថា ស្ថានទូត​វៀតណាម មិន​បាន​ទទួល​យក​ញត្តិ​របស់​ពួក​គាត់ ហើយ​ក៏​មិន​បាន​បញ្ជាក់​ពី​មូលហេតុ​អ្វី​ដែរ។ លោក សឺន ជុំជួន បាន​អះអាង​ថា ក្រៅ​ពី​ស្ថានទូត​វៀតណាម ញត្តិ​នោះ តំណាង​អង្គការ​សមាគម​ខ្មែរ​ក្រោម​បាន​យក​ទៅ​ដាក់​នៅ​ស្ថានទូត​អាមេរិក ស្ថានទូត​អូស្ត្រាលី អាល្លឺម៉ង់ ស៊ុយអែត ការិយាល័យ​ឧត្តម​ស្នង​ការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​មនុស្ស និង​ក្រសួង​ការ​បរទេស​កម្ពុជា។
ខ្លឹមសារ​នៅ​ក្នុង​ញត្តិ​ដែល​អង្គការ​សមាគម​ខ្មែរ​ក្រោម​ដាក់​ទៅ​ ស្ថានទូត​ទាំង​នេះ បាន​សរសេរ​លម្អិត​អំពី​ស្ថានភាព​រំលោភ​សិទ្ធិ​មនុស្ស​នៅ​ប្រទេស​វៀតណាម ដែល​អាជ្ញាធរ​វៀតណាម បាន​ចាប់​ខ្លួន​ប្រជាពលរដ្ឋ និង​ចាប់​ផ្សឹក​ព្រះសង្ឃ​ជាច្រើន​អង្គ​ទៀត​នៅ​ក្នុង​ខែ​ឧសភា។ តែ​រហូត​មក​ទល់​ពេល​នេះ នៅ​ព្រះសង្ឃ​ចំនួន ៤​អង្គ​ទៀត អាជ្ញាធរ​វៀតណាម មិន​ទាន់​ដោះលែង​វិញ​នៅ​ឡើយ រួម​មាន ព្រះតេជព្រះគុណ លីវ នី ព្រះតេជព្រះគុណ ថាច់ ធឿន ព្រះតេជព្រះគុណ លៀស និង​ព្រះតេជព្រះគុណ គុយ។ នៅ​ក្នុង​ញត្តិ​នោះ បាន​អំពាវនាវ​ឲ្យ​អង្គទូត​នានា ជួយ​អន្តរាគមន៍​ទៅ​រដ្ឋាភិបាល​វៀតណាម និង​សុំ​ឲ្យ​ដោះលែង​ព្រះសង្ឃ​ទាំង​នោះ​ជា​បន្ទាន់ ដោយ​គ្មាន​លក្ខខណ្ឌ។
ដោយ​ឡែក​នៅ​ប្រទេស​អូស្ត្រាលី វិញ នៅ​ថ្ងៃ​ទី៤ មិថុនា នេះ មាន​ព្រះសង្ឃ និង​ប្រជាពលរដ្ឋ​ខ្មែរ​ក្រោម​រាប់​រយ​នាក់ បាន​នាំគ្នា​ដង្ហែ​យក​ញត្តិ​ទៅ​ដាក់​នៅ​ស្ថានទូត​បារាំង ដើម្បី​ឲ្យ​រដ្ឋាភិបាល​បារាំង ធ្វើ​អន្តរាគមន៍​ទៅ​រដ្ឋាភិបាល​វៀតណាម ជួយ​ដោះស្រាយ​នូវ​បញ្ហា​រំលោភ​សិទ្ធិ​មនុស្ស​នៅ​ប្រទេស​វៀតណាម ដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

1 comment:

Anonymous said...

We must have strategy to take back our motherland,protesting and mourning are not enough.Give Hanoi a test of strong dose of drug,if they keep persecuting our people.

What they do to our people is against humanity and UN's law too.We have the right to protect our life and our motherland.The world will stand by us.

It's Time to stand up.

True Khmer